ខណៈ​សហគមន៍​អាមេរិក​ប្រារព្ធ​ទិវា​ឯករាជ្យ​របស់​យើង​នៅក្នុង​រាជធានីភ្នំពេញ យើង​នឹង​បង្ហាញថា តើ​ការរស់នៅ​របស់​ជនជាតិ​អាមេរិកាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មាន​លក្ខណៈ​យ៉ាងណា​?

ពួកយើង​ដែល​បាន​ជ្រើសរើស​ការរស់​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងអំឡុង​វិបត្តិ​ជំងឺ​កូវីដ​១៩ បាន​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាជាតិ​ និង​ប្រជាជន​កម្ពុជា​។ យើង​បាន​សម្រេចចិត្ត​ដើម្បី​ប្រឈម​នឹង​បញ្ហា​ប្រឈម​នៃ​ជំងឺ​កូវីដ​១៩​ដែល​មិន​ធ្លាប់មាន​ពីមុន​មកនេះ រួមគ្នា​ជាមួយ​បងប្អូន​ប្រុស​ស្រី​កម្ពុជា​របស់​យើង ទោះបី​ប្រឈម​នឹង​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន អាជីវកម្ម និង​នៅ​ឆ្ងាយ​ពី​សមាជិក​គ្រួសារ​ក៏ដោយ​។


ការប្តេជ្ញាចិត្ត​ និង​ស្មារតី​នៅ​ចំពោះ​មុខ​បញ្ហា​ប្រឈម​នេះ គឺ​ចំ​ពេល​ដែល​ជនជាតិ​អាមេរិក ប្រារព្ធ​ទិវា​ឯករាជ្យជាតិ​ថ្ងៃទី​ ៤ ខែ​កក្កដា​។ ខ្ញុំ​ជឿជាក់​ថា​យើង​មាន​ស្មារតី​រួមគ្នា ជាមួយ​ប្រជាជន​កម្ពុជា ដែល​ពួកគេ​បាន​ជម្នះ​នូវ​ការលំបាក​ដ៏ធំធេង​នេះ​។ នេះ​ជា​ហេតុផល​មួយ​ដែល​ខ្ញុំ​គិតថា ប្រជាជន​អាមេរិក និង​ប្រជាជន​កម្ពុជា​មាន​ភាពស្និទ្ធស្នាល​ជាពិសេស​។


ខ្ញុំ​ឆ្លុះបញ្ចាំង​ពី​ចំណង​មិត្តភាព​នេះ​ផ្ទាល់ខ្លួន តាមរយៈ​ការមាន​ឈាមជ័រ​ពី​ឪពុកម្តាយ​របស់ខ្ញុំ​ដែល​មាន​កំណើត​នៅ​សហរដ្ឋអាមេរិក និង​ស្រុក​ខ្មែរ​។ សហរដ្ឋអាមេរិក​បាន​ផ្តល់​ឲ្យ​ក្រុមគ្រួសារ​របស់​យើង​គេច​ចេញ​ពី​សង្គ្រាម និង​ផ្តល់ឱកាស​ឲ្យ​យើង​កសាង​ជីវិត​ថ្មី​ក្នុងនាម​ជា​ក្រុមគ្រួសារ​មួយ យើង​មាន​អ្វីៗ​ជាច្រើន​ដើម្បី​អបអរ​ក្នុង​នាម​ជា​ជនជាតិ​អាមេរិក​។


ក្នុង​នាម​ជា​អតីត​កងទ័ព​អាមេរិក​ម្នាក់ ទិវា​ឯករាជ្យ​របស់​យើង​ក៏មាន​សារៈសំខាន់​ពិសេស​មួយ​ទៀតផង​ដែរ​។ ខ្ញុំ​បាន​ប្រយុទ្ធ​ដើម្បី​ប្រទេស​របស់ខ្ញុំ​ទាំង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​អាហ្វហ្គានីស្ថាន​ដោយ​បាន​រៀនសូត្រ​ពី​ការលះបង់ និង​បន្ទុក​ដ៏ធ្ងន់ធ្ងរ​នៃ​សង្គ្រាម​។ អ្វីដែល​ខ្ញុំ​បាន​មើលឃើញ​គួរ​ឲ្យ​កត់សម្គាល់​បំផុត​អំពី​សង្គ្រាម​គឺ​សមត្ថភាព​របស់​មនុស្ស​ក្នុង​ការអត់ឱន និង​ការផ្សះផ្សា​។


ទោះបី​ជា​សហរដ្ឋអាមេរិក​ធ្លាប់​បាន​ធ្វើ​សង្គ្រាម​ជូរចត់​ដើម្បី​ឯករាជភាព​ពី​អង់គ្លេស​ក្តី​ក៏​បច្ចុប្បន្ន​យើង​គឺជា​ប្រទេស​ដែល​មាន​ចំណង​មិត្តភាព​ជិតស្និទ្ធ​បំផុត​។ ដូចគ្នា​នេះ​ដែរ​ប្រជាជន​កម្ពុជា និង​សហរដ្ឋអាមេរិក​មាន​ចំណងមិត្តភាព វប្បធម៌ និង ពាណិជ្ជកម្ម​ជិតស្និទ្ធ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ទាំង​ ២ ​យ៉ាងច្រើន ទោះបី​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​មាន​ភាពគស្មាញ​ក៏ដោយ​។ អារម្មណ៍​នៃ​ការបើក​កិច្ចសហការ​ក្នុង​ការកសាង​អនាគត​រួមគ្នា​នេះ​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​សុទិដ្ឋិនិយម​យ៉ាងខ្លាំង​អំពី​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ និង​កម្ពុជា​។


អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ទៀត​នោះ​ប្រមាណ​ ៣២ ​ភាគរយ​នៃ​ការនាំចេញ​ទាំង​អស់ពី​កម្ពុជា​គឺ​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​។ យើង​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​បំផុត​របស់​កម្ពុជា​។ ពាណិជ្ជកម្ម​នេះ​តំណាង​ឱ្យ​ការងារ​ផលិតកម្ម​រាប់ពាន់ និង​ការគាំទ្រ​ជា​បន្ត​បន្ទាប់ពី​ក្រុមគ្រួសារ​ទាំងនេះ​។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​រឿងនេះ​ក្នុង​នាម​ជា​ជនជាតិ​អាមេរិកាំង​ និង​ជា​ជនជាតិខ្មែរ​។

ជាមួយ​គ្នា​ដែរ នៅពេល​វិបត្តិ​ជំងឺ​កូវីដ​កន្លង​ផុត​ទៅ​យើង​នឹង​ស្គាល់គ្នា​កាន់តែ​ច្បាស់​តាមរយៈ​សកម្មភាព​របស់​យើង​ដែល​ចំណាយ​ជាមួយ​គ្នា​នៅក្នុង​ពេលវេលា​ដ៏លំបាក​។ អាជីវកម្ម​អាមេរិក​របស់​យើង​បាន​ធ្វើការ​ដើម្បី​គាំទ្រ​ដល់​ភាគី​កម្ពុជា​តាមរយៈ​ពេលវេលា​ទាំងនេះ​គឺជា​អ្វីដែល​ខ្ញុំ​ផ្ទាល់​មាន​មោទនភាព​។ នៅពេល​គំរូ​អាជីវកម្ម​ថ្មី​ និង​ខ្សែចង្វាក់​តម្លៃ​លេចឡើង សភាពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (AmCham) នៅ​កម្ពុជា​នឹង​បន្ត​ខិតខំ​ពង្រឹង​ចំណង​មិត្តភាព​ដែល​ធ្វើឱ្យ​យើង​ទាំងអស់គ្នា​កាន់តែ​ជោគជ័យ​ជាមួយ​គ្នា​។

ក្នុងឱកាស​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នេះ ខ្ញុំ​សូម​ជូនពរ​សហរដ្ឋអាមេរិក​ឲ្យ​កាន់តែ​រុងរឿង និង​មិត្តភក្តិ​ក៏ដូចជា​ក្រុមគ្រួសារ​ដែល​រស់នៅ​ស្រុក​ខ្មែរ​។ ចំពោះ​ជនជាតិ​អាមេរិក​ទាំងអស់​ដែល​អបអរ​ទិវា​ឯករាជ្យ​នេះ​ជាមួយ​យើង​នៅក្នុង​ទីក្រុង​ភ្នំពេញ​ក្នុង​នាម​ជា​ប្រធាន AmCham ខ្ញុំ​សូម​ជូនពរ​បងប្អូន​ទាំងអស់​គ្នា​ជួបតែ​សេចក្តីសុខ និង​ជោគជ័យ​៕