តាងនាមឲ្យស្ថានទូតសហរដ្ឋអាមេរិក ខ្ញុំសូមគោរពអញ្ជើញប្រជាជនកម្ពុជាទាំងអស់ចូលរួមជាមួយជនជាតិអាមេរិកនៅគ្រប់ទីកន្លែង ដើម្បីអបអរទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកថ្ងៃទី ៤ ខែកក្កដា។ នៅថ្ងៃនេះក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ខ្ញុំមានមោទនភាពក្នុងការអបអរសាទរទិវាឯករាជ្យលើកទី ២៤៤ របស់យើង និងខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំង ២។
សហរដ្ឋអាមេរិក និងប្រទេសកម្ពុជាបានបង្កើតទំនាក់ទំនងការទូតលើកដំបូងកាលពី ៧០ ឆ្នាំមុនក្នុងខែនេះគឺខែកក្កដា ឆ្នាំ ១៩៥០ នៅពេលដែលប្រេសិតអាមេរិកលោក Donald R. Heath បានថ្វាយសារតាំងជូនព្រះករុណា ព្រះបាទនរោត្តម សីហនុ។ ពេលនោះគឺ ៣ ឆ្នាំមុនកម្ពុជាទទួលបានឯករាជ្យរបស់ខ្លួន ហើយបន្ទាប់មកសហរដ្ឋអាមេរិកបានចូលរួមវិភាគទានជាច្រើនដល់ការអភិវឌ្ឍដំបូងៗរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រទេសដែលមានសេរីភាព និងឯករាជ្យ។
ឆ្នាំនេះគឺជាឆ្នាំដ៏ពិសេសសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-កម្ពុជា។ ដោយសហការជាមួយមិត្តកម្ពុជា និងដៃគូរបស់យើង យើងរំឭកខួបនៃចំណងការទូតខួបលើកទី ៧០ ដោយគូសបញ្ជាក់ពីផ្នែកនៃកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ និងគុណតម្លៃរួមគ្នារបស់យើង ហើយនិងទំនាក់ទំនងយូរលង់រវាងប្រជាជនកម្ពុជា និងប្រជាជនអាមេរិក។
ក្នុងខែនីមួយៗស្ថានទូតសហរដ្ឋអាមេរិកផ្តោតលើវិស័យមួយនៃកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពរបស់យើង ដែលរួមមានកសិកម្ម យុវជន ការអប់រំ ពាណិជ្ជកម្ម សមភាពយេនឌ័រ បរិស្ថាន លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាដើម។ ភាពជាដៃគូរបស់យើងបានផ្តល់នូវលទ្ធផលវិជ្ជមាននៅក្នុងប្រទេសកម្ពុជា ដូចជាការស្តារឡើងវិញក្រោយមានការវិវាទគ្នា ការទទួលខុសត្រូវ ការអភិវឌ្ឍសេដ្ឋកិច្ច ការធ្វើឲ្យប្រសើរឡើងផ្នែកអាហារូបត្ថម្ភ សមាហរណកម្មតំបន់ ការពង្រីកពាណិជ្ជកម្ម និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ សហរដ្ឋអាមេរិកក៏ទទួលបានអត្ថប្រយោជន៍ផងដែរ។ យើងសូមថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែងរបស់ប្រទេសកម្ពុជាក្នុងការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាមឥណ្ឌូចិន និងចំពោះការចូលរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ប្រៀបដូចក្រុមគ្រួសារ និងអ្នកជិតខាងគ្នាដែរ ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ យើងបានពុះពារការខ្វែងគំនិតគ្នាខ្លះ។ ទោះយ៉ាងណាក្តី គ្រឹះនៃចំណងមិត្តភាពរវាងសហរដ្ឋអាមេរិក និងកម្ពុជានៅតែមានជាបន្ត៖ គឺមានទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដែលនៅតែរឹងមាំ អង្គការក្រៅរដ្ឋាភិបាល សាកលវិទ្យាល័យ សិស្ស និស្សិត ក្រុមហ៊ុនអាជីវកម្ម និងទេសចរ ដែលជំរុញឲ្យមានការយល់ដឹង និងពង្រឹងចំណងមិត្តភាពដែលធ្វើឲ្យយើងឆ្លងផុតរាល់បញ្ហាប្រឈមទាំងឡាយ ដូចជាជំងឺរាតត្បាតសកលនាពេលបច្ចុប្បន្នផងដែរ។
យុត្តិធម៌ និងសមភាពគឺជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក និងប្រជាជាតិរបស់យើង។ នៅថ្ងៃប្រារព្ធទិវាឯករាជ្យជាតិនេះ យើងមានមោទនភាពនឹងប្រវត្តិសាស្ត្ររបស់យើង ទោះបីយើងសូមទទួលស្គាល់ថា យើងមិនមែនសុទ្ធតែបំពេញបានតាមឧត្តមគតិនៃការបង្កើតប្រទេសរបស់យើងក៏ដោយ។ តាមរយៈការចូលរួមពេញលេញ និងដោយសេរីនៃសំឡេងប្រជាជនអាមេរិកទាំងអស់ យើងអាចនាំមកនូវការផ្លាស់ប្តូរដោយសន្តិវិធី ដើម្បីក្លាយជា “សហភាពដែលល្អឥតខ្ចោះជាងមុន” ដែលជាគោលបំណងរបស់ប្រទេសប្រជាធិបតេយ្យទាំងអស់។
ដូចកាលពី ៧០ ឆ្នាំមុនដែរ ពេលនេះប្រជាជនអាមេរិកមានការប្តេជ្ញាក្នុងការធ្វើឲ្យប្រទេសកម្ពុជាមានសេចក្តីសុខ វិបុលសុខ និងឯករាជ្យ និងជួយប្រជាជនកម្ពុជាទាំងអស់ឱ្យរីករាយនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ពួកគេ។ សូមអរគុណចំពោះការចូលរួមជាមួយយើងក្នុងការអបអរខួបលើកទី ២៤៤ នៃឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក និងក្នុងការសម្លឹងទៅរកចំណងមិត្តភាពច្រើនឆ្នាំទៅមុខទៀត រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា៕