ថ្ងៃទី​ ៣១ ខែសីហា ឆ្នាំ​ ២០១៩ នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយទៀត​សម្រាប់​ប្រជាជន​ម៉ាឡេស៊ី ពីព្រោះ​ជា​ថ្ងៃ​ប្រាព្ធ​ទិវា​បុណ្យជាតិ​គម្រប់​ខួប​លើក​ទី​ ៦២ ​របស់​យើង​។ ខ្ញុំ​សូម​អបអរសាទរ និង​ជូនពរ​ដល់​ពលរដ្ឋ​ម៉ាឡេស៊ី​នៅ​គ្រប់ទិសទី​!

ប្រទេស​ម៉ាឡេស៊ី​ប្រហែល​មិន​អាចមាន​វត្តមាន​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ទេ ប្រសិន​បើ​គ្មាន​ការលះបង់​ពី​បុព្វបុរស​ដែលជា​ស្ថាបនិក​របស់​យើង​។ ដូច្នេះ​សូមកុំ​ឲ្យ​យើង​ភ្លេច និង​ត្រូវធ្វើឲ្យ​ប្រាកដប្រជា​ជាមួយ​នឹង​អ្វីដែល​ពួកគាត់​ខិតខំ​បន្សល់ទុក​សម្រាប់​ពួកយើង​។


ការលះបង់​របស់​ពួកគាត់​បាន​ធានាថា​យើង​អាច​រៀបចំ​ផ្លូវ​ដើរ​ផ្ទាល់ខ្លួន ដោយ​ឯកភាព វិបុលភាព និង​ការអភិវឌ្ឍ​ដែល​គ្មាន​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​។ យើង​មិន​អាច​អរគុណ​ពួកគាត់​គ្រប់គ្រាន់​នោះ​​ទេ​។ ដូច្នេះ​យើង​ជំពាក់​វីរបុរស​របស់​យើង ដើម្បី​ធានា​ថា​សេរីភាព ស្ថិរភាព និង​វឌ្ឍនភាព​នៅ​តែ​បន្ត​មាន​ជានិច្ច​។ នេះ​គឺជា​ការទទួល​ខុសត្រូវ​ដ៏សំខាន់​បំផុត​របស់​ប្រជាជន​ម៉ាឡេស៊ី​គ្រប់រូប​។


អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ​ប្រទេស​ម៉ាឡេស៊ី​បាន​អភិវឌ្ឍ និង​រីកចម្រើន​លើ​គ្រប់​វិស័យ​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ និង​លះបង់​របស់​ប្រជាជន​ម៉ាឡេស៊ី​ទាំង​ក្នុង​ និង​ក្រៅប្រទេស​។ ប្រជាជន​ម៉ាឡេស៊ី​ដែល​កំពុង​ប្រកប​អាជីវកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើជា​គំរូ​ដ៏ល្អ និង​បញ្ជាក់​ពី​ភាព​វិជ្ជមាន​ចំពោះ​ប្រទេស​ដ៏​ជា​ទីស្រឡាញ់​របស់ខ្លួន ដោយ​បង្ហាញ​អំពី​ការ​ឧស្សាហ៍​ព្យាយាម ភាពស្មោះត្រង់ និង​អាកប្បកិរិយា​ប្រកបដោយ​សុជីវធម៌​។


ទោះ​យ៉ាងណា​ក៏ដោយ យើង​ទាំងអស់​គ្នា​អាច​យល់ស្រប​ថា​សមិទ្ធផល​របស់​យើង​មិនគួរ​បញ្ចប់​ត្រឹមនេះ​ទេ​។ គន្លង​នៃ​វឌ្ឍនភាព​របស់​យើង​នឹងត្រូវ​រីកចម្រើន​បន្ថែម​ទៀត ដោយ​ការបង្កើន​ប្រសិទ្ធភាព​ផលិតកម្ម កម្រិត​ការប្រើប្រាស់​ធនធាន​ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ការលុបបំបាត់​អំពើ​ពុករលួយ​។


ដូច្នេះ​នៅពេល​ដែល​ប្រទេស​របស់​យើង​ស្វាគមន៍​យុគ​អភិបាលកិច្ច​ថ្មី ប្រធានបទ​សម្រាប់​ការ​ប្រារព្ធ ទិវា​បុណ្យជាតិ​នៅក្នុង​ឆ្នាំនេះ​គឺ Sayangi Malaysiaku: Malaysia Bersih (​ស្រឡាញ់​ប្រទេស​ម៉ាឡេស៊ី​របស់ខ្ញុំ​, ប្រទេស​ម៉ាឡេស៊ី​ដ៏ស្អាតស្អំ​) គឺ​មាន​អត្ថន័យ​ដ៏វិសេសវិសាល​បំផុត​។


ស្រប​នឹង​បញ្ហា​នេះ​ក្នុង​នាម​ជា​ឯកអគ្គរាជទូត​នៃ​ប្រទេស​របស់​យើង ខ្ញុំ​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ម៉ាឡេស៊ី​ទាំងអស់​នៅទីនេះ ធានា​ឲ្យ​បាន​នូវ​រូបភាព​ដ៏ល្អ និង​ភាព​ស្មោះត្រង់​ក្នុង​កម្រិត​មួយ​ដ៏ខ្ពស់​បំផុត​ទៅតាម​វិស័យ​រៀងៗ​ខ្លួន​។

បងប្អូន​ជនរួមជាតិ​ជាទី​រាប់អាន ប្រសិន​បើ​អ្វីៗ​ដែល​យើង​ធ្វើ​គឺ​ស្ថិតនៅក្នុង​ស្មារតី ដើម្បី​ភាពរុងរឿង និង​ឧត្តមភាព​របស់​ប្រទេស​ម៉ាឡេស៊ី​ដ៏​ជា​ទីស្រឡាញ់​របស់​យើង ប្រសិន​បើ​យើង​ធ្វើ​អ្វី​ដើម្បី​លុបបំបាត់​ភាពក្រីក្រ​ក៏ដូចជា​ដើម្បី​អនុវត្ត​កាតព្វកិច្ច​របស់​យើង​សម្រាប់​ប្រទេសជាតិ នោះ​យើង​នឹង​ទទួលបាន​នូវ​សមិទ្ធផល​កាន់តែ​ធំ និង​ជំរុញ​ប្រទេស​ដ៏អស្ចារ្យ​របស់​យើង​ឲ្យ​កាន់តែ​ធ្វើដំណើរ​ឆ្ពោះ​ទៅ​មុខ​។

ក្នុងនាម​ជា​ជាតិសាសន៍​មួយ និង​ប្រជាជាតិ​មួយ សូម​ឲ្យ​ពាក្យ «​ស្រឡាញ់​ប្រទេស​ម៉ាឡេស៊ី​របស់​ខ្ញុំ​, ប្រទេស​ម៉ាឡេស៊ី​ដ៏ស្អាតស្អំ​» ដក់​ជាប់​នៅក្នុង​ដួងចិត្ត និង​គំនិត​របស់​យើង​ទាំងអស់​គ្នា​។

យើង​គួរតែ​មាន​ទំនុកចិត្ត​បែបនេះ​ជាមួយ​នឹង​ការលះបង់ និង​កិច្ចខិតខំ​ប្រឹងប្រែង នោះ​យើង​នឹង​ទទួល​បាន​នូវ​ធនធាន​ចាំបាច់ និង​សមត្ថភាព​ក្នុង​ការធ្វើ ហើយ​ការផ្លាស់ប្តូរ​ដ៏ធំ​នឹង​កើតឡើង​។ បន្ទាប់មក​ការតាំងចិត្ត​របស់​យើង​នឹង​ប្តូរ​ទៅ​ជា​សមិទ្ធផល​ដ៏អស្ទារ្យ​។

ខណៈ​ដែល​យើង​ប្រារព្វ​ទិវា​បុណ្យជាតិ​ដ៏រីករាយ​នេះ ខ្ញុំ​ក៏​សូម​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​មិត្ត​កម្ពុជា ជា​បងប្អូន​អាស៊ាន​របស់​យើង ដែល​យើង​បាន​រក្សា​នូវ​ទំនាក់ទំនង​ដ៏ល្អ​​បំផុត​។

ប្រជាជន​របស់​យើង​មាន​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​យ៉ាង​ជ្រាលជ្រៅ និង​មាន​អត្ថន័យ​នៅក្នុង​នយោបាយ សេដ្ឋកិច្ច សាសនា និង​វប្បធម៌ តាំងតែ​ពីមុន​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ម៉ាឡេស៊ី-កម្ពុជា​ចាប់ពី​ឆ្នាំ ១៩៥៧ មក​ម្ល៉េះ​។ វិនិយោគិន​ម៉ាឡេស៊ី​ស្ថិត​ក្នុង​ចំណោម​វិនិយោគិន​ដំបូង​គេ​ដែល​បានមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​បាន​រួម​សុខទុក្ខ​ជាមួយ​គ្នា​។

បច្ចុប្បន្ន​ប្រទេស​ម៉ាឡេស៊ី​គឺជា​វិនិយោគិន​ធំ​លំដាប់​ទី​ ៤ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ខ្ញុំ​ជឿជាក់​ថា​តាមរយៈ​ចំណង​មិត្តភាព​ដ៏រឹងមាំ​របស់​យើង ប្រទេស​ម៉ាឡេស៊ី​អាច​នឹង​ឈាន​ដល់​លំដាប់​ទី​ ១ ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។ ដូច្នេះ​ចូរ​យើង​បន្ត​ខិតខំ​ធ្វើ ដំណើរ​ឆ្ពោះ​ទៅ​មុខ​រួមគ្នា ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​។

ឆ្លៀត​ក្នុង​ឱកាស​នេះដែរ ខ្ញុំ​សូម​ជូនពរ​ជនរួមជាតិ​ជាទី​ស្រឡាញ់​របស់ខ្ញុំ សូម​ជួបតែ​សេចក្តីសុខ និង​រីកចម្រើន​គ្រប់​ភារកិច្ច​។ យើង​ទាំងអស់​គ្នា​គឺជា​កូនប្រុស​ស្រី​របស់​ប្រទេស​ម៉ាឡេស៊ី​។ នេះ​គឺជា​ចំណង​រួបរួម​ដ៏រឹងមាំ​របស់​យើង​។ សូម​ឲ្យ​យើង​ទាំងអស់​គ្នា​ចងចាំ​ជានិច្ច​ថា សាមគ្គីភាព​គឺជា​កម្លាំង​មូលដ្ឋាន​ដ៏សំខាន់​របស់​យើង​ក្នុង​នាម​ជា​ប្រជាជន និង​ជា​ប្រជាជាតិ​មួយ​។

សូម​ឱ្យ​យើង​បន្ត​ធ្វើការ​ជាមួយ​គ្នា​ប្រកប​ដោយ​ភាពសុខដុមរមនា និង​ភាពស្មោះត្រង់​គឺជា​ភក្តីភាព​ដែល​មិន​អាច​បំបែកបំបាក់​បាន សម្រាប់​ភាពរុងរឿង​នៃ​ប្រជាជាតិ​ដ៏ជា​ទី​ស្រឡាញ់​របស់​យើង​៕