ជម្រាបសួរ​!

ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ដែល​បាន​ចែករំលែក​សារ​ជូនពរ​ជាមួយ​ប្រជាជន​កម្ពុជា​ក្នុង​ឱកាស​បុណ្យចម្រើន​ព្រះជន្ម​ព្រះករុណា ព្រះចៅ​អធិរាជ​ជប៉ុន​។


កាលពី​ឆ្នាំមុន​ព្រះករុណា ព្រះចៅអធិរាជ ណារូហ៊ីតូ បាន​ឡើង​គ្រង​​រាជសម្បត្តិ​នៅ​ថ្ងៃទី​ ១ ខែ​ឧសភា ឆ្នាំ​ ២០១៩ ហើយ​រជ្ជកាល​ថ្មី​ «​រេវ៉ា​» ក៏បាន​ចាប់ផ្តើម​ផងដែរ​។ ខ្ញុំ​សូម​សម្តែង​ថ្លែង​នូវ​អំណរ​ព្រះគុណ​ថ្វាយ​ចំពោះ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​យាង​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ព្រះរាជ​វត្តមាន​ក្នុង​ព្រះរាជពិធី​រាជាភិសេក​ព្រះចៅ​អធិរាជ​ជប៉ុន​ដែល​បាន​ប្រារព្ធ​ឡើង​កាលពី​ខែ​តុលា ឆ្នាំ​ ២០១៩ កន្លងទៅ​។ ខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​យ៉ាង​សន្ធឹកសន្ធាប់​តាមរយៈ​សារលិខិត និង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ជប៉ុន​ថ្វាយ​ចំពោះ​ព្រះករុណា ព្រះចៅ​អធិរាជ​ជប៉ុន និង​ប្រជាជន​ជប៉ុន​ផងដែរ​។


បន្ទាប់ពី​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ចុងខែ​កញ្ញា​ឆ្នាំមុន ខ្ញុំ​បាន​ទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ប្រជាជន​កម្ពុជា ហើយ​នេះ​គឺ​បានបង្ហាញ​ពី​មិត្តភាព និង​ទំនុកចិត្ត​ដ៏រឹងមាំ​រវាង​ប្រជាជន​ជប៉ុន និង​កម្ពុជា​ដែល​រីកលូតលាស់ តាមរយៈ​កិច្ចសហប្រតិបត្តិការ​នានា​អស់​រយៈពេល​ជាយូរ​មកហើយ​។


ខ្ញុំ​ក៏មាន​សេចក្តី​រីករាយ​ឥតឧបមា​ដែល​ថ្មីៗ​នេះ​បាន​ឃើញ​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ ២ ត្រូវ​បាន​ពង្រឹង​បន្ថែមទៀត​ដោយ​ការកើនឡើង​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​លើ​វិស័យ​ផលិតកម្ម សេវាកម្ម ហិរញ្ញប្បទាន ការធានារ៉ាប់រង និង​អចលនទ្រព្យ​ជាដើម​។ ទំហំ​ពាណិជ្ជកម្ម​ក៏មាន​ការកើនឡើង​ពី​ ១ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៤ ទៅ​ ២ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨​។


ខ្ញុំ​ក៏មាន​មោទនភាព​ដែល​ប្រទេស ​ជប៉ុន ​បាននិង​កំពុង​ចូលរួម​គាំទ្រ​ដល់​កម្ពុជា ក្នុង​ការកសាង​សន្តិភាព ការផ្សះផ្សា និង​ការអភិវឌ្ឍ​នានា ដោយ​ឈរលើ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​ចាប់​តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០​។ ថ្មីៗ​នេះ​ប្រទេស​ជប៉ុន​ក៏​កំពុង​ធ្វើការ​ដើម្បី​រក​ដំណោះស្រាយ​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នានា​ដែល​បណ្តាល​មកពី​ការអភិវឌ្ឍ​ថ្មីៗ និង​នគរូបនីយកម្ម​យ៉ាង​ឆាប់រហ័ស​ផងដែរ តួយ៉ាង​ដូចជា តម្រូវការ​កែលម្អ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ ការរៀបចំ​ទុកដាក់​សំរាម ការកកស្ទះ​ចរាចរណ៍ និង​សុវត្ថិភាព​ចរាចរណ៍​។ ប្រទេស​ជប៉ុន​ក៏​បាននិង​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ទាំងនេះ​តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ ដូច្នេះ​ពិតជា​រីករាយ​ដែល​អាច​ចែក រំលែក​បទពិសោធ​របស់​ខ្លួន​ជាមួយ​ប្រជាជន​កម្ពុជា​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​កំពុង​ប្រឈម​។


ដោយឡែក ដោយសារ​ការចាប់ផ្តើម​ជើងហោះហើរ​ត្រង់​រវាង​ទីក្រុង​តូក្យូ និង រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​ ២០១៦ ជាហេតុ​នាំ​ឲ្យ​ចំនួន​ភ្ញៀវទេសចរ​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ពី​ចំនួន​ ៥ ​ពាន់​នាក់​ក្នុង​ឆ្នាំ​ ២០១៣ ទៅ​ ២២ ​ពាន់​នាក់​ក្នុង​ឆ្នាំ​ ២០១៨ ខណៈ​តួលេខ​នៃ​ចំនួន​ភ្ញៀវទេសចរ​ជប៉ុន​ប្រមាណ​ជា​ ២០០ ​ពាន់​នាក់​ បាន​មកលេង​ប្រទេស​កម្ពុជា​ជា​រៀងរាល់ឆ្នាំ​។

ខ្ញុំ​មាន​បំណង​ចង់​ជំរុញ​ការផ្លាស់ប្តូ​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ ​ដើម្បី​យល់ដឹង​ពីគ្នា​ទៅវិញ​ទៅមក​កាន់តែ​ស៊ីជម្រៅ​។ ខ្ញុំ​ជឿជាក់ថា កម្មវិធី​ផ្លាស់ប្តូរ​រយៈពេល​ខ្លី “JENESYS” អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន “MEXT” និង​កាកេហាស៊ី​នឹង​ផ្តល់ឱកាស​សម្រាប់​យុវជន​ជប៉ុន និង​កម្ពុជា​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​របស់​ប្រទេស​យើង​ទាំង​ ២ ​នាពេល​អនាគត​។

ឆ្នាំនេះ​ប្រទេស​ ជប៉ុន ​នឹង​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក និង​ប៉ារ៉ាឡាំពិក តូក្យូ​ ២០២០​។ ដូច្នេះ​យើង​នឹង​នាំយក​នូវ​បរិយាកាស និង​ដួងព្រលឹង​នៃ​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ដ៏ធំ​បំផុត​របស់​ពិភពលោក​នោះ​ជូន​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​វប្បធម៌​ប្រចាំឆ្នាំ​របស់​យើង​គឺ «​មហោស្រព​គីហ្សូណា​» ដែលមាន​ការសម្តែង​នានា​នៃ​វប្បធម៌​របស់​ប្រទេស​ទាំង​ ២ និង​សកម្មភាព​ជាច្រើន​ដែល​អ្នកទស្សនា​អាច​ចូលរួម​សាកល្បង​ជាមួយគ្នា​។ មហោស្រព​គីហ្សូណា​ឆ្នាំ​នេះ​នឹង​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃទី​ ២០ ដល់​ថ្ងៃទី​ ២៣ ខែ​កុម្ភៈ​ក្រោម​ប្រធានបទ «​អានុភាព​នៃ​កីឡា​» ដូច្នេះ​នឹង​មាន​កម្មវិធី​កីឡា​ជាច្រើន​ផងដែរ​។

ក្នុង​ឱកាស​ថ្ងៃបុណ្យ​ជាតិ​នៃ​ប្រទេស ​ជប៉ុន ខ្ញុំ​សូម​ប្រសិទ្ធពរ ថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចព្រះ​មហាក្សត្រី ព្រះវររាជមាតា​ជាតិខ្មែរ ព្រះករុណា ព្រះចៅ​អធិរាជ និង​ព្រះអធិរាជិនី​នៃ​ប្រទេស​ជប៉ុន​ព្រម​ទាំង​ប្រជាជន​កម្ពុជា និង​ជប៉ុន​សូម​មាន ព្រះរាជសុខភាព​ល្អ ព្រះរាជ​សុភមង្គល ព្រះរាជ​វិបុលភាព និង​សូម​ឲ្យ​មិត្តភាព​ជប៉ុន និង​កម្ពុជា​កាន់តែ​រីកចម្រើន​៕