ខណៈសភាពាណិជ្ជកម្មអាមេរិកបានប្រារព្ធខួបភាពជាដៃគូកម្ពុជា - អាមេរិករយៈពេលជាង ២៣ ឆ្នាំក្នុងឆ្នាំ ២០១៩ នេះតាងនាមឲ្យក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរដល់សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (AmCham) ចំពោះកិច្ចខិតខំប្រឹងប្រែងរួមនឹងការផ្តល់នូវទស្សនៈ វិស័យដ៏មានតម្លៃទាំងនៅក្នុងតំបន់ និងពិភពលោក។
កម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនជាងគេបំផុតមួយនៅក្នុងពិភពលោក។ គិតចាប់តាំងពីឆ្នាំ ១៩៩៤ មកប្រទេសរបស់យើងទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧ ភាគរយក្នុង ១ ឆ្នាំ។
ផ្នែកមួយនៃការរីកចម្រើននេះក៏ជាចំណែកមួយរបស់សមាជិកសភាពាណិជ្ជកម្មអាមេរិកផងដែរ ដែលបានមើលឃើញឱកាសរបស់ប្រជាពលរដ្ឋកម្ពុជាវ័យក្មេង ស្មារតីជាសហគ្រិន និងទីតាំងយុទ្ធសាស្ត្រនៅចំណុចផ្លូវបំបែកនៃតំបន់អាស៊ីអាគ្នេយ៍។
កំណើនសេដ្ឋកិច្ចកាលពីឆ្នាំមុនគឺមានល្បឿនលឿនបំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ហើយទស្សនវិស័យសម្រាប់ឆ្នាំ ២០១៩ គឺកំពុងមានដំណើរការយ៉ាងរឹងមាំ។
យើងកំពុងសម្លឹងមើលដំណើរការអភិវឌ្ឍពាណិជ្ជកម្ម និងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការគាំទ្រពីសភាពាណិជ្ជកម្ម យើងកំពុងធ្វើដំណើរទៅរកសករាជថ្មីមួយសម្រាប់ប្រទេសរបស់យើង។ អ្វីដែលកាន់តែពិសេសទៀតនោះគឺភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជនដែលជួយកំណត់គោលនយោបាយពាណិជ្ជកម្មសកល។
ចំពោះការកត់សម្គាល់ និងកោតសរសើររបស់ខ្ញុំតាមរយៈជំនួយរបស់ AmCham ខ្ញុំបានដឹកនាំបេសកកម្មពាណិជ្ជកម្មចំនួន ៣ លើកទៅកាន់សហរដ្ឋអាមេរិកនឹងមានផែនការជាច្រើនទៀតសម្រាប់ពេលអនាគត។
ខ្ញុំក៏បានរួមដំណើរជាមួយសមាជិក AmCham ទៅកាន់ទីក្រុងបាងកក និងប្រទេសសិង្ហបុរីផងដែរ ដើម្បីលើកកម្ពស់ប្រទេសកម្ពុជាជាគោលដៅសម្រាប់ការនាំចេញ និងការវិនិយោគរបស់សហរដ្ឋអាមេរិក។
ខ្ញុំបានមើលឃើញការគាំទ្រជាបន្តបន្ទាប់ពី AmCham ដែលវាគឺជាមធ្យោបាយដ៏សំខាន់នៅក្នុងការគូសបញ្ជាក់អំពីភាពទាក់ទាញរបស់ប្រទេសកម្ពុជាដែលជាមជ្ឈមណ្ឌលវិនិយោគសម្រាប់ក្រុមហ៊ុនអាមេរិក។
ឆ្នាំ ២០១៩ នេះគឺជាឆ្នាំនៃស្ថិរភាព និងរក្សាបានកំណើនដ៏រឹងមាំជាមួយនឹងសក្ដានុពលពាណិជ្ជកម្មសកល។
យើងទទួលស្គាល់អំពីសារៈសំខាន់នៃការបន្តស្ថិតនៅជួរមុខនៃតម្រូវការអភិវឌ្ឍទីផ្សារ កសិកម្ម ការងារ និងការអប់រំ ទាំងនេះជាមូលហេតុដែលសភាពាណិជ្ជកម្មអាមេរិកតែងតែត្រូវបានស្វាគមន៍ជានិច្ចដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជួយដល់គោលដៅពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរចំពោះសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមជូនពរលោក លោកស្រី ឲ្យទទួលបានជោគជ័យ និងបន្តរីកចម្រើនបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕