អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាវិស័យហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកដោយទំហំទ្រព្យសកម្មបានកើនឡើងពីប្រមាណ ៣.២១២ ប៊ីលានរៀលស្មើនឹង ៨០៩ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០០១ ដល់ ១៦៦.៣៥២ ប៊ីលានរៀលស្មើនឹង ៤១.៤០២ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ ដែលបានជួយដល់ប្រជាជនកម្ពុជាអាចទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែច្រើន។ ក្នុងឆ្នាំ ២០១៨ ចំនួនប្រជាជនពេញវ័យជាង ៥០% បានប្រើប្រាស់សេវាហិរញ្ញវត្ថុ ក្នុងនោះ ២០% បានបើកគណនីធនាគារ។ សមិទ្ធផលដ៏ធំធេងនេះអាចសម្រេចបានក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពសុខដុមរមនា និងវឌ្ឍនភាពក្រោមដំបូលសុខសន្តិភាព និងស្ថិរភាពនយោបាយ។
ដើម្បីធានានូវការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព សុវត្ថិភាព និងភាពរឹងមាំ យើងមានការងារជាច្រើនទៀតដែលត្រូវខិតខំសម្រេចឲ្យបាន។ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងបន្តធ្វើបច្ចុប្បន្នកម្មបទប្បញ្ញត្តិឲ្យស្របតាមការអនុវត្តជាអន្តរជាតិ និងកសាងសមត្ថភាពត្រួតពិនិត្យរបស់មន្ត្រីធនាគារជាតិនៃកម្ពុជាតាមរយៈការបណ្តុះបណ្តាលជាប្រចាំទាំងក្នុង និងក្រៅប្រទេស ប៉ុន្តែកិច្ចការទាំងនេះនៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ។ ប្រព័ន្ធហិរញ្ញវត្ថុមួយដែលមានភាពធន់ទាមទារនូវក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យរឹងមាំជាមួយនិងយន្តការការពារ អតិថិជន រួមទាំងកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ក្នុងន័យនេះធនាគារជាតិនៃកម្ពុជាបានបង្កើតផ្នែកគាំពារអតិថិជនដោយស្ថិតនៅក្រោមអគ្គនាយកដ្ឋានត្រួតពិនិត្យ ដើម្បីពង្រឹងបន្ថែមការដាក់ឲ្យអនុវត្តតាមបទប្បញ្ញត្តិ និងក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងការការពារអតិថិជនសម្រាប់វិស័យទាំងមូល។
ថ្មីៗនេះធនាគារជាតិនៃកម្ពុជាក៏បានដាក់ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្តប្រកាសស្តីពីការដោះស្រាយបណ្តឹងអតិថិជនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងបង្កើតប្រព័ន្ធទូរស័ព្ទហតឡាញសម្រាប់សាធារណជនសាកសួរព័ត៌មាន និងចម្ងល់ផ្សេងៗជាមួយគ្នានេះក្រុមការងារក៏បញ្ជ្រាបការអប់រំមួយចំនួនពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុផងដែរ។
ទន្ទឹមនឹងការរីកចម្រើនយ៉ាងលឿននៃវិស័យហិរញ្ញវត្ថុនៅឆ្នាំ ២០១៦ ធនាគារជាតិនៃកម្ពុជាក៏បានអនុវត្តយុទ្ធនាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលមានឈ្មោះថា “តោះ! និយាយពីលុយ” ដោយផ្តោតលើប្រជាជនពេញវ័យដែលមានអាយុ ១៥ ឆ្នាំដល់ ៦៥ ឆ្នាំ។ ក្នុងយុទ្ធនាការនេះវីដេអូឃ្លីប និឯកសារផ្សេងៗសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានផលិតឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីការប្រើប្រាស់សេវា និងផលិតផលហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។ ជាមួយគ្នានេះដែរធនាគារជាតិនៃកម្ពុជាក៏បានបង្កើតសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុខ្លីៗ និងចែកជូនដល់កុមារពីថ្នាក់ទី ៣ ដល់ថ្នាក់ទី ៦ នៅតំបន់ជនបទព្រមទាំងបានធ្វើការផ្សព្វផ្សាយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាននៅគ្រប់ខេត្តនៃប្រទេសកម្ពុជា។ បន្ថែមពីនេះដោយមានគាំទ្រពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនធនាគារជាតិនៃកម្ពុជាក៏បានបង្កើតសកម្មភាពថ្មីៗជាច្រើនទៀតសម្រាប់កុមារ និងប្រជាជនពេញវ័យដូចជាការបង្កើតកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមរយៈអនឡាញ និងទូរស័ព្ទ។
ធនាគារជាតិនៃកម្ពុជាក៏បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការរៀបចំបញ្ចូលមុខវិជ្ជាហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២។ ធនាគារជាតិនៃកម្ពុជាសង្ឃឹមថាកិច្ចការទាំងនេះនឹងរួមចំណែកធ្វើឲ្យកុមារកម្ពុជាយើងមានការយល់ដឹងក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុបានកាន់តែប្រសើរ ដែលជាផ្នែកមួយដ៏សំខាន់នៃបំណិនជីវិត។
ដោយយល់ឃើញអំពីតួនាទីដ៏សំខាន់របស់ស្ត្រីនៅក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនាពេលដ៏ខ្លីខាងមុខ ធនាគារជាតិនៃកម្ពុជាក៏នឹងសហការជាមួយក្រសួងកិច្ចការនារី ដើម្បីរួមចំណែកលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ស្ត្រី និងជាពិសេសសម្រាប់សមាគមសហគ្រិនស្ត្រី និងបណ្តាញសមាគមស្ត្រីផ្សេងៗផងដែរ។
ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជាកិច្ចការរយៈពេលវែង ហើយទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ បញ្ញត្តិករហិរញ្ញវត្ថុនៅប្រទេសមួយចំនួនបានកំណត់ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចូលរួមជាវិភាគទានសម្រាប់រួមចំណែកដល់ការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ដោយឡែកសម្រាប់ប្រទេសយើង ខ្ញុំបានសង្កេតឃើញថាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួនបានខិតខំប្រឹងប្រែងដោយស្ម័គ្រចិត្តក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ដូច្នេះខ្ញុំសង្ឃឹមថានឹងមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនទៀតចូលរួម និងសហការក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះព្រមទាំងលើកទឹកចិត្តឲ្យមានកម្មវិធី និងសកម្មភាពខ្លាំងក្លាថែមទៀតចំពោះចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដូចបានរៀបរាប់ខាងលើ កម្មវិធីផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជានៅថ្ងៃនេះគឺជាការបោះជំហានថ្មីមួយទៀតរបស់យើងដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុគ្រប់ភាគីពាក់ព័ន្ធ និងសាធារណជនទូទៅដែលបានគាំទ្រដល់កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា កិច្ចខិតខំប្រឹងប្រែងរួមរបស់យើងទាំងអស់គ្នាពិតជានឹងបន្តលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាយើង ហើយនិងអាចរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
ឆ្លៀតឱកាសនេះខ្ញុំសូមស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមទាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តចូលរួមសហការអនុវត្តកម្មវិធីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ។ ខ្ញុំក៏សូមជម្រាបថា “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះគឺសម្រាប់យើងទាំងអស់គ្នា និងសម្រាប់ផលប្រយោជន៍យើងទាំងអស់គ្នា” ដែលកិច្ចការនេះនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល៕