ជនរួមជាតិ និងមិត្តភក្តិទាំងឡាយជាទីនឹករឭក
ថ្ងៃនេះ ជាថ្ងៃរំឭកខួបអនុស្សាវរីយ៍នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសដ៏សែនឱឡារិក និងឧត្តុង្គឧត្តមនេះ ខ្ញុំសូមតំណាងស្ថានទូតចិនប្រចាំកម្ពុជា សម្តែងគារវកិច្ចដោយស្មោះជូនចំពោះបុគ្គលិកនៃសហគ្រាសចិនក្នុងប្រទេសកម្ពុជា គ្រូបង្រៀនភាសាចិន និងអ្នកស្ម័គ្រចិត្តចិនក្នុងប្រទេសកម្ពុជា និស្សិតចិនក្នុងប្រទេសកម្ពុជា និងព្រមទាំងប្រជាជនចិននៅក្នុងប្រទេសកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមិត្តភក្តិកម្ពុជាគ្រប់មជ្ឈដ្ឋានដែលតែងយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសចិន និងបានចូលរួមជាកម្លាំងជំរុញមិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជា!
កាលពី ៧១ ឆ្នាំមុន ស្ថិតក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន ប្រជាជនចិនទូទាំងប្រទេសបានឆ្លងកាត់ និងពុះពាររាល់ឧបសគ្គដ៏កាចសាហាវបានផ្តួលរំលំចក្រពត្តិនិយម សក្ដិភូមិនិយម និងមូលធននិយម ការិយាធិបតេយ្យបានយ៉ាងជោគជ័យដែលប្រៀបដូចជាភ្នំដ៏ធ្ងន់ចំនួន ៣ ធំៗ និងសម្រេចបានបដិវត្តន៍ប្រជាធិបតេយ្យនិយមថ្មីផងដែរ។ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញឱ្យឃើញពីការក្រោក ឈរឡើងនៃប្រជាជនចិនចាប់តាំងពីពេលនោះមក ហើយប្រជាជនចិនបានដើរលើមាគ៌ាសម្រេចនូវភាពរុងរឿងដ៏អស្ចារ្យយ៉ាងធំទូលំទូលាយ។
រយៈពេល ៧១ ឆ្នាំនេះក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន ប្រជាជនចិនបានខិតខំប្រឹងប្រែងដោយផ្ទាល់ខ្លួន បានជម្នះរាល់ឧបសគ្គ និងរាល់ការលំបាកបានឆ្លងផុតរាល់រនាំង និងឧបសគ្គពីមួយទៅមួយបានបង្កើតសមិទ្ធផលធំៗ និងល្បីៗជាច្រើនគួរឱ្យកត់សម្គាល់។ ប្រជាជនចិនសម្រេចបានសម្ទុះដ៏លឿនមហិមា បំផុតក្នុងការក្រោកឈរឡើងសម្បូរហូរហៀរឡើង និងដ៏ខ្លាំងក្លា។
នាឆ្នាំនេះ ប្រទេសចិននឹងកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរគ្រប់ជ្រុងជ្រោយសម្រេចបាននូវគោលដៅ ១០០ ឆ្នាំទី ១។ ប្រទេសចិន នាពេលបច្ចុប្បន្ននេះកាន់តែខិតជិតទៅរកការសម្រេចបាននូវគោលដៅនៃភាពរីកចម្រើនដ៏មហិមាជាងពេលណាៗទាំងអស់។
មិត្តភក្តិទាំងអស់ជាទីរាប់អាននាដើមឆ្នាំ ២០២០ មានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ ១៩។ ការប្រឈមមុខជាមួយនឹងជំងឺវីរុសដ៏កាចសាហាវមួយនេះ ក្រោមការដឹកនាំដ៏រឹងមាំរបស់គណបក្សកុម្មុយនីស្តចិនដែលមានឯកឧត្តម Xi Jinping ជាស្នូលយើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍យកប្រជាជនជាធំ បានចាប់ផ្តើមសង្គ្រាមប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺវីរុសមួយនេះដែលបានចូលរួមដោយប្រជាជនចិន។ ប្រទេសចិនទទួលបានសមិទ្ធផលផ្លែផ្កាយុទ្ធសាស្ត្រសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសក្នុងរយៈពេលដ៏ខ្លី ហើយធានាបានអាយុជីវិត សុខភាព និងសុវត្ថិភាពប្រជាជនចិនយ៉ាងមានប្រសិទ្ធភាព និងជាគំរូដ៏ល្អសម្រាប់កិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសជាសកលមួយនេះ។
ប្រទេសចិននៅអំឡុងពេលបំពេញការងារទប់ស្កាត់នឹងជំងឺវីរុសបានផ្តួចផ្តើមយ៉ាងសកម្មក្នុងការកសាងសហគមន៍សុខាភិបាលសម្រាប់មនុស្សជាតិរួម បានគាំទ្រយ៉ាងពេញទំហឹងនិងចូលរួមក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមួយនេះជាអន្តរជាតិ នេះបានបង្ហាញឱ្យឃើញពីការទទួលខុសត្រូវរបស់ចិនដែលជាប្រទេសមហាអំណាច។
ប្រទេសចិន បានផ្តល់ជំនួយជាង ២ ពាន់លានដុល្លារអាមេរិក ដល់សហគមន៍អន្តរជាតិ។ រដ្ឋាភិបាលចិននឹងអនុវត្តការប្តេជ្ញាចិត្តដ៏អស្ចារ្យរបស់ឯកឧត្តម ប្រធានាធិបតីចិន Xi Jinping ក្នុងកិច្ចចាត់ទុកវ៉ាក់សាំងចិន ជាផលិតផលសាធារណៈអន្តរជាតិ និងការរួមចំណែករបស់ចិន ដើម្បីសម្រេចបាននូវលទ្ធភាពទទួលយកបាន និងការទទួលខុសត្រូវលើវ៉ាក់សាំងកូវីដ១៩សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍។
ប្រឈមមុខនឹងការតេស្តសាកល្បងនៃជំងឺវីរុសមួយនេះ និងបរិយាកាសអន្តរជាតិដ៏ស្មុគស្មាញ និងផ្លាស់ប្តូរឥតឈប់ឈរ ប្រទេសចិនបានរៀបចំគម្រោងជំរុញកិច្ចទប់ស្កាត់នឹងជំងឺវីរុស និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបានជំរុញយ៉ាងខ្លាំងនូវគំរូថ្មីដែលផ្តោតសំខាន់លើវដ្តក្នុងប្រទេសជាតិជាគោល និងការជំរុញគ្នាទៅវិញទៅមកវដ្តទ្វេដងក្នុងប្រទេស និងអន្តរជាតិ និងបានជំរុញកិច្ចស្តារអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងទទួលបានសមិទ្ធផលជាក់ស្តែងជាច្រើនគួរឲ្យកត់សម្គាល់។
យោងតាមតួលេខបង្ហាញឱ្យឃើញថា ក្នុងត្រីមាសទី២ នាឆ្នាំនេះ GDP របស់ប្រទេសចិន បានកើនឡើង ៣,២ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិបានព្យាករថា ប្រទេសចិន នឹងក្លាយជាតួសេដ្ឋកិច្ចសំខាន់តែ ១ គត់ដែលអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមានពេញ ១ ឆ្នាំ ២០២០ ហើយយើងពិតជាមានមោទនភាពយ៉ាងខ្លាំង។
មិត្តភក្តិទាំងឡាយជាទីរាប់អានឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី ១០ នៃការបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា ហើយក៏ជាខួបអនុស្សាវរីយ៍លើកទី ១ នៃការចុះហត្ថលេខាអនុវត្តផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសទាំង ២ ផងដែរ។ ប្រឈមមុខជាមួយនឹងជំងឺវីរុស ប្រទេសចិន និងកម្ពុជា រដ្ឋាភិបាល និងប្រជាជនទាំង ២ ប្រទេសតែងពួតដៃគ្នា ពុះពាររាល់ការលំបាក បង្កើតបានជាគំរូដ៏ប្រពៃសម្រាប់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសលើឆាកអន្តរជាតិ។ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩ មួយនេះភាគីទាំង ២ បានបង្កើតរួមគ្នានូវកិច្ចការទី ១ ជាច្រើន។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាប្រមុខរដ្ឋាភិបាលបរទេសទី ១ ដែលបានបំពេញទស្សនកិច្ចក្នុងប្រទេសចិន។ ជំនួយសម្ភារទប់ស្កាត់នឹងជំងឺវីរុសលើកដំបូងដែលទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន ទទួលបានគឺមកពីប្រទេសកម្ពុជា។ រដ្ឋាភិបាលចិន និងកងទ័ពចិនបានបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រទប់ស្កាត់នឹងជំងឺវីរុសលើកដំបូងគេក្នុងតំបន់ ឬសកលលោកគឺមកកាន់ប្រទេសកម្ពុជា។ កិច្ចចរចាពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា ជាកិច្ចចរចាពាណិជ្ជកម្មសេរីទី ១ ត្រូវបានបញ្ចប់ដោយតាមរយៈ Video Conference។
សមយុទ្ធ “នាគមាស ២០២០” គឺជាលំហាត់រួមគ្នាតែ ១ គត់ដែលធ្វើឡើងដោយភាគីចិនជាមួយនឹងកងទ័ពភាគីកម្ពុជា។ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងចិន និងកម្ពុជាលើកទី៥ ជាកិច្ចប្រជុំកិច្ចសហប្រតិបត្តិការយន្តការទ្វេភាគីកម្រិតកំពូលទី ១ ដែលរៀបចំរវាងចិន និងប្រទេសជិតខាង។ ភាពជាក់ស្តែងជាច្រើនរាប់មិនអស់ត្រូវបានបង្ហាញឱ្យឃើញពីមិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជាត្រូវបានកែលម្អថែមមួយកម្រិតទៀត បន្ទាប់ពីឆ្លងកាត់ការដុសខាត់នៃជំងឺវីរុសមួយនេះ។
មិត្តភក្តិទាំងអស់ជាទីរាប់អាន ពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំងដែលមិនធ្លាប់មានក្នុង ១ សតវត្សរ៍នេះ។ ពិភពលោកកំពុងឈរនៅចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រថ្មីមួយ។ ជោគវាសនារបស់មនុស្សជាតិមានទំនាក់ទំនងស្អិតល្មួតដែលពុំធ្លាប់មានដូចសព្វថ្ងៃនេះទេ។
ប្រទេសចិន នឹងបន្តពង្រីកការបើកចំហទៅកាន់ពិភពលោកខាងក្រៅ រួបរួមសាមគ្គីគ្នាជាមួយបណ្តាប្រទេសក៏ដូចជាប្រទេសកម្ពុជា ផងដែរ ពង្រីកសមិទ្ធផលកិច្ចសហប្រតិបត្តិការជោគជ័យរួមគ្នាកាន់តែធំ។ ប្រទេសចិន នឹងដើរតួជាអ្នកអនុវត្តពហុភាគីនិយម បន្តជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិគ្រប់រូប សម្រេចបានការសាមគ្គីគ្នា និងភាពរីកចម្រើនកាន់តែធំសម្រាប់សង្គមមនុស្សជាតិ!
សូមជូនពរប្រទេសចិន និងកម្ពុជា រីកចម្រើនថ្កុំថ្កើន និងអភិវឌ្ឍ ប្រជាជនរស់នៅដោយសុខក្សេមក្សាន្ត!
សូមជូនពរមិត្តភាពចិន និងកម្ពុជាដែលប្រៀបដូចបងប្អូន យូរអង្វែងជាអមតៈ!