ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ត​ភ្ជាប់​ស្រុក​ក្រូចឆ្មារ ​និង​ស្រុក​ស្ទឹងត្រង់​ ក្នុង​ប្រទេស ​កម្ពុជា ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ​៣០ ​គីឡូម៉ែត្រ ភាគ​ខាង​ជើង​ទី​រួម​ខេត្ត​កំពង់ចាម គឺ​ជា​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ដ៏​ធំ ដែល​មាន ​(​ប្រវែង ​១ ១៣១ ម៉ែត្រ និង​ទទឹង ​១៣,៥ ម៉ែត្រ​) និង​ផ្លូវ​ត​ភ្ជាប់​តាម​បច្ចេកវិទ្យា​ផ្លូវ​ហាយវ៉េ Class II ដែល​មាន​ចែង​នៅ​ក្នុង​ស្តង់ដា​បច្ចេកទេស​វិស្វកម្ម​ផ្លូវ ហាយវ៉េ ចេញ​ដោយ​ក្រសួង​ដឹក​ជញ្ជូន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

គម្រោង​ចំណាយ​សម្រាប់​ការ​សាងសង់​ស្ពាន​នេះ ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន អនុវត្ត​គម្រោង​​សម្រាប់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​កម្ពុជា និង​ទទួល​ការ​សាងសង់​ដោយ​ក្រុមហ៊ុន Shanghai Construction Group Co., Ltd​។


ទន្លេ​មេគង្គ ​គឺ​ជា​ទន្លេ​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ប្រវែង​ទន្លេ​មេគង្គ​នៅ​ក្នុង​ខេត្ត​កំពង់ចាម ក្រចេះ ​និង​ខេត្ត​ស្ទឹងត្រែង ភាគ​ខាង​ជើង​ប្រទេស ​កម្ពុជា មាន​ប្រវែង​ជាង ​៣០០ ​គីឡូ​ម៉ែត្រ ប៉ុន្តែ​មាន​ស្ពាន​ឆ្លង​កាត់​ទន្លេ​ដ៏​ធំ​នេះ​តែ ​២ ​ប៉ុណ្ណោះ​។


ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ថ្មី​នេះ មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​ស្ពាន​ឆ្លង​កាត់​ទន្លេ​ចំនួន ​២ ​ដែល​មាន​ស្រាប់ ដែល​ភ្ជាប់​ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្ត​កំពង់ចាម​។ នៅ​ពេល​សាងសង់​រួច វា​អាច​ភ្ជាប់​បណ្តាញ​ផ្លូវ នៃ​ច្រាំង​ទន្លេ​ទាំង ២ និង​កាត់​បន្ថយ​ចម្ងាយ​ធ្វើ​ដំណើរ​ពី​តំបន់​កណ្តាល​ និង​តំបន់​ភាគ​ខាង​ជើង ទៅ​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស ​កម្ពុជា​។


ស្ពាន​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​ក្នុង​តំបន់ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ភាគ​កណ្តាល ​និង​ភាគ​ខាង​ជើង​ប្រទេស ​កម្ពុជា​។


ពិធី​បើក​ការដ្ឋាន​សាងសង់​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី ​៩ ខែ ​កុម្ភៈ ឆ្នាំ ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា រួម​នឹង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ប្រមាណ​ជាង ​៦ ៥០០ ​នាក់​ផ្សេង​ទៀត​។​


នៅ​ក្នុង​ពិធី​ដ៏​អធិកអធម​នោះ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​មាន​ប្រសាសន៍​ថា ​គម្រោង​នេះ​គឺ​ជា​ស្ពាន​ទី ​៣ ​ឆ្លង​កាត់​ទន្លេ​មេគង្គ ដែល​ត្រូវ​បាន​សាងសង់​នៅ​ក្នុង​ប្រទេស ​កម្ពុជា ជាមួយ​នឹង​ជំនួយ​របស់​ចិន​។ ស្ពាន​នីមួយៗ ​គឺ​ជា​សក្ខីភាព​នៃ​ចំណង​មិត្តភាព​រវាង​ចិន​ និង​កម្ពុជា​។

ចំណង​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ចិន​នឹង​នាំ​មក​នូវ​ផ្លែ​ផ្កា​ដ៏​ធំ​សម្រាប់​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ និង​រួម​ចំណែក​ដល់​ការ​កសាង​សហគមន៍​រីក​ចម្រើន​ និង​សុខ​ដុមរមនា​សម្រាប់​ប្រជាពលរដ្ឋ​។

កាល​ពី​ខែ ​មេសា ឆ្នាំ ​២០១៩ អ្នក​កាសែត​របស់​ទូរទស្សន៍ CCTV ចិន​បាន​ធ្វើ​បទសម្ភាស​អំពី​គម្រោង​នេះ ដោយ​បាន​ផលិត​កម្មវិធី​ពិសេស​មួយ​ដែល​មាន​ឈ្មោះ​ថា​៖ «​ស្ពាន​ក្រូច​ឆ្មារ​៖ កសាង​ស្ពាន​មិត្តភាព​រវាង​ចិន​ និង​កម្ពុជា​»​។

កម្មវិធី​នេះ​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ CCTV ដែល​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួច​ផ្តើម​គម្រោង​ខ្សែ​ក្រវាត និង​ផ្លូវ ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​គ្រប់​វិស័យ​នៃ​សង្គម​ចិន​ និង​សង្គម​កម្ពុជា​។

គិត​ត្រឹម​ចុង​ខែ ​សីហា ឆ្នាំ ​២០១៩ ការងារ​សរុប​នៃ​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់​ប្រមាណ ​៧០ ​ភាគរយ ហើយ​រំពឹង​ថា​​បញ្ចប់ និង​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​នៅ​ចុង​ឆ្នាំ ​២០២០ ​ខាង​មុខ​។ ប្រទេស​ ​កម្ពុជា ​គឺ​ជា​ចំណុច​ដ៏​សំខាន់​នៃ​ផ្លូវ​សូត្រ​សមុទ្រ​ក៏​ដូចជា​ចំណុច​ដ៏​សំខាន់​សម្រាប់​ការ​កសាង​វិថី​សូត្រ​សមុទ្រ​សតវត្សរ៍​ទី ​២១ (21st-Century Maritime Silk Road) ផង​ដែរ​។

ការ​ស្ថាបនា​គម្រោង​នេះ​នឹង​ជួយ​លើក​កម្ពស់​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​ និង​ផ្លូវ​ ដែល​ចាប់​ផ្តើម​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ប្រជាជន​កម្ពុជា​បាន​ហៅ​គម្រោង​នេះ​ថា «​ស្ពាន​សុបិន» (Dream Bridge) នៃ​ការ​អភិវឌ្ឍ ​នៅ​តំបន់​កណ្តាល​ និង​ខាង​ជើង​នៃ​ប្រទេស​ កម្ពុជា​។ ស្ពាន​ក្រូច​ឆ្មារ​ឆ្លង​កាត់​ទន្លេ​មេគង្គ​នេះ​បាន​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​រវាង​​ប្រជាជន​ចិន​ និង​ប្រជាជន​​​កម្ពុជា​កាន់​តែ​ស៊ី​ជម្រៅ​​​មួយ​កម្រិត​ថែម​ទៀត​៕