យើង​តែងតែ​ធ្វើឲ្យ​ប្រាកដ​ថា​សុខភាព​រាងកាយ​របស់​យើង​គឺ​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសិន​បើ​សុខភាព​យើង​មិន​ល្អ​យើង​នឹង​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​យើង​មាន​អារម្មណ៍​ប្រសើរ​ឡើងវិញ​។ ប្រសិន​បើ​យើង​មាន​សម្ពាធ​ខ្លាំង​ពី​ការងារ​នោះ​វិស្សមកាល​នឹង​ជួយ​ឲ្យ​មាន​ភាពប្រសើរ​ឡើង​។ ប្រសិន​បើ​សុខភាព​សេដ្ឋកិច្ច​របស់​យើង​មិន​ល្អ​ដំបូង​យើង​ត្រូវ​ដឹង​ពី​វា​សិន​ហើយ​បន្ទាប់មក​តើ​យើង​ត្រូវ​ដោះស្រាយ​វា​ដូចម្តេច​?

សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​គឺ​បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ជាមួយ​កំណើន​ជាង ៥ ​ភាគរយ​ប្រចាំ​ឆ្នាំ​។ នៅពេល​ដែល​សេដ្ឋកិច្ច​រីកចម្រើន​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​កម្រិត​មធ្យម​ក៏កើនឡើង​ផង​ដែរ​។ កំណើន​នេះ​បាន​ធ្វើឲ្យ​មាន​ការផ្លាស់ប្តូរ​បែបបទ​រស់នៅ​របស់​ពួកគេ​។ កំណើន​ប្រាក់​ចំណូល​របស់​គ្រួសារ​នីមួយៗ​ធ្វើឲ្យ​អតិថិជន​មាន​កំណើន​តម្រូវការ​សេវា​ឥណទាន​ផ្សេងៗ​។


ស្ថាប័ន​ហិរញ្ញវត្ថុ​ធ្វើការ​សម្រេចចិត្ត​ក្នុង​ការផ្តល់​ប្រាក់កម្ចី​ដល់​អតិថិជន និង​អត្រា​ការប្រាក់​លើ​កម្ចី​នោះ​គឺ​ពឹង​ផ្អែកលើ​ការវាយតម្លៃ​ឥណទាន​លើ​បុគ្គល​ដែល​ស្នើសុំ​កម្ចី ហើយ​ប្រវត្តិ​នៃ​ការប្រើប្រាស់​ឥណទាន​ក៏​ជា​កត្តា​មួយ​ដែល​ត្រូវ​បាន​យក​មក​ពិចារណា​ផងដែរ​។ កត្តា​នេះ​នឹង​កំណត់​ពី​លទ្ធភាព​ក្នុង​ការប្រើប្រាស់​ឥណទាន​របស់​បុគ្គល​ម្នាក់ៗ​។


លោក អឿ សុធារ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា (​ស៊ីប៊ីស៊ី​) បាន​និយាយ​ថា​៖ “​ប្រវត្តិ​ឥណទាន​សំដៅ​ទៅ​ដល់​កំណត់ត្រា​នៃ​ការប្រើប្រាស់​ឥណទាន​របស់​បុគ្គល​ម្នាក់ៗ​ដែល​រួម​បញ្ចូល​ទាំង​ឥណទាន​ដែល​កំពុង​ប្រើប្រាស់ និង​ឥណទាន​ដែល​បាន​ប្រើប្រាស់​ពី​មុន​ទម្លាប់​នៃ​ការបង់​សង​ឥណទាន និង ស្ថានភាព​នៃ​គណនី​ឥណទាន​នីមួយៗ​។ លោក​បន្ត​ថា “​ព័ត៌មាន​ទាំងនេះ​ត្រូវ​បាន​កត់ត្រា​ទុក​នៅក្នុង​របាយការណ៍​ឥណទាន​ដែល​ជា​របាយការណ៍​កត់ត្រា​ពី​ប្រវត្តិ​នៃ​ការប្រើប្រាស់​ឥណទាន​របស់​បុគ្គល​ម្នាក់ៗ ដែល​មាន​ជាមួយ​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ស្ថាប័នហិរញ្ញវត្ថុ​ចម្បងៗ​ផ្សេង​ទៀត​”​។


តើ​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​បុគ្គល​ម្នាក់ៗ​មាន​ប្រវត្តិ​ឥណទាន​ល្អ​? លោក សុធារ័ត្ន បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា “​ដើម្បី​ជួយ​ឲ្យ​បុគ្គល​នីមួយៗ​រក្សា​បាន​នូវ​ប្រវត្តិ​ឥណទាន​ល្អ​ក្នុង​របាយការណ៍​ឥណទាន​របស់​ពួកគេ ស៊ីប៊ីស៊ី បាន​និង​កំពុង​ធ្វើ​ការងារ​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ពិសេស​លើ​ការផ្សព្វផ្សាយ​អប់រំ​ដល់​សាធារណជន​ឲ្យ​យល់​ដឹង​ពី​របាយការណ៍​ឥណទាន និង​សារសំខាន់​នៃ​របាយការណ៍​នេះ​សម្រាប់​ពួកគេ​។​” បន្ថែម​ទៅ​លើ​ការផ្សព្វផ្សាយ​អប់រំ​នេះ ស៊ីប៊ីស៊ី ក៏​បាន​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​នៅ​ចុង​ឆ្នាំ​ ២០១៨ “​ដើម្បី​ផ្តល់​ភាពងាយស្រួល​សម្រាប់ សាធារណជន​ក្នុង​ការស្នើសុំ​របាយការណ៍​​ឥណទាន​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ដោយ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អេ អឹម ខេ និង​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​។ តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ សាធារណជន​មិន​ចាំបាច់​ស្នើសុំ​របាយការណ៍​ឥណទាន​នៅ​ការិយាល័យ​របស់​ស៊ីប៊ីស៊ី​ដោយ​ផ្ទាល់​នោះ​ទេ ពួកគេ​អាច​ស្នើសុំ​នៅ​តាម​សាខា​មួយ​ចំនួន​របស់​គ្រឹះស្ថាន​ទាំង​ ២ ​នេះ​បាន​។”


ការរក្សា​បាន​ប្រវត្តិ​ឥណទាន​ល្អ​ពិតជា​មាន​សារប្រយោជន៍​យ៉ាង​ខ្លាំង ហើយ​អត្ថប្រយោជន៍​​នេះ​នឹង​ផ្តល់​ផ្លែផ្កា​ច្រើន​ពេញ​មួយជីវិត​។ ដូចដែល​លោក អឿ សុធារ័ត្ន បាន​បញ្ជាក់​ថា​៖ “​គ្រប់​ពេល​ដែល​អ្នកស្នើសុំ​ឥណទាន​នៅ​ស្ថាប័នហិរញ្ញវត្ថុ​ណា​មួយ​មានន័យថា អ្នក​បានចាប់ផ្តើម​បង្កើត​របាយការណ៍​ឥណទាន​ផ្ទាល់​ខ្លួន​របស់​អ្នក​។ តាមរយៈ​របាយការណ៍​នេះ​ស្ថាប័នហិរញ្ញវត្ថុ​អាច​ដឹង​ពី​អាកប្បកិរិយា​ក្នុង​ការប្រើប្រាស់​កម្ចី និង​កម្រិត​ហានិភ័យ​របស់​អ្នក​។ ទម្លាប់​នៃ​ការបង់​សង​ត្រឡប់​ទាន់ពេលវេលា​នឹង​បង្ហាញ​ពី​ប្រវត្តិ​ឥណទាន​ល្អ និង​អាច​ទុកចិត្ត​បាន​ដែល​នឹង​បង្កើត​ឱកាស​ឲ្យ​អ្នក​អាច​ទទួល​បាន​កម្ចី​លឿន​ជាង​មុន​ជាមួយ​នឹង​លក្ខខណ្ឌ​ប្រកួតប្រជែង​ដោយ​រួមបញ្ចូល​ទាំង​អត្រា​ការប្រាក់​ផង​ដែរ​៕