លោក Larry Shuen Fai Ng ស្ថាបនិក​ និង​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន ALLNISON Auditing and Consulting Co., Ltd. (ALLNISON) បាន​ថ្លែង​ថា ក្រុមហ៊ុន​គួរតែ​ធ្វើបញ្ជី​គណនេយ្យ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​បញ្ហា​ណាមួយ​នៅពេល​គណនេយ្យ​របស់​ពួកគេ​ត្រូវ​បាន​ធ្វើ​សវនកម្ម​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT) ។

លោក​ថ្លែងថា​៖ « អាជីវកម្ម និង​ក្រុមហ៊ុន​ជាច្រើន​គួរតែ​ធ្វើការ​ត្រួតពិនិត្យ​ និង​ធ្វើបញ្ជី​គណនេយ្យ​របស់​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ជៀសវាង​បញ្ហា​ណាមួយ​កើតឡើង​ក្នុង​អំឡុង​ពេល​ដំណើរ​ការធ្វើ​សវនកម្ម​។ ភាគច្រើន​បញ្ហា​កើតឡើង​ដោយសារ​តែ​ការធ្វើ​បញ្ជី​គណនេយ្យ​មិន​បាន​ល្អ​» ។


យោងតាម​លោក Ng បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​មួយ​ចំនួន​តែងតែ​ត្អូញត្អែរ​អំពី​ថ្លៃ​ចំណាយ​សេវា​ពិគ្រោះ​យោបល់​លើ​ផ្នែក​គណនេយ្យ​ខ្ពស់​ទៅលើ​ក្រុមហ៊ុន​គណនេយ្យ ប៉ុន្តែ​ពួកគេ​បាន​មើល​រំលង​ការខិតខំ​ប្រឹងប្រែង​របស់​គណនេយ្យករ​ជំនាញ និង​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ពន្ធដារ​ក្នុង​ការអនុវត្ត​ការងារ​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​។


លោក​ពន្យល់​ថា​ នៅ​កម្ពុជា អ្នកជំនាញ​គណនេយ្យ និង​ពន្ធដារ​ត្រូវ​ការរៀបចំ​បញ្ជិកា និង​ឯកសារ​ជាច្រើន ត្រូវ​ធ្វើការ​បកស្រាយ​ និង​វិភាគ​លើ​ច្បាប់​ដែល​ជា​ហេតុ​ធ្វើឲ្យ​ចំណាយ ពេលវេលា​កាន់តែ​ច្រើន​។ ស្រដៀង​គ្នា​ទៅ​នឹង​ជំនាញ​ផ្នែក​ច្បាប់​សេវា​ពិគ្រោះ​យោបល់​ផ្នែក​គណនេយ្យ និង​ពន្ធដារ​ផងដែរ​ក៏​គិតថ្លៃ​សេវា​តាម​ម៉ោង​។


កម្ពុជា​នៅ​ខ្វះ​អ្នកជំនាញ​គណនេយ្យ​។ លោក​បាន​បញ្ជាក់ថា វា​មាន​សារៈសំខាន់​សម្រាប់​សមាជិក​ជំនាញ​វ័យ​កេ្មង​របស់​លោក​ដែល​ត្រូវ​ទទួល​បានការ​តបស្នង​ស័ក្តិសម​តាម​ជំនាញ​របស់​ពួកគេ​។


លោក​បន្តថា​៖ « ប្រសិនបើ​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ ហើយ​បាន​ចូលរួម​ក្នុង​អាជីព​នេះ ប៉ុន្តែ​មិន​ទទួល​បាន​ប្រាក់ខែ​ដែល​ពួកគេ​សម​នឹង​ទទួលបាន ពួកគេ​អាច​ចាកចេញ​ពី​ជំនាញ​នេះ​បន្ទាប់ពី​ធ្វើការ​បាន​មួយរយៈ​។ នេះ​ជា​សញ្ញា​អវិជ្ជមាន​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។


លោក​លើកឡើង​ថា​៖« កម្ពុជា​ត្រូវការ​អ្នក​ជំនាញ​វ័យក្មេង​ដែល​មាន​ជំនាញ​ខ្ពស់​ដើម្បី​បង្កើន​ផលិតភាព​ទាំងមូល​នៃ​ធនធាន​មនុស្ស​របស់​ប្រទេស​នេះ​» ។

យើង​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នាពេល​អនាគត​។ ការធ្វើ​សមាហរណកម្ម​ជាមួយ​អន្តរជាតិ​ជា​អ្វី​ដែល​អ្នក ជំនាញ​វ័យក្មេង​របស់​យើង​ត្រូវការ ហើយ​វា​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​ខ្លួន​របស់​ពួកគេ​។ កម្ពុជា​ក្នុង​នាម​ជា​គោលដៅ​វិនិយោគ​ដ៏ទាក់ទាញ​មួយ​ប្រាកដ​ជា​នឹង​ធ្វើឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​។

លោក​ក៏បាន​រំឭក​ដល់​ក្រុមហ៊ុន​ទាំងនោះ​ថា​សម្រាប់​ការពង្រីក​សមត្ថភាព​របស់​ពួកគេ​ដើម្បី​បង្កើន និង​រក​ប្រាក់​ចំណូល​កាន់តែ​ច្រើន បញ្ជី​គណនេយ្យ​ត្រឹមត្រូវ និង​ការគោរព​តាម​បទប្បញ្ញត្តិ​ពន្ធដារ​គឺជា​កត្តា​ដ៏សំខាន់​មួយ​។

លោក​ថ្លែងថា ពួកគេ​គួរតែ​គោរព​តាម​បទប្បញ្ញត្តិ​ពន្ធដារ​ទាំងអស់​ និង​រក្សា​កំណត់ត្រា​គណនេយ្យ​ឲ្យ​បាន​ត្រឹមត្រូវ​។ មាន​ទស្សនៈ​មួយចំនួន​គិតថា ការធ្វើ​បែបនេះ​នឹង​បង្កើន​នូវ​ការចំណាយ​ជាច្រើន ប៉ុន្តែ​អ្វី​ដែល​ត្រូវបាន​មើលរំលង​នោះ​គឺ​អត្ថប្រយោជន៍​រយៈពេល​វែង​ដែល​នឹង​ជួយ​កាត់បន្ថយ​ការពិន័យ និង​ទោស​ទណ្ឌ​។ តាមរយៈ​ការគោរព​តាម​បទប្បញ្ញត្តិ​ក្រុមហ៊ុន​នឹង​អាច​ប្រើប្រាស់​របាយការណ៍​ហិរញ្ញវត្ថុ​មួយ​ដែល​ត្រឹមត្រូវ​សម្រាប់​ការពង្រីក​អាជីវកម្ម​របស់ខ្លួន ហើយក៏​អាច​ធ្វើ​សមាហរណកម្ម​ក៏​ដូចជា​ត្រៀមខ្លួន​រួចជាស្រេច​ចំពោះ​ការបង្កើត​ទំនាក់ទំនង​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ច្រើន​ទៀត​» ។

ថ្លែង​អំពី​ការផ្លាស់ប្តូរ​បទប្បញ្ញត្តិ​ពន្ធដារ​លោក​ Ng បញ្ជាក់​ថា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កំពុង​រៀបចំ​ផែនការ​ក្នុង​ការដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​វិនិយោគ​ថ្មី​មួយ ហើយ​លោក​សង្ឃឹម​ថា​ច្បាប់​នេះ​នឹង​ត្រូវបាន​អនុវត្ត​ត្រឹម​ចុង​ឆ្នាំនេះ​។ លោក​បន្ថែម​ថា​៖ « នៅពេល​ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​អនុវត្ត​នឹងមាន​ការអនុគ្រោះ​ពន្ធ​បន្ថែម​ទៀត​សម្រាប់​វិនិយោគិន​។ នោះ​នឹង​បង្កើត​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ​ហើយ​នឹង​អាច​ទាក់ទាញ​ការវិនិយោគ​បរទេស​កាន់តែ​ច្រើន​មក​កម្ពុជា​»​។

ក្រៅពី​តួនាទី​របស់​លោក​នៅ​ក្រុមហ៊ុន ALLNISON លោក Ng ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​មួយរូប​នៅក្នុង​ក្រុមហ៊ុន Reanda LLKG (Cambodia) Co., Ltd.​ផងដែរ​។

Reanda LLKG(Cambodia) Co., Ltd. គឺជា​ក្រុមហ៊ុន​គណនេយ្យ​អន្តរជាតិ​លំដាប់​កំពូល​ដែល​បំពេញ​នូវ​តម្រូវការ​របស់​វិនិយោគិន​អន្តរជាតិ ជា​ពិសេស​ក្រុមហ៊ុន​បោះផ្សាយ​មូលបត្រ​នៅ​ទីផ្សារ​មូលប័ត្រ​។ ក្រុមហ៊ុន​ទាំង​ ២ ​នេះ​គឺជា​ក្រុមហ៊ុន​គណនេយ្យ​ដែល​ផ្តល់​សេវា​ផ្នែក​គណនេយ្យ និង​ប្រឹក្សា​យោបល់​ផ្នែក​ពន្ធដារ​សវនកម្ម និង​សេវា​ត្រួតពិនិត្យ​បញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ​៕