ធនាគារជាតិនៃកម្ពុជា (NBC) កំពុងដឹកនាំរបៀបវារៈប្រាក់រៀលដើម្បីលើកកម្ពស់រូបិយវត្ថុជាតិ។ ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាចែករំលែកទស្សនៈរបស់ឯកឧត្ដមស្ដីពីកិច្ចខិតខំប្រឹងប្រែងទាំងនេះ។
តើតម្លៃពិតរបស់ប្រាក់រៀលនៅពេលបច្ចុប្បន្នមានស្ថានភាពដូចម្ដេចដែរ? តើឯកឧត្ដមវាយតម្លៃរូបិយវត្ថុជាតិធៀបនឹងរូបិយប័ណ្ណបណ្ដាប្រទេសជាដៃគូនៅតំបន់អាស៊ានដូចម្ដេចដែរ?
ប្រាក់រៀលមានស្ថិរភាពអស់រយៈពេលជាង ២ ទសវត្សរ៍ដោយមានតម្លៃប្រហែល ៤០៥០ រៀលក្នុង ១ ដុល្លារអាមេរិក។ ប្រាក់រៀលត្រូវបានចុះបញ្ជីនៅទីផ្សារអន្តរធនាគារនៅខេត្ត Guang Xi Zhuang ប្រទេសចិនកាលពីខែកញ្ញា ឆ្នាំ ២០១៧។ លើសពីនេះអត្រាប្តូរប្រាក់រៀលបានដាក់បង្ហាញនៅលើកញ្ចក់ទូរទស្សន៍នៃទីផ្សារអន្តរជាតិ ជាពិសេសទូរទស្សន៍ Bloomberg និងកម្មវិធីពាណិជ្ជកម្ម FX របស់ធនាគារពាណិជ្ជក្នុងតំបន់។
ទោះបីមានកិច្ចខិតខំប្រឹងប្រែងពី NBC ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយនៅក្នុងសេដ្ឋកិច្ចក្នុងស្រុកក្ដី ក៏ប្រទេសកម្ពុជានៅតែជាសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារ។ ហេតុអ្វីបានជាប្រាក់រៀលមិនទទួលបានការចាប់អារម្មណ៍គ្រប់គ្រាន់?
ទំនុកចិត្តលើប្រាក់រៀលបានធ្លាក់ចុះដោយសារតែប្រវត្តិសាស្ដ្រដ៏ច្របូកច្របល់របស់ប្រទេសកម្ពុជា។ បន្ទាប់ពីការរំដោះប្រទេសនៅថ្ងៃ ៧ ខែមករា ឆ្នាំ ១៩៧៩ ធនាគារកណ្ដាលត្រូវបានបង្កើតឡើងចាប់ពីបាតដៃទទេ ហើយប្រាក់រៀលត្រូវបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ច នៅពេលដែលមិនមានរូបិយវត្ថុដែលមានស្រាប់ទាល់តែសោះ ហើយសេដ្ឋកិច្ចបានស្ថិតក្នុងប្រព័ន្ធដោះដូរ។
នៅពេលនោះលំហូរចូលយ៉ាងគំហុកនៃប្រាក់ដុល្លារអាមេរិកទៅក្នុងសេដ្ឋកិច្ច បន្ទាប់ពីការធ្វើសេរីភារូបនីយកម្មសេដ្ឋកិច្ចមិនត្រូវបានរំពឹងទុក និងហួសពីការគ្រប់គ្រងរបស់អាជ្ញាធររូបិយវត្ថុ។ ទិសដៅដ៏សំខាន់នៃគោលនយោបាយ ក្នុងការលើកកម្ពស់ប្រាក់រៀលខ្មែរនឹងស្តារទំនុកចិត្តសាធារណជន និងបង្កើនតម្រូវការទីផ្សារជាបន្តបន្ទាប់សម្រាប់ប្រាក់រៀល។
មានការកត់សម្គាល់ថាប្រជាជនកម្ពុជាស៊ាំនឹងការរកប្រាក់ និងការចំណាយជាប្រាក់ដុល្លារអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដូច្នេះដើម្បីផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតនេះគឺមានការពិបាកយ៉ាងខ្លាំង និងត្រូវការពេលវេលា។
ប៉ុន្តែយើងសង្កេតឃើញថាមានកំណើនការប្រើប្រាស់ប្រាក់រៀល។ យោងតាមការអង្កេតរួមដោយ NBC និង JICA អនុបាត (Ratio) ប្រាក់រៀលខ្មែរជាប្រាក់ចំណូល និងការចំណាយរបស់គ្រួសារ និងសហគ្រាសបានកើនឡើងបន្តិចបន្តួចនៅចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០១៧។
គំរូនៃការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកចង្អុលបង្ហាញនិន្នាការ ២ គឺសេដ្ឋកិច្ចជនបទដែលពឹងផ្អែកលើប្រាក់រៀល និងសេដ្ឋកិច្ចទីក្រុងដែលជំរុញដោយប្រាក់ដុល្លារ។ តើ NBC នឹងធ្វើឲ្យគម្លាតដ៏ធំនេះរួមតូចដូចម្ដេច ដើម្បីលើកកម្ពស់ប្រាក់រៀល?
តាមពិត NBC បានចាត់វិធានការផ្សេងៗ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចនេះ។ ទី ១ NBC តម្រូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវមានយ៉ាងហោចណាស់ ១០ ភាគរយនៃសំពៀតឥណទានរបស់ពួកគេជាប្រាក់រៀលត្រឹមចុងឆ្នាំ ២០១៩។ តាមរយៈវិធានការនេះគ្រឹះសា្ថនធនាគារ និងហិរញ្ញវត្ថុដែលប្រតិបត្តិការនៅតំបន់ទីក្រុងនឹងត្រូវតែផ្ដល់កម្ចីដល់អតិថិជនរបស់ពួកគេជាប្រាក់រៀល។
ទី ២ NBC កំពុងអភិវឌ្ឍប្រព័ន្ធផ្ទេរប្រាក់រហ័ស និងសុវត្ថិភាពដែលជំរុញការទូទាត់ជាប្រាក់រៀលមានតម្លៃកាន់តែទាប និងកាន់តែរហ័ស។ ទី ៣ NBC កំពុងអភិវឌ្ឍប្រព័ន្ធទូទាត់តាមរយៈប្រព័ន្ធ QR កូដឆ្លងកាត់ព្រំដែន ដែលម្ចាស់គណនីធនាគារជាប្រាក់រៀលខ្មែរអាចធ្វើការទូទាត់តាមរយៈ QR កូដនៅក្នុងប្រទេសដែលបានយល់ព្រម។ ទី៤ NBC កំពុងរួមចំណែកក្នុងការអនុវត្តប្រកាសតម្រូវឲ្យក្រុមហ៊ុនទាំងអស់ត្រូវបង្ហាញតម្លៃទំនិញ និងសេវារបស់ពួកគេជាប្រាក់រៀល។
ការលើកឡើងខាងលើនេះឆ្លុះបញ្ចាំងថា ឧស្សាហកម្មជាច្រើនត្រូវបានបែងចែកមិនស្មើគ្នា និងធនធានសេដ្ឋកិច្ចត្រូវបានបែងចែកមិនស្មើគ្នានៅទូទាំងប្រទេសកម្ពុជា។ តើឯកឧត្ដមយល់យ៉ាងណាដែរ?
វិសមភាពនៃចំណូល ឬទ្រព្យសម្បត្តិក្លាយជាបាតុភូតសកលដែលគ្រប់ប្រទេសកំពុងប្រយុទ្ធប្រឆាំង។
ក្រៅពីប្រាក់ដុល្លារ ប្រាក់យ៉ន់ចិន ប្រាក់បាតថៃ និងប្រាក់ដុងវៀតណាមក៏កំពុងស្ថិតក្នុងការចរាចរនេះផងដែរ ជាពិសេសនៅតំបន់តាមព្រំដែន។ តើ NBC មានការបារម្ភចំពោះរូបិយប័ណ្ណទាំងនោះដែរឬទេ?
ចរាចររូបិយប័ណ្ណបរទេសនៅក្នុងប្រទេសកម្ពុជាគឺជាការបារម្ភរបស់យើង ហើយយើងកំពុងធ្វើការងារក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ និងបង្កើនសមាមាត្រប្រាក់រៀលនៅក្នុងសេដ្ឋកិច្ច។
ការពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិកអាចធ្វើឲ្យប្រទេសកម្ពុជាងាយទទួលរងគ្រោះដោយសារការប្រែប្រួលរបស់រូបិយប័ណ្ណបរទេស ហើយប្រាក់ដុល្លារគឺជារូបិយប័ណ្ណដែលងាយប្រែប្រួលមួយ។ តើមានយន្តការរូបិយវត្ថុ និងអត្រាប្តូរប្រាក់ប្រកបដោយប្រសិទ្ធភាព ដើម្បីជម្នះការប្រែប្រួលបែបនោះនៅក្នុងទីផ្សារដែរឬទេ?
ដើម្បីដោះស្រាយបញ្ហានេះ យើងបានជ្រើសរើសអនុវត្តរបបអត្រាប្ដូរប្រាក់អណ្ដែតអាចគ្រប់គ្រងបាន។ ហើយភ្ជាប់វាជាមួយនឹងកំណើនសេដ្ឋកិច្ចកម្ពុជា។ NBC បានប្រមូលបង្គរទុនបម្រុងជារូបិយប័ណ្ណបរទេស ដើម្បីធ្វើអន្តរាគមន៍នៅក្នុងទីផ្សារប្តូរប្រាក់។
ដោយសម្គាល់ពីវេទយិតភាព (Sensivity) នៃការជំរុញផែនការប្រាក់រៀល NBC បានចាត់វិធានការទន់ដែលជា «ការបញ្ចុះបញ្ចូលសតិអារម្មណ៍» ជាជាង «វិធានការរដ្ឋបាល»។ តើវិធានការនេះមានប្រសិទ្ធភាព និងបាននាំយកលទ្ធផលគួរឲ្យចង់បានដែរឬទេ?
ផ្អែកតាមរបៀបវារៈគោលនយោបាយ NBC កំពុងព្យាយាមក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលតាមរយៈវិធានការផ្សេងៗ។ យោងតាមការអង្កេតដោយ NBC និង JICA អនុបាតប្រាក់រៀលនៅក្នុងប្រាក់ចំណូល និងការចំណាយរបស់គ្រួសារ និងសហគ្រាសបានកើនឡើងបន្តិចនៅចន្លោះឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៧។ លើសពីនេះការប្រើប្រាស់ធនប័ត្រដែលមានតម្លៃចារិកខ្ពស់កំពុងកើនឡើង។
ក្នុងចំណោមធនប័ត្រ ១១ ប្រភេទក្នុងចរាចរណ៍ យើងបានកត់សម្គាល់ឃើញថា តម្រូវការធនប័ត្រ ៥០០០ រៀល ១០ ០០០ រៀល និង ៥០ ០០០ រៀល កំពុងទទួលបានការពេញនិយមកាន់តែខ្លាំងពីសាធារណៈជនលើសពីធនប័ត្រដែលមានតម្លៃចារិកទាប។ នេះបង្ហាញថាប្រាក់រៀលក្លាយជាមធ្យោបាយទូទាត់ប្រចាំថ្ងៃ។
ពលរដ្ឋវ័យក្មេងកម្ពុជាចាប់ផ្ដើមមានគំនិតជាតិនិយម។ តើឯកឧត្ដមយល់ថា រដ្ឋាភិបាលអាចធ្វើមូលន័យកម្មលើពលរដ្ឋវ័យក្មេងដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលដែលជានិមិត្តរូបនៃមោទនភាពជាតិដែរឬទេ?
ការលើកកំពស់ការយល់ដឹងរបស់ប្រជាជន ជាពិសេសក្មេងៗជំនាន់ក្រោយលើប្រាក់រៀលគឺជាទិសដៅកំណត់មួយក្នុងចំណោមទិសដៅកំណត់គោលនយោបាយជាច្រើនរបស់ NBC ។ អាស្រ័យហេតុនេះយើងកំពុងធ្វើការងារជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមុខវិជ្ជាមួយសិក្សានៅសាលាដើម្បីបង្កើនចំណេះដឹងអំពីប្រាក់ដល់សិស្សានុសិស្ស។
មុខវិជ្ជានេះនឹងត្រូវដាក់ចេញទូទាំងប្រទេសនៅដំណាក់កាលទី ១ នៃគម្រោងមុខវិជ្ជាសិក្សានៅសាលារៀនក្នុងប្រទេសកម្ពុជា។
យុទ្ធនាការ «ទិវាប្រាក់រៀល» ដែលជាធម្មតាប្រារព្ធធ្វើនៅខួបនៃការដាក់ប្រាក់រៀលឲ្យចរាចរឡើងវិញដែលត្រូវនឹងរៀងរាល់ថ្ងៃទី ២០ ខែមីនាត្រូវបានរៀបចំឡើងនៅតាមទីកន្លែងផ្សេងៗដែលរួមមានសាកលវិទ្យាល័យ និងផ្សារទំនើបជាដើម។
ប្រព័ន្ធរូបិយប័ណ្ណ ២ បានផ្ដល់អត្ថប្រយោជន៍ដល់ការកសាងជាតិ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចាំបាច់ជាច្រើន។ ប៉ុន្តែតើនេះជាគំរូប្រកបដោយស្ថិរភាព និងគោលនយោបាយរូបិយវត្ថុដ៏ប្រុងប្រយ័ត្នក្នុងរយៈពេលវែង ជាពិសេសប្រសិនបើមានបញ្ហាសេដ្ឋកិច្ចដែរឬទេ?
ពិតហើយ ដុល្លារូបនីយកម្មគឺជាឧបសគ្គនៃការអនុវត្តគោលនយោបាយរូបិយវត្ថុដូចជាតួនាទីជាអ្នកឲ្យខ្ចីចុងក្រោយរបស់ធនាគារកណ្ដាល។ តួនាទីនេះអាចធានាធនាគារគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការមានសន្ទនីយភាពប្រាក់រៀលគ្រប់គ្រាន់ និងជាលទ្ធផល ពួកគេអាចផ្ដល់កម្ចីជាប្រាក់រៀលខ្មែរ ដល់ SME ឬគ្រួសារនៅតំបន់ជនបទ។ នៅក្នុងរយៈកាលវែង ដុល្លារូបនីយកម្មអាចប៉ះពាល់សេដ្ឋកិច្ចទាំងមូល។
នេះគឺជាមូលហេតុដែលយើងព្យាយាមយ៉ាងខ្លាំងក្នុងការលើកកម្ពស់ប្រាក់រៀលតាមមធ្យោបាយជាច្រើន ប៉ុន្តែការអនុវត្តនីតិវិធីរដ្ឋបាលអាចបង្អាក់លំហូរ FDI ។ ដូច្នេះយើងចាំបាច់ត្រូវប្រុងប្រយ័ត្នមុនពេលប្រើប្រាស់ គោលនយោបាយដោយសារតែយើងកំពុងស្ថិតក្នុងតម្រូវការ FDI ដើម្បីការអភិវឌ្ឍប្រកបដោយស្ថិរភាព។
ការប្រើប្រាស់រូបិយវត្ថុរបស់ប្រទេសណាមួយពិតជាបង្កើនអធិបតេយ្យជាតិដរាបណាករណីនោះមិនដូចជាករណីប្រទេសកម្ពុជាដែលប្រាក់ដុល្លារស្ថិតនៅស្អិតរមួតក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ សូមឯកឧត្ដមអត្ថាធិប្បាយអំពីបញ្ហានេះការធ្វើដុល្លារូបនីយកម្មបានចាប់ផ្ដើមតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ ដូច្នេះវាស្ទើរតែ ៣ ទសវត្សរ៍មកហើយ។ វាបានចាក់ឫសក្នុងផ្នត់គំនិតរបស់ប្រជាជនកម្ពុជារួចទៅហើយ វាត្រូវការពេលវេលា និងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ។ អាស្រ័យហេតុនេះយើងបានបង្កើនការយល់ដឹងរបស់សាធារណជនជាប្រចាំតាមរយៈសៀវភៅ វីដេអូ និងថែមទាំងយុទ្ធនាការ។
ឧទាហរណ៍ ដើម្បីប្តូរក្រដាសប្រាក់ថ្មីដល់សាធារណជន ជាពិសេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ យើងរៀបចំទិវាប្រាក់រៀល ដើម្បីប្រារព្ធខួបនៃការឲ្យចរាចរប្រាក់រៀលឡើងវិញរៀងរាល់ឆ្នាំ។ នៅពេលនេះសាធារណៈជនមានការយល់ដឹងកាន់តែច្រើនអំពីតួនាទីប្រាក់រៀលនៅក្នុងសេដ្ឋកិច្ច ហើយយើងអាចមើលឃើញទំនុកចិត្តកាន់តែរឹងមាំលើប្រាក់រៀលព្រមទាំងកំណើនតម្រូវការប្រាក់រៀលពីសាធារណជន។
រដ្ឋាភិបាលបានដាក់ឲ្យដំណើរការផ្សារមូលបត្រកម្ពុជាកាលពីឆ្នាំ ២០១១ ដើម្បីអភិវឌ្ឍទីផ្សារមូលធន។ តើផ្សារមូលបត្រនេះបានរួមចំណែកដូចម្ដេចដែររហូតមកដល់ពេលនេះ?
NBC បានយល់ព្រមរួចហើយចំពោះការចេញផ្សាយមូលបត្របំណុលសាជីវកម្មជាប្រាក់រៀលដោយធនាគារ និង MFIs។ ថ្មីៗនេះមានហត្ថាកសិករ ហើយនៅពេលខាងមុខនឹងមាន LOLC (Cambodia Plc)។
តាមការប៉ាន់ស្មាន តើនឹងមានការខាតបង់ប្រចាំឆ្នាំប៉ុន្មានដោយសារសេដ្ឋកិច្ចពឹងផ្អែកលើប្រាក់ដុល្លារ?
ការប្រើប្រាស់រូបិយប័ណ្ណបរទេសបណ្ដាលឲ្យមានការចំណាយច្រើន ដូចជាការខាតបង់ប្រាក់ចំណេញគោលនយោបាយរូបិយវត្ថុមិនមានប្រសិទ្ធភាពការកម្រិតសមត្ថភាពធនាគារកណ្ដាលក្នុងការអនុវត្តមុខងាររបស់ខ្លួន។ តាមន័យរូបិយវត្ថុលទ្ធភាពការខាតបង់ប្រាក់ចំណេញគឺចន្លោះពី ០,១ ភាគរយ ទៅ ០,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ នេះបើយោងតាមការសិក្សាដោយ Duma (ឆ្នាំ ២០១១)។
តើឯកឧត្ដមបារម្ភអំពីការខាតបង់ប្រាក់ចំណេញដោយសារតែនិន្នាការបច្ចុប្បន្នដែរឬទេ?
ដូចបានលើកឡើងពីមុនរួចហើយ ដុល្លារូបនីយកម្មបណ្ដាលឲ្យមានការចំណាយ។ នៅក្នុងបរិបទបច្ចុប្បន្នការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក៏មានសារៈសំខាន់ផងដែរ។
តើឯកឧត្ដមមើលឃើញការបង្កើតជាក្រុមពាណិជ្ជកម្មដូចជាអាស៊ាន ជាឧបសគ្គរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់ប្រាក់រៀលរបស់ខ្លួនដែរឬទេ?
ខ្ញុំមិនគិតថាការបង្កើតជាក្រុមពាណិជ្ជកម្មបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការលើកកម្ពស់ប្រាក់រៀលទេ។ ផ្ទុយទៅវិញយើងនឹងអាចលើកកម្ពស់រូបិយវត្ថុរបស់យើងក្នុងការទូទាត់ និងសំណងតាមរយៈកិច្ចព្រមព្រៀងផ្សេងៗ។
តើទីផ្សារនេះបានត្រៀមហើយឬនៅក្នុងការទទួលយកប្រាក់រៀល? សូមឯកឧត្ដមពន្យល់ឲ្យក្បោះក្បាយបានទេ?
បាទ ប្រសិនបើភាគទុនិកជាបុគ្គលកំពុងមានបំណងធ្វើដូច្នេះ។ នៅក្នុងករណីនេះ អត្រាប្តូរប្រាក់បច្ចុប្បន្នរបស់យើងផ្ដល់អត្ថប្រយោជន៍សម្រាប់ទីផ្សារនេះ ដែលមានន័យថា វាមិនខុសគ្នាខ្លាំងនោះទេ ទោះបីជាពួកគេចំណាយជាប្រាក់ដុល្លារ ឬប្រាក់រៀលក៏ដោយ។ ធនាគារជាតិនៃកម្ពុជាកំពុងព្យាយាមក្នុងការបង្កើនការយល់ដឹងរបស់សាធារណជនស្ដីពីការប្រើប្រាស់ប្រាក់រៀល ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រជាជនរបស់យើងនឹងទុកចិត្ត និងបន្តគាំទ្ររូបិយវត្ថុជាតិរបស់យើង៕