លោក Danish Siddiqui នាយក​ក្រុមហ៊ុន TechAdwiser បាន​ចែក​រំលែក​ផែនការ​ក្រុមហ៊ុន​របស់​លោក​​ជាមួយ​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍ ​អំពី​វិធីសាស្ត្រ​បង្កើន​ប្រសិទ្ធភាព​លើ​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​។

ក្នុង​នាម​ជា​ក្រុមហ៊ុន​សូហ្វវែរ តើ​ក្រុមហ៊ុន​របស់​លោក​បាន​រួម​ចំណែក​ដល់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ដូចម្តេច​?


យើង​ជួយ​អាជីវកម្ម​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់​តែ​ឆ្លាត​វៃ​នៅ​ក្នុង​វិស័យ​ធនាគារ ​និង​ហិរញ្ញវត្ថុ​បែប​ឌីជីថល​។ រាប់​ចាប់​ពី​ការ​កំណត់​បច្ចេកវិទ្យា​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​អាជីវកម្ម​របស់​ពួក​គេ​រហូត​ដល់​ការ​អនុវត្ត​ និង​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​។ យើង​ក៏​គាំទ្រ​ដល់​អតិថិជន​របស់​យើង​នៅ​គ្រប់​ដំណាក់​កាល ដើម្បី​ឱ្យ​ពួក​គេ​អាច​ទទួល​បាន​នូវ​បច្ចេកវិទ្យា​ទំនើប​ប្រកប​ដោយ​ទំនុក​ចិត្ត​។


ជាមួយ​ក្រុមហ៊ុន TPS Worldwide ដែល​ដៃគូ​របស់​យើង យើង​ជួយ​ដល់​អាជីវកម្ម​កម្ពុជា​ឲ្យ​អនុវត្ត​នូវ​បច្ចេកវិទ្យា​ឈាន​មុខ​គេ ដូចជា​បច្ចេកវិទ្យា Tokenisation បច្ចេកវិទ្យា Big Data បច្ចេកវិទ្យា Artificial Intelligence, process automation និង block chain ជាដើម​។


យើង​នាំ​អ្នក​ជំនាញ​អន្តរជាតិ​មក​កាន់​ប្រទេស ​កម្ពុជា ​សំរាប់​គម្រោង​បច្ចេកទេស​ជាក់​លាក់ ហើយ​លើក​ទឹក​ចិត្ត​បុគ្គលិក​របស់​ក្រុមហ៊ុន​ដែល​ជា​អតិថិជន​យើង​ឲ្យ​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំនាញ​របស់​យើង និង​រៀនសូត្រ​ពី​ពួក​គេ​ក្នុង​កំឡុង​ពេល​អនុវត្ត​គម្រោង​នេះ​។ វិធីសាស្ត្រ​នេះ​នឹង​ផ្តល់​ឱ្យ​អតិថិជន​របស់​យើង​នូវ​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​លើ​បច្ចេកវិទ្យា ហើយ​ក្នុង​រយៈពេល​វែង​វា​នឹង​ជួយ​បង្កើន​ជំនាញ​ដល់​កម្លាំង​ពលកម្ម​របស់​ប្រទេស ​កម្ពុជា​។


តើ​អ្វី​ដែល​ជា​ការ​ផ្តោត​សំខាន់​របស់​ក្រុមហ៊ុន TechAdwiser នៅ​កម្ពុជា​?


យើង​ផ្តោត​លើ​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ យើង​ក៏​ចាប់​អារម្មណ៍​ជួយ​ដល់​វិស័យ​ធានារ៉ាប់រង​ដែល​កំពុង​រីកចម្រើន​ និង​វិស័យ​ទូរគមនាគមន៍ ជាមួយ​នឹង​តម្រូវការ​បច្ចេកវិទ្យារ​បស់​ពួក​គេ​ផង​ដែរ​។ ប្រទេស ​កម្ពុជា មាន​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ [MFIs] ច្រើន ដូច្នេះ​បច្ចេកវិទ្យា ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពួក​គេ​សម្រាប់​ការ​ប្រកួត​ប្រជែង​។

វិស័យ​ធនាគារ ​និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុ​ជាមាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទំនើប​រួច​ហើយ​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​យក​បច្ចេកវិទ្យា​ថ្មីៗ​។ ជាមួយ​នឹង​ដៃគូ​របស់​យើង ​គឺ​ក្រុមហ៊ុន TPS យើង​មាន​ជំនាញ​លើ​ប្រព័ន្ធ​ទូទាត់ ដែល​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ធនាគារ មីក្រូហិរញ្ញវត្ថុ និង​ទូរគមនាគមន៍ [​បង់​តាម​ទូរស័ព្ទ​]។​

តើ​ក្រុមហ៊ុន​របស់​លោក ​មាន​ផ្តល់​ជូន​សេវាកម្ម​អ្វី​ខ្លះ​ទៀត?

យើង​បាន​មក​កាន់​ប្រទេស​នេះ​អស់​រយៈពេល​ជាង ​៤ ​ឆ្នាំ​មក​ហើយ​។ បច្ចុប្បន្ន​យើង​កំពុង​បើក​ដំណើរការ​សេវាកម្ម​ក្លោដ (cloud based services) ដើម្បី​ធ្វើ​ឱ្យ​ធនាគារ ​និង​មីក្រូហិរញ្ញវត្ថុ​តូចៗ​អាច​ប្រើប្រាស់​កម្មវិធី​លំដាប់​ពិភព​លោក​បាន​។

សេវាកម្ម​សូហ្វវែរ​នឹង​ត្រូវ​បញ្ជូន​ចេញ​ពី​មជ្ឈមណ្ឌល​ទិន្នន័យ​មួយ​នៅ​កម្ពុជា​។ សេវាកម្ម​នេះ​រួម​បញ្ចូល​ទាំង​ការ​ឃ្លាំមើល​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព័ត៌មានវិទ្យា​ពី​ចម្ងាយ ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​កម្មវិធី និង​ការ​វិភាគ​ទិន្នន័យ​ទំហំ​ធំ គ្រប់​ប្រភេទ​ទិន្នន័យ ដូចជា​ការ​វិភាគ​ឥរិយាបទ​របស់​អតិថិជន​ជាដើម​។ ហើយ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ខែ​តុលា​។

តើ TechAdwiser អាច​ជួយ​ក្រុមហ៊ុន​កម្ពុជា​ដូចម្តេច ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ ឬ​ផលិតភាព?

នេះ​គឺ​ជា​ការ​ផ្តោត​សំខាន់​របស់​យើង​។ បច្ចេកវិទ្យា​អាច​មាន​តម្លៃ​ថ្លៃ​ហើយ​ពេល​ខ្លះ​អាជីវកម្ម​អាច​ទិញ​សូហ្វវែរ ​ប៉ុន្តែ​មិន​បាន​ប្រើប្រាស់​ឲ្យ​អស់​លក្ខណ​ពិសេស​របស់​វា​នោះ​ទេ​។

នៅ​កម្រិត​យុទ្ធសាស្ត្រ ដំបូង​យើង​ជួយ​អាជីវកម្ម​ឲ្យ​ជ្រើសរើស​យក​បច្ចេកវិទ្យា​ណា​ដែល​សមស្រប​សម្រាប់​ពួក​គេ បន្ទាប់​មក​យើង​ជួយ​ពួក​គេ​អភិវឌ្ឍ​ជំនាញ​ដើម្បី​ធានា​ថា ​បច្ចេកវិទ្យា​នោះ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ពេញ​លេញ ដើម្បីឱ្យ​អាជីវកម្ម​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​ចំពោះ​ការវិនិយោគ​លើ​បច្ចេកវិទ្យា​។

នៅ​កម្រិត​ប្រតិបត្ដិការ យើង​ផ្តល់​ជូន​នូវ ​«​ដំណើរការ​ស្វ័យ​ប្រវត្តិកម្ម​» ដែល​កំពុង​ពេញ​និយម​នៅ​ចក្រភព​អង់គ្លេស ​និង​សហរដ្ឋអាមេរិក ពី​ព្រោះ​វា​អាច​ជួយ​សន្សំ​សំចៃ​ពេលវេលា និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​ធ្វើ​ឱ្យ​ការងារ​របស់​មនុស្ស​កាន់​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​។

តើ​ប្រទេស ​កម្ពុជា ​ត្រៀម​ខ្លួន​ទទួល​យក​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ដូចជា​បច្ចេកវិទ្យា artificial intelligence, big data ឬ​បច្ចេកវិទ្យា internet of small things (IoT) ហើយ​ឬ​នៅ​?

ប្រទេស ​កម្ពុជា ​ហាក់​មាន​ភាព​យឺតយ៉ាវ​បន្តិច​នៅ​ក្នុង​ការ​ទទួល​យក​បច្ចេកវិទ្យា​ចុង​បំផុត​បែប​នេះ ​ដោយសារ​តែ​គម្លាត​ជំនាញ​នៅ​ក្នុង​ទីផ្សារ ។ បច្ចេកវិទ្យា​ខ្ពស់​បែប​នេះ​ទាមទារ​ឱ្យ​មាន​អ្នក​ជំនាញ​ខ្ពស់​ក្នុង​ការ​អនុវត្ត ​និង​ប្រតិបត្តិការ​លើ​បច្ចេកវិទ្យា​ទាំង​នោះ​។

យើង​កំពុង​ធ្វើ​ការ​ដើម្បី​បំពេញ​ចន្លោះ​នេះ និង​ជួយ​ប្រទេស ​កម្ពុជា ​ឲ្យ​បង្កើន​ល្បឿន​ក្នុង​ការ​ទទួល​យក​បច្ចេកវិទ្យា​ខ្ពស់​ទាំង​នេះ​។ ឧទាហរណ៍ ក្រុមហ៊ុន TPS ជា​ដៃគូ​របស់​យើង​មាន​វេទិកា​ធនាគារ​ឌីជីថល​ដែល​មាន​សមត្ថភាព​ក្នុង​ការ​សម្គាល់​រូបភាព តាម​បច្ចេកវិទ្យា artificial intelligence ដែល​ងាយ​ស្រួល​សម្គាល់​ភិនភាគ​អតិថិជន​។ យើង​ក៏​កំពុង​ធ្វើ​ការ​វិភាគ​ទិន្នន័យ​ធំៗ​ដែល​អាច​រក​បាន​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​តាមរយៈ​សេវាកម្ម cloud based service របស់​យើង​ផង​ដែរ​។

តើ​ស្ថាប័ន​អប់រំ​ផលិត​បាន​អ្នក​ជំនាញ​គ្រប់គ្រាន់ ​ដើម្បី​ធ្វើ​ការ​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​នេះ​ហើយ​ឬ​នៅ​?

យុវជន​កម្ពុជា​មាន​អាកប្បកិរិយា ​និង​ក្រមសីល​ធម៌​ខ្ពស់​ក្នុង​ការ​បំពេញ​ការងារ​។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ ប្រព័ន្ធ​អប់រំ​ប្រហែល​មិន​ទាន់​បាន​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​កម្រិត​ខ្ពស់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ដូច្នេះ​វា​បាន​បង្អាក់​ឱកាស​របស់​ពួក​គេ ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ដែល​ត្រូវ​ការ​សម្រាប់​បរិយាកាស​ការងារ​បែប​នេះ​។ សាកល​វិទ្យាល័យ​ក្នុង​ស្រុក គួរ​សហការ​ឲ្យ​បាន​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ផ្តល់​បទពិសោធ​ជាក់​ស្តែង​បន្ថែម​ដល់​និស្សិត​។

តើ​អ្វី​ជា​បញ្ហា​ប្រឈម​ធំ​បំផុត ​ដែល​វិស័យ​ព័ត៌មានវិទ្យា​នៅ​កម្ពុជា​កំពុង​ជួប​ប្រទះ​?

តាម​ទស្សនៈ​ខ្ញុំ បញ្ហា​ប្រឈម​ធំ​បំផុត ​គឺ​កង្វះ​ជំនាញ​។ វិស័យ​ព័ត៌មានវិទ្យា ត្រូវ​ការ​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ខ្ពស់​ហើយ​កង្វះ​ធនធាន​មនុស្ស​បែប​នេះ គឺ​ជា​ឧបសគ្គ​ដ៏​ធំ​ដែល​ប៉ះពាល់​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​នេះ​នៅ​កម្ពុជា​។

ខណៈ​ដែល​ធនធាន​មនុស្ស​បែប​នេះ​អាច​នាំយក​មក​ពី​ក្រៅ​ប្រទេស​បាន​សម្រាប់​ដំណោះ​ស្រាយ​រយៈពេល​ខ្លី ប៉ុន្តែ​វា​មិន​មាន​និរន្តរភាព​ទេ​សម្រាប់​រយៈពេល​វែង​។ ប្រទេស ​កម្ពុជា ​ត្រូវ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ​និង​បណ្តុះបណ្តាល​យុវជន​របស់​ខ្លួន​៕