ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Urban Hub Cambodia Co Ltd ដែល​កំពុង​ចាប់ផ្តើម​គម្រោង​ខុន​ដូ​ទី​៣ ​របស់​ខ្លួន គឺ​សាងសង់​អគារ​ខុនដូ​ដែល​មាន​គុណភាព ​និង​ផាសុកភាព​ខ្ពស់ ដោយ​ប្តេជ្ញា​រក្សា​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ក្នុង​នាម​ជា​ក្រុមហ៊ុន​សាងសង់​លំដាប់​កំពូល​។

ប្រធាន ​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Urban Village លោក Ben Li បាន​ចែក​រំលែក​ទស្សនៈ​វិស័យ​របស់​ក្រុមហ៊ុន​ដូច​ខាង​ក្រោម​។


១) នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​អចលនទ្រព្យ​ប្រចាំឆ្នាំ PropertyGuru Cambodia Property Awards លើក​ទី​៥ ក្រុមហ៊ុន Urban Hub បាន​ឈ្នះ​ពាន​រង្វាន់​ជាច្រើន​។ តើ​លោក​អាច​ប្រាប់​យើង​បន្ថែម​អំពី​សមិទ្ធិផល​ទាំង​នេះ​បាន​ទេ​?


Urban Village បាន​ឈ្នះ​ពាន​រង្វាន់​ច្រើន​ជាង​គេ​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​អចលនទ្រព្យ PropertyGuru Property Awards ។ យើង​បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន ​១៣ ក្នុង​រយៈពេល​សរុប ​២ ​ឆ្នាំ​។ ក្នុង​ឆ្នាំ​នេះ​យើង​បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន ​៧ ហើយ​ជា​ថ្មី​ម្តង​ទៀត​យើង​បាន​ឈ្នះ​ពាន​រង្វាន់ ​«Best Condo Development in Cambodia» ពាន​រង្វាន់ ​« Best Condo Development in Phnom Penh» និង​ពាន​រង្វាន់​ផ្សេង​ទៀត​រួម​មាន ​«Best Breakthrough Developer» ពាន​រង្វាន់ «Best Co-Working Space» ពាន​រង្វាន់ ​«Best Office Development» ពាន​រង្វាន់ «Best Office Architectural Design» និង​ពាន​រង្វាន់ ​«Best Lifestyle Developer»​។


យើង​ចង់​ប្រាប់​ពិភព​លោក​ថា ​ប្រទេស​កម្ពុជា ​គឺ​ជា​ចំណុច​វិនិយោគ​ដ៏​ទាក់ទាញ​មួយ​ដែល​មាន​គោល​នយោបាយ​បើក​ចំហរ និង​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ជា​រូបិយប័ណ្ណ​ដែល​មាន​មុខងារ និង​គ្មាន​ការ​រឹត​ត្បិត​ចំពោះ​ការ​ផ្ទេរ​ប្រាក់​ទៅ​ប្រទេស​ផ្សេង​ដូចជា​ប្រទេស​សិង្ហបុរី ​ជា​ដើម​។


២) នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល Urban Hub បាន​ទទួល​ពាន​រង្វាន់​ច្រើន​បែប​នេះ​។ តើ​អ្វី​ជំរុញ​ក្រុមហ៊ុន​របស់​លោក​ឲ្យ​រក្សា​បាន​នូវ​ភាព​លេចធ្លោ​ក្នុង​វិស័យ​អចលនៈទ្រព្យ​នៅ​កម្ពុជា​បែប​នេះ​?


Urban Village មិនមែន​គ្រាន់​តែ​ជា​សំណង់​បេតុង​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​អ្វី​ដែល​យើង​កំពុង​សាងសង់​នៅ​ទីនេះ​គឺ​មិន​មាន​នៅ​កន្លែង​ផ្សេង​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ គម្រោង Urban Village គឺ​នៅ​ជាប់​នឹង​មជ្ឈមណ្ឌល Factory Phnom Penh ដែល​ជា​មជ្ឈមណ្ឌល​ច្នៃ​ប្រឌិត​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។​

Urban Village មិន​មែន​គិត​តែ​ពី​ប្រាក់​ចំណេញ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​យើង​មាន​បេសកកម្ម​ផ្តល់​សហគមន៍​មួយ​ដល់​ប្រជាជន​កម្ពុជា​ជំនាន់​ថ្មី​។

យើង​កំពុង​ផ្តោត​លើ​ការ​កសាង​សហគមន៍​មួយ​ដែល​គិត​ពី​ការ​ពេញ​ចិត្ត ​និង​បទពិសោធន៍​របស់​អ្នក​រស់​នៅ​។ រាល់​ការ​រចនា​នៃ​គម្រោង​របស់​យើង គឺ​ធ្វើ​ឱ្យ​ប្រាកដ​ថា ​អ្នក​រស់នៅ​ក្នុង​គម្រោង​របស់​យើង​នឹង​មាន​បទពិសោធ​នៃ​ការ​រស់​នៅ​ស្តង់ដារ​អន្តរជាតិ​ល្អ​បំផុត ហើយ​ខ្ញុំ​គិត​ថា ​នេះ​ជា​ចំណុច​ដែល​ធ្វើឱ្យ​យើង​លេចធ្លោ​នៅ​ក្នុង​ឧស្សាហកម្ម​អចលនទ្រព្យ​នៅ​កម្ពុជា​។​

៣) សូម​លោក​សង្ខេប​អំពី​គម្រោង ​ដែល​កំពុង​ដំណើរការ ​និង​ស្ថានភាព​បច្ចុប្បន្ន

Urban Village ដំណាក់កាល​ទី​២ គឺ​ជា​គម្រោង​ទី​៣ ​របស់​យើង​នៅ​កម្ពុជា​។ ទីមួយ​គឺ Urban Loft ដែល​ត្រូវ​បាន​បញ្ចប់ ​និង​ប្រគល់​ជូន​ឱ្យ​ម្ចាស់​រួច​ហើយ ហើយ​អ្នក​ជួល​បច្ចុប្បន្ន​កំពុង​រស់នៅ​ទីនោះ​ដោយ​ភាព​សប្បាយ​រីករាយ​។

គម្រោង​ទី​២ ​របស់​យើង​គឺ Urban Village ដំណាក់កាល​ទី​១ ដែល​ត្រូវ​បាន​បញ្ចប់ ​និង​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​។ យើង ​គឺ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ យើង​អនុវត្ត​គម្រោង​បាន​ទាន់​ពេល​វេលា សូម្បី​តែ​ក្នុង​កំឡុង​ពេល​ជំងឺ​កូវីដ ​១៩​។

ពេល​នេះ​យើង​កំពុង​ធ្វើ​គម្រោង​ទី​៣​ ​របស់​យើង​គឺ Urban Village ដំណាក់កាល​ទី​២​។ បច្ចុប្បន្ន​ការ​បុក​គ្រឹះ​កំពុង​ដំណើរការ ហើយ​គ្រឹះ ៤៥០ ដើម ក្នុង​ចំណោម ៥៤០ ដើម ត្រូវ​បាន​បញ្ចប់​។ ការ​ប្រគល់​សម្រាប់​ដំណាក់កាល​ទី២ គ្រោង​នឹង​ធ្វើ​នៅ​ខែ​មិថុនា ឆ្នាំ ​២០២៣​។

យើង​ផ្តោត​លើ​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ជំនាន់​ថ្មី ដែល​មាន​ប្រជាជន​កម្ពុ​ជាជាង ​៧០ ​ភាគរយ ​រស់នៅ​ក្នុង​គម្រោង​របស់​យើង​ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​៕