ទំនាក់ទំនង​ការទូត​ផ្លូវការ​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក ត្រូវបាន​បង្កើតឡើង​នៅ​ខែកក្កដា ឆ្នាំ​ ១៩៥០​។ បើ​គិត​មកដល់ ពេលនេះ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២ ​មាន​រយៈពេល​ជាង​ ៧០ ​ឆ្នាំ​ហើយ ប៉ុន្តែ​ទំនាក់ទំនង​នេះ​ហាក់​នៅ​មិនទាន់​ពេញវ័យ​ទៅតាម​អាយុកាល​របស់​វា​នៅឡើយ​។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​មាន​ភាពស្មុគស្មាញ និង​ពិបាក​ប៉ាន់ស្មាន​តាំងពី​មុន និង​ក្រោយ​កម្ពុជា​ទទួល ឯករាជ្យ​មក​ម្ល៉េះ​។

ក្នុង​រយៈពេល​ជាង​ ៧០ ​ឆ្នាំ​កន្លងមកនេះ ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​មាន​ភាពចម្រុះ គ្មាន​ស្ថិរភាព ម្តង​រះ ម្តង​លិច ម្តង​ឡើង ម្តង​ចុះ ហើយ​ប្រទេស​ទាំង​ ២ ​ក៏​ធ្លាប់បាន​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ម្តង​ជា​ ២ ​ដង​ផងដែរ​។ ទោះ​បែបនេះ​ក្តី ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ ហាក់​មាន​ការរីកចម្រើន​លើ​វិស័យ​មួយចំនួន​នា​ទសវត្សរ៍​ចុងក្រោយ​នេះ​។ ក្រោម​រដ្ឋបាល​របស់លោក បារ៉ាក់ អូបាម៉ា គោលនយោបាយ​របស់​សហរដ្ឋអាមេរិក​បាន​ផ្តោត​ការយកចិត្ត​ទុកដាក់​ខ្លាំង​លើ​អាស៊ាន ក៏ដូចជា​អាស៊ី​ទាំងមូល​។ សហរដ្ឋអាមេរិក​បាន​ពង្រឹង​ភាព​ជា​ដៃគូ​របស់ខ្លួន​មាន​លក្ខណៈ​ស៊ីជម្រៅ​ជាមួយ​សមាជិក​នានា​របស់​អាស៊ាន​ក្នុង​នោះ​រួមទាំង​កម្ពុជា​ផងដែរ​។


ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​កម្ពុជា​ត្រូវបាន​តាក់តែង និង​រៀបចំ​ដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ឆ្ពោះ​មកកាន់​អាស៊ី (Pivot to Asia Strategy) ដែលជា​យុទ្ធសាស្ត្រ​មាន​លក្ខណៈ​ជវភាព និង​ទូលំទូលាយ​។ យុទ្ធសាស្ត្រ​នេះ​ផ្តោតលើ​សកម្មភាព​ជាច្រើន រួមមាន ការពង្រឹង​សម្ព័ន្ធភាព​សន្តិសុខ​ទ្វេភាគី ការបង្កើត​វត្តមាន​យោធា​ដែលមាន​មូលដ្ឋាន​ទូលំទូលាយ ការចូលរួម​ក្នុង​យន្តការ​ស្ថាប័ន​ពហុភាគី​ក្នុង​តំបន់ ការពង្រីក​ពាណិជ្ជកម្ម​ និង​វិនិយោគ និង​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជាដើម​។ ការណ៍​នេះ​មិន​ត្រឹមតែ​ដើម្បី​សម្រេច​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ និង​គុណតម្លៃ​របស់​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​អាស៊ីអាគ្នេយ៍​ផងដែរ​។


ក្រោយមក​សហរដ្ឋអាមេរិក​ក្រោម​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ ហាក់​មិនសូវ​ឱ្យ​តម្លៃ​ចំពោះ​អាស៊ាន ហើយ​ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន​នៅ​អាស៊ាន​ហាក់ដូចជា​មិនសូវ​ជា​ល្អ​។ ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​កម្ពុជា​ហាក់​ដូចជា​មាន​ភាពរកាំរកូស​ច្រើន​។ ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី​នៅ​ចុង​អាណត្តិ​របស់ខ្លួន នា​ឆ្នាំ​ ២០១៩ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ផ្ញើលិខិត​ចំនួន ២ ​ច្បាប់​មក​កាន់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ជា​ឥរិយាបថ​ការទូត​ដ៏កម្រ​។


លិខិត​ទី​១ គឺ​អញ្ជើញសម្តេច​តេជោ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អាមេរិក នៅ​ឆ្នាំ​ ២០២០ និង​លិខិត​ទី​២ បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ចំណងទាក់ទង​ទ្វេភាគី​ដោយ​បញ្ជាក់ថា សហរដ្ឋអាមេរិក​ចង់​បង្កើន​ទំនាក់ទំនង​ចំណង​មិត្តភាព​ទ្វេភាគី​កាន់តែ​ល្អប្រសើរ​ថែមទៀត​ជាមួយ​កម្ពុជា​ដោយ​ផ្អែកលើ​ការគោរព​គ្នា​ទៅវិញទៅមក​។ នៅក្នុង​ខ្លឹមសារ​លិខិត​ទី​ ២ ​នោះ​ផងដែរ លោក ដូណាល់ ត្រាំ បាន​បញ្ជាក់ថា សហរដ្ឋ​អាមេរិក​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​មិន​គាំទ្រ​ចំពោះ​ការផ្លាស់ប្តូរ​របប​ម្តងណា​ឡើយ ព្រមទាំង​ស្នើសុំ​ឱ្យ​ក្រុមការងារ​កិច្ចការបរទេស​នៃ​ប្រទេស​ទាំង​ ២ កម្ពុជា​-​សហរដ្ឋអាមេរិក ធ្វើ​កិច្ចការ​ជាមួយគ្នា​ដើម្បី​ស្តារ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ ២ ​ឡើងវិញ​។


ជាការ​ឆ្លើយតប សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សាទរ​ចំពោះ​គំនិត​ផ្តួចផ្តើម​ជំនួប​កំពូល​របស់លោក ដូណាល់ ត្រាំ ដោយ​កត់សម្គាល់ថា កិច្ចប្រជុំ​នេះ​នឹង​លើកកម្ពស់​ចំណង​ទាក់ទង​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក​។ គោលជំហរ​របស់​សម្ដេចតេជោ ហ៊ុន សែន គឺ​ច្បាស់លាស់ និង​គាំទ្រ​ធ្វើយ៉ាងណា​ឱ្យដៃ​គូ​យុទ្ធសាស្ត្រ​អាស៊ាន-សហរដ្ឋអាមេរិក​បន្ត​រីកចម្រើន និង​ផ្ដល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។


សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​នៃ​ការបង្កើត​ក្រុមការងារ​ដើម្បី​ស្តារ «​ជំនឿ​ទុកចិត្ត​» រវាង​ប្រទេស​ទាំង​ ២​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់ព្រម​ឱ្យ​ក្រុមការងារ​កិច្ចការបរទេស​នៃ​ប្រទេស​ទាំង​ ២ ​ធ្វើ​កិច្ចការ​ជាមួយគ្នា​ ដើម្បី​ស្តារ​ទំនុកចិត្ត និង​ភាពជឿជាក់​ឡើងវិញ និង​កសាង​ឡើងវិញ​នូវ​ចំណងមិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​យើង​ទាំង​ ២​។

ទោះយ៉ាងណា​ក្តី គេ​នៅ​តែ​មាន​មន្ទិល​ថា តើ​ប្រទេស​ទាំង​ ២ ​អាច​ជួសជុល​ទំនាក់ទំនង ដើម្បី​ស្តារឡើងវិញ​នូវ​អ្វីដែល​បាន​បាត់បង់​ពី​អតីតកាល​ក្នុង​រយៈពេល​ដ៏ខ្លី​បែបនេះ​បានដែរ​ឬ​យ៉ាងណា​។ សំណួរ​សួរថា តើ​អ្វី​ជា​ផលប្រយោជន៍​ដែល​ប្រទេស​ទាំង​ ២ ​សម្លឹង​ឃើញ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​របស់​ពួកគេ​?

ប្រទេស​កម្ពុជា​ថ្វីបើ​មាន​ទំហំ​តូច ប្រជាជន​តិច និង​សេដ្ឋកិច្ច​នៅ​ទន់ខ្សោយ​ក៏​ពិតមែន ប៉ុន្តែ​ទីតាំង​ភូមិសាស្ត្រ និង​តួនាទី​របស់ខ្លួន​នៅក្នុង​តំបន់ ប្រទេស​កម្ពុជា​ពិតជា​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​សម្រាប់​សហរដ្ឋអាមេរិក​។

ផលប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​រួមមាន​ការជំរុញ​ការអភិវឌ្ឍ ពាណិជ្ជកម្ម ការវិនិយោគ បញ្ហា​សន្តិសុខ​ក្នុង​តំបន់ ការពង្រឹង​តួនាទី​សង្គម​ស៊ីវិល គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ជាពិសេស​គឺ​ផលប្រយោជន៍​ខាង​ភូមិសាស្ត្រ​នយោបាយ ដែល​សហរដ្ឋ​អាមេរិក​កំពុង​ប្រកួតប្រជែង​យ៉ាង​ស្រួចស្រាល់​ជាមួយ​ចិន​។ ការធ្វើឱ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា សហរដ្ឋអាមេរិក មិន​ត្រឹមតែ​សម្រេច​បាន​នូវ​ផលប្រយោជន៍​ និង​គុណ​តម្លៃ​របស់​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​អាស៊ីអាគ្នេយ៍​ទៀតផង​។

ចំពោះ​ប្រទេស​កម្ពុជា​វិញ អាទិភាព​របស់​ខ្លួន​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​សហរដ្ឋអាមេរិក គឺ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ការកាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ជំនួយ​សហរដ្ឋអាមេរិក ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​ដើម្បី​សន្តិភាព និង​ស្ថិរភាព​តំបន់​។ កម្ពុជា​តែង​ផ្តល់​សារៈសំខាន់ និង​អាទិភាព​ខ្លាំង​ទៅលើ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​ប្រទេស និង​នៅក្នុង​តំបន់​។

បើ​យើង​សម្លឹងមើល​ពី​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ​របស់​ប្រទេស​ទាំង​ ២ ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី គឺ​ពិតណាស់ថា ប្រទេស​ទាំង​ ២ ​ត្រូវការ​គ្នា​ទៅវិញទៅមក​។ ចុះ​ហេតុអ្វី​បាន​ជា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ចេះតែ​មាន​ភាពរកាំរកូស​នឹង​គ្នា និង​មិនមាន​ភាពចាស់ទុំ​ទៅតាម​វ័យ​? តើ​អ្វី​ជា​ឧបសគ្គ​រារាំង​មិនឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​មាន​ការរីកចម្រើន​?

ក្នុង​ទិដ្ឋភាព​នៃ​នយោបាយ​ការបរទេស ប្រទេស​ទាំង​ ២ ​មាន​គោលដៅ​ខុសគ្នា​។ ក្នុងអំឡុង​សតវត្សរ៍​ទី​ ២០ ជាពិសេស​ក្នុងអំឡុង​សង្គ្រាមត្រជាក់ គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋអាមេរិក​ត្រូវបាន​តាក់តែងឡើង​ជាពិសេស​ដើម្បី​ទប់ទល់​នឹង​កំណើន​ឥទ្ធិពល​នៃ​លទ្ធិ​កុម្មុយនីស្ត​តែប៉ុណ្ណោះ ហើយ​អ្វី​ផ្សេងទៀត​គឺជា​រឿង​បន្ទាប់បន្សំ​។ សហរដ្ឋអាមេរិក​មិន​ដែលមាន​គោលនយោបាយ​ការបរទេស​ច្បាស់លាស់​ចំពោះ​តំបន់​អាស៊ីអាគ្នេយ៍​នោះទេ​និយាយ​ជារួម និង​ចំពោះ​កម្ពុជា និយាយ​ដោយឡែក​។

ចំណែកឯ​គោលដៅ​ចម្បង​នៃ​នយោបាយ​ការបរទេស​របស់​ប្រទេស​កម្ពុជា គឺ​ធ្វើយ៉ាងណា ដើម្បី​ឱ្យ​ខ្លួន​អាច​រស់ក្នុង​នាម​ជា​ប្រជាជាតិ និង​ជា​រដ្ឋ​អធិបតេយ្យ​មួយ​តាម​មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន​។ កម្ពុជា​មិន​រើសអើង​ថា ជា​លោក​សេរី​ ឬ​លោក​កុម្មុយនីស្ត​នោះឡើយ​។

គោលដៅ​ជា​យុទ្ធសាស្ត្រ​នៃ​នយោបាយ​ការបរទេស​របស់​កម្ពុជា គឺ​ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព មិត្តភាព វិបុលភាព និង​ការអភិវឌ្ឍ និង​ដណ្តើម​ត្រឡប់មកវិញ​នូវ​កិត្យានុភាព​ជាតិ​ដែល​បាត់បង់​ពី​អតីតកាល​។ ភាពជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​កម្ពុជា​ជាមួយ​ចិន​ត្រូវ​បាន​គេ​មើលឃើញថា នៅតែ​ជា​ស្រមោល​មួយ​ដែល​បិទបាំង​ការរីកលូតលាស់​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​។ ដូច្នេះ ទំនាក់ទំនង​របស់​កម្ពុជា​ជាមួយ​សហរដ្ឋអាមេរិក​នៅតែ​ស្មុគស្មាញ និង​ពិបាក​ប៉ាន់ស្មាន​។ ចំពោះមុខ សហរដ្ឋអាមេរិក​ប្រហែល​ជា​មិន​ចាប់យក​កម្ពុជា​ជា​ដៃគូ​យុទ្ធសាស្ត្រ​ទេ​។

ក្នុង​ទស្សនៈ​របស់ខ្លួន សហរដ្ឋអាមេរិក​ចាត់​ទុក​កម្ពុជា​ជា​ស្ត្រី​ដែល​រៀបការ​រួច​ជាមួយ​នឹង​ប្រទេស​ចិន​។ ទស្សនៈ​នេះ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ហាក់ដូចជា​ជាប់​សោ​ជាមួយ​នឹង​ស្រមោល​ចិន​។ ប៉ុន្តែ​ជាក់ស្តែង កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ពហុវ៉ិចទ័រ​ដែល​ជា​ផ្កា​ចម្រុះ​ពណ៌​ដោយ​មិន​ប្រកាន់​លោក​សេរី​ ឬ​លោក​កុម្មុយនីស្ត​នោះឡើយ​។

ម្យ៉ាងវិញទៀត បញ្ហា​នយោបាយ​ផ្ទៃក្នុង​កម្ពុជា ហាក់ដូចជា​ត្រូវបាន​សហរដ្ឋ​អាមេរិក​ប្រើប្រាស់ ដើម្បី​ជា​ថ្នូរ​ក្នុង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​កម្ពុជា​។ ដូច្នេះ នាំឱ្យមាន​គេ​មើលឃើញថា សហរដ្ឋអាមេរិក​បាន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ដោយ​ផ្តល់​ការគាំទ្រ​ដល់​គណបក្សប្រឆាំង និង​លើកទឹកចិត្ត​ដល់​ក្រុម​សង្គម​ស៊ីវិល​ក្នុងស្រុក និង​អន្តរជាតិ ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន ដើម្បី​បង្កើត​រូបភាព «​អវិជ្ជមាន​» ចំពោះ​ប្រទេស​កម្ពុជា ដែល​ធ្វើឱ្យ​ខូច​មុខមាត់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។

ទន្ទឹម​នឹងនោះ ការយល់ឃើញ​ខុសគ្នា​ទៅលើ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​កង្វះ​ភាពជឿជាក់ និង​ទំនុកចិត្ត​ខាង​នយោបាយ បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​ដ៏ធំ​មួយ​ធ្វើឱ្យ​ប្រេះស្រាំ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។

ឥរិយាបថ អ្នកការទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​កន្លងមក ក៏​ជះឥទ្ធិពល​អវិជ្ជមាន ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ដែរ​។ ពួកគេ​ហាក់ដូចជា​មិនសូវ​យល់​ ឬ​មិន​យកចិត្ត​ទុកដាក់​ពី​តម្លៃ​អាស៊ី តម្លៃ​វប្បធម៌ និង​អរិយធម៌​ខ្មែរ ជាពិសេស​របត់​ប្រវត្តិសាស្ត្រ​ខ្មែរ​។ ប៉ុន្តែ បន្ទាប់ពី​មាន​វត្តមាន​របស់​ឯកអគ្គរដ្ឋទូត​បច្ចុប្បន្ន​របស់​សហរដ្ឋអាមេរិក លោក Patrick Murphy ដែលជា​អ្នកការទូត​ជើងចាស់​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ចំណេះដឹង​ពី​សង្គម និង​វប្បធម៌​អាស៊ី និង​កម្ពុ​ជាច្រើន គេ​កត់សម្គាល់​ឃើញថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ហាក់​មាន​ស្ថិរភាព និង​មាន​ភាពប្រសើរឡើង​ជាង​មុន​។

ទោះបីជា​បញ្ហា​ប្រឈម​ខាងលើ​ត្រូវ​បានដឹង និង​ទទួលស្គាល់​ដោយ​ប្រទេស​ទាំង​ ២ ​ក៏ដោយ ប៉ុន្តែ​សំណួរ​ដែល​សួរថា​តើ​កម្ពុជា និង​សហរដ្ឋអាមេរិក​ត្រូវ​ជួសជុល​ទំនាក់ទំនង និង​ស្តារ​ទំនុកចិត្ត​គ្នា​ឡើងវិញ​ដោយ​របៀប​ណា នៅតែ​ជា​សំណួរ​ដែល​ចោទ​ឡើងជា​ញឹកញាប់ និង​គេ​ត្រូវការ​ចម្លើយ​បំផុត​។

ជាការ​យល់ឃើញ​ទូទៅ ដើម្បី​ជួសជុល​ទំនាក់ទំនង​ដែល​ប្រេះស្រាំ និង​បិទ​ភ្ជិត​គម្លាត​នៃ​ទំនុកចិត្ត ជាបឋម និង​សំខាន់បំផុត ប្រទេស​ទាំង​ ២ ​គួរតែ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ការគោរព​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​គ្នា​ទៅវិញទៅមក​។

ការស្ដារ​ឡើងវិញ​នូវ​ទំនុកចិត្ត និង​ការជឿជាក់​គ្នា​ទៅវិញទៅមក ដូចដែល​បាន​សន្យា​ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ គួរតែ​ត្រូវ​បានដឹង​តាមរយៈ​យន្តការ​ចម្រុះ និង​ការទូត​ពហុបទ ដោយ​គោរព​ទស្សនៈ​ផ្សេងគ្នា និង​ធ្វើការ​វាយតម្លៃ​ដោយ​ផ្អែកលើ​ការពិត​។ ភាពខុសគ្នា​លើ​ជ្រុង​ណាមួយ​ ឬ​ទិដ្ឋភាព​ណាមួយ មិនគួរ​ត្រូវបាន​អនុញ្ញាត​ឱ្យ​គ្របដណ្តប់​លើ​ទិដ្ឋភាព​ទូទៅ​នៃ​ទំនាក់ទំនង​ទាំងមូល​រវាង​ប្រទេស​ទាំង​ ២ ​ឡើយ​។

ការសន្ទនា​ទ្វេភាគី​ឱ្យ​ញឹកញាប់ និង​ត្រង់ទៅ​ត្រង់​មក គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ដើម្បី​កសាង​ទំនុកចិត្ត និង​ពូន​ជ្រំ​ទំនាក់ទំនង និង​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យមាន​ភាពចាស់ទុំ​សម​នឹង​វ័យ​។ ជាមួយ​គ្នា​នេះដែរ ប្រទេស​ទាំង​ ២ ​គួរ​សម្របសម្រួល​ជំហរ​របស់ខ្លួន​ដោយ​បើក​ចិត្ត និង​បេះដូង​ទទួលយក​នូវ​ភាពខុសគ្នា និង​ចេះ​ធ្វើការ​ជាមួយគ្នា​ឆ្ពោះទៅ​អនាគត​។

ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រវាង​ប្រទេស​ទាំង​ ២ គួរតែ​ធ្វើឡើង​ជាប្រចាំ និង​ញឹកញាប់ ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​ការយល់ដឹង​គ្នា​ទៅវិញទៅមក តាមរយៈ​ការយល់ឃើញ​ត្រឹមត្រូវ​ពីគ្នា ដើម្បី​ពង្រឹង និង​ពង្រីក​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់ និង​ពិភពលោក​ដែលមាន​ផលប្រយោជន៍​រួមគ្នា​។ ជា​ការកត់សម្គាល់ ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក គឺ​កម្រ​កើតមាន​ណាស់ ដែល​ការណ៍​នេះ​ធ្វើឱ្យមាន​គម្លាត​ធំ​ក្នុង​ជំនឿ​ទុកចិត្ត​គ្នា​។

ក្នុង​ការលើកកម្ពស់​ការយល់​គ្នា​ និង​ការទុកចិត្ត​គ្នា​ទៅវិញទៅមក ប្រទេស​ទាំង​ ២ ​គួរតែ​ស្វែងយល់​ពី​ផលប្រយោជន៍​ជាតិ​ជា​យុទ្ធសាស្ត្រ​របស់​គ្នា​ទៅវិញទៅមក និង​គោលដៅ និង​យុទ្ធសាស្ត្រ​នៃ​​គោលនយោបាយ​ការបរទេស​រៀងៗ​ខ្លួន ព្រមទាំង​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក និង​ស្វែងយល់​ពី​កង្វល់​របស់​គ្នា​ទៅវិញទៅមក​ផងដែរ​។

ទន្ទឹមនឹង​នោះដែរ វិធីសាស្ត្រ​មួយ​ដែលមាន​ប្រសិទ្ធភាព​ក្នុង​ការពង្រឹង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​កម្ពុជា សហរដ្ឋអាមេរិក​គួរតែ​ស្វែងយល់​កាន់តែ​ជ្រៅ​ពី​ប្រវត្តិសាស្ត្រ ប្រព័ន្ធ​សង្គម​វប្បធម៌ លក្ខខណ្ឌ​នយោបាយ សេដ្ឋកិច្ច និង​ភាពស្មុគស្មាញ​នៃ​នយោបាយ​អំណាច និង​ការផ្លាស់ប្តូរ​នៅ​កម្ពុជា​។

សហរដ្ឋអាមេរិក​គួរ​ជំរុញ​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​ខ្លួន​ជាមួយ​កម្ពុជា​តាមរយៈ​យុទ្ធសាស្ត្រ​ការ៉ុត​ជាជាង​ដំបង​។ ក្នុង​បរិបទ​នៃ​ការប្រកួត​ប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ ការប្រើប្រាស់​យុទ្ធសាស្ត្រ​ដំបង គឺ​មិនសូវមាន​ប្រសិទ្ធភាព​នោះទេ​។ ទន្ទឹមនឹងនោះ​សហរដ្ឋអាមេរិក​គួរតែ​ពិចារណា​លើកទឹកចិត្ត​ដល់​វិនិយោគិន​របស់ខ្លួន ឱ្យមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យបាន​ច្រើន ដូចដែល​ប្រទេស​ចិន​កំពុង​ធ្វើ​។

វា​គួរតែ​ដល់​ពេលដែល​សហរដ្ឋអាមេរិក និង​កម្ពុជា​ចាកចេញ​ពី​ស្រមោល​ចិន ដើម្បី​ជួសជុល​ទំនាក់ទំនង​ដែល​ប្រេះស្រាំ​នេះ​ឡើងវិញ​។ កម្ពុជា​ត្រូវ​បន្ត​គោរព​ដោយ​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​គ្រឹះ​នៃ​នយោបាយ​ការបរទេស​របស់ខ្លួន ដូចដែល​បានកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​ ១៩៩៣ មាត្រា​ ៥៣ ដែល​កំណត់ថា «​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អព្យាក្រឹត​អចិន្រៃ្តយ៍​ និង​មិន​ចូលបក្ស​សម្ព័ន្ធ​។ ព្រះរាជាណាចក្រ​កម្ពុជា​រួមរស់​ដោយ​សន្តិ​សហវិជ្ជមាន​ជាមួយ​ប្រទេស​ជិតខាង និង​ប្រទេស​ដទៃទៀត​ទាំងអស់​នៅលើ​សកលលោក​»​។

ទោះជា​បែបនេះ​ក្តី កម្ពុជា​គួរ​អនុវត្ត​នយោបាយ​ការបរទេស​ពហុវ៉ិចទ័រ​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​ដោយ​មិន​ប្រកាន់​ថា​លោក​សេរី​ ឬ​លោក​កុម្មុយនីស្ត ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ដូចដែល​ពួក​មហាអំណាច​បានធ្វើ​ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ​។ ផលប្រយោជន៍​គ្មាន​ពណ៌​ ឬ​ក្លិន​លោក​សេរី​ ឬ​លោក​កុម្មុយនីស្ត​នោះទេ​។

ប្រទេស​ចិន​ក្តី សហរដ្ឋអាមេរិក​ក្តី​សុទ្ធតែ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​។ ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​រក​មធ្យោបាយ​ធ្វើឱ្យមាន​តុល្យភាព​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំង​ ២ ដើម្បី​ទទួលបាន​នូវ​ផលប្រយោជន៍​ជា​អតិបរមា​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​ការទូត​។ កម្ពុជា​មិនត្រូវ​ជ្រើសរើស​យក​ប្រទេស​មហាអំណាច​ណាមួយ​មក​ជំនួស​ឱ្យ​ប្រទេស​មហាអំណាច​មួយ​នោះទេ​។

ជារួម​ទៅ កម្ពុជា និង​សហរដ្ឋអាមេរិក​នៅមាន​ឱកាស​ច្រើន និង​មាន​លម្ហ​ទូលំទូលាយ​ក្នុង​ការជួសជុល​ទំនាក់ទំនង​ដែល​ប្រេះស្រាំ និង​ការបិទភ្ជិត​គម្លាត​នៃ​ទំនុកចិត្ត​រវាង​គ្នា និង​គ្នា​។ យើង​សង្ឃឹមថា មេរៀន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​រយៈពេល​ ៧០ ​ឆ្នាំ​មកនេះ វា​គ្រប់គ្រាន់​សម្រាប់​ប្រទេស​ទាំង​ ២ ​ប្រើប្រាស់ ដើម្បី​ពូន​ជ្រំ​ទំនាក់ទំនង​របស់ខ្លួន​ឱ្យមាន​ស្ថិរភាព ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និង​រឹងមាំ​សម្រាប់​រយៈពេល​ ៧០ ​ឆ្នាំ​ទៅមុខ និង​យូរអង្វែង​ទៅ​អនាគត​ទៀត​៕

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​, រាជបណ្ឌិត្យ​សភា​កម្ពុជា

(​ទស្សនៈ​ក្នុង​អត្ថបទ​នេះ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​អ្នកនិពន្ធ មិន​ឆ្លុះបញ្ចាំង​ជំហរ​របស់​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា ឬ​រាជបណ្ឌិត្យ​សភា​កម្ពុជា​នោះទេ​)