បើ​ទោះបី​ជា​មិន​មាន​ច្បាប់ ឬ​ក៏​គោលនយោបាយ​ជាក់លាក់​ណា​មួយ​ពី​ក្រសួង​អប់រំ​នៅ​បណ្តា​ប្រទេស​ផ្សេងៗ ដែល​កំណត់​តម្រូវ​ឲ្យ​និស្សិត​រៀន​តែ​​ ១ ​មហាវិទ្យាល័យ ឬ​ក៏​ ១ ​មុខវិជ្ជា​នៅ​តាម​សាកលវិទ្យាល័យ​អន្តរជាតិ​ ឬ​ក៏​នៅ​អាស៊ាន​ក្តី​ក៏​និស្សិត​នៅ​ស្រុក​គេ​កំណត់​ខ្លួនឯង​រៀន​តែ​ ១ ​មុខ​ជំនាញ​នៅ​មហាវិទ្យាល័យ​តែ​ ១ ​ដែរ​។

ពោល​គឺ​កម្រ​ណាស់​ដែល​និស្សិត​ចង់​រៀន​មុខវិជ្ជា ២ ក្នុង​ពេល​តែ​មួយ​ឧទាហរណ៍ ដូចជា​រៀន​មុខវិជ្ជា​ច្បាប់​ផង និង​មុខវិជ្ជា​បច្ចេកទេស​សំណង់​ផង នៅ​ថ្នាក់​បរិញ្ញាបត្រ ករណី​នេះ​ទាល់​តែ​និស្សិត​ហ្នឹង រៀន​ពូកែ​ណាស់​ហើយ​សាកលវិទ្យាល័យ​ជា​អ្នក​វាយតម្លៃ​ថា​អាច​ឲ្យ​រៀន​បាន​។ នេះ​ជា​ការ​ចែករំលែក​បទពិសោធ​ពី​សាស្ត្រាចារ្យ​បង្រៀន​នៅក្នុង​ស្រុក និង​នៅ​បរទេស​។ មាន​ន័យ​ថា និស្សិត​គាត់​ធ្វើការ ២ ​ដង​ហើយ​សាលា​ព្រួយបារម្ភ​អំពី​បរាជ័យ ជួនកាល​ទៅ​គាត់​អាច​បោះបង់​ពាក់កណ្តាល​ទី​ម្យ៉ាង​គាត់​អាច​ខូច​អនាគត ប្រសិន​បើ​គាត់​ទៅ​មុខ​មិន​រួច​។


ចំពោះ​លក្ខខណ្ឌ​នៅ​សាកលវិទ្យាល័យ​នៅ​ប្រទេស​អង់គ្លេស​វិញ និស្សិត​ដែល​ប្រឡង​ជាប់​ទទួល​បាន​អាហារូបករណ៍​គឺ​សាលា​កំណត់​ឲ្យ​រៀន​តែ ១ មុខវិជ្ជា​ទេ ហើយ​បើ​និស្សិត​អាហារូបករណ៍​នោះ​រៀន​ធ្លាក់​វិញ​គឺ​សាលា​តម្រូវ​ឲ្យ​សង​ទៅ​តាម​កិច្ចសន្យា​រវាង​សាលា និង​និស្សិត​។


និស្សិត​ខ្លះ​គាត់​ខ្ចីលុយ​ពី​រដ្ឋ​ពី​សាលា​ឬ​ក៏​ធនាគារ​មក​វិនិយោគ​ការសិក្សា​របស់​គាត់​គឺ​រឹតតែ​មិន​ហ៊ាន​រៀន ២ មហាវិទ្យាល័យ​ទៀត​ហើយ​ព្រោះ​គេ​កំណត់​ឲ្យ​រៀន​យក​តែ ១​ ​មុខវិជ្ជា​ទេ ហើយ​ណាមួយ​អត់​លុយ​បង់​សាលា​ផង​។ ម្យ៉ាង​ទៀត​កិច្ចការ​សាលា​ក៏​ច្រើន​ទៀត សម្រាប់​និស្សិត​នៅ​បរិញ្ញាបត្រ ឬ​ក៏​នៅ​បរិញ្ញាបត្រ​ជាន់​ខ្ពស់​រៀន​តែ​​ ១ ​មុខ​ធ្វើ​មិន​ចង់​ទាន់​ឲ្យ​គ្រូ​ផង​។


តែ​មាន​សាកលវិទ្យាល័យ​នៅ​អូស្ត្រាលី​មួយ​ចំនួន​គឺ​អនុញ្ញាត​ឲ្យ​និស្សិត រៀន​ចំណេញ​ពេល​ ១ ​ឆ្នាំ​ដែរ ប្រសិន​បើ​គាត់​មាន​បំណង​ចង់​បន្ត​ទៅ​ថ្នាក់បណ្ឌិត​តែម្តង​គឺ​រៀន​បរិញ្ញាបត្រ ៤ ឆ្នាំ​ហើយ​រៀន​សិក្សា​ស្រាវជ្រាវ​តែ ១ ឆ្នាំ​ទេ (Bachelor of Letters-B.Litt.) រួច​ហើយ​ឆ្លង​ទៅ​រៀន​បណ្ឌិត​តែ​ម្តង​។


បើ​សាកលវិទ្យាល័យ​រៀន​តាម​ក្រេឌីត (Credits) គឺ​និស្សិត គេ​រៀន​នៅ​បរិញ្ញាបត្រ​ ៤ ​ឆ្នាំ​ធម្មតា តែ​ដល់​ពេល​រៀន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ២ ​ភ្ជាប់​ត​គ្នា​បាន​ដោយ​សាលា​កាត់​ក្រេឌីត​ឲ្យ​បាន​ច្រើន​បើ​មុខវិជ្ជា​ប្រហាក់​ប្រហែល​គ្នា ឧទាហរណ៍​ថា និស្សិត​រៀន​មុខវិជ្ជា​សុខភាព​សាធារណៈ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ២ ​ឆ្នាំ​ចប់​ហើយ​បន្ត​យក​មុខ​វិជ្ជា​កិច្ចការ​សង្គម​គឺ​សាលា​អាច​កាត់​សល់​តែ​ ១ ​ឆ្នាំ​ទេ មាន​ន័យ​ថា​រៀន​ ៣ ​ឆ្នាំ​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​ទៅ​ ២ តែ​មិនមែន​មាន​ន័យ​ថា​និស្សិត​រៀន​ក្នុង​ពេល​តែ​ ១ ​ទេ​។


ករណី​រៀន​តាម​ក្រេឌីត​នេះ​នៅ​ស្រុក​ខ្មែរ​គឺ​ខ្ញុំ​កំពុង​រៀន​នៅ​សាកលវិទ្យាល័យ​កម្ពុជា​កំពុង​តែ​អនុវត្ត ហើយ​អាច​កាត់​ក្រេឌីត​បាន​ទៅ​តាម​មេរៀន​ដែល​បាន​រៀន​រួច​ហើយ​ចំណេញ​ពេល​ទៀត និង​មាន​គុណភាព​ល្អ​។

តែ​ផ្ទុយ​ទៅ​វិញ​នៅ​ស្រុកខ្មែរ សព្វថ្ងៃ​នៅ​មាន​និស្សិត​ដែល​និយម​រៀន ២ ទៅ​ ៣ ​មុខវិជ្ជា ឬ​ក៏​មហាវិទ្យាល័យ ជាពិសេស​នៅ​ថ្នាក់​បរិញ្ញាបត្រ​គឺ​មាន​ច្រើន តែ​មិន​មាន​ទិន្នន័យ​ជាក់លាក់​នោះ​ទេ​។ ឧទាហរណ៍ និស្សិត​ខ្លះ រៀន​មុខវិជ្ជា​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ច្បាប់ និង​សេដ្ឋកិច្ច (RULE) ផង​រៀន​មុខវិជ្ជា​ភាសា​អង់គ្លេស នៅ​សាលា​ភាសា​បរទេស​ (IFL) ​ហើយ​ពេល​យប់ ឆ្លៀត​រៀន​មុខវិជ្ជា​គ្រប់គ្រង នៅ​សាកលវិទ្យាល័យ​កម្ពុជា​ទៀត​។

រីឯ​និស្សិត​ខ្លះ​ទៀត​រៀន​ផ្នែក​ហិរញ្ញវត្ថុ​នៅ​សាកលវិទ្យាល័យ​ន័រតុន​ផង ទៅ​រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ទៀត ចំណែកឯ​ខ្លះ​រៀន​មុខវិជ្ជា ២ ហើយ​ឆ្លៀត​ទៅ​ធ្វើការ​ក្រៅ​ម៉ោង​ទៀត​។ នៅពេល​ដែល​រៀន​ច្រើន​មុខវិជ្ជា ហើយ​ធ្វើការ​ទៀត​គឺ​នឿយហត់ ហើយ​ថ្ងូរ​ឈឺក្បាល គេង​មិន​លក់​ស៊ប់ ធ្វើ​កិច្ចការ​សាលា​មិន​ទាន់​។

តែ​ក៏​មាន​និស្សិត​តិចតួច​ដែល​រៀន ២ ឬ​ក៏​ ៣ ​មុខវិជ្ជា នៅពេល​តែ​ ១ គឺ​គាត់​រៀន​ពូកែ​ផង​ដែរ តែ​ចេះ​តែ​ទៅ​ហើយ​ឈប់​ខ្លះ​ទៅ​សាលា​ខ្លះ​ចាំ​ដល់​ពេល​ប្រឡង​ម្តងៗ​ចេញ​ពី​ ១ ​ទៅ​ ១ ​មិន​ដឹង​ជា​រៀន​អ្វី​ទុក​អ្វី​នោះទេ​។

កន្លងមក​ក៏មាន​និស្សិត​ខ្លះ​រត់​អត់​រួច​ចោល ១ ​មុខវិជ្ជា​ពាក់​កណ្តាល​ផ្លូវ​ឆ្នាំ​ទី ២ ព្រោះ​រៀន​មិន​ទាន់​រៀន​តិចណូ (ITC) ផង រៀន​នៅ RULE ផង​។ ឯណា​ទៅ​គុណភាព​អប់រំ​នៅ​ថ្នាក់​ឧត្តមសិក្សា​?

នេះ​ក៏​ដោយសារ​តែ​ពួកគេ​ប្រឡង​ជាប់​ច្រើន​មុខ​ហើយ​ស្តាយ​មិន​ចង់​ឈប់ អ៊ីចឹង​ក៏​ចេះ​តែ​ទៅ​រៀន​ទាំង​ ២ ​ទាំង​ ៣ ​ទៅ​រីឯ​និស្សិត​ខ្លះ​ទៀត​គ្រួសារ​មាន​លុយ ឲ្យ​រៀន​ថ្នាក់​បរិញ្ញាបត្រ ២ ​មហាវិទ្យាល័យ​ក្នុង​ពេល​តែ​មួយ​។

ការដែល​និស្សិត​រៀន​ថ្នាក់​បរិញ្ញាបត្រ​ពី​​ ២ ទៅ​ ៣ ​មហាវិទ្យាល័យ​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​គុណភាព​អប់រំ​ប៉ុណ្ណោះ​ទេ គឺ​ប៉ះពាល់​ដល់​និស្សិត​ដែល​ជាប់​បម្រុង ឬ​ក៏​អាច​ត្រូវ​ប្រឡង​ជាប់​មាន​ឱកាស​រៀន​ហើយ បែរ​ជា​មិន​បាន​រៀន​ទៅវិញ ដោយសារ​តែ​អ្នក​ប្រឡង​ជាប់​ ២ ​ទៅ​ ៣ ​មុខវិជ្ជា​រៀន​តែ​ម្នាក់ឯង​មិន​ផ្តល់​ឱកាស​ឲ្យ​និស្សិត​ដទៃទៀត ហើយ​ទីបំផុត​ទៅ​បោះបង់​នៅ​ឆ្នាំ​ទី​ ២ ​ឬ​ទី​ ៣ ​ចោល​កន្លែង​ទទេ​។

ករណី​ដែល​និស្សិត​រៀន​ ២ ទៅ ៣ ​មុខវិជ្ជា​នេះ​ធ្វើឲ្យ​ប៉ះពាល់​ទៅ​នឹង​ទិន្នន័យ​របស់​និស្សិត​រៀន​នៅ​ឧត្តមសិក្សា​ផង​ដែរ ឧទាហរណ៍​នៅ​ឆ្នាំ​សិក្សា​ ២០១៥-១៦ ​មាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​កំពុង​សិក្សា​ចំនួន​ ១៧៧ ១៤២ ​នាក់ តើ​ចំនួន​នេះ​ពិត​ជា​ចំនួន​និស្សិត​សរុប​មែន​ទេ​? នៅ​ឆ្នាំ​ដដែល​ហ្នឹង​មាន​និស្សិត​បាន​ទទួល​សញ្ញាបត្រ​បរិញ្ញាបត្រ​សរុប ៤៤ ៦០០ នាក់​ធាតុពិត​មាន​និស្សិត​ពិតប្រាកដ ដែល​ទទួល​សញ្ញាបត្រ​តែ​ ៤ ​ម៉ឺន​នាក់​ទេ​? ព្រោះ ៤៦០០ នាក់​គឺ​និស្សិត​ដែល​រៀន​ ២ ឬ​ ៣ ​មុខវិជ្ជា​មាន​នៅ​ក្នុង ៤ ​ម៉ឺន​នាក់​រួចហើយ​។ ទិន្នន័យ​នេះ​ធ្វើឲ្យ​ប៉ះពាល់​អ្នក​ធ្វើ​គោលនយោបាយ និង​ផែនការ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ ព្រោះ​តួលេខ​មិន​ពិតប្រាកដ​។

ហេតុ​ដូចនេះ​ហើយ​ក្រសួង​អប់រំ និង​គណៈកម្មការ​ទទួល​ស្គាល់​គុណភាព​អប់រំ​កម្ពុជា​គួរ​តែ​គិតគូរ​ពិចារណា​ចំពោះ​ផលប៉ះពាល់​ពី​ការសិក្សា​របស់​និស្សិត​ដែល​រៀន​ ២ ​ឬ​ក៏​ ៣ ​មហាវិទ្យាល័យ ដើម្បី​ពង្រឹង​គុណភាព​អប់រំ​នៅ​ថ្នាក់​ឧត្តមសិក្សា​។

កន្លង​មក​ក្រសួង​បាន​ធ្វើ​កំណែទម្រង់​ជាច្រើន​ហើយ​នៅ​កម្រិត​វិទ្យាល័យ​ចុះ​ក្រោម តែ​ថ្នាក់​ឧត្តមសិក្សា​នៅ​មិន​ទាន់​បាន​ចេញ​គួរ​ឲ្យ​​កត់សម្គាល់​នៅ​ឡើយ​ទេ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com