ជំងឺ​កូវីដ ​១៩ ​គឺជា​ជំងឺឆ្លង​ដ៏កាច​សាហាវ​ដែល​បាន​និង​កំពុង​ពិសោធ​អំពី​ការជឿជាក់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មកលើ​ភាពស្មោះត្រង់ និង​ភាព​អំណត់​របស់​រាជរដ្ឋាភិបាល​។

ក្នុង​រយៈពេល​ជាង​ ១ ​ឆ្នាំ​មកហើយ​តាំងពី​មានការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅ​ទីក្រុង​​វូហាន​ប្រទេស​ចិន​ និង​លើ​ពិភពលោក រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន តែង​បាន​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ខិតខំ​ប្រឹងប្រែង​ជាប្រចាំ​ក្នុង​ការដាក់ចេញ​​ និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​សុខាភិបាល និង​វិធានការ​ច្បាប់រដ្ឋបាល​ជា​បន្តបន្ទាប់​ក្នុង​គោលដៅ​ទប់ស្កាត់​ឱ្យបាន​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ចូល​ក្នុង​សហគមន៍​ និង​គ្រប់គ្រង​ផលប៉ះពាល់​របស់​​វា​មកលើ​វិស័យសេដ្ឋកិច្ច និង​សង្គម​។


ចាប់តាំងពី​ដើមឆ្នាំ​រហូត​មក​​ដល់​ចុងឆ្នាំ​ ២០២០ ខណៈពេល​ដែល​ប្រទេស​ជាច្រើន​លើ​សកលលោក​កំពុង​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូវីដ ​១៩ ដោយមាន​អ្នកជំងឺ និង​អ្នកស្លាប់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ កម្ពុជា​​មាន​តែ​អ្នកជំងឺ​នាំចូល​មួយ​ចំនួន​តូច​ប៉ុណ្ណោះ មិនមាន​​អ្នកជំងឺ​ស្លាប់​ ពុំ​ធ្លាប់​បាន​ដាក់​បម្រាម​គោចរ និង​ចាត់​វិធានការ​ធ្ងន់ធ្ងរ​ក្រៅពី​បិទ​សាលារៀន រមណីយដ្ឋាន និង​ក្លិបកម្សាន្ត​មួយចំនួន​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ការឆ្លង​ជំងឺ​ចូល​​សហគមន៍​នៅ​ថ្ងៃទី​ ៣ និង​ ២៨ ​ខែ វិច្ឆិកា ឆ្នាំ​ ២០២០ ត្រូវបាន​រដ្ឋាភិបាល​គ្រប់គ្រង​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​។


កម្ពុជា​ត្រូវ​បានទទួល​ការវាយតម្លៃ​ខ្ពស់​ពី​អង្គការ​សុខភាព​ពិភពលោក និង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន​ទៀត​ចំពោះ​​ការគ្រប់គ្រង និង​ការពារ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ មិន​ឱ្យ​ចូលក្នុង​សហគមន៍ ខណៈ​ពេល​​ដែល​ប្រទេស​ជិតខាង​នៅ​អាស៊ី​មួយចំនួន​ដូចជា ប្រទេស​ថៃ​ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន​​។​ល​។ កំពុង​រង​ការឆ្លង​ជំងឺ​កូវីដ ​១៩ យ៉ាងខ្លាំង​។


នេះ​គឺជា​មោទនភាព​របស់​ថ្នាក់ដឹកនាំ​ក៏ដូចជា​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ដែល​ពួកគេ​បានផ្តល់​សេចក្តីសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន​យ៉ាង​ល្អ​ប្រពៃ​។


ប៉ុន្តែ​ស្ថានភាព​ជំងឺ​កូវីដ​១៩​បាន​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ចាប់ពី​ថ្ងៃទី​ ២០ ខែ កុម្ភៈ ឆ្នាំ​ ២០២១ មក​។


ការធ្វេសប្រហែស​មួយ​ក្នុង​​ការគ្រប់គ្រង​ការធ្វើ​ចត្តាឡីស័ក​នៅឯ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​បាន​បង្កឱ្យមាន​ការឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​នូវ​ជំងឺ​កូវីដ ​១៩ ទាំង​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្ត​មួយចំនួន​។

គិត​មកដល់​ថ្ងៃទី​ ៨ ខែ មេសា ឆ្នាំ​ ២០២១ កម្ពុ​ជាមាន​អ្នកជំងឺ​កំពុង​ព្យាបាល​បាន​កើន​ដល់​ជាង​ ១ ​ពាន់​នាក់ និង​មាន​អ្នកស្លាប់​ជាង​ ២០ ​នាក់​ហើយ​ទន្ទឹមនឹង​អ្នកជា​សះស្បើយ​ជិត​ ២ ​ពាន់​នាក់​។ គេ​សង្ឃឹមថា ចំនួន​អ្នកជំងឺ និង​អ្នកស្លាប់​អាច​នឹង​នៅ​​តែ​កើនឡើង​បន្តទៀត​នាពេល​ខាងមុខ​។

រាជរដ្ឋាភិបាល​ក៏​ដាក់ចេញ​​នូ​វិធានការ​យ៉ាង​តឹងរ៉ឹង​ជាច្រើន​ជា​បន្តបន្ទាប់​រួមមាន ការអនុម័ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ជាបន្ទាន់ ការជំរុញ​ឱ្យ​មាន​ការចាក់​វ៉ាក់សាំង​យ៉ាង​ទូលំទូលាយ ការចាត់វិធានការ​សុខាភិបាល​ជាក់លាក់​ដូចជា​ដាក់ចេញ​វិធានការ​ “៣​កុំ ៣​ការពារ​” រហូតដល់​ឈានដល់​ការហាមឃាត់​ការធ្វើ​ដំណើរ​ឆ្លង​ខេត្ត-ក្រុង និង​​ការដាក់​បម្រាម​គោចរ​នៅពេល​យប់​ទៀតផង​។

ស្ថានភាព​ធ្ងន់​នៃ​ការឆ្លង​រាលដាល​នេះ បាននិង​កំពុង​បង្ក​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​។

វា​បាន​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​ប្រើប្រាស់​ថវិកា និង​ធនធាន​មនុស្ស និង​សម្ភារ​ជាច្រើន​ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល និង​សម្រាប់​ព្យាបាល​អ្នកជំងឺ​ដែល​ចេះតែ​កើនឡើង​។ តើ​រាជរដ្ឋាភិបាល ជាពិសេស​ស្ថាប័ន​សុខាភិបាល និង​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មាន​អំណត់​គ្រប់គ្រាន់​ក្នុងការ​បន្ត​គ្រប់គ្រង​ស្ថានការណ៍​ដែល​ចេះតែ​វិវត្ត​ធ្ងន់ធ្ងរ​រាល់ថ្ងៃ​បាន​ឬទេ​?

កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការបិទ​បញ្ចប់​​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃទី​ ២០ ខែ កុម្ភៈ ឆ្នាំ​ ២០២១ គឺជា​បេសកកម្ម​មួយ​យ៉ាង​លំបាក​បំផុត​ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​យ៉ាងសកម្ម​ពី​មន្ត្រីរាជការ​គ្រប់​វិស័យ​។

ចំណុច​ដែល​គួរឱ្យ​កោតសរសើរ​ក្រោម​ការដឹកនាំ​ និង​អំពាវនាវ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មាន​កម្លាំង​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ជាច្រើន​បាន​ចូលរួម​យ៉ាងសកម្ម និង​ទាន់ពេល​វេលា​តាំងពី​ដំបូង​ជា​ការបង្កើត​បាន​ក្រុម​ជួរមុខ និង​ឈានមុខ​ក្នុងការ​បង្ការ និង​ព្យាបាល​ជំងឺ​កូវីដ ​១៩ បន្ថែម​ដោយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក ហ៊ុន ម៉ានី និង​ក្រុមការងារ​របស់​លោក ហ៊ុន ម៉ាណែត បានរៀបចំ​ឱ្យមាន​មន្ទីរពេទ្យ​ ​និង​ទីកន្លែង​សមរម្យ​សម្រាប់​ព្យាបាល​ជំងឺ​ និង​ធ្វើ​ចត្តាឡីស័ក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​។

ទន្ទឹមនឹងនេះ​ក៏មាន​សប្បុរសជន​ជាច្រើន​បាន​ចូលរួម​ថវិកា​សម្រាប់​ការទិញ​វ៉ាក់សាំង ការផ្គត់ផ្គង់​ការចំណាយ​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​កូវីដ ​១៩ និង​ការទិញ​មន្ទីរពេទ្យ​នគរទេព​មក​ធ្វើ​​ជា​កន្លែង​ព្យាបាល​ជំងឺ​ទៀតផង​។

ចលនា​នៃ​ការចាក់​វ៉ាក់សាំង​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ផុសផុល​នៅ​ទូទាំង​ប្រទេស ដោយមាន​ការចូលរួម​យ៉ាង​កុះករ និង​ដោយ​ស្ម័គ្រចិត្ត​ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុមអាទិភាព​ដែល​ត្រូវ​ទទួល​ការចាក់​វ៉ាក់សាំង​។

ក្រៅពី​ចំណុច​វិជ្ជមាន​ខាងលើ​គេ​ក៏​សង្កេតឃើញ​នៅមាន​ចំណុច​អវិជ្ជមាន​មួយចំនួន​ក្នុងការ​ដឹកនាំ​ និង​គ្រប់គ្រង​យុទ្ធនាការ​ប្រឆាំង​ទប់ស្កាត់​នឹង​ជំងឺ​កូវីដ​១៩​នេះ​។

ការដឹកនាំ និង​ការទទួល​ខុសត្រូវ​របស់​មន្ត្រី​ទទួលបន្ទុក​គ្រប់គ្រង​ការធ្វើ​ចត្តាឡីស័ក​នៅមាន​ការខ្វះចន្លោះ​។ មន្ត្រី​ទទួល​បន្ទុក​ហាក់​បាន​មើលស្រាល​ស្ថានការណ៍ និង​ភាពធ្ងន់ធ្ងរ​នៃ​ការឆ្លង​ជំងឺ​កូវីដ​១៩​ដែលជា​ហេតុ​បណ្តាលឱ្យ​កើតមាន​ព្រឹត្តិការណ៍​ថ្ងៃទី​ ២០ ខែ​​កុម្ភៈ​។ ការដាក់ទណ្ឌកម្ម​លើ​បុគ្គលិក​សន្តិសុខ​សណ្ឋាគារ​ម្នាក់​វា​ពិតជា​មិនទាន់​សមរម្យ​អាចឱ្យ​ប្រជាពលរដ្ឋ​ទទួល​​យកបាន​ឡើយ​។

ប្រជាពលរដ្ឋ​អាច​ចោទ​សួរថា បើ​ពុំមាន​ការចូលរួម​ជួយ​សម្របសម្រួល​ពី​បុគ្គល​មាន​​អំណាច​នោះទេ តើ​នារី​បរទេស​ ៣-៤ ​នាក់​អាច​នាំចូល​ជំងឺ​កូវីដ​ ១៩ ​ប្រភេទ​ថ្មី​ចូលមក​កម្ពុជា​បានទេ​? ​តើ​ហេតុអ្វី​បានជា​សន្តិសុខ​តូច​មួយ​អាច​មាន​សមត្ថភាព​ជួយ​សម្រួល​ឱ្យ​ពួកគេ​ចេញ​ក្រៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក និង​ឈានដល់​ចម្លង​ដល់​មនុស្សម្នា​ជាច្រើន​នៅក្នុង​សហគមន៍​បាន​? ​នេះ​គឺជា​បញ្ហា​ជា​ប្រព័ន្ធ​ដែល​ត្រូវ​ដោះស្រាយ​។

ការប្រើប្រាស់​អំណាច​មិន​ត្រឹមត្រូវ និង​ការអនុវត្ត​វិធានការ​រដ្ឋបាល​លើសពី​ការកំណត់​​របស់​ច្បាប់​ ឬ​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏​នៅតែ​កើតមាន​ដែល​ជា​ហេតុ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​មិនសូវ​មាន​ជំនឿ​ទុកចិត្ត​លើ​មន្ត្រី​រដ្ឋាភិបាល​។

ផលវិបាក​នៃ​ការធ្វេស​ប្រហែស​របស់​មន្ត្រី​ថ្នាក់ក្រោម​បាន​​ចូលរួមចំណែក​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​មន្ទិលសង្ស័យ​លើ​ភាពស្មោះត្រង់​ និង​ការប្តេជ្ញាចិត្ត​របស់​ថ្នាក់ដឹកនាំ​កំពូល​ក្នុង​ការខិតខំ​ប្រឹងប្រែង​ការពារ​សេចក្តីសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។ ​វា​ក៏បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​មួយចំនួន​ដល់​កិច្ចខិតខំ​ប្រឹងប្រែង និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការ​មួយ​ចំនួន​របស់​រដ្ឋ​។

ជាក់ស្តែង​ប្រជាពលរដ្ឋ​កម្មករ​​កម្មការិនី និង​មន្ត្រីរាជការ​ទាំង​ស៊ីវិល និង​យោធា​ជិត​ ១ ​លាន​នាក់​ បាន​ស្ម័គ្រ​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ​១៩ តាម​ការកំណត់​អាទិភាព​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​នៅ​មាន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី និង​មន្ត្រីរាជការ​មួយចំនួន​ទៀត​នៅ​មាន​ការស្ទាក់ស្ទើរ​មិន​ព្រម​ស្ម័គ្រចិត្ត​ទទួល​យក​ការចាក់​វ៉ាក់សាំង​ដែល​ផលិត​នៅ​ប្រទេស​ចិន​ (Sinopharm និង Sinovac) ​និង​នៅ​ប្រទេស​ឥណ្ឌា​ (AstraZeneca) ​នៅឡើយ​។

បញ្ហា​នេះ​បាន​ជំរុញ​ឱ្យ​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ដោយ​លាយឡំ​ជាមួយ​នឹង​សារ​ដាក់​សម្ពាធ​ឱ្យ​មន្ត្រីរាជការ​ទាំង​យោធា និង​មន្ត្រីរាជការ​ស៊ីវិល​មកចាក់​វ៉ាក់សាំង​ណែនាំ​ឱ្យ​ប្រធាន​ស្ថាប័ន​នីមួយៗ និង​ក្រសួង​មុខងារ​សាធារណៈ​ធ្វើ​បញ្ជី​ឈ្មោះ​មន្ត្រី​ដែល​មិន​ស្ម័គ្រចិត្ត ហាមឃាត់​អ្នក​មិន​ចាក់​វ៉ាក់សាំង​មិនឱ្យ​ចូលធ្វើការ​ជាដើម​។

គេ​អាច​ចោទ​សួរថា តើ​ប្រជាពលរដ្ឋ​ចង់​ឆ្លង​ ឬ​មិន​ខ្លាច​ជំងឺ​កូវីដ​ ១៩​ មែន​ទេ​បាន​ជា​មិន​ព្រម​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ដែល​រកបាន​ដោយ​លំបាក​? ​ចម្លើយ​គឺថា​គ្មាន​ប្រជាពលរដ្ឋ​ណាមួយ​ចង់​ឆ្លង​ ឬ​មិន​ខ្លាច​ជំងឺ​នោះទេ​។ ក៏ប៉ុន្តែ​ពួកគេ​មិន​សូវ​ជឿជាក់​លើ​ការអំពាវនាវ​របស់​ថ្នាក់ដឹកនាំ​ និង​ពួកគេ​នៅ​ពុំ​ទទួលបាន​គ្រប់គ្រាន់ និង​ដោយ​តម្លាភាព​នូវ​ព័ត៌មាន​អំពី​គុណភាព ប្រសិទ្ធភាព និង​ផលវិបាក​ដែល​អាច​កើត​ចេញ​ពី​ការចាក់​វ៉ាក់សាំង​ដែល​ផលិត​នៅ​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា​នៅឡើយ​។

សរុបសេចក្តី​មក​ជំនឿ​ចិត្ត​របស់​ប្រជាពលរដ្ឋ​មកលើ​រដ្ឋាភិបាល​ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ធានា​បាន​ថា​រាល់​ការអំពាវនាវ និង​វិធានការ​ដែល​រដ្ឋ​បាន​ដាក់ចេញ​ត្រូវបាន​ចូលរួម​អនុវត្ត​យ៉ាងសកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​។ មន្ត្រី​អនុវត្ត​ច្បាប់​មិនត្រូវ​អនុវត្ត​ឱ្យ​ហួស​ពី​គោលបំណង​នៃ​វិធានការ​ដែល​បាន​​ដាក់ចេញ និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​ប្រជាពលរដ្ឋ​នោះទេ​។

ប្រជាពលរដ្ឋ​គួរ​យល់ថា​ជំងឺ​កូវីដ​ ១៩ គឺជា​វិបត្តិ​សុខភាព​សាធារណៈ​យ៉ាងធ្ងន់ធ្ងរ​ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាច្រើន មិន​ងាយ​នឹង​ស្រោចស្រង់​វិញ​ឡើយ​។ ហេតុដូច្នេះ​ពួកគេ​ចាំបាច់​ត្រូវតែ​សហការ​ចូលរួម​​ទាំងអស់​គ្នា​តាម​គ្រប់​មធ្យោបាយ​ទាំង​ស្មារតី សម្ភារ និង​ថវិកា​ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ នេះ​ឱ្យខាង​តែ​បាន​។

ការគ្រប់គ្រង​ប្រឆាំង​នឹង​ជំងឺ​ដ៏កាច​សាហាវ​នេះ ​គឺជា​ភារកិច្ច​យើង​ទាំងអស់​គ្នា​មិនមែន​​ជា​កិច្ចការ​នយោបាយ ឬ​ដើម្បី​ផលប្រយោជន៍​នយោបាយ​​របស់​បក្សនយោបាយ​ណាមួយ​នោះទេ ប៉ុន្តែ​វា​ជា​ការចូលរួម​ដើម្បី​ទ្រទ្រង់​បុព្វហេតុ​ជាតិ​​ និង​មាតុភូមិ​របស់​យើង​ទាំងអស់​គ្នា​។

គ្មាន​នរណាម្នាក់​មាន​សុវត្ថិភាព​ទេ ប្រសិនបើ​ប្រជាពលរដ្ឋ​ទាំងអស់​ពុំទាន់​មាន​សុវត្ថិភាព​នៅឡើយ​។ ​ក្នុងស្ថានភាព​ដ៏លំបាក​នេះ សូម​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ទទួល​យក​ការចាក់​វ៉ាក់សាំង និង​អនុវត្ត​​តាម​វិធានការ​ដែល​រដ្ឋបាល​ដាក់ចេញ​ឱ្យបាន​ខ្ជាប់ខ្ជួន​បំផុត ដើម្បី​សេចក្តីសុខ​ និង​សុវត្ថិភាព​របស់ខ្លួន ក្រុមគ្រួសារ​ និង​ប្រជាជាតិ​យើង​ទាំងអស់​គ្នា​៕

ដោយ​មេធាវី លី តៃសេង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន មេធាវី HBS Law និង មន្ទីរសារការី HBS នៃ​ព្រះរាជាណាចក្រ​កម្ពុជា