មនុស្ស​កំពុង​តែ​រត់​តាម​បច្ចេក​វិទ្យា របស់​ប្រើប្រាស់​ទំនើបៗ​ព័ត៌មាន​ប្លែ​កៗ ​ជាច្រើនតាម​ឌីជី​ថល​ល្បឿន​រហ័ស​ដូច​ព្រួញ ខណៈ​នោះ​ដែរព័ត៌មាន​ជា​ច្រើ​ន​បាន​ផ្តល់​ចំណេះ​ដឹង​ស្រាវ​ជ្រាវ​ថ្មី​ៗ ​ជា​លក្ខណៈ​បែប​វិជ្ជ​មានតែ​ផ្ទុយ​ទៅ​វិ​ញ​ ក៏មាន​ព័ត៌មាន​អវិជ្ជ​មាន​ដែល​បាន​ចែ​​ក​​រំលែក​ដូច​ជា​អំពើ​ឃាត​កម្ម​សាហា​វ​ប្លែ​ក សកម្ម​ភាព​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​រូប​អាស​អាភាស​ជាដើម​។ ជាពិសេស​នៅ​លើ​ប្រព័ន្ធ​ឌីជីថល ​YouTube និង​ហ្វេស​ប៊ុក​ Facebook ​មាន​ចែក​ចា​យ​​ច្រើន​ជាង​គេ ដែល​មិន​អាច​កុង​ត្រូល​បាន រីឯ​ឌីជីថល​ផ្សេង​ទៀត​ដូច Twitter, Linkedin និង ​Instagram ហាក់​បី​ដូច​ជាគ្រប់​គ្រង​បានពុំសូវ​មាន​បង្ហោះ​សកម្មភាព​អវិជ្ជ​មាន​នោះ​ទេ។​

គួប​ផ្សំ​ទៅ​នឹង​​ការ​ផ្សព្វ​ផ្សាយ​តាម​ទីសា​ធា​រណៈ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ក៏ធ្លាក់​ចុះផ​ងធ្វើ​ឲ្យ​ជន​ឱកាស​និយម​មួយ​ចំនួ​ន​តូច ​បង្កើត​គំនិត​ធ្វើ​ទៅ​តាម​អ្វី​ដែល​ពួក​​គេ​ធ្លាប់​ឃើញ​នៅ​លើ​ព័ត៌មាន​អនឡាញ​ ដែល​ងាយ​នឹង​ទទួល​យក​បាន​នោះ ហើយ​ឃាត​កម្ម និង​អំពើ​ហិង្សា​សា​ហាវ​គឺ​ជន​ល្មើស​ ប្រព្រឹត្ត​ភាគ​ច្រើន​ ទៅ​លើ​សមាជិក​នៅ​ក្នុង​គ្រួសារ និង​មនុស្ស​ដែល​ធ្លាប់​ស្គាល់​គ្នា​ពីមុន​មក​ ដែល​ធ្វើ​ឲ្យ​សមត្ថ​កិច្ច​ មាន​ការ​ត្អូញ​ត្អែរ​ពិបាក​ធ្វើ​ការ​ទប់ស្កាត់។


ដូច​ថ្មីៗនេះ​មាន​ការ​កើន​ឡើងករ​ណី​ឃាត​កម្ម​ចម្លែកៗ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​សាហាវៗ​ ដូច​ជា ប្រទះ​ឃើញ​យុវជ​ន​ម្នាក់​ត្រូវ​​គេ​យក​ទៅ​សម្លាប់​ដោយ​ដុត​ទាំង​មនុស្សទាំង​ម៉ូតូ​នៅ​ចម្ការ​​កៅ​ស៊ូ​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​។ ​អ្នក​រត់​​តាក់​ស៊ី ត្រូវ​បាន​គេ​សម្លាប់​ច្រក​បាវ​​យក​ទៅ​បោះចោល​នៅ​ព្រែក​តា​មាក់​ ខេ​ត្ត​កណ្តាល​។ ​ស្ត្រី​ម្នាក់​បាន​សារ​ភាព​ថា​ គា​ត់​​បាន​កាប់​សម្លាប់​ដាក់​ក្លាស្សេម្ចាស់​បំណុ​​ល​របស់​គាត់​នៅ​ក្នុង​ផ្ទះ​គាត់ ​ដែល​ជា​មិត្ត​​​ភក្តិ​នៅជិត​ផ្សារ​កណ្តា​ល​។​ ​ករណី​ប្តី​ក្រោយ​ហេង​ស៊យ ​ដាច់​សង្វែង​ស្រវឹង​ខួប​ មក​គំរាម​ប្រើ​អំ​ពើហិង្សា​លើ​ប្រពន្ធ ទីបំផុត​មក​ដុត​ផ្ទះ​សម្លាប់​ប្រពន្ធ​​កូន និ​​ង​​ខ្លួន​ឯង​ផង​ដែរ ដែល​ផ្ទះនោះ​ គឺ​ជា ផ្ទះ​របស់​ឪពុក​ម្តាយ​ខាង​ប្រពន្ធ។


កាល​ពី​សប្តាហ៍​មុន​ ​ក៏មានអំពើ​ហិង្សា​ក្នុង​គ្រួសារ​ ផ្អើល​ពេញ​ហ្វេស​​ប៊ុក ​របស់​​អ្នក​​លក់​ឡេ​ល្បី​តាម​ហ្វេស​ប៊ុក​​មាន​ឈ្មោះ​ ថៃ ស្រី​នាង ដែល​ត្រូវ​ដៃ​គូស្នេហាឈ្មោះ​ ទឹម សាវុធ វ៉ៃ​រហូត​ដល់​ទៅ​ ១៣០ ​ដង​។ នាង​បាន​បង្ហោះ​រូប​ភាព​មុខ​ឡើង​បែក​ជាំ ដៃ​ជើង​ឡើង​ហើម​ជាំ​ពោរ​ពេញ​ខ្លួន​ បន្ទាប់​មក​នាង​បាន​ប្តឹង​ រហូត​ដល់​សមត្ថ​កិច្ច​ចុះទៅ​បំពេញ​សំណុំ​រឿង​ដល់​គ្រែ​ដេក។


បាន​តែ​ ១ ​ថ្ងៃ​ នាង​បង្ហោះថា​ បាន​ដក​ពាក្យ​បណ្តឹង​ ដោយ​សារ​តែត្រូវ​គ្នា​​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​វិញ។ នៅ​ពេល​ដែល​នាង​ឆ្លើយ​ដូច្នេះ​ ត្រូវ​បានអ្នក​ផង​ទាំង​ពួង​ ដែល​កំពុង​តែតាម​ដាន​ភាគ​រឿង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ហ្នឹង ស្រឡាំង​កាំង​ថា​ មូល​ហេតុ​អ្វី​ បាន​ទៅជា​អ៊ីចឹង​ទៅ​វិញ? ហើយ​ហេតុ​អ្វី​បាន​ជា​សម​ត្ថ​​កិច្ច​ មិន​បន្ត​សាក​សួរ​ជន​ដៃដល់​ដែល​ជាដៃ​គូស្នេហ៍​?


តាម​ការ​សិក្សា​ស្រាវ​ជ្រាវ ​របស់​អង្គការ​មូល​និធិ​អាស៊ី​ (TAF) ស្តី​ពី​អំពើ​ហិង្សា​លើដៃ​គូ​ស្នេហា និង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​ឆ្នាំ​ ២០១៥ បាន​រក​ឃើញ​ថា​ គ្រឿង​ស្រវឹង​ដើរ​តួនាទី​រួម​ចំណែក​បណ្តាល​ឲ្យ​មាន​អំពើ​ហិង្សា និង​ភាព​ធ្ងន់​ធ្ងរ​នៃ​អំពើហិង្សា​។ ជាពិសេស​ដៃ​គូ​បុរស​ ដែល​សេព​គ្រឿង​ស្រវឹង​ បង្កើន​ភាព​គ្រោះ​ថ្នាក់នៃ​អំពើ​ហិង្សា​លើដៃ​គូស្នេ​​​​​​ហ៍​របស់​ខ្លួនហើយ​ការ​ប្រើ​អំពើ​ហិង្សា និង​​អំពើ​ឃាត​កម្ម​ ទៅ​លើគូស្នេហ៍ ឬ​ក៏​ប្តី​ប្រពន្ធឬ​ក៏​មិត្ត​ភក្តិ​ជិត​ស្និទ្ធ គឺ​ពិត​ជា​មា​ន​​ការ​លំបាក​ក្នុង​ការ​ការ​ពារ​ទុក​ជា​មុន​ កុំ​​​ឲ្យ​កើត​មាន​ឡើង។


ចំណែក​ឯ​ក្រសួង​កិច្ច​ការ​នារី និង​ក្រសួង​វប្បធម៌​វិញ មាន​ប្រតិ​កម្ម​តែ​ទៅ​លើ​ករណី​នារី​សិល្បៈ​ណា​ស្លៀក​ពាក់​សិច​ស៊ី​ទេ​ព្រោះ​ប៉ះ​ពាល់​ប្រពៃ​ណី។ កន្លង​មក​ក្រសួង​ទាំ​ង​ ២ ​ធ្លាប់​មាន​ប្រតិ​​កម្ម​ខ្លាំង​ដាក់​ស្ត្រី​ តារា​ចម្រៀងនិង​តា​រា​​សម្តែង មាន​តាំង​ពី​ឲ្យ​គ្នា​លុត​ជង្គង់​សុំ​​ទោស​កណ្តាល​ឆាក​តន្ត្រី​ផ្សាយ​ផ្ទាល់​ តាម​កញ្ចក់​ទូរទស្សន៍​ក៏​មាន មាន​តាំង​ពី​ហៅ​មក​ស្តី​ឲ្យ​ព្រមាន​ធ្វើ​កិច្ច​សន្យា​នៅ​ក្រសួង​ក៏មាន​ដែរ​។ តែផ្ទុយ​ទៅ​វិញ ករណី​អំពើ​ហិង្សា​យេន​ឌ័រ​សាហាវៗ ឬ​ក៏​ឃាត​កម្ម​សាហាវ​ៗមក​លើ​ស្ត្រី​វិញ​កម្រ​ឃើញ​ក្រសួង​ទាំង​ ២​ នេះ ចេញ​មុខ​ថ្កោល​ទោស​ណាស់។

អ្វីៗ​គឺ​មាន​តែនៅ​លើ​ទ្រឹស្តី និង​ក្រដាស​ច្រើន​ជាង មិន​បាន​ធ្វើ​ការ​តាម​ដាន​នីតិវិធី​របស់​តុលាការ​នោះ​ទេ អ៊ីចឹង​ហើយ​បាន​ជា​ករណី​ខ្លះ​ ជន​ល្មើស​មិន​បាន​រាង​ចាល​ទេ​ គឺ​មាន​តែ​ប្រព្រឹត្ត​ឌឺដង​មក​វិញ​ក៏​មាន​ដែរ​ ព្រោះ​វាងាយ​ស្រួល​ពេក​ វ៉ៃ​ទៅលើ​គូស្នេហ៍ឬក៏​ប្រពន្ធ ឬ​ក៏ប្តី​ហើយ​ចាក់​ចេក​ចាក់​ស្ករ​ត្រូវ​គ្នា​វិញ​ទៅ​ចប់​ហើយ ដូច​ករណី នារី​​ល្បី​លក់​ឡេ​ឈ្មោះ​ថៃ​ ស្រី​នាងដែល​ត្រូវ​​គូស្នេហ៍​​ទឹម​ សាវុ​​ធ វ៉ៃ​រហូត​ដល់​ទៅ​​ ១៣០​ ដង​ជាដើម។

ករណី​នេះ​ធ្វើ​ឲ្យ​សមត្ថ​កិច្ច​ខ្មាសគេ​លើ​គោក​តែម្តង បើ​មិន​ជួយ​ស្ត្រីគេ​ថា សមត្ថ​កិច្ច​ហ្នឹង​ ស៊ី​សំណូក​ខាង​ជន​ដៃ​ដល់ ឬ​ក៏​មិន​ចាត់​ការ​ព្រោះ​ជន​រង​គ្រោះ​ហ្នឹង​ក្រីក្រ​មិន​ល្បី ​តែ​ដល់​ពេល​ជួយ​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ស៊ើប​អង្កេត​ទៅ​តាម​នីតិវិធី​វិញ បែរ​ទៅ​ជា​ជន​រង​គ្រោះ​ ដក​ពាក្យ​បណ្តឹង​ចេញ​ធ្វើ​មិន​ដឹង​។

បើ​ផ្អែក​ទៅ​លើ​ផ្លូវ​ច្បាប់​វិញ ការ​ដក​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ​គឺ​បាន​តែ​ករណី​ស្រាល​ទេ ដូច​នៅ​ក្នុង​មាត្រា ៣៦ នៃ​ច្បាប់​ស្តីពី​ការ​ទប់​ស្កាត់​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការ​ពារ​ជន​រង​គ្រោះ​​លើក​ឡើង​ថា​៖ «ការ​ចោទ​ប្រកាន់​ជា​បទ​ល្មើស​ព្រហ្មទ​ណ្ឌ​ ពុំ​អាច​ធ្វើ​បាន​ឡើយ បើ​មាន​សំណើ​ជន​រង​គ្រោះ​ជានីតិ​ជន​ដោយ​បទ​ល្មើ​ស​​នោះ​ ជា​បទ​មជ្ឈិម​ស្រាល ឬ​បទ​លហុ​។​ ក្នុង​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​កើត​ឡើង​ជាថ្មី​ម្តង​ទៀត ដែល​ល្មើស​ហ្នឹង​ច្បាប់​ព្រហ្ម​ទណ្ឌ តុលាការ​ត្រូវ​ចោទ​ប្រកាន់​ជន​មុខ​សញ្ញា​រូប​នោះ តាម​នីតិ​​វិ​​​​ធី​ព្រហ្ម​ទណ្ឌ បើ​ទោះ​បី​ជាមាន​ការ​ស្នើ​សុំ​ពី​ជន​រងគ្រោះ​ម្តង​ទៀត​ក៏ដោយ»។

ក្នុង​ករណី​ឈ្មោះ​​ស្រី​នាង ​បាន​ប្តឹង​ចំពោះ​មុខ​សមត្ថ​កិច្ច​នេះ ​គឺ​អំពើ​ហិង្សា​ធ្លាប់​កើត​ឡើង​ ១៣០ ដង​រួច​មក​ហើយ​ ចំពោះ​នាងហើយ​មើល​ទៅ​ការ​វាយ​ដំ​មក​លើគាត់​ ហាក់​បី​ដូច​ជា​ធ្ងន់​ធ្ងរ​បែក​មុខ​ ជាំពេញ​ខ្លួន​បោក​នឹង​គ្រែ​ហើយ បាន​ជា​​សមត្ថ​កិច្ច​ដុត​ដៃ​ដុត​ជើង ​ទៅ​ធ្វើ​អន្តរា​គមន៍​។ ចំពោះ​ករណី​របួស​ជាក់​​ស្តែង​បែប​នេះ ចង់​មិន​ចង់​គឺ​សមត្ថ​កិច្ច និង​តុលាការ​ ត្រូវ​កោះ​ហៅ​ជន​ប្រព្រឹត្ត​បទ​ល្មើស ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះស្រី​នាង​មកសា​កសួ​រ និង​បំភ្លឺ​នៅ​តុលាការ​សិន មិន​មែន​គ្រាន់​តែ​​ជន​រង​គ្រោះ​ ដក​ពាក្យ​បណ្តឹ​ង​ ​ថា​ចប់​រួច​រាល់​សំងំ​ស្ងាត់ៗ​យក​រួច​ខ្លួន​ទេ។

តុលាការ​មិន​មែន​ផ្សារ​ត្រី ទិញ​ហើយ​ដូរ​វិញ​បាន​ស្រួលៗ​នោះ​ទេ។ ករ​ណី​​នេះ​ បើ​តុលាការ​មិន​បាន​កោះ​ហៅ​ជន​ល្មើស​មក​បំភ្លឺ​ថា តើ​ទំហំ​នៃ​ការ​វាយ​ដំ​មក​លើជន​រង​គ្រោះស្រី​នាង​ហ្នឹង​ស្រា​ល ឬ​ក៏ធ្ងន់​ប៉ុនណា​នោះ​? គឺ​ទី​១)​ បាត់​បង់​ជំនឿលើ​​តុលាការ​ផង និង​ធ្វើ​ឲ្យ​មុខ​មា​ត់​សមត្ថ​កិច្ច​ខ្មាស​គេ​ផងខំ​អនុវត្ត​ទៅ​តា​ម​នីតិវិធី​ បែរ​ជា​តុលាការ​ ធ្វើ​មិន​ដឹង​មិន​ឮ​ទៅ​វិញ​។ ​ទី២) បទ​ពិសោធនេះ​ហើយ ដែល​អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ករណី​ឃាត​កម្ម​សាហាវៗ​មក​លើ​អ្នក​ដែល​រស់​នៅ​ជាមួយ​គ្នា​បា​ន​ដោយ​សារ​មិន​បាន​ដោះ​ស្រាយ​តាំ​ង​ពី​នៅ​ករណី​តូច​តាច​នេះធ្វើ​ឲ្យ​សមត្ថកិច្ច​​ប៉ូលិស​ពិបាក​ទប់​ស្កាត់​ស្ថានការណ៍​សម្លាប់​អ្នក​រស់​នៅ​ជាមួយ​គ្នា​នោះ។

ហេតុ​ដូច្នេះ​ហើយ រាល់​សកម្ម​ភាព​ណា​ដែល​គិត​ថា អាច​បង្ក​ជា​បញ្ហា​ហិង្សា​ធ្ងន់​ធ្ងរ និង​ឃាត​កម្ម​សាហាវ​បា​ន​​នោះគឺ​ត្រូវ​តែ​មាន​ការ​ចូល​រួម​ការ​ទប់​​ស្កាត់​ ពីគ្រប់​មជ្ឈ​ដ្ឋាន និង​ការ​អនុវ​ត្ត​ច្បា​ប់ ដើម្បី​ដោះស្រាយ​បញ្ហា​តាំង​ពីកកើត​ឡើង​​តូច​តាច​មក​ ព្រោះ​ករណី​ដែល​មនុ​ស្ស​ស្គាល់​គ្នា រស់​នៅជា​មួយ​គ្នា​នេះ​ គឺងាយ​នឹង​ធ្វើ​សកម្មភាព​ប្រព្រឹ​ត្ត​បទ​ល្មើស​ណាស់​។ ម្យ៉ាង​វិញ​ទៀត​ការ​ផ្សព្វ​ផ្សាយ​ស្រានិង​ស្រា​បៀរគួរ​បង្ហា​ញ​សារ​ «បើ​ផឹក​ស្រា កុំ​ប្រើ​អំពើ​ហិង្សា!» ​ឲ្យ​ដូច​បើ​ស្រវឹង​ កុំ​បើកបរ​ផងដែរ។

ជា​មួយ​គ្នា​នេះ​ដែរ ​ម្នាក់​ៗ​គួរ​តែ​រិះគន់​អ្នក​ដែល​ពន្យុះ​ឲ្យ​មាន​អំពើ​ហិង្សា និង​អ្នក​ដែល​បង្ហោះ​រូប​ភាព​សាហាវ​ៗ​នៅ​លើ​ហ្វេស​ប៊ុក ព្រោះ​វា​ធ្វើ​ឲ្យ​ជន​ល្មើស​ងា​យ​នឹង​ធ្វើ​ត្រាប់​តាម​ដូច​អ្វី​ដែល​ពួក​គេ​ធ្លាប់​ឃើញ​គេធ្វើនោះ​។ រីឯ​សមត្ថ​កិច្ច ​ក៏ត្រូ​វ​តែពង្រឹង​សមត្ថ​ភាព​ខ្លួនតាម​រយ:​ការ​បណ្តុះ​បណ្តាល​បំប៉ន​ផ្នែក​ស៊ើប​អង្កេ​​ត ​ករណី​ហិង្សា​ និង​ឃាត​កម្ម​អ្នក​ស្គាល់​គ្នា​ ឬក៏​អ្នក​រស់​នៅ​ជាមួយ​គ្នាប​ន្ថែម​ ឲ្យ​បាន​ស៊ីជម្រៅ​ផងដែរ៕​

ចូល​រួ​ម​ផ្តល់​យោ​បល់​តាម​រយៈ​ soprach.ton​g@phnompenhpost.com