នៅក្នុង​ដំណើរការ​កសាង​ប្រទេស​កម្ពុជា​ត្រូវ​ជួប​នឹង​បញ្ហា​ប្រឈម​ ២ នៅក្នុង​ទំនាក់ទំនង​ជាមួយ​តួអង្គ​បរទេស ដែល​មាន​បំណង​ចាក់ពុម្ព​កម្ពុជា​ឱ្យ​ក្លាយជា​ទម្រង់​ប្រជាធិបតេយ្យ​ស្រមើស្រមៃ ដែល​ល្អ​គ្មាន​ ២ ​ក្នុង​លោក​ជាមួយ​នឹង​តួអង្គ​ក្នុង​​ស្រុក​ដែល​មាន​គោលនយោបាយ​សម​តាម​បំណងប្រាថ្នា​របស់គេ​។

បញ្ហា​ប្រឈម​ដំបូង​គឺ​ “​អន្តរភាវូបនីយកម្ម​នៃ​បញ្ហា​ក្នុង​ស្រុក​​របស់​កម្ពុជា​” ហើយ​បញ្ហា​មួយ​ទៀត​គឺ “​ការប្រើ​ទ្រឹស្តី​អាយ៉ង​​ចំពោះ​កម្ពុជា​”​។ ការចោទ​ប្រកាន់​អំពី​ទ្រឹស្តី​អាយ៉ង​គឺ​មាន​​ជាយូរ​មកហើយ ហើយ​ម្ចាស់​អាយ៉ង​អាច​ផ្លាស់ប្តូរ​ស្រប​តាម​បរិបទ​នៃ​ពេលវេលា និង​ទិដ្ឋភាព​​ភូមិសាស្ត្រ​នយោបាយ​។ បញ្ហា​ប្រឈម​ទាំង​ ២ ​នេះ​បង្កើត​បាន​​ជា​សម្ពាធ និង​ការរាំងស្ទះ​ដល់​ការអភិវឌ្ឍ​នយោបាយ និង​​សេដ្ឋកិច្ច​ក្នុង​ប្រទេស​របស់​កម្ពុជា​​ និង​ធ្វើឱ្យ​មាន​ការងឿងឆ្ងល់​​ថា តើ​កម្ពុជា​ជា​ប្រទេស​របស់​អ្នក​ណា​?


មិន​ថា ក្នុង​បរិបទ​តំបន់ ឬ​សកល កម្ពុជា​គឺជា​ប្រទេស​កម្រ​មួយ​ដែល​បញ្ហា​ផ្ទៃក្នុង​របស់ខ្លួន​មាន​ការទាក់ទាញ​​ឥតឈប់ឈរ​នូវ​ចំណាប់​អារម្មណ៍ និង​អន្តរាគមន៍​ពី​តួអង្គ​​ខាងក្រៅ​តាំងពី​អ្នក​សរសេរ​​ឯករាជ្យ​រហូត​ដល់​តំណាងរាស្ត្រ​ឆ្លងដែន​។


បើ​អ្នកសរសេរ​ឯករាជ្យ​សរសេរ​អាក្រក់​ពី​កម្ពុជា យើង​អាច​យល់​បាន ព្រោះ​នោះ​ជា​មុខរបរ​របស់​ពួកគេ ប៉ុន្តែ​យើង​មិន​យល់​ទាល់តែ​សោះ​ដែល​អ្នក​តំណាងរាស្ត្រ​បរទេស ដែល​មាន​បញ្ហា​ក្នុងស្រុក​គរ​ដូច​ភ្នំ បែរជា​មាន​ពេល​មក​ខ្វាយខ្វល់​បញ្ហា​ក្នុង​ស្រុក​របស់​កម្ពុជា​។ ​ភាពខ្វះ​ចន្លោះ​របស់​កម្ពុជា​បាន​ក្លាយជា​ឈ្នាន់​ដ៏ងាយស្រួល​ក្នុង​ការបង្កើន​ប្រជាប្រិយភាព​នយោបាយ​ក្នុង​ស្រុក​របស់​ពួក​បរទេស​ទាំងនោះ​។


បច្ចុប្បន្ននេះ​គួរ​ឱ្យ​សោកស្តាយ​​ផងដែរ ដែល​នរណាៗ​ក៏​អាច​ក្លាយ​ទៅ​ជា​អ្នកជំនាញ​ខាង​នយោបាយ​ការបរទេស ឬ​ជំនាញ​ពី​បញ្ហា​របស់​កម្ពុជា​ដោយ​គ្រាន់តែ​ប្រមែប្រមូល និង​ចម្លង​អត្ថបទ​ដែល​វាយប្រហារ​មកលើ​កម្ពុជា​ដែល​មាន​ស្រាប់ៗ​​នៅលើ​អ៊ីនធឺណិត ទោះបី​ជា​​ពួកគេ​មិន​ដែល​ស្គាល់​ស្រុក​ខ្មែរ​សោះ មិនដែល​ជួប ឬ​និយាយ​ជាមួយ​មនុស្ស​ផ្ទាល់​ ឬ​ក៏​ធ្លាប់​មក​ស្រុក​ខ្មែរ​ ២-៣ ​ឆ្នាំ ឬក៏​មិន​ដែល​មាន​ប្រវត្តិ​ធ្វើការងារ​​អ្វី​ទាល់តែ​សោះ​។ ​ទោះបី​ជា​ការរិះគន់​ចោទប្រកាន់​របស់​ពួកគេ​ស្តាប់ទៅ​ដូចជា​សម​ហេតុផល​ក៏ដោយ នៅក្នុង​ការអនុវត្ត​ជាក់ស្តែង ការរៀបចំ​គោលនយោបាយ និង​ការអនុវត្ត​គោល​នយោបាយ​នីមួយៗ មិនមែន​ជា​ខ្សែបន្ទាត់​ដែល​រត់​ត្រង់​គ្មាន​ដាច់​នោះទេ ហើយ​ការលំបាក​ក្នុង​ការសម្របសម្រួល​រវាង​ពហុតួអង្គ និង​ស្ថាប័ន​គឺ​មាន​តែ​​បុគ្គល​ដែល​ធ្លាប់​ឆ្លងកាត់​បទពិសោធ​ការងារ​ជាក់ស្តែង​ប៉ុណ្ណោះ​​ដែល​អាច​យល់បាន​។


ដោយហេតុ​នេះហើយ អ្វី​ដែល​ពួកគេ​គិតថា គេ​ស្គាល់ និង​យល់ច្បាស់​ពី​កម្ពុជា​គឺ​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការត្រងត្រាប់ និង​ចម្លង​តាម​នូវ​រាល់​សេចក្តី​អធិប្បាយ និង​រូបភាព​អាក្រក់​របស់​កម្ពុជា ដែល​ត្រូវបាន​គេ​រៀបចំ​រួចស្រេច​ទៅហើយ​។ ប៉ុន្តែ​ពួកគេ​នៅ​តែ​ជឿជាក់ថា ពួកគេ​ជា​អ្នក​សង្គ្រោះ​ដែល​អព្យាក្រឹត គ្មាន​និន្នាការ​នយោបាយ និង​ឯករាជ្យ​។


ជាមួយ​នឹង​សេចក្តី​ស្រេក​ឃ្លាន​ភាពអវិជ្ជមាន​របស់​កម្ពុជា តួអង្គ​បរទេស​ទាំងនោះ​តែង​មាន​វិប្បដិសារី​ ២​។​ ទី​ ១ គឺ​ពួកគេ​សោកស្តាយ​ដែល​បរាជ័យ​ក្នុង​ការដក​តួអង្គ​រដ្ឋាភិបាល​បច្ចុប្បន្ន​ចេញពី​ស្ថាប័ន​គ្រប់គ្រង​រដ្ឋ​នៅពេល​ដែល​គេ​មាន​ឱកាស​ធ្វើ​អន្តរាគមន៍​នៅក្នុង​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​ ១៩៩៣​។ វិប្បដិសារី​ទី​ ២ គឺ​ពួកគេ​សោកស្តាយ​ដែល​មិនបាន​មកជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ដែល​ជឿ​ស៊ប់​លើ​លទ្ធិ​ប្រជាធិបតេយ្យ នៅពេល​ដែល​កម្ពុជា​បាន​ធ្លាក់​ទៅក្នុង​បាតដៃ​ប្រឡាក់​ឈាម​នៃ​របប​ប៉ុលពត​។

វិប្បដិសារី​ទាំងនេះ​មាន​ចំណុច​​រួមគ្នា​នៅត្រង់​ថា នេះ​គឺជា​ការពិចារណា​ដែល​គ្មាន​ធាតុ​ចូល​ពី​ប្រជាជន​ម្ចាស់​ស្រុក​ទាល់តែសោះ​។ គឺ​ពួកគេ​យក​ល្អ​តែ​ខ្លួន​ឯង​សុទ្ធសាធ​។

វិប្បដិសារី​ទី​ ២ របស់​ពួកគេ​គឺជា​រឿង​ធម្មតា​ទៅហើយ​ព្រោះ​​គ្មាន​ប្រទេស​ណាមួយ ឬ​ក្រុម​ប្រទេស​ណាមួយ​អាចមាន​យន្តហោះ ឬ​កប៉ាល់​គ្រប់គ្រាន់ ឬ​ធនធាន​សង្គមកិច្ច​គ្រប់គ្រាន់ ដើម្បី​ទទួល​ជនភៀសខ្លួន​ដោយសារ​សង្គ្រាម ដែល​ជឿ​លើ​មនោគមន៍​វិជ្ជា​របស់​ពួកគេ​នោះទេ​។ ឧទាហរណ៍​នាពេល​បច្ចុប្បន្ន ក៏​នៅតែ​មាន​មិន​ខ្វះ​។

ពិតណាស់​ថា តួអង្គ​បរទេស​អាច​ស្អប់ ឬ​ស្រឡាញ់​រាជរដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ ពេល​ខ្លះ​គេ​មិនអាច​បែងចែក​បានទេ​ថា តើ​ពួកគេ​កំពុងតែ​វាយប្រហារ​រាជរដ្ឋាភិបាល ឬ​ប្រទេស​កម្ពុជា​ទាំងមូល​។ ឧទាហរណ៍​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​កាលពី​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ អ្នក​រងគ្រោះ​គឺ​ប្រទេស​កម្ពុជា​ទាំងមូល​។ នៅក្នុង​អនុសញ្ញា​ទីក្រុង​វីយែន​ស្តីពី​ទំនាក់ទំនង​ការទូត​មាន​ចែងថា រាល់​កិច្ចការ​ផ្លូវការ​ត្រូវតែ​ធ្វើ​ជាមួយ​រដ្ឋ​ម្ចាស់​​ផ្ទះ ហើយ​តួនាទី​របស់​ស្ថាន​បេសកកម្ម​ការទូត​គឺ​ត្រូវ​ជំរុញ​ទំនាក់ទំនង​មិត្តភាព​រវាង​រដ្ឋ​​បញ្ជូន​ជាមួយ​នឹង​រដ្ឋ​ម្ចាស់ផ្ទះ​។ ប៉ុន្តែ អនុសញ្ញា​នេះ​ហាក់​ដូចជា​លែងមាន​ន័យ​អ្វី​ទៀតហើយ ព្រោះ​តួអង្គ​បរទេស​មួយ​ចំនួន​ប្រាស្រ័យ​ទាក់ទង​តែ​ជាមួយ​តួអង្គ​មិនមែន​រដ្ឋាភិបាល​ដែល​ពួកគេ​ជ្រើសរើស​ប៉ុណ្ណោះ​។

នៅក្នុង​ប្រវត្តិសាស្ត្រ​សម័យ​​ទំនើប​របស់ខ្លួន​ប្រទេស​កម្ពុជា​គឺជា​សាកលវិទ្យាល័យ​ជីវិត​ពិត​សម្រាប់​ការធ្វើ​ពិសោធន៍​នៃ​របប​ដឹកនាំ​មនោគមន៍វិជ្ជា​ផ្សេងៗ បូករួម​ទាំង​ទម្រង់​ដឹកនាំ​ដែល​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ទម្រាំ​តែ​កម្ពុជា​បាន​ចង​យុថ្កា​កំណត់​យក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​​រដ្ឋធម្មនុញ្ញ ធ្វើជា​របប​គ្រប់គ្រង​របស់ខ្លួន​។ យ៉ាងណាក្តី​ភាពរឹងមាំ និង​ម៉ឺងម៉ាត់​នៃ​រដ្ឋធម្មនុញ្ញ​​របស់​កម្ពុជា​ទាក់ទង​នឹង​គោលការណ៍​នៃ​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ​ និង​អភិក្រម​នយោបាយ​ការបរទេស​នៅតែ​មិន​អាច​ពន្យល់​តួអង្គ​បរទេស​ទាំងនោះ​ឱ្យ​យល់ និង​ជឿ​បាន​។ សម្រាប់​​ពួកគេ ការផ្លាស់ប្តូរ​រដ្ឋាភិបាល​ហាក់បី​ដូចជា​ដំណោះស្រាយ​តែ​ ១ ​គត់​ឆ្ពោះ​ទៅ​រក​ភាពល្អ​​ឥតខ្ចោះ​នៃ​លទ្ធិប្រជាធិបតេយ្យ​​ និង​ការផ្លាស់ប្តូរ​គោលនយោបាយ​របស់​ប្រទេស​កម្ពុជា​។

វិធីសាស្ត្រ​របស់​ពួកគេ​គឺ​ដូច​អ្វីដែល​ខ្មែរ​យើង​ហៅថា “​កាត់ក្បាល​តម្រូវ​មួក​”​។

ពួកគេ​មាន​ជំនឿ​ថា កម្ពុជា​​កំពុង​ត្រូវបាន​គ្រប់គ្រង​ដោយ​បុគ្គល​មួយ​ក្តាប់​តូច ដោយ​ក្រុម​អេលីត ឬ​ស្ថាប័ន​ដែល​ប្រជាជន​ធម្មតា​មិនអាច​ប៉ះពាល់​បាន​។

ប៉ុន្តែ​និន្នាការ​ស្អប់​ស្ថាប័ន​គ្រប់គ្រង​គឺ​មាន​ស្ទើរ​គ្រប់​ប្រទេស ហើយ​ជាទូទៅ​គេ​ចូលចិត្ត​ប្រើ​និន្នាការ​នេះ​ឡូកឡំ​ជាមួយ​នឹង​នយោបាយ​ប្រជាភិថុត ដើម្បី​បញ្ឆេះ​កំហឹង​ពលរដ្ឋ​។ អ្វីដែល​គួរឱ្យ​កត់សម្គាល់​ដែរនោះ​គឺថា រាជរដ្ឋាភិបាល​មិនអាច​ធ្វើ​មិនដឹង​មិនឮ​ចំពោះ​សំឡេង និង​ការឈឺចាប់​របស់​ប្រជាពលរដ្ឋ​នោះទេ នៅពេល​ដែល​ពលរដ្ឋ​អាច​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​គណនី​ហ្វេសប៊ុក​របស់​នាយក​រដ្ឋមន្ត្រី​។

ជាមួយ​នឹង​រយៈពេល​តែ​ ២០ ​ឆ្នាំ​នៃ​សន្តិភាព​ពេញលេញ និង​ឱកាស​ក្នុង​ការកសាង​ស្ថាប័ន​​រដ្ឋ​វា​ជា​អកុសល​ដែល​អ្នកខ្លះ​បានចាប់ផ្តើម​មើលស្រាល​សន្តិភាព​រួចទៅហើយ ហើយ​រិះគន់​រាជរដ្ឋាភិបាល​ថា បាន​ប្រើប្រាស់​កេរដំណែល​សន្តិភាព​​យូរពេក​។ ​ក្នុង​នាម​ជា​ប្រទេស​ក្រោយ​ជម្លោះ​ដែល​មិនមាន​ស្ថាប័នរដ្ឋ​ទាល់តែ​សោះ​តាំងពី​ដំបូង​មក​ ប៉ុន្តែ​នៅតែ​អាច​​ទទួល​បាន​នូវ​សន្តិភាព​ប្រកប​ដោយ​ចីរភាព កំណើន​សេដ្ឋកិច្ច​ខ្ពស់ ការកាត់បន្ថយ​ភាព​ក្រីក្រ និង​កម្រិត​ប្រជាធិបតេយ្យ​ជាក់លាក់​មួយ​កម្ពុជា​គឺជា​ឧទាហរណ៍​ប្រវត្តិសាស្ត្រ​ដ៏កម្រ​បំផុត​​មួយ​។ ​ប្រទេស​ផ្សេងទៀត​ដែលមាន​ស្ថានភាព​ប្រហាក់ប្រហែល​គ្នា​ដូច​ប្រទេស​កម្ពុជា​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ និង​ ១៩៩០ កំពុងតែ​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​ផ្ទៃក្នុង​នៅឡើយ ហើយ​គ្មាន​តួអង្គ​បរទេស​ណា​ចង់​ខ្វាយខ្វល់​ពី​ពួកគេ​ទៀត​ទេ​។

សន្តិភាព​ប្រៀបបី​ដូចជា​អុកស៊ីហ្ស៊ែន​ដែល​មនុស្ស​យើង​ពេលខ្លះ​មិន​យកចិត្ត​ទុកដាក់​។ ដោយសារ​ជំងឺ​រាតត្បាត​កូវីដ​១៩ នៅពេល​គេ​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​គ្រប់គ្នា ទើប​យើង​ចាប់ផ្តើម​ចាប់អារម្មណ៍​ពី​សារៈសំខាន់​នៃ​ការដកដង្ហើម​អុកស៊ីហ្ស៊ែន​បរិសុទ្ធ ដោយ​គ្មាន​របាំង​រាំងស្ទះ​។ ទាល់​តែ​មាន​អស្ថិរភាព​ទើប​គេ​ភ្ញាក់រឭក​ពី​សារៈសំខាន់​នៃ​សន្តិភាព​។

បើ​មើល​លើ​ការវិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល ៧ ​ទសវត្សរ៍​បន្ទាប់ពី​សង្គ្រាម​លោកលើក​ទី​ ២ តួអង្គ​បរទេស​គួរតែ​សប្បាយចិត្ត​ជាមួយ​នឹង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​​ក្នុង​នាម​ជា​ប្រជាជាតិ​មួយ​ដែល​លែងមាន​សង្គ្រាម​ស៊ីវិល និង​លែង​នាំ​បញ្ហា​របស់ខ្លួន​ទៅឱ្យ​ពិភពលោក​ខាងក្រៅ​ឈឺក្បាល​។

ឥឡូវនេះ​ប្រទេស​កម្ពុជា​កំពុង​​បញ្ជូន​អ្នក​ថែរក្សា​សន្តិភាព​​របស់ខ្លួន​ទៅ​ក្រៅប្រទេស ទោះបី​ជាមាន​ហានិភ័យ​ធ្ងន់ធ្ងរ​នៃ​​ការឆ្លង​ជំងឺ​កូវីដ ១៩ យ៉ាងណាក្តី​។ ជាមួយ​នឹង​ធនធាន​តិចតួច​របស់ខ្លួន កម្ពុជា​នៅ​តែ​មាន​សេចក្តី​មេត្តា​ជា “​ប្រទេស​តូច​​ដែល​មាន​បេះដូង​ធំ​” ដែល​សុខចិត្ត​ទទួល​ដោះស្រាយ​វិបត្តិ​​មនុស្សធម៌​របស់​កប៉ាល់​ទេសចរណ៍ Westerdam​។ កម្ពុជា​បាន​គាំទ្រ​ដល់​ពហុភាគី​និយម​ និង​កិច្ចសហប្រតិបត្តិការ​ត្បូង​ត្បូង​ (South-South coope-ration) ​ដូចជា តាមរយៈ​ការផ្តល់​ម៉ាស់​ និង​សម្ភារ​វេជ្ជសាស្ត្រ​​ដល់​ប្រទេស​មីយ៉ាន់ម៉ា ឡាវ និង​ទីម័រ​ខាងកើត​ដើម្បី​គាំទ្រ​ដល់​​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

ទោះបី​ជា​មាន​ការពិត​ទាំងអស់​ដូចខាងលើ​ស្តីពី​សន្តិភាព​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការចូលរួម​វិភាគទាន​ទៅក្នុង​សហគមន៍​អន្តរជាតិ​ក៏ដោយ​ក៏​តួអង្គ​បរទេស​ទាំងនោះ​មិន​អាច​ផ្តល់​កិត្តិយស​ដល់​ប្រទេស​កម្ពុជា​បានដែរ ព្រោះ​ពួកគេ​ខ្លាច​គេ​មើលឃើញ​ថា គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។

នៅពេល​អនាគត​ខាងមុខ បញ្ហា​ប្រឈម​ទាំង​ ២ ​នឹង​នៅតែ​មាន​ហើយ​នៅតែ​បង្ក​ជា​ឧបសគ្គ​​ដល់​ការអភិវឌ្ឍ​នយោបាយ ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ និង​ជាន់ពន្លិច​ភាព​ជា​ម្ចាស់​ប្រទេស​របស់​កម្ពុជា​។ ប្រទេស​កម្ពុជា​គួរតែ​បន្ត​ដើរ​លើ​មាគ៌ា​​របស់ខ្លួន ហើយ​គួរតែ​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​គោលដៅ​របស់ខ្លួន​ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អ្វី​ដែល​ខ្លួន​ចង់បាន​នោះ​គឺ​ការសម្រេច​បាន​នូវ​ប្រទេស​ជាតិ​មួយ​ដែល​មាន​សន្តិភាព វិបុលភាព​រុងរឿង និង​ឯករាជ្យ​ជា​ដរាប និង​ជា​ប្រជាជាតិ​មួយ​ដែល​យកចិត្ត​ទុកដាក់​ដល់​សុខុមាលភាព​របស់​ប្រជាជន​ខ្លួន​៕

ស៊ឹម វីរៈ ​ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI)