ចាប់តាំងពី​មេរោគ​ផ្លូវដង្ហើម​ថ្មី​ដែល​ហៅថា Covid-19 ត្រូវ​បាន​គេ​រាយកាណ៍​ជា​លើកដំបូង​ថា​ជា​បញ្ហា​សុខភាព​ពិភពលោក នាវា​ទេសចរណ៍​បាន​ទទួលរង​គ្រោះ​ដ៏អាក្រក់​បំផុត បន្ទាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍​។

បទពិសោធ​របស់​មនុស្ស​ដែល​បាន​ជាប់​នៅលើ​នាវា​ទេសចរណ៍ Diamond Princess ដំបូង​ដោយសារ​តែ​មេរោគ Covid-19 នេះ គឺជា​រឿង​ដែល​មិនអាច​នឹកស្មាន​ដល់​។ នាវា​ទេសចរណ៍​នេះ​ត្រូវបាន​បដិសេធ​មិន​ឱ្យ​ចូល​ចត​នៅ​កំពង់ផែ​នៃ​ទឹកដី​របស់​​ប្រទេស​មួយ​ទៅ​ប្រទេសមួយ​ទៀត តែ​នៅពេល​ទៅដល់​ប្រទេស​ដើម​ខ្លួន​វិញ គឺ​ប្រទេស​ ជប៉ុន​ បែរជា​ត្រូវ​ជាប់ឃុំ​ ដើម្បី​សង្កេត​សុខភាព​ដែល​ការធ្វើ​ដូច្នេះ​ធ្វើឱ្យ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​ Covid-19 កើន​ដល់​ជាង​ ៦០០ ​នាក់ និង​ធ្វើឱ្យ​ជនជាតិ​ជប៉ុន​ ២ ​នាក់​ស្លាប់​ថ្មីៗ​នេះ​។


ចំពោះ​នាវា​ទេសចរណ៍ MS Westerdam ដែល​ជា​នាវា​របស់​អាមេរិក​ដែល​ដឹក​អ្នកដំណើរ និង​នាវិក​ជាង​ ២ ២០០ ​នាក់​ បាន​រងគ្រោះ​ស្រដៀង​គ្នា​។ នាវា​នេះ​ត្រូវ​បាន​គេ​បដិសេធ​មិនឱ្យ​ចូល​ផែ​នៅក្នុង​ប្រទេស​មិនតិច​ជាង​ ៥ ​នោះ​ទេ ដែល​មាន​ជប៉ុន តៃវ៉ាន់ ហ្វីលីពីន ថៃ និង ទឹកដី​កោះហ្គាំ (Guam) របស់​អាមេរិក​។


អ្នកដំណើរ​ និង​នាវិក​នៅលើ​​នាវា​នេះ​ត្រូវបាន​អណ្តែត​ដោយ​​គ្មាន​ភាពប្រាកដប្រជា និង​មិន​ត្រូវ​បាន​គេ​យកចិត្ត​ទុកដាក់​។


គ្មាន​ប្រទេស​ណាមួយ​ចង់​ជួយផ្តល់​ចំណត​នោះទេ​។ ការអាណិត​អាសូរ​បាន​បាត់បង់​អស់​​ ខណៈ​ដែល​អ្នកនយោបាយ​ប្រឈម​នឹង​សម្ពាធ​ផ្ទៃក្នុង​ឱ្យមាន​ការប្រុងប្រយ័ត្ន​ហួសហេតុ​។


ពិតណាស់ វា​ជា​សិទ្ធិ​របស់​ប្រទេស​នីមួយៗ​ក្នុង​ការការពារ​​ពលរដ្ឋ និង​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន ប៉ុន្ដែ​ពេលខ្លះ​គេ​ក៏​មើលរំលង​បញ្ហា​សិទ្ធិមនុស្ស​ដែល​ធ្វើ​ដំណើរ​លើក​ប៉ាល់​យ៉ាង​​ខ្លាំង​ដែរ​។


នាវា Westerdam ថ្វីបើ​ពីដំបូង​ស្រដៀង​នាវា Diamond Princess,​ប៉ុន្តែ​គេ​មាន​វាសនា​ខ្ពស់ជាង ព្រោះ​ត្រូវ​បាន​កម្ពុជា​​ជម្នះ​កិច្ចការ​ដ៏លំបាក​ដោយ​បង្ហាញ​ការអាណិតអាសូរ និង​​អនុញ្ញាត​ឱ្យ​នាវា​នេះ​ចូល​ចត​នៅ​កំពង់ផែ​នៃ​ខេត្ត​ព្រះសីហនុ​ ដើម្បី​ផ្តល់ជំនួយ​ទាំង​ផ្នែក​ភ័ស្តុភារ និង​សុខាភិបាល​។

ប្រទេស​កម្ពុជា​បាន​បង្ហាញ​ផ្លូវ​នៃ​ការអាណិតអាសូរ​ចំពោះ​ជនជាតិ​ចំនួន​ ៤១ ដែល​ជិះ​លើ​នាវា​ដែល​ភាគច្រើន​ជា​ជនជាតិ​អាមេរិក កាណាដា អង់គ្លេស និង​ហូឡង់​។

កម្ពុជា​បាន​ធ្វើ​រឿង​ត្រឹមត្រូវ​ហើយ​សម​នឹង​ទទួល​បាន​ការកោតសរសើរ​ពី​ការបង្ហាញ​ផ្លូវ​ទៅ​​លើ​អត្ថន័យ​នៃ​ភាព​ជា​អ្នកដឹកនាំ​ពិតប្រាកដ​ដោយ​គោរព​នូវ​នីតិវិធី​សុខភាព និង​សុវត្ថិភាព​ដែល​​កំណត់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ (WHO)​។

នីតិវិធី​ទាំងនោះ​តម្រូវ​ឱ្យ​មាន​​ការពិនិត្យ​សុខភាព និង​យក​សំណាក​ទៅ​វិនិច្ឆ័យ​ក្នុង​មន្ទីរ​ពិសោធន៍​តែ​ទៅលើ​អ្នក​ដែល​មាន​រោគសញ្ញា​ចំនួន​ ២០ ​នាក់​ ចំពោះ​អ្នកដំណើរ និង​នាវិក​ផ្សេងទៀត​អ្នក​ដែល​គ្មាន​រោគសញ្ញា ការពិនិត្យ​ត្រូវ​ផ្អែកលើ​រង្វាស់​សីតុណ្ហភាព​ប៉ុណ្ណោះ​តាម​វិធីសាស្ត្រ​ស្តង់ដា​។

ប្រទេស​កម្ពុជា​ទទួល​បាន​ការកោតសរសើរ​ពី​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ត្រាំ (Donald Trump) អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesu អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​ Zurab Pololikashvili និង​ស្ថាប័ន​ជាច្រើន​ទៀត​។

សព្វថ្ងៃនេះ​អ្នកជំនាញ​ផ្នែក​សុខភាព​បាន​ឯកភាព​ថា ការដាក់​ឃុំ​អ្នកដំណើរ​ឱ្យនៅ​លើ​នាវា​ទេសចរណ៍​របស់ខ្លួន​ ដើម្បី​សង្កេត​សុខភាព​មិនមែន​ជា​វិធី​​ក្នុងការ​បញ្ឈប់​ការរីក​រាលដាល​​នៃ​ជំងឺ​ណាមួយ​ឡើយ​បើទោះ​ជា​មេរោគ Covid- 19 ក៏ដោយ​។

The Lancet ដែលជា​ទស្សនាវដ្តី​វេជ្ជសាស្ត្រ​ឯករាជ្យ និង​​អន្តរជាតិ​ឈាន​មុខ​គេ​មួយ​ដែល​ចេញផ្សាយ​ប្រចាំ​សប្តាហ៍​ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៨២៣ ​ដោយ​លោក​ Thomas Wakley បានផ្តល់​យោបល់​ដូចខាងក្រោម​ ដើម្បី​ផ្តល់​ជា​យុទ្ធសាស្ត្រ​សម្រាប់​​ដោះស្រាយ​បញ្ហា​មេរោគ​ Covid-19​។ The Lancet លើកឡើង​ថា ការអាណិតអាសូរ​គួបផ្សំ​នឹង​វិធីសាស្ត្រ​ឧត្ដមានុវត្ត​អន្តរជាតិ​​គឺជា​ផ្លូវ​ដែល​ត្រូវ​ដើរ​។ កម្ពុជា​បាន​ជ្រើស​ជម្រើស​នេះ​។

រដ្ឋាភិបាល​កម្ពុជា​ព្រមទាំង​ស្ថាន​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ទាំងឡាយ​ដែលមាន​ពលរដ្ឋ​របស់​ខ្លួន​នៅលើ​នាវា Westerdam បាន​អនុវត្ត​ការប្រុងប្រយ័ត្ន​ទាំងអស់​។ កម្ពុជា​បាន​​បញ្ជូន​ក្រុម​វេជ្ជសាស្ត្រ​រួចជាស្រេច​ទៅកាន់​នាវា​ទេសចរណ៍ MS-Westerdam ដើម្បី​ពិនិត្យ​សុខភាព​អ្នកដំណើរ និង​នាវិក និង​​ដើម្បី​ធានា​អះអាង​ថា ពួកគេ​​គ្មាន​ជំងឺ​។ ​

ដោយឡែក​តាមរយៈ​ Twitter និង​រូបភាព​សារ​ផ្សាយ​ដោយ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក Patrick Murphy បាន​នាំ​ទាំង​ក្រុមគ្រួសារ​របស់​លោក​ទៅសួរ​សុខទុក្ខ​អ្នកដំណើរ​លើ​នាវា Westerdam នេះ​ដោយផ្ទាល់​។ ចំណែក​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ពួកគេ​បាន​ប្រមូល​លិខិតឆ្លងដែន​អ្នកដំណើរ​​ទាំងអស់​ ដើម្បី​ដំណើរការ​ទិដ្ឋាការ​សម្រាប់​ពួកគេ​បាន​ចុះ​ពី នាវា និង​ហោះហើរ​បន្តទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ​។

ការបង្ហាញ​ពី​ក្តី​អាណិតអាសូរ​ និង​ការជួយ​របស់​កម្ពុជា​ដល់​អ្នកដំណើរ​ទាំងនោះ មិនមែន​​ធ្វើ​ដោយ​មាក់ងាយ​បញ្ហា​ឆ្លង​មេរោគ​ Covid-19 នោះឡើយ​។

ប្រសិន​បើ​នរណាម្នាក់​អាច​ហៅ​ទង្វើ​នៃ​ការផ្តល់​ជំនួយ​មនុស្សធម៌​នេះ​ថា ជា​ការមើលស្រាល​បញ្ហា និង​យក​មេរោគ​ដាក់​ខ្លួន​នោះ គឺជា​ការយល់ឃើញ​របស់​​ពួកគេ​។ ​ប៉ុន្តែ​អ្នក​ទាំងនោះ​គួរ​រក​ព័ត៌មាន​ពី​វិធានការ​របស់​កម្ពុជា​ និង​បណ្ដា​អង្គទូត​ទាំងឡាយ​ឱ្យ​បាន​ច្បាស់លាស់​សិន​មុននឹង​វាយតម្លៃ​។

រាជរដ្ឋាភិបាល​កម្ពុជា​មិន​មាន​បំណង​ធ្វើឱ្យ​ពលរដ្ឋ​របស់​ខ្លួន​​ភ័យខ្លាច ហើយ​ប្រតិកម្ម​ដូច​ពលរដ្ឋ​នៅ​ប្រទេស​មួយ​ចំនួន​ដែល​បង្ក​ឱ្យ​ទៅ​ជា​ចលាចល​ដោយ​ឆ្មក់​ចូល​ផ្សារ​ទំនើប និង​ប្រមូល​ទំនិញ​ទុក​ដោយ​ភ័យខ្លាច​ ឬ​ដោយ​ដាក់​ការហាមឃាត់​ការធ្វើដំណើរ​​ចេញចូល និង​ការដាក់​នៅ​ដាច់​ដោយ​ឡែក​ពីគ្នា​ដោយ​គ្មាន​ការចាំបាច់​នោះឡើយ​។

ក្រុមការងារ​ថ្នាក់ជាតិ​ចំនួន​ ២ ត្រូវបាន​បង្កើតឡើង​។ ​ពួកគេ​កំពុង​សម្របសម្រួល​ជាមួយ​មន្ទីរពេទ្យ​ និង​គ្លីនិក​ឯកជន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដើម្បី​ពិនិត្យ​ និង​ដាក់​អ្នកជំងឺ​ណា​ដែល​មាន​រោគសញ្ញា​ដូច​ Covid-19 ​នៅ​ដាច់​ដោយឡែក​។

មន្ត្រី​សុខាភិបាល​ក៏​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ដើម្បី​ធ្វើតេស្ត​រក​មេរោគ​លើ​អ្នកដំណើរ​ទាំងអស់​ដែរ​តាម​ការស្ម័គ្រចិត្ត និង​ក្រោយពី​ការរក​ឃើញ​ថា​នៅ​ប្រទេស​ម៉ាឡេស៊ី​ថា ស្ត្រី​ជនជាតិ​អាមេរិកកាំង​ម្នាក់​អាយុ​ ៨៣ ​ឆ្នាំ​មាន​ផ្ទុក​វីរុស Covid-19 តែ​ប្តី​របស់គាត់​គ្មាន​ផ្ទុក​វីរុស​នេះឡើយ​។

ដូច​ប្រទេស​ដទៃទៀត​ដែរ ប្រទេស​កម្ពុជា​អនុវត្ត​យ៉ាង​តឹងរ៉ឹង​​នូវ​គោលការណ៍​ណែនាំ​របស់​​អង្គការ​សុខភាព​ពិភពលោក​ដែល​រួមមាន ការសម្របសម្រួល​​ថ្នាក់ជាតិ ការធ្វើ​ផែនការ ការផ្តល់ព័ត៌មាន​ពី​ហានិភ័យ និង​ក្រុម​ឆ្លើយតប​រហ័ស​តាម​សភាពការណ៍​។

កម្ពុជា​ក៏បាន​ដាក់​ការត្រួតពិនិត្យ​ចំណុច​ចូល​,​ត្រៀម​មន្ទីរពិសោធន៍​ជាតិ Pasteur ដើម្បី​ធ្វើតេស្ត​,​ផ្តល់​ឱវាទ លើ​ការទប់ស្កាត់ និង​ត្រួតពិនិត្យ​ការឆ្លង​មេរោគ​, អនុវត្ត​ការគ្រប់គ្រង​ករណី​ក៏ដូចជា ផ្តល់​ការគាំទ្រ ប្រតិបត្តិការ និង​ភ័ស្តុភារ​នៅ​​ពេល​ចាំបាច់​។

ដូច​លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន មាន​ប្រសាសន៍​ថា​៖ «​អ្នកដទៃ ឬ​ប្រទេស​ដទៃ អាច​យល់​ ឬ​ក៏​អាច​ចោទ​ជា​សំណួរ​ថា ចុះ​​បើ​មាន​ជំងឺ Corona នេះ​នៅលើ​នាវា តើ​កម្ពុជា​អនុញ្ញាត​ឱ្យ​ចូល​ទេ​? ​ខ្ញុំ​អាច​ឆ្លើយតប​យ៉ាងច្បាស់​ថា ប្រសិន​បើ​មាន​អ្នកជំងឺ​នេះ​នៅលើ​នាវា ខ្ញុំ​នឹង​ឱ្យចូល​យ៉ាងលឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន​។

មូលហេតុ​នៅត្រង់​ថា​ ប្រសិន​បើ​មាន​អ្នកជំងឺ​នៅលើ​នាវា​នេះ តើ​យើង​ទុក​ឱ្យ​អ្នកជំងឺ​ទាំងនោះ​ស្លាប់​នៅលើ​នាវា​នេះ​បន្ទាប់​ទៅ​សាកសព​តើ​ត្រូវ​ទម្លាក់ចោល​ក្នុង​ទឹកសមុទ្រ​ ឬ​ត្រូវ​ទុក​នៅលើ​នាវា​? ​នេះ​ជា​បញ្ហា​ដែល​ត្រូវ​ឃើញ​អំពី​បញ្ហា​ទទួល​ខុសត្រូវ​របស់​ពិភពលោក​ក៏ដូចជា​ការទទួល​ខុសត្រូវ​យើង​ក្នុងឋានៈ​ជា​សមាជិក​នៃ​សហគមន៍​អន្ដរជាតិ​ដែល​មាន​ការទទួល​​ខុសត្រូវ​...​តើ​ឱ្យ​យើង​និយាយ​​អំពី​ការគោរព​សិទ្ធិមនុស្ស​អ្វី​ទៅ​ប្រសិន​បើ​សិទ្ធិ​រស់រាន​មាន​ជីវិត​មិនបាន​គោរព​ផង​នោះ​»​។

ប្រៀបបាន​នឹង​ប្រផ្នូល​អ្នក​ដំណើរ​ម្នាក់​ជនជាតិ​អាមេរិក​អាយុ​ ៨៣ ​ឆ្នាំ​នៃ​នាវា MS Westerdam ត្រូវបាន​រកឃើញ​ថា​មាន​ផ្ទុកមេរោគ​ Covid-19 នៅពេល​គាត់​បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​បន្តដំណើរ​តាម​ជើងយន្តហោះ​ទៅកាន់​ប្រទេស​របស់គាត់​។ សំណួរ​ត្រូវបាន​លើកឡើង​ថា តើ​អាជ្ញាធរ​​កម្ពុជា​ធ្វើការ​ពិនិត្យ​សុខភាព​បាន​ល្អ​កម្រិតណា​? ​ការពិត​រយៈពេល​ជាក់លាក់​នៃ​ការចេញ​រោគសញ្ញា​ និង​ការបង្ក​មេរោគ​សម្រាប់ Covid-19 នៅតែ​មិនទាន់​ត្រូវ​បានដឹង​ច្បាស់​ពិតប្រាកដ​ទេ​។

អ្នក​ដែល​នៅក្នុង​នាវា Westerdam សុទ្ធតែ​បាន​ឆ្លង​ផុត​រយៈពេល​កំណត់​ដំបូង​ ១៤ ​ថ្ងៃ ​ដោយ​គ្មាន​រោគសញ្ញា​ហើយ​ទើប​កម្ពុជា​អនុញ្ញាតឱ្យ​ចាកចេញ​តាម​ការរៀបចំ​របស់​ស្ថានទូត​នៃ​ប្រទេស​នីមួយៗ​។ ដូច្នេះ​វា​ពិតជា​អាច​ទៅរួច​ដែល​អ្នកដំណើរ​មិនបាន​បង្ហាញ​អាការ​គ្រុនក្តៅ ឬ​រោគសញ្ញា​ណាមួយ​នៃ​ជំងឺ​នៅពេល​ត្រូវបាន​ពិនិត្យ​ដោយ​បុគ្គលិក​ពេទ្យ​របស់​កម្ពុជា​ ​ប៉ុន្តែ​បង្ហាញ​សញ្ញា​នៃ​ការឆ្លង​មេរោគ Covid-19 ប៉ុន្មាន​ម៉ោង​ក្រោយមក​នៅពេល​គាត់​បាន​ទៅដល់​ប្រទេស​ម៉ាឡេស៊ី​។

ការធ្វើ​តេស្ត​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដោយ​គ្មាន​ការឯកភាព​ពី​សាមីខ្លួន​ក្នុង​ករណី​គ្មាន​រោគសញ្ញា ដើម្បី​រក​មេរោគ​ទៅលើ​អ្នកដំណើរ​ និង​នាវិក​ទាំងអស់​នឹង​រំលោភ​លើ​សិទ្ធិ​បុគ្គល និង​មិនចាំបាច់​នោះទេ​បើ​យោង​ទៅ​តាម​នីតិវិធី​របស់​អង្គការ​សុខភាព​ពិភពលោក​។

ទស្សនាវដ្តី Lancet លើកឡើង​ថា ការ​ទុក​មនុស្ស​ឱ្យ​ជាប់គាំង​នៅក្នុង​កន្លែង​បិទ​ជិត​គឺជា​រឿង​មិនល្អ​នោះទេ​។

ប្រទេស​ ជប៉ុន​ ត្រូវបាន​គេ​រិះគន់ ​“​ខ្លះៗ​” ​ចំពោះ​បញ្ហា​នេះ​ ប៉ុន្តែ​រដ្ឋាភិបាល​ប្រទេស​ទាំងឡាយ​ដែលមាន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ក្នុង​នាវា Diamond Princess មិនបាន​ទិតៀន​ជប៉ុន ទេ​ទាក់ទង​ចំណាត់ការ​របស់​ប្រទេស​នេះ ហើយ​បន្ទាប់ពី​មាន​បទពិសោធ​របស់​ប្រទេស​កម្ពុជា សហរដ្ឋអាមេរិក កាណាដា និង​ប្រទេស​ដទៃទៀត​បាន​យក​ពលរដ្ឋ​របស់​ពួកគេ​ចេញ​ពី​នាវា​នេះដែរ​។

ទស្សនាវដ្តី The Lancet ​លើកឡើង​ថា​នៅពេល​ដែល​វីរុស​កំពុង​មាន​ការវិវត្ត​មធ្យោបាយ​​ដែល​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​ចំពោះ​អ្នក​ដែល​រង​ផលប៉ះពាល់​ក៏​ត្រូវមាន​ការវិវត្ត​ផងដែរ​។

អ្វីដែល​សំខាន់​នៅពេល​នេះ​គឺ​រក្សា​នូវ​ភាពស្ងប់ស្ងាត់ និង​បន្ត​ពន្យល់​ប្រជាពលរដ្ឋ​ពី​វិធានការ​ការពារ​ខ្លួន​។

ជា​ការពិត​រដ្ឋាភិបាល​ដែល​​បង្ហាញ​ពី​ភាពភ័យខ្លាច​ហួសហេតុ​នឹង​ធ្វើឱ្យ​ពលរដ្ឋ​របស់​ខ្លួន​កាន់តែ​ភិតភ័យ​ខ្លាំង​ហួស​ពី​ហេតុផល​។

ប្រជាជន​កំពុង​រៀន​នូវ​មេរៀន​​បទពិសោធ​រៀងរាល់​ម៉ោង និង​​រៀងរាល់ថ្ងៃ​។ ទាក់ទង​នឹង​នាវា​ MS Westerdam ប្រទេស កម្ពុជា​បាន​ធ្វើ​រឿង​ត្រឹមត្រូវ​ហើយ​!

Joshua Purushotman គឺជា​និពន្ធ​នាយក​ប្រតិបត្តិ​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​។