កាល​ពីឆ្នាំ​ទៅ​មាន​ផ្ទុះ​រឿង​អាស្រូវ​បញ្ហា​ Error បច្ចេក​ទេស​បូក​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​លើ​វិញ្ញា​សារ​គណិត​វិទ្យា​ចំពោះ​ថ្នាក់​វិទ្យា​សាស្រ្ត ដែល​ធ្វើ​ឲ្យ​បេក្ខ​ជន​ធ្លាក់​ខុស​ប្រក្រតី តែ​ក្រោយ​ពី​មាន​ការ​តវ៉ា​ ពី​បេក្ខ​ជន​មិន​សុខ​ចិត្ត ហើយ​គណៈ​កម្មការ​ប្រឡង​បាន​សម្រេច​សើរើ​ឡើង​វិញ ហើយ​បូក​ពិន្ទុ​ឡើង​វិញ​ ឃើញ​ថា មាន​តែ​បេក្ខ​ជន​ចំនួន​ ៩៧៥​ នាក់​ ទេ​បាន​ជាប់​វិញ​ក្នុង​ការ​ប្រកា​ស​លទ្ធផល​លើក​ទី២។

ករណី​នេះ​ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត​ពី​ទាំង​បេក្ខ​ជន ទាំង​មាតា​បិតា​របស់​បេក្ខ​ជន​មួយ​ចំនួនមក​លើ​ក្រសួង​អប់រំ ជា​ពិសេស​លោក ហង់ ជួនណារ៉ុន រដ្ឋ​​មន្ត្រី​តែ​ម្តង​ដែល​ខំសាង​ស្នាដៃ​តាំង​តែពីឆ្នាំ​ ២០១៤ ​កន្លង​មក​ ហើយ​មាន​បេក្ខ​ជន​ដែល​បាន​ប្រឡង​ធ្លាក់​កាល​ពី​ឆ្នាំ​ទៅ​ខ្លះ មាន​ការ​សង្ស័យ​ថា​ មិន​ដឹង​យ៉ាង​ម៉េច​ដែរ​ទេ​កាល​ពី​ឆ្នាំដែល​ខ្លួន​ប្រឡង​។ តែទោះ​យ៉ាង​ណា ក្រសួង​អប់រំ​ប្រកាស​ជាផ្លូវ​ការ​បើក​ផ្លូវ​ឲ្យ​បេក្ខ​​ជន​ដាក់​ពាក្យ​តវ៉ា​បាន​រយៈ​ពេល​ ៣០ ​ថ្ងៃ បន្ទាប់​ពីការ​ប្រកាស​លទ្ធផល​នៅ​ពេល​ដែល​មាន​ការ​​សង្ស័យ​លើ​លទ្ធផ​ល​​ដែល​ខ្លួន​ប្រឡង​រួច​ហើយ​នោះ។​


សម្រាប់​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ នៅ​ថ្ងៃ​ទី​ ១៩-២០ ខែ សីហា​ ខាង​មុខ​ក្រសួង​អប់រំ​ កំពុង​តែ​ខ្វែង​ដៃខ្វែង​ជើង​ពង្រឹង​នូវ​ប្រព័ន្ធ​បច្ចេកទេស​ទាំង​ផ្នែក​រឹង (hardware) ទាំង​ផ្នែក​ទន់ ​(software) ហាក់​បី​ដូច​មាន​ភាព​ចាស់​ទុំ​ជាង​មុន​អស់​ពេល​ ៥​ ឆ្នាំ​កន្លង​មក​ហើយ​នោះ រីឯ​ស្ថាប័ន​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ​(ACU​)​ ដែល​ធ្លាប់​ចូល​រួម​សង្កេត​ការណ៍​ ៥ ​ឆ្នាំ​កន្លង​ទៅ​នៅ​ពេល​ប្រឡង​ម្តងៗ តែង​តែ​កោត​សរសើរ​ថា​ ការ​ប្រឡង​បាក់​ឌុប​មាន​ដំណើរ​ការ​ល្អ​មិន​មាន​ភាព​មិន​ប្រក្រតី​ដូច​ជា បែក​ធ្លាយ​វិញ្ញា​សា ការ​បើក​ចម្លង ឬ​ក៏ស៊ី​សំណូក​ពេល​ប្រឡង​នោះ​ទេ អ៊ីចឹង​ហើយ​បាន​ជាឆ្នាំ​នេះ​ ACU​ លែង​ចូល​រួម​សង្កេត​ការណ៍​។


ជា​លទ្ធផល​ឃើញ​ថា​ បេក្ខ​ជន​ដែល​ប្រឡង​ ៥ ​ឆ្នាំចុងក្រោ​យ​នេះ តែចេះ​គឺ​ជាប់​ហើយ​ដោយ​សារ​ការ​បង្ហាញ​នូវ​សមត្ថ​ភាព​របស់​ខ្លួន ហើយ​ក៏​លែង​សូវ​មាន​ជំនឿ​ទៅ​លើ​ការ​ស្រោច​ទឹក​ពីព្រះ​សង្ឃ​មុន​ពេល​ប្រឡង​ដូច​ដែល​ធ្លាប់​តែនាំ​គ្នា​ផ្អើល​ឈូឆរ​តាម​គ្នាកា​ល​ពីមុន​នោះ​ទៀតទេ។


តែ​បើផ្អែក​ទិ​ន្ន​​ន័យ​នៃ​លទ្ធផល​នៃ​ការ​ប្រឡង​បាក់​​ឌុប​ ៥​ ឆ្នាំ​ចុង​ក្រោយ​ដែល​ភ្នំ​ពេញ​ប៉ុស្តិ៍​ទទួល​បាន​ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​គឺ​បេក្ខ​ជន​ប្រឡង​មាន​និន្នា​ការ​ជ្រើស​រើស​យក​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​ឡើង​ភ្លូក​ទឹក​ភ្លូក​ដី​ ដោយ​សារ​តែ​លទ្ធផល​ ៣ ​ឆ្នាំចុង​ក្រោយ​នេះ​គឺ​ការ​ប្រឡង​ជាប់​កើន​ឡើង​ដល់​ជាង​ ៨០​ ភាគ​រយ បើ​ប្រៀប​ធៀប​ទៅនឹង​ថ្នាក់​វិទ្យា​សាស្រ្ត​វិ​ញ​គឺនៅ​ទ្រឹង​ជាប់​បាន​តែ​ជាង​ ៥០ ​ភាគ​រយ​ដដែល​ទេ។


គ្រាន់​តែ​កំណើន​បេក្ខជន​ថ្នាក់​វិទ្យា​​សាស្ត្រ​សង្គម​ បាន​ប្រឡង​ជាប់​រយៈ​ពេល​តែ ៥ ​ឆ្នាំ​ឡើង​ដល់​ទៅ​ ១៨​ ដង (ឆ្នាំ ​២០១៤​ មាន​តែ​ចំនួន​ ២ ៤៩២ ​នាក់ ទល់​ឆ្នាំ​ ២០១៨​ មាន​ចំនួន ៤៥ ០០២​ នាក់​) បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ថ្នាក់​វិទ្យា​សាស្រ្ត​វិញ​គឺ​មាន​កំណើន​តិច​តួច​ប្រមាណ​ជាង​ ៣ ​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ​។ អ៊ីចឹង​ចង់​ឬ​មិន​ចង់​កូន​សិស្ស​ ដែល​ចង់​រៀន​ថ្នាក់​វិទ្យា​​សាស្រ្ត​ដែរ​តែ​រៀន​ខ្សោយ ​ខ្លាច​ធ្លាក់​នាំគ្នា​រត់​មក​ដូរ​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គ​ម​វិញ។ នៅ​ពេល​ដែ​ល​ផ្អើល​មក​ប្រឡង​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​ជាប់​ច្រើនៗ​ពេក រហូត​ដល់​ក្រសួង​អប់រំ​លែង​ហ៊ាន​ចេញ​លទ្ធផល ​បេក្ខ​ជន​ថ្នាក់​វិទ្យា​​សាស្រ្ត និង​វិទ្យា​សាស្ត្រ​សង្គម​ប៉ុន្មាន​នាក់ និង​ភាគរយ?


នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​នូវ​លទ្ធផល​ទាំង ​២ ដង​ហ្នឹង​កាល​ពី​ឆ្នាំ ២​០១៨​ កន្លង​ទៅ​ ដើម្បី​កុំឲ្យ​សិស្ស​ផ្អើល​ជ្រួល​ច្របល់​ពេក​ថា​ សិស្ស​ជាប់​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គ​ម​ជាប់​ច្រើន​លើស​​លប់​ពេក​ សូម្បី​តែ​របាយ​ការណ៍​សន្និបាត​បូក​សរុប​លទ្ធផ​ល​កា​រងារ​អប់រំ យុ​វ​ជន និង​កីឡា​ឆ្នាំ​ ២០១៧-១៨ និង​ទិស​ដៅ​ ២០១៨-១៩ ​ដែល​ប្រារព្ធ​ពិធី​ឡើង​ កាល​ពី​ខែមីនា​កន្ល​ង​ទៅ ​ក៏មិន​បញ្ចេញ​ទិន្នន័យ​នេះ​ដែរ។

និន្នា​ការ​នៃ​កំណើន​បេក្ខ​ជន​ថ្នាក់​វិទ្យា​សាស្រ្ត​សង្គម​ប្រឡង​ជាប់​ដ៏គំហុ​ក​​នេះមិន​ដឹង​មូល​ហេតុ​​ពិត​ថា​ តើម​កពី​ក្រសួ​ង​ចេញ​វិញ្ញា​សាខ្សោយ​ពេក​ដើម្បី​ឲ្យ​ប្រឡង​ជាប់​ច្រើន​ ឬ​ក៏​ជាគោល​ការណ៍​របស់​ក្រសួង​អប់រំ​កំណត់​ឲ្យ​សិស្ស​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​ជាប់​ច្រើន​នោះ​ទេ?

តែ​ជាក់​ស្តែង​លទ្ធផល​នេះ ​គឺមិន​ទាន់​ឆ្លើយ​តប​នឹង​គោល​ការ​ណ៍​របស់​រាជ​រដ្ឋា​ភិបាល និង​សាមី​ក្រសួង​ផ្ទាល់​ផង​ដែរ​ គឺ​មានការ​ខិត​ខំ​លើក​កម្ពស់​កូន​សិស្ស​ឲ្យ​ចូល​រៀន​ផ្នែក​វិទ្យា​សាស្ត្រ​ពិត មាន​តាំង​ពី​ជំនួយ​បន្ថែម​បច្ចេក​វិទ្យា ព័ត៌​មាន និង​សារ​គមនាគមន៍ ​(IC​T​) ការ​រៀ​ន​បច្ចេ​ក​វិទ្យា​វិទ្យា​សាស្ត្រ​តាម​ប្រព័ន្ធ​ E-learning (E2STEM) ការ​រៀប​ចំ​ពិព័រ​ណ៍​មហោ​ស្រព​ដើម្បី​ជំរុ​ញ​ និង​លើក​កម្ពស់​វិទ្យា​សាស្រ្ត បច្ចេក​វិទ្យា វិស្វ​កម្ម និង​គណិត​វិទ្យា និង​បង្កើត​គណៈ​កម្មាធិការ​វិទ្យា​សា​ស្រ្ដ​កម្ពុជា​សម្រាប់​ការ​ស្រាវ​ជ្រាវ​និង​ការ​បណ្ដុះ​បណ្ដាល​ថ្នាក់​បណ្ឌិតនិង​បង្កើត​សាលា​ថ្នាក់​បណ្ឌិត​ជាដើម។

កន្លង​មក​លោក​នាយ​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ក៏​ធ្លាប់​រិះគន់​និស្សិត​ដែល​និយម​ភ្លែត​ឡើង​នាំគ្នា​ទៅ​រៀន​មហា​វិទ្យា​ល័យ​គ្រប់​គ្រង តែលោក​លើក​ទឹក​ចិត្ត​និសិ្ស​ត​ឲ្យ​ងាក​មក​រក​ការ​សិក្សា​វិទ្យា​សាស្ត្រ​ពិតបច្ចេក​ទេស វិស្វករ​និង​សំណង់។

យ៉ាង​ណា​ក៏ដោយ ជា​សមិទ្ធផល​នៃការ​លើក​ស្ទួយ​វិស័យ​វិទ្យា​សាស្រ្ត​នេះ​ឃើញ​ថា មាន​ការ​​ប្រសើរ​បណ្តើរៗ​បាន​បន្តិ​ចម្តងៗ​ខ្លះ​ៗ​គួរ​ភ្ញាក់​ផ្អើល​ផង​ដែរ ដូច​ជា​យុវជន ​២ ​ក្រុម​គឺ ​១ ​ក្រុម​មក​ពីវិទ្យា​ស្ថានព​ហុប​ច្ចេក​ទេស​ព្រះកុសុ​មៈ អាច​បង្កើត​មនុស្សយ​ន្ត​ AI​ ដែល​អាច​ធ្វើ​ចល​នា និង​និយាយ​ភាសា​ខ្មែរ និង​អង់​គ្លេស ព្រម​ទាំង​ក៏​​ឈាន​ដល់ការ​បង្កើត​ម៉ាស៊ីន​ដោះ​មីន​ដំបូង​បង្អស់​លើ​ពិភព​លោក​ឈ្មោះថា​ «ជីវិ​ត» ​ផង​ដែរ​។ វណ្ណកម្ម​ទាំងនេះ​ គឺ​ខំប្រឹងរត់​តាម​ការ​វិវត្ថន៍​នៃ​ឧស្សាហកម្ម​ (4.0)។

ជា​មួយ​នឹង​ការ​ខិត​ខំ​លើកកម្ពស់​ផ្នែក​​វិទ្យាសាស្រ្ត​នេះ​ដែរ ក៏​ក្រសួង​អប់រំ​នៅមាន​ការ​ខ្វះ​ខាត​នូវ​សម្ភារ​រៀបចំ​តាក់​តែង​តាំង​ពីកុមារ​ចូល​រៀន​តូចៗ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​សិក្សា​ផ្នែក​វិទ្យា​សាស្ត្រ ដូច​ជាការ​រៀបចំ​សង់​ផ្ទះ សង់​ឡាន​ ពេទ្យ ការ​លាយ​សារ​ធាតុ​គីមី និង​បច្ចេកវិទ្យា​ឌីជី​ថល​ជា​ដើម ដែល​ឧបករណ៍​ទាំង​នេះ​នៅ​សាលា​ឯក​ជន​ទំនើបៗ​នៅរាជ​ធានី​ភ្នំពេញ​មាន​រួចហើយ។

ម្យ៉ាង​វិញ​ទៀត​ការ​រក​ទីផ្សារ​ការងារ ​សម្រាប់​ថ្នាក់​វិទ្យា​​សាស្រ្ត​ដែល​ចេញពី​​សាកល​វិទ្យា​ល័​យ​ទៅ​គឺ​មាន​ការ​ងារ​ដែល​អាច​ងាយ​ចាប់​​យក​បាន​ស្រួល​នៅ​ឡើយ​ទេ មាន​ន័យ​ថា​ បាន​តែ​និស្សិត​វិទ្យា​សាស្រ្ត​ដែល​ពូ​កែៗ​ទេ​ ដែល​អាច​បាន​ការ​ងារ​ធ្វើ​សម​ស្រប ក្រៅពី​នោះគឺ​មាន​តែ​រក​ការងារ​ណា​ដែល​ចិញ្ចឹម​ក្រពះ​សិន​ហើយ។

សូម្បី​តែការ​វិនិយោគ​ទុន​ខាង​ការងារ​វិទ្យា​សាស្ត្រ និង​សំណង់​មក​ដាក់​ទុន ឬក៏​ប្រតិ​បតិ្ត​ការ​នៅ​ស្រុក​ខ្មែរ​ក៏​ការងារ​ជំនាញៗ​វិទ្យា​សាស្រ្ត និង​វិស្វករ​ភាគ​ច្រើន​សុទ្ធ​តែ​ជន​បរទេស​ទៀត ហើយ​ពួក​គេ​មិន​បាន​ផ្ទេរ​បច្ចេកវិទ្យា​មក​អ្នក​វិទ្យា​សាស្ត្រ​ ឬក៏វិស្វករ​មក​អ្នក​ជំនាញ​ខ្មែរ​ផ្ទាល់​នោះ​ទេ មាន​ន័យ​ថា ទា​ល់​តែអ្នក​បច្ចេក​ទេស​ខ្មែរ​មាន​ចំណេះ​ដឹង​ខ្ពស់​ណាស់​បាន​ចាប់​ទិច​និក​ ឬក៏ តាក់ទិក​ពីជន​បរទេស​បាន​។ បើពុំនោះ​ទេ​គឺបាន​ត្រឹម​តែ​ហុច​បន្លែត្រី​សាច់ ឲ្យ​គេ​ស្ល​ដដែល​។ សូម្បី​តែ​ប្រទេស​ក្នុង​សមា​ជិក​អាស៊ាន​ក៏​យើង​ពិបាក​នឹង​ប្រកួត​នឹង​គេផង​ផ្នែក​វិទ្យា​​សាស្រ្ត​ បច្ចេកទេស​នេះ។

លក្ខ​ខណ្ឌ​នេះ​គឺផ្ទុយ​ពី​រដ្ឋា​ភិបាល​ចិន ដែល​គេបាន​កំណត់​ឲ្យ​ក្រុម​ហ៊ុន​ដែល​មក​វិនិយោគ​នៅ​ប្រទេស​ចិន តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​ ផ្ទេរ​បច្ចេកវិទ្យា​ មក​អ្នក​ជំនាញ​ជន​ជាតិ​ចិន​។ ហេតុ​ដូច្នេះ​រាជ​​រដ្ឋា​ភិបាល ​គួរ​តែយក​បទ​ពិសោធពី​ប្រទេស​ចិន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោល​ការណ៍​លើក​ស្ទួយ​វិស័យ​វិទ្យា​​សាស្ត្រ​នេះ​ រីឯ​ក្រសួង​អប់​រំវិ​ញ​ គួរ​តែ​គិត​គូរ​រឿង​កំណែ​ទម្រង់​អត្រា​ជាប់​​បាក់​ឌុប​ឲ្យមា​ន​សមា​មាត្រនឹង​គ្នា​រវាង​ថ្នាក់​វិទ្យា​សាស្រ្ត និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​កុំ​ឲ្យ​មាន​គម្លាត​គ្នាខ្លាំង​ពេក ដើម្បី​ជាកា​ដូដល់សិ​ស្សដែល​ចង់​រៀន​ថ្នាក់​វិទ្យាសាស្រ្ត​ផង៕​

ចូល​រួ​ម​ផ្តល់​យោ​បល់​តាមរយៈ​ soprach.ton​g@phnompenhp​ost.com