មកទល់​ពេល​នេះ ពុំទាន់​មាន​របកគំហើញ​ជាក់លាក់​ណាមួយ​ថា មូលហេតុ​ដែល​បណ្តាលឱ្យ​កុមារ​មាន​បញ្ហា​អូទីស្សឹម​នេះ​ឡើយ តែ​ទោះជា​យ៉ាងណា ក៏មាន​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​ទៅលើ​កុមារ​អូទីស្សឹម​នេះ​មាន​ការលាយឡំ​គ្នា​រវាង​លក្ខណៈ​រួម​ដូចជា​ហ្ស៊េនេទិច (Genetic) ​ពី​កំណើត​មកពី​ឪពុក​មា្តយ និង​មិនមែន​ហ្ស៊េនេទិច ឬក៏​ផលប៉ះពាល់​ពី​បញ្ហា​បរិស្ថាន​នៅ​ជុំវិញ ជាពិសេស​នៅ​អំឡុង​ពេល​ស្ត្រី​ពពោះ និង​ភាពសាំញ៉ាំ​ពេល​សម្រាលកូន ធ្វើឱ្យ​មាន​ឥទ្ធិពល​លើ​ការរីកលូតលាស់​ប្រព័ន្ធ​ប្រសាទ​ក្នុង​ខួរក្បាល​របស់​កុមារ​ចេញ​ជា​លក្ខណៈ​អូទីស្សឹម​ (Autism Spectrum Disorder) ​នេះ​ឡើង​។ នេះ​បើតាម​ការបកស្រាយ​ជំនាញ​អូទីស្សឹម​គេហទំព័រ​របស់ www.autismspeaks.org​។

បើតាម​ឯកសារ​ស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ឆ្នាំ​ ២០១៩ ​កន្លង​ទៅបាន​បង្ហាញថា កុមារ​អូទីស្សឹម​នេះ គឺ​យោង​ទៅ​លើ​ស្ថានភាព​លក្ខណៈ​នៃ​ភាពយឺតយ៉ាវ​ក្នុង​ការនិយាយស្តី ការពិបាក​ប្រាស្រ័យ​ទាក់ទង​គ្នា និង​ការប្រើ​ភាសា​ទាក់ទង​គ្នា និង​អាកប្បកិរិយា​ក្នុង​សង្គម​របស់​កុមារ មានន័យថា កុមារ​ពិបាក​យល់​ពី​មនុស្ស​ទូទៅ ហើយ​មនុស្ស​ទូទៅ​ពិបាក​យល់​ពី​កុមារ​អូទីស្សឹម​នេះ ជាពិសេស​កុមារ​ស្ថិត​នៅ​ក្រោម​អាយុ​ ៥ ​ឆ្នាំ​។


មក​ទល់​ពេល​នេះ​នៅលើ​ពិភពលោក​មាន​កុមារ​ម្នាក់​ក្នុងចំណោម​កុមារ​ ១៦០ ​នាក់ មាន​បញ្ហា​អូទីស្សឹម​នេះ​។


សម្រាប់​កុមារ​អូទីស្សឹម​នៅ​កម្ពុជា​វិញ មិនទាន់​មាន​ចំនួន​ជាក់លាក់​ស្តីពី​កុមារ​អូទីស្សឹម​នេះ​នៅឡើយ​ទេ​គឺ​ក្រសួង​សង្គមកិច្ច កំពុង​តែ​ប្រមូល​ទិន្នន័យ​នេះ តែបើ​តាមរយៈ​បណ្តាញ​ក្រុមការងារ​ជួយ​កុមារ​អូទីស្សឹម​ (CIDAN) ដែល​បានផ្តល់​ព័ត៌មាន​មក​ភ្នំពេញ​ប៉ុស្តិ៍​បាន​ធ្វើការ​ប៉ាន់ប្រមាណ ចំពោះ​កុមារ​អូទីស្សឹម​នោះ គឺ​ចន្លោះ​រវាង​ពី​ ៥ ​ពាន់ ទៅ​ ១ ​ម៉ឺន​នាក់​។


ចំពោះ​បញ្ហា​កុមារ​អូទីស្សឹម​នេះ​មិន​ថា កូន​អ្នកធំ អ្នកមាន ឬ​កូនអ្នកក្រ​នោះទេ គឺ​កើត​មាន​ឡើង​ចំពោះ​មជ្ឈដ្ឋាន​ទូទៅ គ្រាន់តែ​ថា ពេលខ្លះ​ឪពុក​មា្តយ ឬក៏​អាណាព្យាបាល​កុមារ​អូទីស្សឹម​បាន​ស្វែង​យល់ដឹង​មុន ក៏​ព្យាយាម​ស្វះ​ស្វែងរក​សេវា និង​មធ្យោបាយ​ផ្សេងៗ ដើម្បី​ឱ្យ​កូន​អូទីស្សឹម​ត្រឡប់​មក​ភាពដើម​ដូច​កុមារ​ទូទៅ​វិញ​។


តែមាន​ឪពុក​មា្តយ​មួយ​ចំនួន​មិនបាន​ដឹងថា កូន​ខ្លួនឯង​មាន​បញ្ហា​អូទីស្សឹម​នោះទេ គ្រាន់តែ​ដឹងថា កូន​គាត់​ពិបាក​និយាយ ឬក៏​និយាយ​ចេញ​បាន​ ១ ​ម៉ាត់ៗ តែបើ​បាន​និយាយ​ចេញ​បែរជា​ស្រែក​ឡូឡា​ស្រេច​តែ​ចិត្ត​គាត់ ហើយ​ភាគច្រើន​ពួកគាត់​មាន​អារម្មណ៍​តប់ប្រមល់​ឆាប់​ខឹង​ក្រេវក្រោធ​។ មាន​ឪពុកម្តាយ​កុមារ​មាន​បញ្ហា​អូទីស្សឹម​ខ្លះ​មាន​ការស្តាយក្រោយ​ដោយ​បាន​លើកឡើងថា កូន​គាត់​មាន​បញ្ហា​អូទីស្សឹម​នេះ ដោយសារ​តែ​ពួកគាត់​ឱ្យ​កូន​លេង​ទូរស័ព្ទ​ស្មាតហ្វូន ឬក៏ tablet ច្រើនពេក ពេល​កូន​យំ​ហុច​ទូរស័ព្ទ​ឱ្យ​លេង បានជា​មាន​បញ្ហ​អូទីស្សឹម​ហ្នឹង​ ឬក៏​អ្នក​មើលថែទាំ​កូនក្មេង​នៅផ្ទះ​ខ្ជិល​មើល​ក្មេង គ្រាន់​ហុច​ទូរស័ព្ទ​ទៅឱ្យ​លេង​បាន​ហើយ​។


ចំពោះ​ការឱ្យ​កុមារ​មើល​ទូរស័ព្ទ ឬក៏ tablet ច្រើនពេក​នេះ​ត្រូវ​បាន​លោកស្រី ណែត ចន្ថា នាយិកា​អង្គការ OIC Cambodia ដែល​កំពុង​ធ្វើ​កិច្ចការងារ​ជួយ​ធ្វើឱ្យ​កុមារ​អូទីស្សឹម​បាន​ប្រសើរឡើង​បាន​មាន​ប្រសាសន៍​ថា​៖ «​កុមារ​មាន​បញ្ហ​អូទីស្សឹម​គឺ​មាន​សញ្ញា​នៃ​បញ្ហា​អូទីស្សឹម​តាំងពី​កំណើត​មក​ម្ល៉េះ មិនមែន​ដោយសារ​តែ​ការឱ្យ​កុមារ​មើល​ទូរស័ព្ទ ឬក៏ tablet ច្រើនពេក​នោះទេ​។ តែ​ការដែល​ឪពុកម្តាយ អាណាព្យាបាល ឬ​អ្នក​មើលថែទាំ​កុមារ ព្យាយាម​ឱ្យមើល​ទូរស័ព្ទ ឬក៏ Tablet ច្រើន​ម៉ោង​ពេក​ចំពោះ​កុមារ​មាន​បញ្ហា​អូទីស្សឹម​គឺ​កាន់តែ​ធ្វើឱ្យ​កុមារ​មាន​ការលំបាក​ក្នុង​ការប្រាស្រ័យ​ទាក់ទង និង​ពិបាក​យល់​បន្ថែមទៀត​»​។

លោកស្រី​ផ្តល់​អនុសាសន៍​ថា អ្វី​ដែលជា​ដំណោះស្រាយ​ចំពោះ​កុមារ​អូទីស្សឹម​នេះ​ឪពុកម្តាយ គួរតែ​តាមដាន​ការវិវឌ្ឍ​របស់​កុមារ​តូច​តាំងពី​អាយុ​ក្រោម​ ២ ​ឆ្នាំ ប្រសិន​បើ​មាន​ការសង្ស័យថា កូន​របស់​លោកអ្នក​មាន​ការបម្រែប្រួល​យឺត ក្នុង​ការប្រាស្រ័យ​ទាក់ទង និង​ការប្រើ​ភាសា​ពិបាក​យល់ គួរតែ​ស្វែងយល់​បន្ថែម និង​រក​សេវា​គាំទ្រ​ចំពោះ​សញ្ញា​ដំបូង​នៃ​កុមារ​អូទីស្សឹម​ជា​ជាង​ហុច​ទូរស័ព្ទ​ ឬក៏ Tablet ឱ្យមើល​ដើម្បី​កុំឱ្យ​យំ​។

ម្យ៉ាងវិញទៀត​កុមារ​អូទីស្សឹម​នេះ​ត្រូវ​បាន​សាលារៀន​ឯកជន​ខ្លះ​មាន​ការរើសអើង មិន​ទទួល​កុមារ​អូទីស្សឹម​នេះ​ទេ​ដោយ​ហេតុថា ពិបាក​មើល ឬក៏​កុមារ​អូទីស្សឹម​ហ្នឹង​ទៅ​ឆាឆៅ​គេ​ក្នុង​ថ្នាក់​ស្រេច​តែ​ហ្នឹង​ចិត្ត​។ អ៊ីចឹង​សាលាឯកជន​បាន​បញ្ជូន​កូនសិស្ស​​អូទីស្សឹម​ហ្នឹង​មក​ផ្ទះ​វិញ ហើយ​មិនមែន​តែ​ ១ ​សាលា​ទេ គឺ​ម្តាយ​កុមារ​អូទីស្សឹម​ហ្នឹង​បាន​ប្រាប់ថា​៖ «​គាត់​បានដាក់​ ៣ ​សាលា​ឯកជន​មកហើយ តែ​ទទួល​បានតែ​ ១ ​ទេ ឯ​ ២ ​ទៀត​គឺ​មិន​ទទួល​តែម្តង ដូច្នេះ​ហើយ​ម្តាយ​របស់​កុមារ​អូទីស្សឹម​ក៏​សម្រេចចិត្ត​ដាក់​នៅ​សាលារដ្ឋ​វិញ ជាមួយ​នឹង​គេ​ហ្នឹងឯង​ទៅ​បើ​ទោះបី​ជា​មាន​ការលំបាក​ក៏ដោយ​»​។ នេះ​បើតាម​ស្ត្រី​ម្នាក់​ដែល​នៅក្បែរ​ផ្ទះ​ខ្ញុំ មាន​កូន​មាន​បញ្ហា​អូទីស្សឹម​នេះ​បាន​រៀបរាប់​ដូច្នេះ​។

យ៉ាងណាមិញ​ឪពុកម្តាយ​ធូរធារ​មួយចំនួន​ធំ​បាន​ព្យាយាម​ជួយ​កូនៗ ដែល​មាន​បញ្ហា​អូទីស្សឹម​នេះ​ចំណាយ​ពេលវេលា​ស្រាវជ្រាវ​ស្វែងរក​ដំណោះស្រាយ និង​ថវិកា​ជាច្រើន​សម្រាប់​សាលារៀន​ឯកជន​ថ្លៃៗ​ដែលមាន​អ្នកជំនាញ​ជនបរទេស ជួយ​កុមារ​អូទីស្សឹម​នេះ និង​អ្នក​មើលថែទាំ​កុមារ​អូទីស្សឹម​នេះ​។

រីឯ​ឪពុកម្តាយ​ខ្លះ​បានដាក់​នៅ​អង្គការ CARITAS ដែលមាន​អ្នកជំនាញ​ជួយ​អភិវឌ្ឍ ការរីកលូតលាស់​របស់​កុមារ​ក្នុង​ការនិយាយ​ពី​ការយល់​ប្រាស្រ័យ​ទាក់ទង​គ្នា និង​មជ្ឈដ្ឋាន​ទូទៅ​កន្លងមក គឺមាន​កុមារ​រីក​លូតលាស់​បាន​ខ្លះ វា​អាស្រ័យ​ទៅលើ​បញ្ហា​អូទីស្សឹម​ធ្ងន់ធ្ងរ ឬ​ក៏​តិចតួច​ផងដែរ​។

បើតាម​ប្រសាសន៍​លោក ម៉ាក ចំរើន ប្រធាន​ទីភ្នាក់ងារ​អចលនទ្រព្យ​មួយ​ថា​៖ «​ខ្ញុំ​មាន​ការសប្បាយ​រីករាយ​ជាង​អ្វីដែល​ខ្ញុំ​មាន​សព្វថ្ងៃ​នេះ ប្រសិនបើ​កូនស្រី​ខ្ញុំ​ដែល​មិន​មាន​បញ្ហា​អូទីស្សឹម​ ឬ​ក៏​បញ្ហា​អូទីស្សឹម​របស់គាត់​ត្រូវបាន​បញ្ចប់ ហើយ​វិលត្រឡប់​ដូច​កុមារី​ធម្មតា​វិញ​»​។

លោក​ ចំរើន ​បន្ត​ទៀត​ថា​៖ «​ខ្ញុំ និង​ក្រុមគ្រួសារ​កាន់តែ​សប្បាយចិត្ត​ជាង​នេះ​នៅពេល​ដែល​សហគមន៍​កាន់តែ​យល់ដឹង​ពី​បញ្ហា​អូទីហ្សឹម​ហើយ​រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​ធ្វើឱ្យ​សេវា​គាំទ្រ​ដល់​កុមារ​អូទីស្សឹម​កាន់តែ​ទូលំទូលាយ​ជាង​នេះ​»​។

បើទោះបី​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ចំពោះ​ការអប់រំ​សម្រាប់​ទាំងអស់គ្នា​ក៏ដោយ​ក៏​បញ្ហា​កុមារ​អូទីស្សឹម​ហ្នឹង​មិនទាន់​មាន​អ្នកជំនាញ​អូទីស្សឹម​ជាក់លាក់ ដើម្បី​ដោះស្រាយ​នៅ​សាលារដ្ឋ​នៅឡើយ​ទេ តែ​មានតែ​អ្នកជំនាញ​អូទីស្សឹម​ជា​ជនបរទេស​តិចតួច​ជួយ​នៅតាម​សាលារៀន​ឯកជន និង​អង្គការ​ជួយ​កុមារ​អូទីស្សឹម​តែប៉ុណ្ណោះ​។

យ៉ាងណាក្ដី ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ចូលរួម​ចំណែក​លើកស្ទួយ​ក្នុងការ​គាំទ្រ​ទៅលើ​ការជួយ​កុមារ​ពិការ​បញ្ញា ដែល​​អូទីស្សឹម​ជា​ផ្នែក​មួយ​នៃ​កុមារ​ពិការបញ្ញា​តាមរយៈ​ការ​រៃអង្គាស​ថវិកា​ជាមួយ​យុវតី ជីនីកូ​ដើម្បី​ជួយ​កុមារ​ពិការ​បញ្ញា​។

សរុប​មកវិញ​សូមកុំ​ចាំ​ដល់​ពេល​មានកូន ឬក៏​សាច់ញាតិ​ជា​ទីស្រឡាញ់​របស់​អ្នកមាន​បញ្ហា​អូទីស្សឹម ទើប​នាំគ្នា​គិតថា បញ្ហា​​អូទីស្សឹម​វា​សំខាន់​។

ហេតុ​ដូច្នេះហើយ រាជរដ្ឋាភិបាល​គួរ​យកចិត្ត​ទុកដាក់​បន្ថែមទៀត ចំពោះ​កុមារ​អូទីស្សឹម​នេះ ដើម្បី​ជា​ស្ពាន​ចម្លង​កុមារ​អូទីស្សឹម​ឱ្យ​រួច​ផុតពី​បញ្ហា ប្រែក្លាយ​បញ្ញា​ស្មារតី​របស់​ពួកគេ​មក​ដូចដើម​វិញ​គឺ​មាន​តែ​ជួយផ្តល់​ថវិកាជាតិ​បន្ថែម​ទៅលើ​កុមារ​ពិការ​បញ្ហា​នេះ​ផង និង​កៀរគរ​ជំនួយ​បន្ថែម​ពី​សប្បុរសជន​ឱ្យ​ដូច​ការអំពាវនាវ​បរិច្ចាគ​ថ្នាំ​បង្ការ​ជំងឺ​កូវីដ​ថ្មីៗ​នេះ​ជាដើម​។

ជាងនេះ​ទៅទៀត​គឺ​ការបណ្តុះបណ្តាល​ជំនាញ​អូទីស្សឹម​ចំពោះ​និស្សិត​ខ្មែរ ឬក៏​បង្កើត​មុខវិជ្ជា​ការព្យាបាល​អូទីស្សឹម​នេះ នៅឯ​សាកលវិទ្យាល័យ និង​បង្កើត​មជ្ឈមណ្ឌល​សម្រាប់​កុមារ​អូទីស្សឹម​តែម្តង​។ រីឯ​ឪពុកម្តាយ ឬ​ក៏​អាណាព្យាបាល​គួរតែ​ស្វែងយល់ និង​តាមដាន​បន្ថែម​នៅពេល​កុមារ​កំពុង​អភិវឌ្ឍ​កាយសម្បទា និង​ស្មារតី​ជាពិសេស​ការរៀន​និយាយ នៅពេល​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ ជា​ជាង​រក​ដំណោះស្រាយ​តាមរយៈ​ការហុច​ទូរស័ព្ទ ឬក៏ Tablet ឱ្យ​កុមារ​មើល ដើម្បី​ឱ្យ​បាត់​យំ ឬក៏​នៅ​ស្ងៀម​នោះ​។

ដោយសារ​បញ្ហា​កុមារ​អូទីស្សឹម​នេះ​ពាក់ព័ន្ធ​ទៅនឹង​ហ្ស៊េនេទិច​ (Genetic) ​ពី​កំណើត​ដូច្នេះ​ការទទួល​ទាន​របប​អាហារ ការថែទាំ​មុន និង​អំឡុងពេល​មាន​ផ្ទៃពោះ និង​សុខភាព​ផ្លូវចិត្ត​មាន​សារៈសំខាន់​ណាស់​សម្រាប់​មាតា​ក្នុង​គ្រួសារ​។

តាមរយៈ​ទូរទស្សន៍ Channel News Asia ផ្សាយ​ពីថ្ងៃ​ទី​ ២៥ ​ធ្នូ​ ២០២០ ​ថ្មីៗ​នេះ​បានបង្ហាញ​ពី​ការបញ្ជ្រាប​ករណី​កុមារ​អូទីស្សឹម​ឈ្មោះ Keith ទៅក្នុង​សង្គម និង​ការលូតលាស់​បណ្តើរៗ​របស់​កុមារ​អូទីស្សឹម​ឱ្យ​លេង និង​រៀន​ជាមួយ​កុមារ​ធម្មតា ដែល​បាន​ជួយ​ដើម្បី​បំបាត់​ការរើសអើង ចំពោះ​កុមារ​អូទីស្សឹម​នៅក្នុង​សហគមន៍​។

ចំពោះ​ករណី​ជាក់ស្តែង​នៅពេល​ដែល​កុមារ​អូទីស្សឹម​ត្រូវបាន​ព្យាបាល​បាន​ត្រឹមត្រូវ​ហើយ គឺ​គាត់​ពូកែ​ខ្លាំង ដូច​អ្នកប្រាជ្ញ​រូបវិទ្យា Albert Einstein ជនជាតិ​អាល្លឺម៉ង់ និង​កីឡាករ Lionel Messi ល្បី​លើ​ពិភពលោក​ជនជាតិ​អាហ្សង់ទីន​កំពុង​លេង​ឱ្យ​ក្លិប​បាសេឡូ​ណា​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com