បន្ទាប់ពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត តាមបែបវិមជ្ឈការចាប់ផ្តើមអនុវត្តពីដើមឆ្នាំ ២០២០ មក រដ្ឋបាលរាជធានី-ខេត្តហាក់បីដូចជាមានការងារកាន់តែមមាញឹកច្រើន ជាពិសេសចំពេលដែលជំងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតទូទាំងសកលលោកផងនោះ។
បើទោះបីជាមានមន្ទីរសុខាភិបាលជាសេនាធិការឱ្យរដ្ឋបាលរាជធានី- ខេត្តក៏ដោយក៏ការទទួលខុសត្រូវ និងការងារសម្រេចចិត្តស្ថិតនៅរដ្ឋបាលរាជធានី-ខេត្តដដែលដូចករណីការរៀបចំ និងឆ្លើយតបជំងឺកូវីដ១៩ រដ្ឋបាលរាជធានី- ខេត្ត បានបង្កើតគណៈកម្មការថ្នាក់ខេត្ត ដើម្បីឆ្លើយតបជំងឺកូវីដ-១៩ ដែលមានចៅហ្វាយខេត្តជាប្រធាន និងប្រធានមន្ទីរសុខាភិបាលជាអនុប្រធានប្រចាំការ។
គាប់ជួនប្រទេសកម្ពុជាទទួលរងសម្ពាធខ្យល់ព្យុះពីប្រទេសចិន ដែលមានភ្លៀងធ្លាក់ជាប់ៗគ្នាធ្វើឱ្យមានទឹកជំនន់នៅបណ្តាខេត្តមួយចំនួនរីឯរាជធានីភ្នំពេញ មិនត្រឹមតែបញ្ហាលិចទឹកទេថែមទាំងបញ្ហាសំរាមដែលត្រូវដោះស្រាយក្នុងអំឡុងពេលការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ ១៩ ជាមួយគ្នាតែម្តង។ អ៊ីចឹងហើយថ្នាក់ដឹកនាំ និងមន្ត្រីសាលារាជធានីអាចនឹងរយាលដៃពីកូវីដ ១៩ មកដោះស្រាយបញ្ហាបន្ទាន់ៗរឿងសំរាម និងទឹកជំនន់មានពេលខ្លះត្រូវចុះទាំងថ្ងៃ ចុះទាំងយប់។
តែវាក៏ជាឱកាសដល់ការី (ដូចជា អ្នកបើកបរ អ្នកសម្អាត អ្នកយាមប្រចាំការ និងគ្រូពេទ្យប្រចាំការ) ដែលធ្វើការឆ្លើយតបនឹងជំងឺកូវីដ ១៩ ផ្ទាល់ជួរមុខខ្លះអាចមានការរយាលដៃផងដែរ មានន័យថាពួកគាត់ធ្វើការចុងដៃចុងជើងដែលជាបញ្ហាប្រឈមក្នុងការឆ្លើយតបទៅហ្នឹងករណីជំងឺកូវីដ ១៩។ ជាពិសេសគឺប្រព័ន្ធដឹកអ្នកដំណើរបរទេសពីព្រលានយន្តហោះមកកន្លែងធ្វើតេស្តរកមេរោគកូវីដ១៩ និងដឹកទៅកាន់សណ្ឋាគារ ឬក៏ត្រូវដឹកអ្នកដំណើរទាំងជាតិ និងទាំងអន្តរជាតិទៅធ្វើចត្តាឡីស័កនៅផ្ទះ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលរាល់អ្នកដំណើរដែលបានមកដល់កម្ពុជានឹងត្រូវយកសំណាកទៅពិនិត្យ នៅឯព្រលានយន្តហោះ ហើយលទ្ធផលនឹងបង្ហាញជូននៅ ២៤ ម៉ោងក្រោយ។ ដូចគ្នានេះដែរចំពោះប្រព័ន្ធបញ្ជូនអ្នកដំណើរឆ្លងកាត់តាមផ្លូវគោកតាមច្រកព្រំដែនរហូតដល់សណ្ឋាគារ ឬក៏ផ្ទះសំណាក់ ឬក៏ផ្ទះជនចំណាកស្រុកគឺអាជ្ញាធរមូលដ្ឋានតាមដាន និងរកអត្តសញ្ញណដើម្បីធ្វើចត្តាឡីស័ក ឬក៏ធ្វើតេស្តរកជំងឺកូវីដ១៩ ដោយមន្ត្រីសុខាភិបាលឆ្លើយតបបន្ទាន់ថ្នាក់រាជធានី-ខេត្ត។
សកម្មភាពទាំងនេះគឺអនុវត្តទៅតាមគោលការណ៍ណែនាំគោលការណ៍ប្រតិបត្តិស្តង់ដា និងវិធានទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ មកក្នុងសហគមន៍ជាដើម និងវាហាក់ដូចជាចង្វាក់ផលិតកម្ម ១ អ៊ីចឹង ដើម្បីឱ្យបានជោគជ័យក្នុងការអន្តរាគមន៍ជំងឺកូវីដ ១៩។ ដូច្នេះហើយប្រសិនបើចង្វាក់ផលិតកម្មណាមួយ ដែលមានការរអាក់រអួល ឬក៏អាក់ខានចង្វាក់ណាមួយនោះ វានឹងអាចមានហានិភ័យកើតមានឡើង ពិសេសការីជួរមុខ (Front line) គឺងាយរងគ្រោះ ក្នុងការឆ្លងមេរោគកូវីដ ១៩ ឬក៏ធ្វើឱ្យរបូតមានករណីលួចរត់ចេញពីចង្វាក់ណាមួយជាយថាហេតុ ដូចករណីស្ត្រីខ្មែរ-អាមេរិកាំង លួចរត់ចេញពីមណ្ឌលចត្តាឡីស័កទៅខេត្តកំពង់ចាម និងករណីជនជាតិហុងគ្រីបានរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័កមានផ្ទុកជំងឺកូវីដ ១៩ កាលពីខែមុន។
ចំពោះ ២ ករណីនេះ គឺជនដែលគេចវេះពីមណ្ឌលធ្វើចត្តាឡីស័កត្រូវពិន័យ និងមានទោស រីឯការីណាដែលមានចេតនាគេចវេះ ឬក៏ឃើញថា ធ្វេសប្រហែសមិនយកចិត្តទុកដាក់ពីចង្វាក់ណាមួយក្នុងការអន្តរាគមន៍ជំងឺកូវីដនេះដូចជាការមិនមកយាមប្រចាំការ ការមិនមកពិនិត្យសុខភាព ការបើកឱ្យអ្នកដំណើរចេញ ឬក៏ការមិនសម្អាតទីតាំងកន្លែងដាក់អ្នកដំណើរជាដើមគឺត្រូវពិន័យ និងមានទោសដូចគ្នា។
ដើម្បីចៀសវាងការបន្ទោសគ្នា ឬក៏ការទម្លាក់កំហុសដាក់គ្នា ឬក៏រុញការទទួលខុសត្រូវដាក់គ្នារវាងក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី-ខេត្ត ប្រសិនបើមានចំណុចចន្លោះប្រហោងក្នុងចង្វាក់អន្តរាគមន៍នៃការអនុវត្តច្បាប់ និងការផ្សារភ្ជាប់គ្នាជាមួយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការវិស័យសុខាភិបាលមករដ្ឋបាលថ្នាក់ក្រោមជាតិថ្មីៗនេះដែលអាចធ្វើឱ្យឆ្លងទៅក្នុងសហគមន៍បាននោះ។
ហេតុដូច្នេះហើយអាជ្ញាធរមានសមត្ថកិច្ចគឺត្រូវពង្រឹង និងរកដំណោះស្រាយរួមដែលអាចធ្វើឱ្យប្រសើរជាងនេះ ចំពោះការឆ្លើយតប និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នេះគឺទី១- ត្រូវពង្រឹងស្មារតីទទួលខុសត្រូវចំពោះការីជួរមុខទៅតាមការងារពួកគាត់តាមរយៈការផ្តល់រង្វាន់លើកទឹកចិត្តតាមរយៈផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម នៅពេលពួកគាត់ធ្វើការនៅជួរមុខប្រកបដោយហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩នេះ។ ទី២- រាល់ការធ្វើប្រព័ន្ធបញ្ជូនត្រូវដឹកអ្នកដំណើរ ក្រៅពីអ្នកបើកបរគឺត្រូវមានជំនួយការម្នាក់មើលការខុសត្រូវចំពោះចំនួននៃការឡើងចុះនៃអ្នកដំណើរ ដើម្បីធានាថា ពួកគេត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩ទាំងអស់គ្នា និងទៅដល់ទីតាំងធ្វើចត្តាឡីស័ក ឬក៏ដាក់ឱ្យនៅដាច់ដោយឡែកពីគេ។ ទី៣- រាល់ការដឹកអ្នកដំណើរទៅធ្វើតេស្ត នៅពេលរថយន្តត្រឡប់មកកន្លែងចតវិញត្រូវបាញ់ទឹកថ្នាំសម្លាប់មេរោគសិនមុននឹងលាងនឹងសាប៊ូ ដឹកម្តងលាងម្តង។ ទី៤- ការីដែលនៅជួរមុខក្នុងការអន្តរាគមន៍ជំងឺកូវីដ១៩គឺត្រូវបណ្តុះបណ្តាលវគ្គរំឭកទៅលើលំហាត់ការពារ និងបង្ការមេរោគឆ្លង និងមេរៀនជំងឺផ្លូវចិត្ត និងចិត្តសាស្ត្រដើម្បីឱ្យពួកគេមានស្មារតីរឹងមាំ ហើយធានាចំពោះការការពារមេរោគឆ្លង។
កន្លងមកកម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់ថា បានធ្វើអន្តរាគមន៍ក្នុងការទប់ស្កាត់ និងបង្ការការរីករាលដាលជំងឺកូវីដ ១៩ បានជោគជ័យ។ មកទល់ពេលនេះ (ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០) កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៨៦ នាក់ ហើយមាន ២៨០ នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយមិនទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅឡើយទេ។
ករណីឆ្លងទាំងអស់គឺសុទ្ធតែមកពីខាងក្រៅប្រទេសដោយមិនមានការឆ្លងក្នុងសហគមន៍ឡើយ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com