ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ផ្ទួន​ៗ​ ដែល​បង្ក​ឡើង​ដោយ​រថ​យន្ត​ធំ​ៗ ដូច​ជា​រថ​យន្ត​ធំ​ដឹក​ទំនិញ​បុក​ផ្ទះ​ស្លាប់ ៣ នាក់ និង​របួស​ធ្ងន់​ម្នាក់​ នៅ​ស្វាយ​រៀង, រថ​យន្ត​បែន​ដឹក​ដី ១ ​គ្រឿង​ បុក​រថយន្ត​តូចៗ​ ៧ ​គ្រឿង​ផ្សេង​ទៀត​នៅ​ខណ្ឌ​សែន​សុខ,​ រថយន្ត​កុង​តឺន័​រដឹក​ដែក​ ១​ គ្រឿង ​បើក​បុក​​រថយន្ត​កាម​រី​ឆ្លាម​ បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ ស្លា​ប់​មនុស្ស ​៣ នាក់​​ និង ​២ នាក់​​រង​របួស​ធ្ងន់​ នៅខណ្ឌ​ពោធិ៍​សែន​ជ័យ, ឡានធំ​ដឹក​ស៊ី​ទែន​ក្រុម​ហ៊ុន​ស៊ី​ម៉ងត៍ បុក​មនុស្ស​ស្លាប់​ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​ ៣​ និង​ឡាន​ក្រឡុក​ស៊ីម៉ងត៍បុក​អ្នក​ដំណើរ​ស្លាប់​ម្នាក់ និង​របួស​ ៣ ​នាក់​នៅ​វិទ្យា​ល័យ​បឹង​ត្របែក​កណ្តាល​រាជធានី​ភ្នំពេញ។

ចំពោះ​គ្រោះ​ថ្នាក់​​ចរាចរណ៍​ដ៏រន្ធត់​ទាំង​នេះក្រសួង​សាធា​​រណ​ការ និង​ដឹក​ជញ្ជូនហាក់​បី​ដូច​ជា​មិន​ឃើញ​​យក​ចិត្ត​ទុកដាក់ ផ្តល់​អាទិភាព​ប្រមូល​អ្នក​បើកបរ​ឡាន​ធំៗ​ទាំង​អស់ដែ​ល​​កំពុង​បង្ក​គ្រោះ​ថ្នាក់​រាល់​ថ្ងៃនេះ​ទេ តែបែរ​ជា​មន្ទីរ​សាធា​រណ​ការ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​ខ្វែង​ដៃ​ខ្វែង​ជើង ​ផ្តល់​វគ្គបណ្តុះ​បណ្តាល​បើកបរ ​ដល់​អ្នក​បើកបរ​​ម៉ូតូ​កង់​ ៣​ ឥណ្ឌា​រយៈ​ពេល ​២ ខែ ដែល​កម្រ​​បង្ក​គ្រោះ​ថ្នាក់​ទៅ​វិញ។


តើ​នេះ​មក​ពីមូល​ហេតុ​អ្វី​ បាន​ជា​មិន​ហៅ​អ្នក​បើក​ឡាន​ធំៗ​ បង្ក​គ្រោះថ្នាក់​ដូចជា​ឡាន​កុង​តឺន័រ ឡា​ន​បែន​ដឹកដី ឡាន​ក្រឡុក​ស៊ីម៉ងត៍ ឡាន​ដឹក​ទំនិញ ឡាន​ដឹក​សាំង ឬ​ក៏ហ្គាស, ឡាន​បឺស​ដឹក​អ្នក​ដំណើរ​ធំៗ និង​ឡាន​ដឹក​កម្មករ​រោងចក្រ​ច្រើនៗ?


តើ​នេះ​មក​ពីក្រសួង​សាធារណ​ការ មិន​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​កោះ​ហៅ​ក្រុម​ហ៊ុន​ឲ្យ​បញ្ជូ​ន​​អ្នក​បើក​បរ​របស់​ពួក​គេ មក​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​បើក​បរ​បច្ចេក​ទេស​បន្ថែម?


ទោះ​បី​ជា លោក​ ស ខេង ឧបនាយករដ្ឋ​មន្រ្តី រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ ទើប​តែ​ដាក់​ចេញ​គោល​ការណ៍​ណែនាំ ចំនួន​ ៨ ​ចំណុច​សំខាន់​ៗ ដើម្បី​ជំរុញ​ការងារ​របស់​គណៈ​កម្មា​ធិការ​ជាតិ សុវត្ថិ​ភាព​​ចរាចរណ៍​ផ្លូវ​គោក​ នា​ឆ្នាំ ២០១៩​ ក៏ដោយ។


ចំពោះ​បញ្ហា​ឡាន​ធំនេះ បើ​តាម​ការ​សង្កេត​មើល​ការ​បើកបរ​រប​ស់ពួក​គេរាល់​ថ្ងៃ​នេះ បើ​មិន​បុក​គេ​ទេ​ គឺ​បើក​លឿនៗ​ឆាប​តាម​ថ្នល់ ហើយ​បើ​ពួក​គេ​ចុច​ស៊ី​ប្លេ​វិញ​ គឺ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ភ្ញាក់​ភ័យ​​ចង់​ចូល​ឡាន​ដូច​ករណី​នៅ​សង្កាត់​ចោម​ចៅទី​ ៣ ​កាល​​ពី​ចុង​ខែ​មុន​នេះ។


ពួ​កគេបើក​ដូច​ជា​គ្មាន​មេត្តា និង​ប្រមាថ​​អាយុ​ជីវិត​ដល់​អ្ន​ក​ធ្វើ​ដំណើរ​ តាម​ផ្លូវ​ដូច​គ្នា​ ហើយ​ហាក់​បី​ដូច​ជាមិន​ដែល​បាន​ចូល​​រៀន​សាលា​បើក​បរ​សោះ​ បូលិស​ធ្វើ​ចរាចរណ៍​ ដូច​មិន​សូវ​ខ្វល់​អំពី​អ្នក​បើក​បរ​ឡាន​ធំ​ ប៉ុន្មាន​ទេ​ព្រោះ​ពេល​ខ្លះ​ បាន​លាភ​ពី​ថៅកែ​ម្ចាស់​ឡាន។

តែនៅ​ពេល​ប៉ះ​គេ ឬក៏​បុក​គេ​ហើយ​ តាំង​បើក​រត់ បើ​ប៉ូលិស​ចាប់​បាន ​អ្នក​បើក​ប​រ​ឆ្លើយ​ថា​ មក​ពីដាច់​កាឡេ​ ឬក៏​ដាច់​ ហ្រ្វាំង​។ តាម​ពិត​ទៅ​ពួក​គេ​ចេះ​តែថា​ទេ បើតាម​អ្នក​ដែល​ធ្លាប់​បើក​ឡាន​ធំៗ បាន​ចែក​រំលែក​មក​ថា ​មក​ពីពួក​គេ​ មិន​ចេះ​បើកបរ​ត្រឹម​ត្រូវ និង​របៀប​ប្រើ​ឡាន​ធំ​ គឺ​ពិសេស​នៅ​ពេល​ឡើង​ចំណោ​ត ឬ​ក៏ឡើង​ស្ពាន​ពួកគេ​​​បើក​លេខ ​​៤ ឬ​ក៏លេខ​ ៥ ​នៅ​ពេល​ល្បឿន​កំពុង​តែ​លឿន​ហើយ​ចុះ​ចំណោ​ត​ទៀត ពេល​នោះ ​ឡាន​ពិបាក​​ជាន់​ ហ្រ្វាំង​ណាស់​ព្រោះ​ ហ្រ្វាំង​​ខ្យល់​ រីឯ​ការ​សាង​លេខ​ អត់​ចង់​ចូល​មក​លេខ​ ២ ឬ​ក៏លេ​ខ ៣ ​វិញ​ មិន​ចូលទេ នេះ​ហើយ​ជា​បញ្ហា​អ្នក​បើក​បរ​មិន​មាន​សមត្ថភាព​នោះ។

ចំណុច​នេះ ​អ្នក​បើកបរ​ឡាន​ធំ​ ពេល​ឡើង​ចំណោត ឬក៏​ឡើង​ស្ពាន ​ត្រូវ​សាង​មក​លេខ​តិច ២ ឬក៏​ ៣ ​ដើម្បី​ចុះចំ​ណោត​វិញ ​បាន​លេខ​តិច​ហ្នឹង​ហើយ​ ជួយ​ទប់​ល្បឿន មិន​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍។

ម្យ៉ាង​ទៀត ក្រុម​ហ៊ុន​ឡាន​ធំៗ​ភាគ​ច្រើន ​ឥឡូវ​ទិញ​ធានា​រ៉ាប់​រង អ៊ីចឹង​អ្នក​បើកបរ​ ឲ្យ​តែ​បើក​បុក​គេ​ហើយ ធ្វើ​យ៉ាងណារត់​ឲ្យរួច​ខ្លួនរួច​ហើយ​ម្ចា​ស់​ក្រុម​ហ៊ុន​ ឲ្យអ្នក​ច្បាប់​ប្រចាំ​ក្រុម​ហ៊ុន​គេ​ ទៅ​ដោះ​ស្រាយ​ជា​ការ​ស្រេច។

ការ​ដែល​អ្នក​បើក​ឡាន​ធំៗ​គ្មាន​សីលធម៌ និ​ង​​គ្មាន​អធ្យា​ស្រ័យ​ក្នុង​ការ​បើក​បរ និង​ខ្លះ​ប្រើប្រាស់​គ្រឿ​ង​ញៀន និង​គ្រឿង​ស្រវឹង ដូច​ដែល​អាជ្ញាធរ​បាន​រក​ឃើញ​កន្លង​រួច​មក​ហើយ​ គឺសុទ្ធ​តែ​ជះ​ឥទ្ធិពល​ដល់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រាល់​ឆ្នាំ។

តាម​របាយការណ៍​ក្រសួង​​មហាផ្ទៃដែល​ភ្នំ​ពេញ​ប៉ុស្តិ៍​ទទួល​​បាន​បង្ហាញ​ថា​ ក្នុង ១ ឆ្នាំ ២០១៨ គ្រោះ​ថ្នា​ក់​ចរាចរណ៍​កើត​ឡើង​ ៣ ២៦៧ លើក​ ថយចុះ​ជិត ​៣០​០ ​លើក​ ​បើ​ធៀប​នឹង​ឆ្នាំ ​២០១៧។ រីឯមនុស្ស​ជិត ​១ ៨០០ ​នាក់​បាន​បាត់បង់​ជីវិត ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ដង​ផ្លូវ​ក្នុង​ឆ្នាំ ​២០១៨ ​គឺ​ថយចុះ​ជិត ​១០០ ​នាក់​ ​បើ​ធៀប​នឹង​ឆ្នាំ ២០១៧។

ហេតុ​ដូច្នេះ​ហើយ គណៈកម្មាធិការ​ជាតិ​ សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក គួរ​ចាត់វិធាន​ការ​ឲ្យ​បាន​តឹង​រឹុង ​ចំពោះ​ក្រុម​ហ៊ុន​ដែល​មាន​ឡាន​ធំៗ ដើម្បី​ឲ្យអ្នក​បើក​បរ​ពួក​គេ​ បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ ស្តី​ពីការបើ​កបរ​បន្ថែម​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព​ទាំង​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ផង,​ សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន ​អ្នក​បើកបរ​ឡាន​ធំ​ផង និង​ទ្រព្យ​សម្បត្តិ និង​កាត់​បន្ថយ​ការ​ចំណាយ​ខ្ជះខ្ជាយ​របស់​ក្រុម​ហ៊ុន ​ដោយ​សារ​តែ​អ្នក​បើកបរ​ឡាន​ធំៗ​ទាំង​នេះ។

ជាង​នេះ​ទៅទៀត​ ការ​បង្រៀន​អ្នក​បើកបរ​ឡាន​ធំនេះទាំង​ក្រម​​​សីលធម៌ ទាំង​ចិត្ត​សាស្ត្រ ទាំង​គោរព​ភាព​ជា​មនុស្ស​ផង។

រីឯ​ម្ចាស់​ក្រុម​ហ៊ុន​ ត្រូវ​ដាក់​ប្រើប្រព័ន្ធ​ GPS ដើម្បី​វាស់​ល្បឿន​អ្នក​បើក​បរ និង​គ្រប់​គ្រង​អ្នក​បើកបរ​ កុំ​ឲ្យ​ប្រើ​ប្រាស់​គ្រឿង​ញៀន ឬ​ក៏​គ្រឿង​ស្រវឹង​ពេល​បើកបរ​ឲ្យ​ខាង​តែ​បាន៕​

ចូល​រួ​ម​ផ្តល់​យោ​បល់​តាម​រយៈ​ soprach.ton​g@phnompenhpost.com