កាលពី​ទសវត្សរ៍​ឆ្នាំ ៨០ និង​ឆ្នាំ​ ៩០ ​ពលរដ្ឋ​ខ្មែរ​និយម​ប្រើប្រាស់​សម្ភារ​វេចខ្ចប់​តាមបែប​ធម្មជាតិ ដែល​ងាយ​នឹង​រលាយ​ទៅវិញ​ជា​ជី ដូចជា​ការលក់​អំពៅ​សាង ដោយ​ដោត​ជាប់​ឫស្សី​ ១ ​ដុំ​តូច​ពុះ​ញែក ការ​ខ្ចប់​ត្រីអាំង ឬ​ក៏​ត្រី​ស្រស់​ក៏​យក​តែ​ស្លឹក​ឈូក​ខ្ចប់​ចង​ជាមួយ​ខ្សែ​កំប្លោក​ស្ងួត​ជា​ការស្រេច រីឯ​ការ​ខ្ចប់​បាយឆា លត​ឆា មីឆា នំអាកោ ពោត​កំបោរ នំចាក់ចុល នំកង និង​នំក្រូច​វិញ គឺ​ខ្ចប់​តែ​ស្លឹកចេក និង​ស្លឹក​ឈូក​ក៏​យួរ​មក​ដល់​ផ្ទះ​បាន​ហូប​ដែរ ហើយ​គ្មាន​សារជាតិ​គីមី​មក​ឡូកឡំ​ទេ​។

ប៉ុន្តែ​ឥឡូវ ការខ្ចប់​ម្ហូបអាហារ​ទាំងនេះ​គឺ​ជំនួស​វិញ​ទៅ​ដោយ​ថង់​ប្លាស្ទិក​ចាន​ប្លាស្ទិក​ និង​ស្លាប​ព្រា​ក៏​ប្លាស្ទិក​ដែរ​មិន​ថា​អាហារ​ទឹក​ទេ សូម្បី​តែ​អាហារ​គោក​ហ្នឹង​ប្រើ​ថង់​ប្លាស្ទិក​ទាំងអស់​ប្រើ​​សម្រាប់​ខ្ចប់​ដែល​ធ្វើឲ្យ​អ្នកលក់​ក៏​ស្រួល អ្នក​ទិញ​ក៏​ពេញចិត្ត​។


ដោយសារ​តែ​ទីផ្សារ​នាំគ្នា​និយម​ការ​វេចខ្ចប់​ដោយ​ថង់​ប្លាស្ទិក​បែប​នេះ​ហើយ បាន​ជា​អ្នក​ផលិត​ខំ​បង្កើន​ការផលិត​កាន់តែ​កើនឡើង​។ បច្ចុប្បន្ន​នេះ​គឺ​រាល់​គំនរ​សំរាម និង​នៅលើ​ទឹក​ប្រឡាយ​លូ​វិញ​មើល​ទៅ​ឃើញ​តែ​ប្លាស្ទិក​រួមមាន​ទាំង​ថង់​ដាក់​សំរាម សំបក​ដប​ប្រើប្រាស់​រួចហើយ​នៅ​សំពីងសំពោង​។ បើ​ទៅលេង​ឆ្នេរ​ខ្សាច់​សមុទ្រ​វិញ ក៏​ឃើញ​ថង់​ប្លាស្ទិក ចាន​ប្លាស្ទិក​ដែល​នៅ​រាយប៉ាយ​ទាំង​នៅ​លើ​ឆ្នេរ និង​នៅលើ​ទឹកសមុទ្រ​ព្រោងព្រាត​ផងដែរ​។


ម្យ៉ាងវិញ​ទៀត​ឲ្យ​តែ​មាន​កន្លែង​រមណីយដ្ឋាន​កម្សាន្ត​ ឬ​ក៏​មាន​ពិធីបុណ្យ​ជាតិ​ផ្សេងៗ ដូចជា​បុណ្យចូលឆ្នាំ បុណ្យ​ទន្លេ បុណ្យ​សមុទ្រ អុំទូក ភ្ជុំបិណ្ឌ និង​បុណ្យ​សកល គឺ​ក្រោយ​ពី​ចប់​ពិធី មើល​ទៅ​ទីធ្លា​សុទ្ធតែ​សំរាម ហើយ​ថង់​ប្លាស្ទិក ដប​ទឹក​សុទ្ធ​ប្លាស្ទិក ព្រោងព្រាត​នៅ​ទីនោះ​។


អ្នកខ្លះ​បោស​សំរាម​ប្លាស្ទិក​ទម្លាក់​ចូល​ក្នុង​ទឹកទន្លេ​តែម្តង ហើយ​អណ្តែត​ព្រោងព្រាត​ចាក់​ចូល​ទៅ​បឹង​ទន្លេសាប​ក៏​មាន​ដែរ បើ​នៅ​កន្លែង​កម្សាន្ត​ប៉ែក​ខាងលើ​នៃ​ទន្លេ​មេគង្គ​វិញ​ដូចជា​ព្រែក​កាំពី​នៅ​ខេត្ត​ក្រចេះ គឺ​អ្នក​ប្រើប្រាស់​ប្លាស្ទិក និង​ដប​ស្រាបៀរ​បោះ​គរ​ចោល ហើយ​នៅ​ពេល​ទឹក​ឡើង​មក សំរាម​ទាំងនោះ​ហូរ​ចូល​ទៅក្នុង​ទឹកទន្លេ​។


ចំណែកឯ​សំណល់​វេជ្ជសាស្ត្រ​វិញ​ក៏​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​ដែរ បើ​នៅ​ស្ថាប័នរដ្ឋ គឺ​មាន​ម៉ាស៊ីន​កម្ទេច​សំណល់​រឹង​ (incinerator) ​នៅ​មន្ទីរពេទ្យ​ខេត្ត រាជធានី​គឺ​ប្រមូល​ស៊ីរ៉ាំង ម្ជុល និង​ប្រដាប់ប្រដា​វះកាត់​ពី​មណ្ឌល​​សុខភាព និង​មន្ទីរពេទ្យ​ផ្ទាល់ តែ​នៅ​មន្ទីរពេទ្យ​ឯកជន​ខ្លះ ឬ​កន្លែង​ព្យាបាល​ពេទ្យ​ឯកជន មិន​ដឹង​ជា​យក​ទៅ​ចោល​ ឬ​ក៏​កម្ទេច​នៅ​ទីណា​ទេ គឺ​មាន​តែ​វេចខ្ចប់​ចោល​តាម​សំរាម​ហើយ​។


ជាក់ស្តែង​នៅ​ភូមិ​រកា ឃុំ​រកា​ខេត្ត​បាត់ដំបង​មាន​រឿង​អាស្រូវ​ឆ្លង​មេរោគ​អេដស៍​ដល់​មនុស្ស​ជិត​ ៣០០ ​នាក់​ កាលពី​ឆ្នាំ​ ២០១៤ ​ដោយសារ​តែ​ការប្រើប្រាស់​​ម្ជុល​រួមគ្នា​ហើយ​សំណល់​វេជ្ជសាស្ត្រ​ត្រូវ​បាន​គេ​បោះចោល​ពាសវាល​ពាសកាល​។

ក្រៅពី​នេះ​គ្រាន់តែ​ចេញ​ពី​ប្រឡង​បាក់ឌុប​បេក្ខជន​ដែល​ប្រឡង​ជា​អ្នក​ពង្រាយ​សំរាម និង​ថង់​ប្លាស្ទិក​ពេញទី​ធ្លា​សាលា និង​ជុំវិញ​មណ្ឌល​ប្រឡង​។

យ៉ាងណា​មិញ​សម្រាប់​អ្នករស់នៅ​ផ្ទះ​បណ្តែត​ទឹក​ជា​ប្រចាំ​វិញ​បាន​បោះចោល​សំរាម​ទៅ​តាម​ទឹក​ហូរ​ចូល​បឹង​ទន្លេសាប ហើយ​បើសិន​ជា​មាន​ការស្តារ​បឹង​ទន្លេសាប​គឺ​អាច​មាន​ប្លាស្ទិក​រាប់សិប​តោន​។ រឿង​សំរាម​ថង់​ប្លាស្ទិក​នេះ​មិនមែន​ជា​ការព្រួយបារម្ភ​តែ​នៅ​ស្រុក​ខ្មែរ​ទេ នៅ​ឥណ្ឌូនេស៊ី នៅ​កោះ​បាលី ត្រូវ​បាន​គេ​ហៅថា សមុទ្រ​ប្លាស្ទិក ហើយ​នៅ​ជាយ​ទីក្រុង​ម៉ានីល​នៃ​ប្រទេស​ហ្វីលីពីន​ត្រូវ​បាន​គេ​ហៅថា​ភ្នំ​សំរាម​តែម្តង​។

តាមរយៈ​របាយការណ៍​ប្រចាំឆ្នាំ​ ២០១៨ របស់​ក្រសួង​បរិស្ថាន​គ្រាន់តែ​សំរាម​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​កើនឡើង​ជា​លំដាប់​ក្នុង​ ១ ​ថ្ងៃ​មាន​ប្រមាណ​ជា ២ ៣០០ តោន​។ សំរាម​សំណល់​រឹង​ទាំងនោះ​គឺ​អាច​បង្កើន​ឧស្ម័ន​មេតាន​ដែល​ជា​ផ្នែក​មួយ​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បំពុលបរិស្ថាន​។ ម្យ៉ាងទៀត​បើ​​យក​ប្លាស្ទិក​ទៅ​ដុត​វិញ​ខ្លះ​ដុត​ខ្សែភ្លើង​ដើម្បី​យក​លួស​ទង់ដែង​គឺ​ផ្សែង​ដែល​ចេញ​ពី​ជាតិ​ប្លាស្ទិក​អាច​បង្ក​ជំងឺ​មហារីក​បាន​។

បើ​ប្លាស្ទិក​ខ្លះ​អាច​មាន​អាយុកាល​រាប់រយ​ឆ្នាំ ពិបាក​រំលាយ ហើយ​បើ​ក្នុង​ទឹកទន្លេ​បឹងបួរ​វិញ​គឺ​សត្វ និង​ជីវចម្រុះ​ពុល​ពិបាក​​រស់នៅ​។

ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏មាន​សំរាម​ខ្លះ អាច​កែច្នៃ​បាន​ដែរ ​ដូចជា បន្លែ​រលួយៗ​យក​ទៅ​ធ្វើ​ជា​ជី​កំប៉ុស្តិ៍ ប្លាស្ទិក​ខ្លះ​ក៏​ត្រូវ​កែច្នៃ​ធ្វើ​ជា​កាបូប កាតាប ឬក៏​ឆ្លាក់​ចេញ​ជា​រូបភាព​ជាដើម ។ រីឯ​សំបក​ដប​ទឹក​សុទ្ធ​ខ្លះ​ទម្រាំ​តែ​បោះចោល​ចូល​ធុងសំរាម គឺ​អាច​ប្រើប្រាស់​បាន​ ១០ ​ទៅ​ ២០ ​ដង​ហើយ​សំបក​កំប៉ុង​អាលុយមីញ៉ូម​វិញ គឺ​អ្នក​ទិញ​អេតចាយ​ទិញ​យក​ទៅ Recycle ធ្វើ​ជា​វត្ថុធាតុដើម​វិញ​។

យុវជន​កម្ពុជា​មួយក្រុម​បាន​ស្ម័គ្រចិត្ត​ធ្វើ​យុទ្ធនា​ការប្រមូល​សំរាម​តាម​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក និង​បឹងទំពុន​ដែល​ធ្វើ​ឲ្យ​មហាជន​សាទរ​។

បើ​មើល​ទៅ​ពហុកីឡដ្ឋាន​អូឡាំពិក​ពេល​ចប់​ការប្រកួត​បាល់​ម្តងៗ​ក៏មាន​យុវជន​ទស្សនិកជន​នាំគ្នា​ប្រមូល​សំរាម​ផងដែរ​ជាពិសេស​ដប​ទឹក​សុទ្ធ និង​កែវ​ទឹក​ប្លាស្ទិក​តែម្តង​។ នៅពេល​បុណ្យ​ជាតិ​ម្តងៗ​សាលា​រាជធានី ឬ​ក៏​ខេត្ត​បាន​ដាក់​ធុងសំរាម​ផង​ដែរ ដើម្បី​កាត់បន្ថយ​ការចោល​សំរាម​នេះ​។

នៅតាម​ផ្សារ​ទំនើបៗ​វិញ​គឺ​គេ​វេចខ្ចប់​ដោយ​ប្រើ​ថង់​ប្លាស្ទិក​គឺ​យក ៤០០ រៀល​បន្ថែម និង​មាន​ប្រព័ន្ធ​ឌីជីថល​ឈ្មោះ Gogreen បង្កើត App សម្រាប់​ផែនទី​នៅ​រាជធានី​ភ្នំពេញ​កន្លែង​ណា​ដែល​មាន​សំរាម​គឺ​អាច​ដៅ​ចំណុច​បាន​ (Pin) ​ដើម្បី​ជា​សញ្ញា​ឲ្យ​គេ​ទៅ​ប្រមូល​សំរាម​នៅ​ទីនោះ​បាន​។

ការអនុវត្ត​ការប្រមូល​សំរាម​បាន​ប៉ុណ្ណឹង​គឺ​គ្រាន់តែ​ជា​ការចាប់ផ្តើម​នៃ​ការកែប្រែ​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​ប្លាស្ទិក និង​អ្នក​ចោល​ប្លាស្ទិក​នៅឡើយ​ទេ រឿង​ដែល​សំខាន់​គឺ​តម្រូវ​ឲ្យ​មាន​ការផ្សព្វផ្សាយ​បន្ថែម​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផង តាម​កញ្ចក់​ទូរទស្សន៍ និង​តាម​សាលារៀន​បន្ថែមទៀត​។

ម្យ៉ាង​វិញទៀត​អ្នក​ផលិត ឬ​ក៏​អ្នកលក់ គួរតែ​បង្កើត​គំនិត​ថ្មីៗ​ដើម្បី​បញ្ចៀស​ការប្រើប្រាស់​សារជាតិ​ប្លាស្ទិក​ដូច​នៅ​ក្រុមហ៊ុន​ខ្លះ​នៅ​ប្រទេស​ ចិន និង​ប្រទេស​ ឥណ្ឌា​ បាន​ផលិត​សម្ភារ​ធ្វើ​ពី​ឈើ​មក​ជំនួស​ដូចជា​ច្រាស់​ដុះធ្មេញ ក្រាស់​សិតសក់ ស្លាបព្រា​ឈើ កាំបិត​ក៏​ឈើ​ដែរ​។ ក្រុមហ៊ុន​អ៊ែរ​ឥណ្ឌា Air India កំពុងតែ​អនុវត្ត​ការឈប់​ប្រើ​ប្លាស្ទិក​ដែល​ប្រើ​បាន​តែ​ម្តង​។ រីឯ​នៅ​ប្រទេស​ អេក្វាទ័រ គឺ​លើក​ទឹកចិត្ត​ឲ្យ​អ្នកជិះ​រថយន្តក្រុង​ប្រមូល​សំបក​ដប​ទឹក​សុទ្ធ​បាន ១៥ គឺ​បាន​ជិះ​រថយន្តក្រុង​ម្តង​ដោយ​មិន​គិតថ្លៃ​។

ម៉ូដែល​ (Models) ​ទាំងអស់​នេះ​គឺ​កម្ពុជា​សុទ្ធតែ​អាច​ធ្វើ​បាន ដើម្បី​បញ្ចៀស​ការប្រើប្រាស់​ប្លាស្ទិក​គឺ​ចាប់ផ្តើម​ពី​ការវេចខ្ចប់​ដោយ​ប្រើ​ស្លឹកឈើ​ដែល​ជា​របស់​ធម្មជាតិ​សាមញ្ញៗ ៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com