ទីក្រុងវូហាន​នៃ​ប្រទេស​ចិន គឺជា​កន្លែង​ដែល​ផ្ទុះ​ជំងឺ​កូវីដ ១៩ ដំបូង​គេ​កាលពី​ចុង​ឆ្នាំ​ ២០១៩ ឥឡូវ​ប្រទេស​ចិន​បាន​ជោគជ័យ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ រហូត​ដល់​ថ្ងៃ​ខ្លះ គ្មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ថ្មី​តែម្តង​។ តែ​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក​កំពុង​តែ​រាលដាល​យ៉ាងខ្លាំង​រហូត​ដល់​ប្រទេស​មួយ​ចំនួន​ដាក់​ប្រទេស​ឲ្យ​នៅក្នុង​គ្រាអាសន្ន បិទ​ប្រទេស​ទាំងមូល​តែម្តង​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ ដោយសារ​តែ​អត្រា​ការឆ្លង​កូវីដ​ ១៩​ ក៏​ខ្លាំង ហើយ​ការស្លាប់​កាន់តែ​លឿន និង​ច្រើន​ទៀត ជាពិសេស​ប្រទេស​ អ៊ីតាលី អេស្ប៉ាញ អ៊ីរ៉ង់ បារាំង និង​អាមេរិក​។

ដើម្បី​ជោគជ័យ​ចិន​បាន​ធ្វើ​កិច្ចការ​ជាច្រើន​ក្នុង​ការ​ទប់ទល់​ជាមួយ​ជំងឺ​កូវីដ​១៩​នេះ​មាន​តាំងពី​ការបិទ​មិន​ឲ្យ​ពលរដ្ឋ​ចេញ-ចូល​ទីក្រុង​វូហាន​បញ្ជូន​គ្រូពេទ្យ​មកពី​ខេត្ត​ផ្សេងៗ​មក​ជួយ​ទប់​ការធ្វើ​បណ្តើរ​ស្រាវជ្រាវ​បណ្តើរ ការបាញ់​ថ្នាំ ការត្រួតពិនិត្យ​រាល់​អ្នកដំណើរ​បិទ​រាល់​ការជួបជុំ​គ្នា​ទាំងអស់ និង​ការថែទាំ​អនាម័យ​ស្អាត​នៅ​ទីក្រុង ជាពិសេស​គឺ​គ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​។ ជា​លទ្ធផល​មាន​កុមារ​ឆ្លង​មេរោគ​កូវីដ ១៩​ តិចតួច​បំផុត​ដោយ​ក្នុង​ចំណោម​កុមារ ១៧១ នាក់​ ដែល​ឆ្លង​មាន​តែ​កុមារា​អាយុ​ ១៤ ​ឆ្នាំ​ម្នាក់​ទេ​បាន​ស្លាប់​ (NEJM, March 18, 2020)​។


ចំណែកឯ​ប្រទេស​កម្ពុជា​វិញ​ទើប​តែមាន​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩​ សរុប​មាន​តែ​ ១១០ ​ករណី​ទេ​ភាគច្រើន​គឺ​អ្នក​ផ្ទុកមេរោគ​ឆ្លង​ពី​ប្រទេសក្រៅ​មកវិញ​ទេ​។ ទោះបីជា​កម្ពុជា​នៅ​មាន​ចំនួន​នៃ​អ្នក​ឆ្លង​មាន​តិច​នៅ​ឡើយ និង​មិនទាន់​មាន​អ្នកស្លាប់​ដោយសារ​កូវីដ​១៩​នេះ​ក៏ដោយ ក៏​កម្ពុជា​មិន​ព្រងើយកន្តើយ​ជាមួយ​នឹង​ស្ថានការណ៍​នៃ​មេរោគ​ថ្មី​ដែល​កំពុង​រាតត្បាត​ទូទាំង​ពិភពលោក និង​ទូទាំង​ប្រទេស​ដោយ​រាជរដ្ឋាភិបាល​កំពុងតែ​ដុតដៃដុតជើង ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏កាច​សាហាវ​មួយ​នេះ​។


មាន​តាំងពី​ការបិទ​វិសមកាល​តាម​សាលារៀន​មុន​កាលកំណត់ បិទ​ការជួបជុំ​ក្រុម​ធំៗ បិទ​ក្លិប​កម្សាន្ត​ខារ៉ាអូខេ​ការប្រគំ​តន្ត្រី កាស៊ីណូ សូម្បីតែ​ការរៀបចំ​ពិធីមង្គលការ ឬក៏​បុណ្យទាន​មិនចាំបាច់​ត្រូវ​លុបចោល​ផងដែរ​។


ជាង​នេះទៅ​ទៀត​រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ការកៀរគរ​ស្វែងរក​ថវិកា​ពី​សប្បុរជន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​កូវីដ​១៩​ផងដែរ​។


ប៉ុន្តែ​អ្វីដែល​គួរ​បារម្ភ​គឺ​សេណារីយោ​​ទី​ ៣ ​ដែល​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ក្នុង​សហគមន៍​ហើយ​សកម្មភាព​ដែល​ចម្បង​នោះ​គឺ​សំរាម ការសម្អាត​អនាម័យ​បរិស្ថាន​នៅផ្ទះ និង​នៅក្នុង​សហគមន៍​កំពុង​ស្ថិត​នៅជា​បញ្ហា​ប្រឈម​នៅឡើយ​ទេ ជាពិសេស​នោះ​គឺ​ការគ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​ទាំង​សំណល់​រឹង និង​ទាំង​សំណល់​រាវ​ដែល​ជា​ភ្នាក់ងារ​ចម្លង​មិន​ផ្ទាល់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នាក់​បាន​។


កូវីដ​ ១៩​ នេះ​ គឺ​ថ្មី​សូម្បី​តែ​អង្គការ​សុខភាព​ពិភពលោក​ក៏​ទទួលស្គាល់​ថា មាន​របៀប​ចម្លង​មួយ​ចំនួន​មិនទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ​ (Uncertainty) ​ហើយ​វ៉ាក់សាំង​ការពារ​មេរោគ​មិនទាន់​មាន និង​ថ្នាំ​ព្យាបាល​ក៏​មិនទាន់​មាន​ដែរ គឺ​កំពុងតែ​ស្ថិតនៅក្នុង​ការស្រាវជ្រាវ និង​ការធ្វើ​តេស្ត​នៅឡើយ​។ សំណួរ​ជាទូទៅ​ដែល​ពាក់ព័ន្ធ​ទៅនឹង​រយៈពេល​នៃ​មេរោគ​នៅក្នុង​បរិយាកាស​ដែល​ចម្លងរោគ​បាន​ក៏​មិនបាន​កំណត់​ច្បាស់​ថា រយៈពេល​ណា​មួយ​កំណត់​នោះ​ដែរ​គឺ​វា​អាស្រ័យ​ទៅនឹង​បរិស្ថាន និង​អាកាសធាតុ​។

ប៉ុន្តែ​បើ​តាម​គេ​បកស្រាយ​លទ្ធភាព​នៃ​មេរោគ​គឺ​អាច​រស់នៅក្នុង​ទឹកមាត់​បាន ហើយ​វា​អាច​ឆ្លង​នៅពេល​ដែល​ទឹកមាត់​និយាយ​ខ្ទាត​ចេញមក ឬ​ក៏​ក្អកកណ្ដាស់ ផ្តាសាយ​ហៀរ​សំបោរ​ចេញមក​ក្រៅ​ហើយ​វា​អាច​ចម្លងរោគ​ផ្ទាល់​​តាមរយៈ​មាត់ ច្រមុះ និង​ភ្នែក​ទៅក្នុង​ផ្លូវដង្ហើម​បាន​។

ទោះ​ជា​យ៉ាងណា​កាលពី​ថ្ងៃ​ចុង​ខែ​មុន​មាន​ការសិក្សា​ស្រាវជ្រាវ​របស់​ស្ថាប័ន New England Journal of Medicine បាន​រកឃើញ និង​ផ្សព្វផ្សាយ​ពី​រយៈពេល​ដែល​វីរុស​កូរ៉ូណា​អាច​រស់នៅ​បរិយាកាស​អាស្រ័យ​ទៅនឹង​ស៊ីតណ្ហភាព បើ​នៅក្នុង​ខ្យល់​វា​អាច​រស់នៅ​រហូត​ដល់​ ៣ ​ម៉ោង​នៅលើ​ទង់ដែង ឬ​ក៏​ស្ពាន់​អាច​ដល់​ទៅ​ ៤ ​ម៉ោង​នៅលើ​ក្រដាស​កាតុង​រឹង​បាន​ ២៤ ​ម៉ោង​ និង​នៅលើ​ប្លាស្ទិក និង​ដែក​អ៊ីណុក​បាន​ដល់​ ២ ទៅ​ ៣ ​ថ្ងៃ​ឯណោះ​។

អ៊ីចឹង​មេរោគ​កូរ៉ូណា​នេះ​វា​ចម្លង​បាន​យ៉ាង​ងាយ​កាលណា​វា​រស់នៅ​បាន​រយៈពេល​កាន់តែ​យូរ​ចំពោះ​ការខ្វះខាត​អនាម័យ​ដៃ​នឹង​សាប៊ូ និង​ទឹក​អាល់កុល និង​ការសម្អាត​បរិស្ថាន​ដែល​នៅ​ជុំវិញ​ខ្លួន​នោះ​ហើយ​អ្វី​ដែល​កាន់តែ​ប្រឈម​នោះ​គឺ​ការគ្រប់គ្រង​សំណល់​វិជ្ជសាស្ត្រ​។

បើ​នៅ​មន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក​ខេត្ត និង​ស្រុក និង​មណ្ឌល​សុខភាព​របស់​រដ្ឋ​គឺ​មាន​ការរៀបចំ និង​គ្រប់គ្រង​បានល្អ​ទៅ​តាម​គោលការណ៍​ណែនាំ​ស្តីពី​ការបង្ការ និង​ការត្រួតពិនិត្យ​ការចម្លង​រោគ​។ ពោលគឺ​សំណល់​វេជ្ជសាស្ត្រ​សំណល់​រឹង​ដូចជា​ម្ជុល សៀរ៉ាំង ឡាម និង​ដង្គៀប​ជាដើម​គឺ​គេ​ប្រមូល​ពី​មណ្ឌល​សុខភាព​មក​មន្ទីរពេទ្យបង្អែក​ដើម្បី​កម្ទេច​ដោយ​ម៉ាស៊ីន​មាន​កំដៅ​ខ្ពស់ រីឯ​សំណល់​វេជ្ជសាស្ត្រ​ខ្លះ​ដូច​សម្បក​ថ្នាំពេទ្យ ក្រណាត់​រុំ​របួស និង​ថង់​ប្លាស្ទិក​គឺ​កម្ទេចចោល​ដោយ​ឡដុត​សំរាម​វេជ្ជសាស្ត្រ​។

បើ​សំណល់​រាវ​គឺ​មាន​លូ​កប់​ស្ដុក និង​ការដាក់​ថ្នាំ​សម្លាប់​មេរោគ​មុន​បង្ហូរ​ចេញ ដើម្បី​កុំ​ឲ្យ​បង្ហូរ​ចេញ​ឆ្លង​រោគ​។ ចុះ​ចំណែកឯ​សេវា​គ្លីនិក​ឯកជន​វិញ តើ​យក​សំណល់​វេជ្ជសាស្ត្រ​ទៅណា​? នៅ​ខេត្ត​ខ្លះ​គេ​អាច​ឲ្យ​សេវា​គ្លីនិក​ឯកជន​បង់លុយ​ទៅ​មន្ទីរពេទ្យ​ជួយ​កម្ទេច​ទៅ​តាម​ទំហំ​សំរាម​។

តែ​នៅ​ខេត្ត​ខ្លះ និង​នៅ​ទីក្រុង​គ្លីនិក និង​កន្លែង​កាប៊ីណេកុងស៊ុល​អ្នកជំងឺ​ខ្លះ​ហ៊ាន​ចាក់​ថ្នាំ ឬក៏​ព្យួរសេរ៉ូម​ដល់​អ្នកជំងឺ និង​ពិនិត្យ​កំហាក ហើយ​យក​សំរាម​ទាំងនេះ​មក​ដាក់​ដូច​សំរាម​តាម​ផ្ទះ​ធម្មតា​ដែរ រីឯ​សំណល់​រាវ​បង្ហូរ​ចូល​លូ​ទៅ​ចប់​។ នេះហើយ​ជា​បញ្ហា​មួយ​ដែល​ចម្លង​នៅក្នុង​សហគមន៍​ដោយសារ​តែ​ការគ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​មិនបាន​ល្អ​។

អ្នក​ដែល​ប្រឈមមុខ​ការឆ្លង​មេរោគ​ជាងគេ​ដោយសារ​សំណល់​វេជ្ជសាស្ត្រ​នេះ គឺ​អ្នក​រើស​អេតចាយ​តាម​ផ្ទះ បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម​មក​ដល់​កន្លែង​គំនរ​សំរាម​ក៏មាន​អ្នក​រើស​អេតចាយ​មួយក្រុម​ទៀត​ដែល​ពួកគេ​ទាំងអស់​គ្នា​នោះ កម្រ​ប្រើ​ស្រោមដៃ​ប្រមូល​សំរាម​ណាស់​។ បើទោះបី​ជា​កុមារ​មាន​អត្រា​ចម្លង​មេរោគ​កូវីដ​១៩​នេះ​តិចតួច​ក៏ដោយ​ក៏​កុមារ​ងាយ​ឆ្លង​ជាមួយ​នឹង​សំរាម​វេជ្ជសាស្ត្រ​នេះ​ណាស់​ពួកគេ​រពឹស​ចេះ​តែ​ឆ្កឹះឆ្កៀល​កាន់​របស់​លេង ឬក៏​ខាំ​លេង​។

ហេតុ​ដូច្នេះ​ហើយ​រាជរដ្ឋាភិបាល ជាពិសេស​អភិបាល​រាជធានី ខេត្ត និង​អាជ្ញាធរ​ដែនដី គួរតែ​យកចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្ពស់​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម​សំណល់​វេជ្ជសាស្ត្រ​នេះ ដែល​ងាយ​ជា​ភ្នាក់ងារ​ចម្លងមេរោគ​កូវីដ​ ១៩ លឿន​ហើយ​រហ័ស​ទៀត​នេះ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com