រាជរដ្ឋាភិបាល​កំពុង​មមាញឹក​ក្នុង​ការ​រក​ដំណោះស្រាយ​ចំពោះ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ដែល​មាន​អ្នកទោស​លើស​ចំនួន​កំណត់ គ្រាន់តែ​អ្នក​ដែល​ជាប់ឃុំ​រង់ចាំ​នីតិវិធី​តុលាការ​មាន​ចំនួន​ជាង ២ ម៉ឺន​នាក់​ទៅ​ហើយ​ដូចជា ការពង្រីក​បន្ថែម និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​មន្ទីរ​ឃុំឃាំង​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត ហើយ​ក្រសួង​មហាផ្ទៃ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​រៀបចំ​ខ្លឹមសារ​នៃ​កិច្ចប្រជុំ ពន្លឿន​នីតិវិធី ជំនុំ​ជម្រះក្តី និង​ចេញ​សាលក្រម ឬ​សាលដីកា​ស្ថាពរ​កាលពី​ចុង​ខែ​មុន​ផង​ដែរ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្តង់ដារ​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​នូវ​កាតព្វកិច្ច​ជា​អន្តរជាតិ​ស្រប​តាម​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម​នោះ​។ នេះ​បើ​តាម​ប្រសាសន៍​លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​កាលពី​សប្តាហ៍​មុន​។

ចំពោះ​បញ្ហា​អ្នក​ជាប់ឃុំ​កើនឡើង​ដែល​ចំណាយ​ថវិកាជាតិ​ដ៏ច្រើន​នេះ ដោយសារ​នីតិវិធី​ជម្រះក្ដី​យឺតយ៉ាវ​ក៏​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​មួយ​ផ្នែក​ទៅ​នឹង​កង្វះខាត​មន្ត្រី​ធ្វើការ​នៅក្នុង​ប្រព័ន្ធ​តុលាការ​ផង​ដែរ បើ​ទោះបី​ជា​មាន​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​បាន​ប្រសើរ​ឡើង​ដូចជា​ការអនុម័ត​ច្បាប់​ស្តីពី ការរៀបចំ​អង្គការ​តុលាការ​ការកសាង​សមត្ថភាព​របស់​មន្ត្រី​តុលាការ និង​ការវាយតម្លៃ និង​ពិនិត្យ​តាមដាន​ក៏ដោយ​។


ជាង​នេះ​ទៅ​ទៀត​គឺ​ការបង្កើន​ស្ថាប័ន​សាលាឧទ្ធរណ៍​បន្ថែម​ឲ្យ​បាន​ចំនួន ៧ ​ទៀត​នៅ​តាម​តំបន់ ដែល​បច្ចុប្បន្ន​នេះ​សាលា​ឧទ្ធរណ៍ ២ ​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​ត្បូងឃ្មុំ​កំពុង​សាងសង់​ជិត​រួចរាល់​អស់​ហើយ ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់ ដែល​ផ្តល់​សេវា​កាន់តែ​នៅ​កៀក​ទៅ​នឹង​ប្រជាពលរដ្ឋ បើ​ទោះបី​ជា​ស្ថាប័ន​តុលាការ​មិន​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​កំណែទម្រង់​វិមជ្ឈការ​ក៏ដោយ​។


រីឯ​ការបណ្តុះបណ្តាល​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​មន្ត្រី​តុលាការ​ដូចជា​ចៅក្រម ភាសា​សាមញ្ញ​ថា​ចៅក្រម​អង្គុយ និង​ព្រះរាជអាជ្ញា​ហៅថា​ចៅក្រម​ឈរ​ក្នុង​ ១ ​ឆ្នាំៗ ៥០ នាក់​ដើម្បី​សិក្សា​វិជ្ជាជីវៈ​ចៅក្រម រយៈពេល​ ២ ​ឆ្នាំ​នៅ​សាលា​ភូមិន្ទ​​ចៅក្រម​។


មកទល់​សព្វ​ថ្ងៃនេះ​មាន​មន្ត្រី​ចៅក្រម​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន ៤៨៤ រូប​កំពុង​បម្រើការ​នៅ​តាម​បណ្តា​ខេត្ត-រាជធានី​។ នេះ​បើ​តាម​ប្រសាសន៍​លោក កេង សុម៉ារិទ្ធ នាយក​សាលា​ភូមិន្ទ​ចៅក្រម​។


បើ​ធ្វើការ​គណនា​សាមញ្ញ​តាម​សមាមាត្រ​រវាង​ចៅក្រម​បម្រើ​ប្រជាពលរដ្ឋ​វិញ ទូទាំង​ប្រទេស​ប្រមាណ ១៥ លាន​នាក់​ (Inter-censal 2013) ​គឺ​ចៅក្រម ១ ​រូប​បម្រើ​ពលរដ្ឋ​ចំនួន ៣ ​ម៉ឺន​នាក់ បើ​ប្រៀបធៀប​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា​វិញ​គឺ​ចៅក្រម ១៩ ​រូប​បម្រើ​ពលរដ្ឋ​ ១ ​លាន​នាក់​។


ចំពោះ​តម្រូវការ​ចាំបាច់​ដែល​មាន​ទំហំ​ធំ​ការផ្តល់​សេវា​ផ្លូវ​ច្បាប់​របស់​ចៅក្រម​នេះ​រដ្ឋាភិបាល​ឥណ្ឌា​ប្រកាស​ជ្រើសរើស​មន្ត្រី​ចៅក្រម​បន្ថែម​ចំនួន ៥ ​ពាន់​នាក់​ទៀត ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ជាក់ស្តែង (Law Ministry of India, 2018)​។

ចំណុច​នេះ​រាជរដ្ឋាភិបាល​ក៏​គួរតែ​ពិចារណា​ក្នុង​ការ​បង្កើន​ចំនួន​ចៅក្រម​បន្ថែម​ទៀត​ផង​ដែរ និង​ការដំឡើង​ប្រាក់ខែ​បន្ថែម​ទៅ​តាម​ខេត្ត​ដែល​នៅ​ឆ្ងាយៗ​ទៅ​តាម​កម្រិត​នៃ​ប្រាក់ខែ​ពោល​គឺ​កាន់តែ​ឆ្ងាយ​ប្រាក់​បៀវត្សរ៍​កាន់តែ​កើនឡើង​ផង​ដែរ ដើម្បី​លើក​ទឹកចិត្ត​ពួកគាត់​ឲ្យ​ធ្វើការ​នៅ​ទី​នោះ ផ្តល់​សេវា​ផ្លូវ​ច្បាប់​។

បញ្ហា​នេះ​កន្លង​មក​បើទោះ​ជា​ច្បាប់​តាតព្វកិច្ច​របស់​ចៅក្រម​មាន​ការ​ផ្លាស់ប្តូរ​វេន​គ្នា​នៅ​តាម​បណ្តា​ខេត្ត-រាជធានី​រៀងរាល់ ៤ ​ឆ្នាំ​ម្តង​ក្តី តែ​មាន​ចៅក្រម​ខ្លះ​ធ្វើ​មិន​បាន​នោះ​ទេ គឺ​ខ្វិច​ខ្វិលៗ​នៅ​តែ​ភ្នំពេញ​ហ្នឹង​។ ឧទាហរណ៍​ក្នុង​ ១ ​សប្តាហ៍​ទៅ​ធ្វើការ​ ៥ ​ថ្ងៃ តែ​ដល់​ពេល​ជាក់ស្តែង​ចៅក្រម​ទៅ​ធ្វើការ​តែ​ចាប់ពី​ថ្ងៃ​អង្គារ ដល់​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីតាំង​ខេត្ត​របស់​ខ្លួន​នោះ​ហើយ​វិល​ត្រឡប់​មក​ផ្ទះ​នៅ​ភ្នំពេញ​វិញ ករណី​នេះ​ក៏​ធ្វើឲ្យ​ប៉ះពាល់​ទៅ​នឹង​ដំណើការ​យឺតយ៉ាវ​នៃ​ការ​ជម្រះក្តី​ផង​ដែរ​។

តែ​ទោះ​ជា​យ៉ាងណា​ក៏​មាន​ចំណុច​ល្អ​ធ្វើ​ជា​គំរូ​ផង​ដែរ ដែល​មន្ត្រី​ឆ្មប ត្រូវ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ពី​រាជរដ្ឋាភិបាល​គឺ​សម្រាល​កូន​បាន ១ នាក់​ទទួល​បាន​ទឹកប្រាក់​ ៦ ​ម៉ឺន​រៀល​។ អ៊ីចឹង​ចៅក្រម​ដែល​មាន​ចំនួន​តិច​នៅ​តាម​បណ្តា​ខេត្ត​ក៏​គួរ​តែ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដូច​ឆ្មប​ផង​ដែរ ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​ការងារ​ពេញលេញ​នៅ​ហឹ្នង​កន្លែង​។

ម្យ៉ាង​វិញ​ទៀត​បើ​ប្រៀបធៀប​ជាមួយ​នឹង​មេធាវី​គឺ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ចំនួន​មេធាវី​ ហាក់បី​ដូចជា​ មាន​កំណើន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​គិត​មក​ដល់​ខែ​តុលា ឆ្នាំ​ ២០១៨ នេះ​គឺ​មាន​ចំនួន​មេធាវី​ពេញសិទ្ធិ និង​មេធាវី​កម្មសិក្សា​ដែល​កំពុង​បម្រើ​សេវា​មាន​ចំនួន​សរុប​ ១៥៣៤ រូប​ផង​ដែរ​ តាម​រយៈ​វេបសាយ​របស់​គណៈ​មេធាវី​។

ជាង​នេះ​ទៅ​ទៀត​ក្នុង​មួយ​ឆ្នាំៗ​មាន​និស្សិត​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ច្បាប់​ដែល​រៀន​ចប់​ពី​សាកលវិទ្យាល័យ​ទាំង​រដ្ឋ និង​ឯកជន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ក៏​មាន​រាប់រយ​នាក់​ផង​ដែរ​។

តែបើ​រដ្ឋ​ជ្រើសរើស​តែ​ចំនួន​និស្សិត​ចៅក្រម​តែ ៥០ នាក់​ក្នុង ១ ​ឆ្នាំៗ​សម្រាប់​បម្រើ​ការងារ​មន្ត្រី​អនុវត្ត​ច្បាប់​នៅក្នុង​តុលាការ ហាក់បី​ដូចជា​មិន​សមាមាត្រ​ទៅ​នឹង​កំណើន​ប្រជាពលរដ្ឋ និង​កំណើន​ករណី​បទល្មើស​ជាក់ស្តែង​នៅ​ឡើយ​ទេ ដែល​ធ្វើឲ្យ​រាំងស្ទះ​ដល់​នីតិវិធី​ជម្រះក្ដី​។

ហេតុ​ដូចនេះ​រាជរដ្ឋាភិបាល​គួរតែ​បង្កើន​ចំនួន​មន្ត្រី​ចៅក្រម និង​ព្រះរាជអាជ្ញា ដើម្បី​ជួយ​សម្រួល​ដល់​ការជម្រះ​ក្តី​ឲ្យ​បាន​លឿន និង​ឲ្យ​សមស្រប​ទៅ​នឹង​ស្ថាប័ន​សាលាឧទ្ធរណ៍​ថ្មី​បន្ថែម ៧ ទៀត​នោះ ម្យ៉ាង​កាត់​បន្ថយ​ការ​រុញ​កំហុស​ដាក់​គ្នា​ទៅវិញ​ទៅមក​រវាង​ច្រៅ​ក្រម និង​នគរបាល​យុត្តិធម៌ រឿង​ការយឺតយ៉ាវ​ក្នុង​ការ​ជម្រះក្តី​នេះ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com