កាលពីឆ្នាំ ២០១៨ ក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហាញទិន្នន័យយានយន្តដែលបានចុះបញ្ជីរួចហើយ ប្រមាណជា ៤,៥ លានគ្រឿង ហើយគ្រាន់តែរថយន្តមានចំនួន ៦៨ ម៉ឺនគ្រឿង ក្រៅពីនោះមានម៉ូតូ និងរ៉ឺម៉កកង់ ៣ ផង។
នៅរាជធានីភ្នំពេញក៏កាន់តែចង្អៀតទៅៗទាំងនៅលើទ្រូងផ្លូវ និងទាំងនៅលើចិញ្ចើមផ្លូវដោយសារតែចំនួនយានយន្តកាន់តែកើនឡើងរីឯកន្លែងសម្រាប់ចតក៏នៅមានការខ្វះខាត ហើយសាលារាជធានីនៅមិនទាន់បង្ហាញយុទ្ធសា្រស្តក្នុងការកាត់បន្ថយកន្លែងចតលក្ខណៈឯកជនយក លុយទៅតាមម៉ោងនៅឡើយនោះទេ ពោលគឺមានតែចតនៅលើផ្លូវសាធារណៈ និងនៅជុំវិញផ្សារហើយយកលុយដូចគេដូចឯងដែរ។ មានចិញ្ចើមផ្លូវធំៗគឺរដ្ឋបានគិតគូរដល់ជនពិការធ្វើដំណើរដោយគោះឈើច្រត់ដើម្បីតម្រង់ផ្លូវពួកគាត់តែបែរជាអ្នកមានឡានចតកាត់ទទឹងនៅលើផ្លូវធ្វើដំណើរពួកគាត់តែម្តង។
ចំណែកឯអ្នកលក់ដូរតាមចិញ្ចើមថ្នល់ក៏ចេះតែនាំគ្នារុលចេញមកលើចិញ្ចើមថ្នល់ផងដែរខ្លះក៏នាំគ្នាដាក់លក់នៅលើថ្នល់ធ្វើដំណើរតែម្តង ដោយមិនខ្វល់ពីអ្នកធ្វើដំណើរនោះទេ បើទោះបីជាមានកន្លែងខ្លះមានទីតាំងលក់នៅខាងក្នុងផ្លូវហើយក៏ដោយក៏នៅតែរុលលយមកចូលលក់នៅលើថ្នល់ដែរ។
ជាមួយគ្នានេះដែរ ពលរដ្ឋខ្លះ គឺយកផ្លូវដើរនៅលើចិញ្ចើមផ្លូវហ្នឹងសង់ថែមតែម្តង ដោយមិនខ្វល់ពីអ្នកដទៃទេ បើទោះបីជាកម្ពុជាមានអនុក្រឹត្យសម្រាប់គ្រប់គ្រងលើសណ្ដាប់ធ្នាប់សាធារណៈ ដែលចេញតាំងពីឆ្នាំ ១៩៩៤ តែការអនុវត្ត គឺធ្វើទៅតាមចិត្តចង់របស់អាជ្ញាធរមួយប្រាវតែម្តងរួចហើយក៏ស្ងាត់ទៅ។
ក្រោយមកសាលារាជធានីភ្នំពេញ ក៏តែងតែចេញសេចក្តីជូនដំណឹង (ស.ជ.ណ) ម្តងហើយម្តងទៀតដដែលៗ ដូចការបង្ក្រាបលើការរំលោភលើផ្លូវសាធារណៈការហាមឡានធំ មិនឲ្យចូលក្រុង និងខែក្រោយនឹងចាប់ផ្តើមអនុវត្តឱសានវាទការធ្វើរោងការ រោងបុណ្យនៅលើផ្លូវសាធារណៈនោះ។
ការចេញ ស.ជ.ណ បែបនេះ មើលទៅហាក់បីដូចជាមិនមានប្រសិទ្ធភាពនោះទេ ស្ងាត់មួយស្របក់ទៅក៏ត្រឡប់មកវិញហើយតែផ្ទុយទៅវិញការបង្ក្រាប បាតុកម្ម តាមដងវិថីម្តងៗ ឬក៏ការហែ ក្បួនទាមទារសិទ្ធិឬក៏អបអរសាទរទិវាសិទ្ធិមនុស្ស ឬក៏ហែគណបក្សនយោបាយខ្លះគឺទម្លាក់កំហុសទៅលើការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដែរតែបើសួររកច្បាប់ចែងឲ្យជាក់លាក់ គឺអត់មាននៅឡើយនោះទេ។
ដូចគ្នានេះដែរការប្រមូលអ្នកសុំទាន និងអ្នករស់នៅតាមចិញ្ចើមថ្នល់ យកទៅដាក់មជ្ឈមណ្ឌលព្រៃស្ពឺម្តងៗ ក៏អាជ្ញាធរថាមកពីប៉ះពាល់សណ្តាប់ធ្នាប់ដែរ។ នេះគឺជាចំណុចខ្វះខាតនៃច្បាប់ដើម្បីអនុវត្តឲ្យបានទៅតាមគតិយុត្ត។
កាលពីសប្តាហ៍មុន ក្រុមអ្នកច្បាប់ពីក្រសួងមហាផ្ទៃ និងក្រុមអ្នកច្បាប់នៅទីស្តីការគណៈរដ្ឋមន្ត្រី មានបំណងចង់តាក់តែងច្បាប់ថ្មី ដែលបំពេញបន្ថែម នូវអ្វីដែលមាននៅក្នុងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងលើសណ្ដាប់ធ្នាប់សាធារណៈដែលចេញតាំងពីឆ្នាំ ១៩៩៤ តែអ្វីដែលសំខាន់ការចងក្រងចេញជាច្បាប់នេះ គួរតែឲ្យឆ្លើយតបទៅនឹងការគោរពសិទ្ធិមនុស្សជាមូលដ្ឋានដែលកម្ពុជា បានសន្យាជាមួយនឹងអង្គការសហប្រជាជាតិនោះ និងជាពិសេសគឺសិទ្ធិសេរីភាព ក្នុងការធ្វើបាតុកម្មដូចមានចែងតាមរយៈច្បាប់រដ្ឋធម្មនុញ្ញ។
តែបើការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈបានល្អហើយតាំងពីការចូលចតយានយន្ត ការលក់ដូរក៏អាជ្ញាធរផ្តល់ឲ្យអ្នកលក់តាមចិញ្ចើមថ្នល់ បានរស់ដែរគឺម្ចាស់ផ្ទះមានសិទ្ធិបានតែ ១ ម៉ែត្រ ចេញមកក្រៅនោះទេ ក្រៅពីនោះកន្លែងគន្លងផ្លូវសាធារណៈហើយ។
បទពិសោធល្អដូចនៅតាមផ្លូវជាតិធំៗមួយចំនួន ក៏បានចាប់ផ្តើមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ផងដែរ ដូចជាចុះពីស្ពានច្បារអំពៅទៅផ្លូវជាតិលេខ ១ គឺរដ្ឋបាលខណ្ឌច្បារអំពៅ ចុះអនុវត្តសឹងតែរាល់សប្តាហ៍ គឺមិនអនុញ្ញាតឲ្យលក់ចេញពីផ្ទះលើសពី ១ ម៉ែត្រទេ រីឯការចតក៏ឲ្យចូលក្នុងផុតៗដែរ គឺឃើញថា ធូរស្បើយ ការកកស្ទះច្រើនដែរ តែនៅតែអ្នកបើកបរតាក់ស៊ីនៅតែបណ្តែត តាមផ្លូវបន្លំជិះគើមៗ ហៅម៉ូយតាមផ្លូវនៅឡើយទេ។ បើនៅផ្លូវជាតិលេខ ៦ ពីភ្នំពេញទៅកំពង់ធំ គឺសង់ផ្លូវកាត់ ឬក៏ផ្លូវវាងតែម្តងនៅចំណុចទីប្រជុំជននៅផ្សារផ្អាវស្រុកបាធាយ និងនៅផ្សារស្គន់គឺធ្វើផ្លូវកាត់ដោយមិនឆ្លងកាត់ផ្លូវផ្សារផ្អាវ ឬក៏ផ្សារស្គន់ទេ។
ហេតុដូចនេះ ការតាក់តែងច្បាប់ ស្តីពីការគ្រប់គ្រងសណ្តាប់ធ្នាប់ថ្មីនេះក៏រួមបញ្ចូលចំណុចដែលអាចបញ្ចៀសភាពរញ៉េរញ៉ៃខ្វះសណ្តាប់ធ្នាប់នៅតាម ផ្សារដែលមាននៅលើផ្លូវបែបនេះដែរ។ ជាងនេះទៅទៀតគឺការចែងចំណុចមួយៗឲ្យបានច្បាស់លាស់ហើយពន្យល់ នូវសេចក្តីមួយៗនូវអត្ថន័យសណ្តាប់ធ្នាប់សាធារណៈនេះ មិនមែនឲ្យតែខុសទម្លាក់មកតែសណ្តាប់ធ្នាប់សាធារណៈតែក្រឡេកមកមើលច្បាប់អត់មានចែងផង ហើយចេះតែទើសតែអាជ្ញាធរខ្លួនឯងហ្នឹងសោះ ហើយបើឃើញក៏ឃើញចេញតែ ស.ជ.ណ រហូតអ៊ីចឹងនោះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenh
post.com