សព្វ​ថ្ងៃនេះ មនុស្ស​ចាស់​ចាប់ពី​អាយុ ៤០ ​ឆ្នាំ​ឡើងទៅ ម្នាក់ៗ​ភ្ញាក់ពី​ដេក​មក ក្រោក​មិន​ចង់​រួច​ទេ ខ្លះ​ត្អូញ​ឈឺចង្កេះ ខ្លះ​ឈឺពោះ ខ្លះ​ឈឺ​សន្លាក់ដៃ​​ជើង ខ្លះ​ហើម​ដៃជើង ខ្លះ​ហើម​មុខមាត់ ខ្លះ​ក្រលៀន​ខ្សោយ ខ្លះ​ស្លេកស្លាំង និង​ខ្លះ​អស់​កម្លាំង​តែម្តង​។

ដល់​ទៅ​ពេទ្យ​ពិគ្រោះ​ជំងឺ​ធម្មតា ក៏​មិន​ទាន់​ឃើញ​ចេញ​ជា​លទ្ធផល​អ្វី​ជាធំ​ដុំ​ដែរ បាន​ត្រឹម​តែ​ដឹងថា សង្ស័យ​អ្នកជំងឺ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​។ តែ​នៅពេល​ដែល​យក​ឈាម​ទៅពិនិត្យ​បាន​ដឹង​ថា មាន​ចេញ​ជា​រោគសញ្ញា​លើស​ខ្លាញ់ លើស​ជាតិ​សាច់ លើស​ជាតិ​អាស៊ីត និង​លើស​ជាតិ​ស្ករ ជាដើម តែ​អ្នកជំងឺ​ខ្លះ នៅក្នុង​ស្រុក​ធ្វើ​រោគ​វិនិច្ឆយ​មិន​ឃើញ​ទេ ក៏​ជិះ​យន្តហោះ​ទៅ​មើល​នៅ​បរទេស​ទៀត​បាន​ឃើញ​ហើយ​ដឹងថា មាន​ជំងឺ​មិន​ឆ្លង​ជាប់​នឹង​ខ្លួន​ហើយ បើ​មិន​ជំងឺ​លើស​សម្ពាធ​ឈាម​ទេ​ក៏​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង ជំងឺ​ផ្លូវដង្ហើម​សួត ជួនកាល​អាចឈាន​ទៅ​ដល់​ជំងឺ​មហារីក​ក៏​មាន​ដែរ​។


ប៉ុន្តែ​ទោះបី​ជា​យ៉ាងណា​ក៏ដោយ បើ​កាលណា​ដឹងខ្លួន​មុន​ថា មាន​ជំងឺ​មិន​ឆ្លង​ណាមួយ​នៅ​នឹង​ខ្លួន​ហើយ អ្នកជំងឺ​អាច​ចាប់ផ្តើម​ព្យាបាល​បន្តិច​ម្តងៗ​ក៏​ប្រសើរ​ជាង​មិន​ដឹងថា ខ្លួន​មាន​ជំងឺ​មិន​ឆ្លង​ផងដែរ នៅពេល​ដែល​ដឹង​គឺ​ពេល​ខ្លះ​យឺត​ពេល​ក្នុង​ការព្យាបាល​គឺ​អាច​គ្រោះថ្នាក់​ដល់​ជីវិត ឬ​ក៏​ស្លាប់​មួយ​ចំហៀង​ខ្លួន​បាន​ ឬ​ក៏​កាត់​ដៃ​កាត់​ជើងបាន​។


នៅពេល​ជំងឺ​មិន​ឆ្លង​ចម្បងៗ​ហ្នឹង តែ​កើត​មួយ​ណា​ហើយ ត្រូវតែ​ពិនិត្យ​តាម​រោគ​វិនិច្ឆយ និង​ព្យាបាល​ប្រើ​ថ្នាំ​ជាប់​ជាប្រចាំ​ហើយ​គឺ​រហូត​ដល់​ជីវិតចុងក្រោយ​។ មកទល់​បច្ចុប្បន្ន​នេះ​គ្រាន់តែ​អ្នកជំងឺ​ទឹកនោមផ្អែម​មួយ​មុខ​ទេ​នៅ​ប្រទេស​កម្ពុជា កើនឡើង​យ៉ាង​ឆាប់រហ័ស​ដល់​ទៅ​ ២៤៦ ០០០ ករណី ​នៅ​ឆ្នាំ ២០១៧ រហូត​ដល់​បង្កើត​បាន​ទិវា​ទឹកនោម​ផ្អែម​ពិភពលោក​នៅ​ថ្ងៃទី ១៤ ​ខែ​ វិច្ឆិកា​ (IDF, 2017)​។


តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ស្តីពី​អំពី​អត្រា​ប្រេ​វ៉ាឡង់​នៃ​កត្តា​ប្រឈម​ជំងឺមិនឆ្លង​នៅ​ឆ្នាំ ២០១៦ ដោយ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​ក្រសួង​សុខាភិបាល​ក្នុង​ចំណោម​ប្រជាជន​ចំនួន ២ ៨៧០ នាក់ អាយុ​ពី ១៨ ដល់​ ៦៩ ​ឆ្នាំ​បាន​រកឃើញ​ថា ៩,៦ ភាគរយ នៃ​ប្រជាជន​បាន​លើស​ជាតិស្ករ ឬ​ក៏​កំពុងតែ​ប្រើ​ថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម ហើយ​ជាង​ ៩០ ​ភាគរយ​ នៃ​មនុស្សពេញវ័យ​នៅ​កម្ពុជា​យ៉ាង​ហោចណាស់​មាន​មួយ​កត្តា​ណាមួយ​ (​ជក់បារី ផឹកស្រា ហូប​អាហារ​ប្រៃ​ពេក ឬ​ក៏​ផ្អែម​ពេក និង​កង្វះ​កាយ​វប្បកម្ម​) ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​ទឹកនោមផ្អែម​។ ​តាមរយៈ​ទិន្នន័យ​នៅ​វេបសាយ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​អ្នកស្លាប់​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​នៅ​ឆ្នាំ ២០១៦ គឺ​អាយុ​ពី ៣០ ​ដល់​ ៦៩ ​ឆ្នាំ​ មាន​ចំនួន ៧៦០ នាក់ និង​អាយុ ៧០ ឆ្នាំ​ឡើង​ទៅ ​មាន​ចំនួន ៦៦១ ​នាក់ ។


ជំងឺ​នេះ​គឺជា​ប្រភេទ​ជំងឺ​អ្នកមាន តែ​កើត​ហើយ​ត្រូវ​តែ​តាមដាន និង​ប្រើ​ថ្នាំ​ឲ្យ​បាន​ទៀងទាត់ ហើយ​ឲ្យ​តែ​ប្រហែស​មាន​ដំបៅ​នៅ​អវយវៈ​ណាមួយ​ហើយ ត្រូវតែ​កាត់ចោល ឬ​ក៏​អ្នកជំងឺ​ងាយ​នឹង​កើត​ជំងឺ​ផ្សេងៗ​មក​លាយឡំ​ដូចជា​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង ជំងឺ​ភ្នែក និង​ជំងឺមហារីក​ផ្សេង​ជាដើម​។


ដោយសារ​តែ​ជំងឺ​ទឹកនោមផ្អែម​នេះ​ជា​ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ អ៊ីចឹង​បើ​ជំងឺ​នេះ​កើតឡើង​ចំពោះ​អ្នកក្រ​វិញ​គឺ​កាន់តែ​វេទនា លក់​ដី លក់​ស្រែ​កេរអាករ​អស់ ដោយសារ​ជំងឺ​ឃាតករ​លាក់​មុខ​នេះ​។ រីឯ​អ្នកមាន​ធូរធារ​គឺ​ទៅ​ព្យាបាល​តាមដាន​នៅ​បរទេស​ជាប្រចាំ ចុងក្រោយ​អស់​ចិត្ត​អស់​ចង់​ស្លាប់​ដដែល​។

ជំងឺ​នេះ​មិន​ឆ្លង​ទៅ​អ្នកដទៃ វា​កើតឡើង​បណ្តាល​មកពី​អ្នកជំងឺ​ធាត់ ឬ​ក៏​ធាត់​ហួស​ដែល​ខ្វះ​សកម្មភាព​លំហាត់ប្រាណ និង​ឥរិយាបថ​នៃ​ការញ៉ាំ​មិន​កំណត់ ពោល​គឺ​ញ៉ាំ​អាហារ​ផ្អែម និង​ផឹក​ស្រេច​តែ​នឹង​ចិត្ត​ផ្គួប​ផ្សំ​ជាមួយ​នឹង​ការឃោសនា​ផ្សាយ​ពាណិជ្ជកម្ម​ត្រូវ​រង្វាន់​ធំៗ​ដូចជា លុយរាប់​លាន​រៀល​ទូរស័ព្ទ​ស្មាតហ្វូន​ទូរទស្សន៍ ម៉ូតូ និង​ឡាន​ពី​ផលិតផល​ស្រា ប៊ីយែរ និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​លើស​ផង​គឺ​មនុស្ស​ពេញវ័យ​ងាយ​នឹង​ធ្លាក់ចូល​ទៅនឹង​ជំងឺ​នេះ​ណាស់​។

នៅពេល​ដែល​មនុស្ស​ពេញវ័យ​នៅ​មាន​កម្លាំង គឺ​មេរោគ​មិន​ទាន់​ចេញ​ភ្លាម​ទេ អ៊ីចឹង​ពួកគេ​សប្បាយ​ទៅនឹង​ការផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដែលមាន​ជាតិ​ស្ករ​លើសលប់ ដើម្បី​គាស់​យក​ក្រវិល​កំប៉ុង ឬ​ដប​យក​រង្វាន់ ចុងក្រោយ​រង្វាន់​ក៏​អត់ ជំងឺ​ទឹកនោមផ្អែម​ក៏​វ៉ៃ​លុក​ចូល​ក្នុង​ខ្លួន​ផងដែរ​។ រាងកាយ​ចាប់ផ្តើម​ចុះខ្សោយ ស្រក​គីឡូ​យ៉ាង​លឿន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ចាប់ផ្តើម​ទៅ​ពេទ្យ​ហើយ​ក៏​ជា​ឱកាស​រករឿង​ពេទ្យ​ដែរ​ពេលខ្លះ រឿង​ផ្តល់​សេវា​មិន​គ្រប់គ្រាន់ មិនមាន​សម្ភារ​គ្រប់គ្រាន់​នៅ​មណ្ឌល​សុខភាព​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​នេះ​។

ប៉ុន្តែ​ពេលដែល​គ្រូពេទ្យ​ហាម​មិន​សូវ​យក​ត្រចៀក​ស្តាប់​ទេ ប្រាប់​ថា​ភេសជ្ជៈ ឬ​ក៏​នំ​ដូណាត់​មាន​ជាតិ​ស្ករ​ច្រើន​កុំ​ទទួលទាន​ច្រើនពេក តែ​ពួកគេ​ធ្វើ​មិន​ដឹង​មិន​ឮ​ពេលខ្លះ​ខឹង​ទៀត ព្រោះ​ខ្លួន​កំពុង​តែ​សប្បាយ ជាពិសេស​ក្មេងៗ និង​យុវជន​។

ប៉ុន្តែ​នៅក្នុង​សហគមន៍​មិនមាន​ការ​ហាមឃាត់​ទេ ចង់​ផឹកស៊ី​ម៉ា​សេរី ដោយ​មិន​គិតគូរ​ថ្ងៃ​ឈប់​សម្រាក និង​ថ្ងៃ​សៅរ៍ អាទិត្យ​នោះទេ​។ រីឯ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពី​ចំណី​អាហារ​ជាតិ​ស្ករ និង​ភេសជ្ជៈ​ជាតិ​ស្ករ​នេះ​ក៏​ផ្សាយ​គ្រប់រូបភាព តាម​អនឡាញ តាម​បណ្តាញ​សង្គម តាម​សារព័ត៌មាន​ទាំង​បុរាណ ទាំង​សម័យ​ផងដែរ ជាពិសេស​គឺ​រឿង​ត្រូវ​រង្វាន់​ធំៗ​ហ្នឹង​តែម្តង ធ្វើឲ្យ​អ្នកភូមិ​ប្រឹង​ផឹក​តាម​យក​រង្វាន់​។

តែ​ផ្ទុយ​ទៅវិញ​ការផ្សព្វផ្សាយ​ពី​ការអប់រំ​សុខភាព តាម​សារព័ត៌មាន និង​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ស្តីពី​ជំងឺ​មិន​ឆ្លង​នៅ​មាន​តិចតួច​បំផុត និង​ការ​ផ្សព្វផ្សាយ​នៅតាម​សហគមន៍ ក៏​នៅ​មាន​តិចតួច​បំផុត​ផងដែរ​។ តែ​ថ្មីៗ​នេះ​ក្រសួង​អប់រំ យុវជន និង កីឡា ចេញ​ប្រកាស​ហាម​លក់​នំចំណី​អាហារ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ហួសហេតុ​ ៦ ​មុខ​ឲ្យ​ឈប់​លក់​នៅក្នុង​សាលារៀន​។

មក​ទល់​ពេល​នេះ​ក្រសួង​សុខាភិបាល​ទើបតែ​ចាប់ផ្តើម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មិន​ឆ្លង​វិញ​ទេ ដែល​កាលពី​មុន​ក្រសួង​ផ្តោត​តែ​ទៅ​លើ​ជំងឺឆ្លង ដែល​ងាយ​រងគ្រោះ​នោះ​ដូចជា ជំងឺអេដស៍ ជំងឺរបេង និង​ជំងឺគ្រុនចាញ់ តែ​ជំងឺឆ្លង​ទាំងនេះ​ត្រូវ​បាន​គ្រប់គ្រង​ការរីក​រាលដាល​បាន​ប្រសើរ​ឡើង ហើយ​ឈាន​ដល់​ការលុបបំបាត់​ការរើសអើង​ទៀតផង។

ការចាប់​ផ្តើម​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​មិន​ឆ្លង​នេះ​ក៏​មាន​កម្រិត​ផងដែរ​គឺ​ចាប់ផ្តើម​ដាក់​សេវាសុខាភិបាល​មូលដ្ឋាន មាន​ការ​ព្យាបាល​ជំងឺ​មិនឆ្លង តែ​មិន​ទាន់​មាន​ប្រូតូកូល​នៅឡើយ​ទេ ហើយ​កម្រិត​មណ្ឌល​សុខភាព​មិន​ទាន់​មាន​សម្ភារ និង​បច្ចេកទេស​ព្យាបាល​ជំងឺ​មិន​ឆ្លង​នៅឡើយ​ទេ តែ​បាន​ត្រឹម​តែ​បើក​ថ្នាំ​ឲ្យ​ទៅ​អ្នកជំងឺ​ដែល​នៅក្បែរ​មណ្ឌល​សុខភាព ទៅ​តាម​វេជ្ជបញ្ជា​ពី​មន្ទីរពេទ្យ​បង្អែក​ចេញ​ឲ្យ​ទៅ​បើក​នៅ​មណ្ឌល​សុខភាព​។

ប៉ុន្តែ​មន្ត្រី​មណ្ឌល​សុខភាព​មាន​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​គឺ​ផ្សព្វផ្សាយ​អប់រំ​ពី​ជំងឺ​​មិន​ឆ្លង​ទៅ​តាម​សហគមន៍​បាន​ទៅតាម​គោលការណ៍​ណែនាំ​ថ្មី​ដែល​ក្រសួង​សុខាភិបាល បាន​កែសម្រួល​រួច​ហើយ និង​អនុម័ត​ឲ្យ​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​នេះ​។

បញ្ហា​ជំងឺ​មិន​ឆ្លង ជាពិសេស​ជំងឺ​ទឹកនោមផ្អែម​នេះ​កំពុង​តែ​រីករាលដាល​យ៉ាង​ខ្លាំង​នៅ​តាម​សហគមន៍​។ ហេតុ​ដូចនេះ​ហើយ​រដ្ឋ​គួរតែ​ទម្លាក់​ថវិកា​បន្ថែម​ទៅលើ​សេវា​សុខាភិបាល​ចុះ​មូលដ្ឋាន​ដើម្បី​ឲ្យ​មន្ត្រី​មណ្ឌល​សុខភាព និង​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ​អាច​មាន​លទ្ធភាព​ទៅ​អប់រំ​ផ្សព្វផ្សាយ​ និង​ការថែទាំ​សុខភាព​បឋម​ដល់​អ្នកភូមិ​ឆ្ងាយៗ ដើម្បី​ធ្វើការ​ពិនិត្យ​រក​អត្ដសញ្ញាណ​ (Screening) ​រក​អ្នក​ជំងឺ​មិន​ឆ្លង ដើម្បី​បញ្ជូន​ទៅ​សេវា​សុខាភិបាល​មូលដ្ឋាន ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​គ្របដណ្តប់​សុខភាព​ជា​សកល​។ រីឯ​ការផ្សព្វផ្សាយ​អំពី​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ផ្អែម​ជ្រុល​ហួសហេតុ​ទទួលបាន​រង្វាន់ គួរតែ​ត្រូវ​បាន​បញ្ឈប់​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com