ជា​រៀងរាល់ឆ្នាំ​ទិវា​ឆ្មប​អន្តរជាតិ​សន្មត​យក​ថ្ងៃទី ៥ ខែ​ ​ឧសភា ​ដើម្បី​រៀបចំ​ពិធី។ ប៉ុន្តែ​ដោយ​ឡែក​កម្ពុជា​បាន​ជ្រើសរើស​យក​ថ្ងៃ​ម្សិលមិញ​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​ឆ្មប​ជាតិ​ជំនួស ដោយ​ក្រសួង​សុខាភិបាល​បាន​កំណត់​យក​ប្រធាន​បទ «ឆ្មប​គឺជា​អ្នក​ការពារ​សិទ្ធី​ស្ត្រី» មក​ជជែក​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ការ​ផ្ដល់​សេវា​ចំពោះ​សុខភាព​មាតា និង​ទារក។

សព្វថ្ងៃនេះ បញ្ហា​សុខភាព​មាតា​និង​ទារក​មាន​សុខ​ភាពល្អ​និង​ប្រសើរ​ឡើង​ច្រើន ជា​ពិសេស​តាមរយៈ​ទិន្នន័យ​អត្រា​ស្លាប់​មាតា​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​គឺ​ពី ៤៧២ នាក់​ ក្នុង​ចំណោម​កុមារ​កើត​រស់ ១០ ម៉ឺន​នាក់​ ក្នុង​ឆ្នាំ ២០០៥ មក​ត្រឹម ១៧០ នាក់​ ក្នុង​ចំណោម​កុមារ​កើត​រស់ ១០ ម៉ឺន​នាក់​ ឆ្នាំ ២០១៤ ពោល​គឺ​ឆ្មប​វិជ្ជាជីវៈ​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​រឿង​នេះ។ ជាមួយ​គ្នា​នេះ​ដែរ​ឥរិយាបថ​របស់​ឆ្មប​ក្នុងការ​មើល​ថែទាំ​អតិថិជន​ក៏មាន​ការ​ប្រសើរ​ជាង​មុន​ផងដែរ។


រីឯ​ឆ្មប​បុរាណ​សល់​ពី​ដូនតា​ដែល​តែង​បង្ក​ហានិភ័យ​និង​ខ្លះ​បង្ក​គ្រោះ​ថ្នាក់​ដល់​ស្លាប់​មាតា និង​ទារក​ពេល​ឆ្លង​ទន្លេ​នោះ​ក៏​ត្រូវបាន​បញ្ឈប់​មិន​ឲ្យ​បន្ត​សម្រាល​តាម​ភូមិ​បាន​ស្ទើរ​តែ​ទាំង​ស្រុង​ផងដែរ។


តាមរយៈ​នេះ​គេ​ក៏​ហាក់​ដូចជា លែង​ឮ​ការ​ប្រើ​ពាក្យ​ថា បើ​ស្អប់​នរណា​ម្នាក់ ស្អប់​ដល់​ឆ្មប​ទៀត​ដែរ ដែល​ការ​លើក​ពាក្យ​នេះ​មក​ប្រើ​ពីមុន​គឺ​ដោយសារ​តែ​ឆ្មប​ខ្លះ​តែង​មាន​ឥរិយាបថ និង​ការ​ប្រើ​ពាក្យ​សម្តី​អសុរោះ​ចំពោះ​ស្ត្រី​ពេល​គាត់​មក​ឆ្លង​ទន្លេ​ឬ​ពេល​មាន​អាការ​ឈឺ​ពោះ​មុន​ពេល​សម្រាល។


ជាការ​ពិតណាស់ ការដែល​ប្រើពាក្យ​សម្តី​អសុរោះ​ថា៖ «ពេលដេក​ជាមួយគ្នា​ស្រួល ដល់​មក​ឆ្លង​ទន្លេ​ថ្ងូរ​ឈឺ!» គឺជា​ពាក្យ​ចំអក​បែប​លេង​បន្លំ​មែន ចំពោះ​ស្ត្រី​ដែល​មក​សម្រាល​កូន​នៅ​មណ្ឌល​សុខភាព​ឬក៏​មន្ទីរពេទ្យ​ទាំង​ទីក្រុង​ឬ​នៅ​ជនបទ​ក៏​ពិត​មែន តែ​គំនិត​ចាស់​គំរឹល​បែប​នេះ​ជា​របាំង​មួយ​ដ៏​ធំ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ការ​ឈឺចាប់​ខាង​ផ្លូវ​ចិត្ត​ជា​ខ្លាំង។


ស្ត្រី​ខ្លះ បើ​ទោះបី​ជា​ដឹងថា ទៅរក​ឆ្មប​បុរាណ​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​ខ្ពស់​ក៏ដោយ​ក៏​សុខចិត្ត​ទៅ​ដែរ​ពោល​គឺ​ដាច់​ខាត​មិន​ទៅ​រក​សេវា​ជាមួយ​ឆ្មប​ជំនាញ​នៅ​មណ្ឌល​សុខភាព​ឬក៏​នៅ​មន្ទីរពេទ្យ​បង្អែក​នោះ​ទេ ដោយសារ​តែ​ពាក្យ​ត្រឹម​ប៉ុន្មាន​ម៉ាត់​ដូច​ខាង​លើ​នេះ។ ម្យ៉ាងប្រសិន​បើ​គាត់​ទៅ​ឆ្លង​ទន្លេ​ជាមួយ​ឆ្មប​បុរាណ​គឺយាយៗ​គាត់​ប្រើ​ពាក្យ​ទន់​ភ្លន់​លើក​ទឹកចិត្ត​ស្ត្រី​មាន​ផ្ទៃពោះ​ដើម្បី​បំភាន់​កុំ​ឲ្យ​មាន​អារម្មណ៍​ឈឺចាប់​ខ្លាំង។


បើ​ពិនិត្យ​មើលទៅ​របាយការណ៍​របស់​គណៈ​ឆ្មប​កម្ពុជា​នៅ​ឆ្នាំ ២០១២ ក៏បាន​លើក​ពី​បញ្ហា​ឥរិយាបថ របស់​ឆ្មប​នេះ​ជា​សំខាន់​ផងដែរ លើ​ផ្នែក​ក្រម​សីលធម៌ ដោយសារ​មិន​គោរព​ស្ត្រី​មាន​ផ្ទៃពោះ​និង​គ្រួសារ​របស់​គាត់។

បើ​ទោះបី​ជា​ក្នុង​របាយ​ការណ៍​មិន​បាន​លម្អិត​ពី​ការប្រើ​ពាក្យ​អសុរោះ​ក៏ដោយ​ក៏​មក​ទល់​ពេល​នេះ​នៅ​មាន​ឆ្មប​ជំនាញ​វិជ្ជាជីវៈ​មួយ​ចំនួន​នៅ​តែ​ច្រឡំ​ប្រើ​ពាក្យ​សម្តី​អសុរោះ​តិចៗ​នៅ​នឹង​ត្រចៀក​ទៅកាន់​ស្ត្រី​ដែល​ឈឺពោះ ឬ​យំ​នៅ​ពេល​មក​សម្រាល​កូន​ដែរ។ នេះ​គឺជា​អ្វីដែល​ខ្ញុំ​ឮ​ផ្ទាល់​ត្រចៀក​ពេល​ខ្ញុំ​មក​សួរ​សុខទុក្ខ​មិត្តភក្តិ និង​បងប្អូន​ដែល​មក​ឆ្លង​ទន្លេ​នៅ​ពេទ្យ​និង​មណ្ឌល​សុខភាព​នៅ​ឯ​ស្រុក​កំណើត។

តើ​គណៈ​ឆ្មប​កម្ពុជា​អាច​ដាក់​ផែនការ​យ៉ាង​ដូចម្តេច​ដើម្បី​ឲ្យ​ពលរដ្ឋ​ដែល​ជា​អតិថិជន​មាន​ជំនឿ​មកលើ​ឆ្មប​វិជ្ជាជីវៈ​ថា លែង​ប្រើ​ពាក្យ​អសុរោះ​បន្ត​ទៅ​ទៀត​នោះ?

ចំណុច​នេះ​ក៏​ជា​ផ្នែក​មួយដែល​ធ្វើ​ឲ្យ​អ្នកមាន​លទ្ធភាព​គេ​សុខចិត្ត​ទៅ​ឆ្លងទន្លេ​នៅ​ប្រទេស​ថៃ​ឬក៏​ទៅ​ប្រទេស​សិង្ហបុរី ផងដែរ ដោយសារ​តែ​គេ​ធុញ​ទ្រាន់​មិន​ចង់​ឮ​ពាក្យ​អសុរោះ​បែប​នេះ បើ​ទោះ​ណា​ជា​មិន​បាន​ចំអក​ឲ្យ​អតិថិជន​ចំពោះ​មុខ​ក៏ដោយ ក៏​គេ​លែង​ចង់​ឮ​ពាក្យ​ប៉ុន្មាន​ម៉ាត់​ហ្នឹង​ទៀត​ដែរ។

បើតាម​អ្នក​ជំងឺ​និង​អតិថិជន​ដែល​ធ្លាប់​ទៅ​ពិនិត្យ​ជំងឺ​នៅ​ប្រទេស​ជិត​ខាង​យើង​គឺ​មិន​ថា​គ្រូពេទ្យ​ឬក៏​ឆ្មប​ទេ​គឺ​គេ​ប្រើ​ពាក្យ​សម្តី​សមរម្យ​ណាស់។ អ៊ីចឹង​ហើយ​បាន​ជា​ប្រើ​បច្ចេកទេស​លើក​កម្ពស់​ទីផ្សារ​របស់​មន្ទីរពេទ្យ​គឺ​ផ្ទុយ​ពី​ពេទ្យ​ឬក៏​ឆ្មប​ជំនាញ​យើង​ខ្លះ លុយ​មិន​សូវ​ចង់បាន​ប៉ុន្មាន​ទេ ឲ្យ​តែ​បាន​លើស​ពាក្យ ១ ម៉ាត់​ក៏​សុខចិត្ត​ដែរ ព្រោះ​ពួកគាត់​ចង់​បាន​អំណាច​ឲ្យ​គេ​កោត ឲ្យ​គេ​ខ្លាច​ដោយសារ​ប្រើ​ពាក្យ​ទាំង​នោះ។ តើ​ឆ្មប​ជំនាញ​ចង់បាន​អ្វី​ទៀត បើ​រដ្ឋាភិបាល​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​លើក​ទឹកចិត្ត​ជួយ​សម្រាល​ស្ត្រី​បាន​កូន ១ គឺ ៦ ម៉ឺន​រៀល?

ម្យ៉ាងទៀត ថ្មីៗនេះ​រាជ​រដ្ឋា​ភិបាល​នឹង​ផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ​មក​ឆ្លង​ទន្លេ​នៅ​មណ្ឌល​សុខភាព​រហូត​ដល់ ៧០ ម៉ឺន​រៀល គឺ​ចាប់ពី​ការ​មក​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ​នៅ​មណ្ឌល​សុខភាព​រហូត​ដល់​ឆ្លង​ទន្លេ​រួច​មាន​សុខភាព​ល្អ។ និយាយ​ឲ្យ​ចំ​គឺ​ថវិកា​ទាំង​នេះ​នឹង​បាន​មក​មណ្ឌល​សុខភាព​ខ្លះ​ដែរ តាមរយៈ​សេវា​ហិរញ្ញ​ប្បទាន​ដែល​ជួយ​ដល់​ឆ្មប​ជំនាញ​វិញ​ដដែល​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ ស្រុក​ប្រតិបត្តិ​សុខាភិបាល​អង្គរជុំ​ខេត្តសៀមរាប​ធ្លាប់​បាន​ធ្វើ​ពិធី​ជប់​លៀង ១ កាល​ពី​ឆ្នាំ ២០១៥ ហើយ​បាន​ប្រកាស​ថា ស្រុក​ប្រតិបត្តិ​អង្គរជុំ​លែង​មាន​ឆ្មប​បុរាណ​សម្រាល​កូន​ទៀត​ហើយ​រីឯ​ការ​បម្រើ​សេវា​គឺមាន​ពេញ​លេញ ២៤ ម៉ោង /២៤ ម៉ោង។

តាមរយៈ​បទពិសោធ​ដ៏​ល្អ​នេះ​គឺ​ស្រុក​ប្រតិបត្តិ​ក៏បាន​ដាក់​ផែនការ​អនុវត្ត​ជា​យុទ្ធសាស្ត្រ​ក្នុងការ​កែប្រែ​ឥរិយាបថ​របស់​ឆ្មប​ជំនាញ​ផងដែរ ដោយ​ប្រកាស​ដាក់​ពិន័យ​ដល់​ឆ្មប​ជំនាញ​ណា​ដែល​ប្រើ​ពាក្យ​អសុរោះ​ចំពោះ​អតិថិជន​ដោយ​ត្រូវ​ទទួល​ពិន័យ​រដ្ឋបាល​និង​ដាក់​ទណ្ឌកម្ម ហើយ​ប្រសិន​បើ​មិន​រាងចាល​នៅ​តែ​ប្រើ​ពាក្យ​សម្តី​គំរោះ​គំរើយ​បែប​ហ្នឹង​បន្ត​ទៀត​គឺ​លើក​ទី១ កាត់​ប្រាក់​ហិរញ្ញ​ប្បទាន​ដែល​រក​បាន​ពាក់​កណ្តាល។ នេះ​បើតាម​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត ម៉ក់ សំអឿន ប្រធាន​ស្រុក​ប្រតិបត្តិ​អង្គរជុំ។

សរុប​មកវិញ ក្រសួង​សុខា​ភិបាល​ និង​អង្គការ​ដៃគូ​តែង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​បន្ថែ​ម​ជូន​ដល់​ឆ្មប​វិជ្ជាជីវៈ​និង​គ្រូពេទ្យ​នូវ​មុខវិជ្ជា​ការស្វែង​យល់​ពី​ឥរិយាបថ​របស់​អតិថិជន (Consumer Behaviors) និង​ការ​គ្រប់គ្រង​ដែល​ទាក់ទាញ​អតិថិជន (Customer Relations Management) ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យ​ពួកគាត់ មិន​ត្រឹមតែ​ចេះ​ថែទាំ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ត្រូវតែ​ចេះ​ថែរក្សា​និង​ទាក់ទាញ​អតិថិជន​របស់​ខ្លួន​ផងដែរ​ជាជាង​ការប្រើ​ពាក្យ​អសុរោះ​បែប​វាយ​បំបែក​ឆ្នាំង​បាយ​របស់​ខ្លួន​ឯង៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com