សព្វថ្ងៃនេះ​នៅ​កន្លែង​ធ្វើការ​មិន​ថា ស្ថាប័នរដ្ឋ អង្គការ​មិនមែន​រដ្ឋាភិបាល ឯកជន ឬ​អង្គភាព​សារព័ត៌មាន​ក្នុង​ស្រុក​ទេ​គឺ​តែងតែ​មាន​ការជជែក​គ្នា ពេលខ្លះ​តឹងសរសៃក​ដាក់គ្នា​ ឬ​ក៏​ភ្នាល់​គ្នា​ផង​ដោយសារ​តែ​ការប្រើ​ពាក្យ​ខ្មែរ​ដែល​មាន​ការបត់បែន​ថ្មី​។

ស្ថាប័ន​ភាគច្រើន​សរសេរ​ដោយ​ផ្អែក​ទៅតាម​វចនានុក្រម​សម្តេចសង្ឃ ជួន ណាត ប៉ុន្តែ​អ្នក​ខ្លះទៅ​ទម្លាប់​ប្រើ​ព្យាង្គរាយ​ទូទៅ តាម​ខេមរយានកម្ម​របស់លោក កេង វ៉ាន់សាក់ ទៅវិញ​។ អង្គភាព​ព័ត៌មាន​ខ្លះ ដែល​សរសេរ​ភាសា​ខ្មែរ​តាម​អនឡាញ​គឺ មិន​ច្បាស់លាស់​មួយណា​ទេ សរសេរ​ទៅមុខ​ថយក្រោយៗ ពាក្យ​ខុស​ច្រើន និង​សរសេរ​ឃ្លា​ស្តាប់​មិនបាន និង​មិន​យល់​ធ្វើ​ប៉ះពាល់​ដល់​អ្នកអាន​យកពាក្យ​ខុស​ហ្នឹង​ទៅប្រើ​ខុស​តៗ​​គ្នា​ទៀត​។


បើ​ពិនិត្យ​មើល​ទៅលើ​ការបញ្ចេញមតិ​នៅតាម​បណ្តាញសង្គម​ហ្វេសប៊ុក​ដែល​សរសេរ​ជា​ភាសា​ខ្មែរ គឺ​ឃើញ​ថា​មានប្រើ​ពាក្យ​ខុស​ច្រើន ហើយ​ឃ្លា​ពិបាក​ស្តាប់ ធ្វើឲ្យ​កំហុស​ចេះ​​តែ​ខុស​តៗ​គ្នា​។ សូម្បីតែ​អ្នកមាន​សញ្ញាបត្រ​បណ្ឌិត និង​អនុបណ្ឌិត​ហើយ​ក៏ដោយ ក៏​នៅតែ​សរសេរ​ខុស​ច្រើន​គួរសម​ដែរ ហើយ​ពេលខ្លះ​ក៏មាន​ការ​ប្រកែក​គ្នា​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទៀតផង ដោយ​ភាគី​ម្ខាងៗ​បាន​លើក​ពី​ហេតុផល​យក​ត្រូវ​រៀងខ្លួន​ទៅតាម​វចនានុក្រម និង​ការធ្វើ​បច្ចុប្បន្នភាព​នៃ​ពាក្យ​ផងដែរ ដែល​ពេលខ្លះ​គឺ​អាស្រ័យ​ទម្លាប់​នៅតាម​ស្ថាប័ន​ ឬក៏​ទម្លាប់​បុគ្គល​ជា​ប្រធាន​ដែល​មាន​ការសម្រេចចិត្ត​យកពាក្យ​មក​ប្រើ​ក៏​ស៊ី​អារម្មណ៍​ទៅតាម​ហ្នឹង​ទៅ​។


ឧទាហរណ៍​ពាក្យ​ «​ឃាតក​» អ្នកខ្លះ​សរសេរ​ «​ឃាតក​» ​ដោយ​​សម្អាង​ទៅ​លើ​វចនានុក្រម​សម្តេចសង្ឃ ជួន ណាត ថា​មកពី​ពាក្យ​តែ​ ១ ​ម៉ាត់​ទេ​​ «​ឃាតកៈ​» [​ឃាតៈកៈ​] អ៊ីចឹង​ពាក្យ​កម្លាយ​នេះ​ទៅជា​ «​ឃាតក​» ​ដែល​អត់​មាន​អក្សរ​ «​រ​»​។ រីឯ​អ្នកសរសេរ​ពាក្យ​ថា​ «​ឃាតករ​» ​មាន​អំណះអំណាង​ថា ពាក្យ​នេះ​ត្រូវតែមាន​អក្សរ​ «​រ​» ព្រោះ​វា​ជា​កន្សោម​នៃ​ពាក្យ​ដូចជា កម្មករ ពលករ និង​កសិករ​ជាដើម ដែល​សុទ្ធតែ​​មាន​អក្សរ​ «​រ​» ​អ៊ីចឹង​ដូចគ្នា​ដែរ​។ ការធ្វើ​បច្ចុប្បន្នភាព​នៃ​អក្សរ​គឺ​ត្រូវតែមាន​អក្សរ​ «​រ​»​ គឺ​ «​ឃាតករ​» ​ទើប​បាន​ត្រូវ​។


នេះ​គ្រាន់តែ​ជា​ពាក្យ​សាមញ្ញ​សោះ​នាំគ្នា​ប្រើ​និយាម​មិន​ត្រូវ​គ្នា​ទៅហើយ នៅពេល​ការធ្វើ​បច្ចុប្បន្នភាព​នៃ​ពាក្យ​នេះ​នៅ​មិន​ទាន់​សម្រេច​ឲ្យ​មួយណា​ខុស មួយណា​ត្រូវ​ផង​នោះ​។ ចំណែកឯ​ការប្រើ​ពាក្យ​ថា​ «​ប្រជាពលរដ្ឋ​» «​ប្រជាជន​» និង​​ «​ប្រជារាស្ត្រ​» ពាក្យ​នេះ​គឺមាន​អ្នក​ប្រើ​ទៅតាម​អារម្មណ៍​ខ្លះ​ទៅ​តាម​សម័យកាល​ខ្លះ ទៅ​តាម​បន្ទាត់នយោបាយ​ខ្លះ ឬ​ក៏​ទៅ​តាមបែប​រាជានិយម​ក៏​​មាន​ដែរ​។ តាមពិត​ពាក្យ​ទាំង​ ៣ ​នេះ​មិន​ខុស​ទេ ហើយ​អាច​ប្រើ​ជំនួស​គ្នា​បាន តែ​ចាំបាច់​ត្រូវមាន​ការណែនាំ​ឲ្យ​បាន​ជាក់លាក់​ពី​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​អក្សរសាស្ត្រ​ជាតិ​។ ​


ពាក្យ​ទាំងនេះ​ប្រៀប​ដូច​​ទៅ​នឹង​ពាក្យ​អង់គ្លេស​ដែលថា​ «organisation» ​និង​ពាក្យ​អង់គ្លេស​អាមេរិកាំង​ថា «organization» ​ដែល​តាមពិត​ពាក្យ​ទាំង​ ២ ​នេះ​ត្រូវ​ដូចគ្នា​ទេ គ្រាន់តែ​អ្នក​ប្រើ​ចង់​ប្រើ​មួយណា​ក៏​​បានដែរ តែ​បញ្ជាក់​ច្បាស់​ថា​មួយ​ជា​ពាក្យ​ចេញពី​ភាសា​អង់គ្លេស​មួយទៀត​ចេញពី​ភាសា​អង់គ្លេស​បែប​អាមេរិកាំង​។


ប៉ុន្តែ​ពាក្យ​ខ្លះ គឺ​ត្រូវតែ​ធ្វើ​បច្ចុប្បន្នភាព​ដើម្បី​ដើរ​ឲ្យ​ទាន់​សកល​ភាវូនីយកម្ម​នៃ​ពាក្យ ហើយ​​ក៏​មាន​ការប្រកែក​គ្នា​យកឈ្នះ​យក​ចាញ់ ដោយ​ភាគី​នីមួយៗ​សំអាង​ទៅ​លើ​ឯកសារយោង​រៀងៗ​ខ្លួន​ដូចជា​ពាក្យ​ថា «​យុវជន​» ​និង​ពាក្យ​ថា​ «​យុវវ័យ​»​។ បើតាម​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត ពាក្យ​ «​យុវជន​» ​គឺ​​ជន​ពេញកំលោះ​ ឬ​ក៏​ជន​ពេញ​​ក្រមុំ​ដល់​អាយុ​គ្រប់ការ​។

រីឯ​​ពាក្យ​ «​យុវវ័យ​» ​វិញ​គឺ​ការ​ប្រែប្រួល​ចន្លោះ​រវាង​ពី​កុមារភាព​​មក​មនុស្ស​ពេញកំលោះ ឬ​ក៏​ពេញក្រមុំ​។ ​តែ​សម្រាប់​បច្ចុប្បន្នភាព​មកដល់​សម័យ​ទំនើប​ពាក្យ​នេះ​ប្រើ​កាន់តែ​ច្បាស់​បន្ថែម​​ទៀត​គឺ​ពាក្យ​ «​យុវជន​» ​គឺ​ជន​ពេញកំលោះ​ ឬ​ក៏​ជន​ពេញ​ក្រមុំ​ដល់​អាយុ​គ្រប់ការ និង​បញ្ជាក់​​ពី​អាយុ​ផងដែរ​។ ​

រីឯ​ពាក្យ​ «​យុវវ័យ​» ​វិញ​គឺ​ការប្រែប្រួល​ចន្លោះ​​រវាង​ពី​កុមារភាព​មក​មនុស្ស​ពេញកំលោះ​ ឬក៏​ពេញក្រមុំ​ហើយ​គេ​កំណត់​យកអាយុ​តែម្តង​ដើម្បី​ងាយ​ចាំ​ដែល​បើ​ផ្អែក​តាម​អង្គការ​ WHO/UNICEF ឆ្នាំ ១៩៩៨ «youth» ​ឬក៏​អាច​ប្រើ​ជំនួស​គ្នា​បាន​នឹង​ពាក្យ​ «young people» ​គឺ​យកអាយុ​ពី ១៥ ដល់ ២៤ ឆ្នាំ តែ​បើ​ផ្អែក​តាម​គោលនយោបាយ​អភិវឌ្ឍន៍​យុវជន​កម្ពុជា​ឆ្នាំ ២០១១ គឺ​យុវជន​កម្ពុជា​យក​​អាយុ​ពី​ ១៥ ​ដល់​ ៣០ ​ឆ្នាំ​។

អ៊ីចឹង​យក​ទៅ​ប្រើ​តាម​បរិបទ​ទៅ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ជា​​សកល​ស្តង់ដា​សុខភាព​ដែល​​យើង​យក​យុវជន​គិតពី​អាយុ​ ១៥ ​ដល់​ ២៤ ​ឆ្នាំ​។ ​រីឯ​ពាក្យ​យុវវ័យ​ «adolescence» ​ក៏​មាន​បន្ថែម​អាយុ​ដែរ​ដើម្បី​ងាយ​យល់​គឺ​ការប្រែប្រួល​ចន្លោះ​រវាង​ពី​កុមារភាព​មក​មនុស្ស​ពេញកំលោះ​ ឬ​ក៏​ពេញក្រមុំ​ហើយ​បញ្ជាក់បន្ថែម​អាយុ​ពី​ ១៣ ​ឆ្នាំ​ដល់​ ១៩ ​ឆ្នាំ​។

ការប្រើ​ពាក្យ​មិន​ចំ​អត្ថន័យ​ ឬ​ក៏​បកស្រាយ​មិន​ច្បាស់លាស់​ ឬ​ក៏​ពាក្យ​ខុស​តែម្តង ធ្វើឲ្យ​ប៉ះពាល់​ដល់​ការលើក​ស្លាក​ឈ្មោះ​ក្រុមហ៊ុន​ក៏​ខុស ហើយ​ប្រើការ​បកប្រែ​ជំនួយ​តាមរយៈ​ Google translate ក៏​ខុស​តៗ​គ្នា​ដដែល​។ កំហុស​គឺ​ឃើញ​មាន​លើ​ពាក្យ​មួយ​ចំនួនធំ​ដែល​មិនមាន​ស្តង់ដា​ជាក់លាក់​ជាពិសេស​ពាក្យ​កម្លាយ​មកពី​ភាសាបរទេស​ដែល​មិនមាន​ពាក្យ​ខ្មែរ​យើង​តែម្តង ដែល​វា​រឹតតែ​ជួប​ការលំបាក​សម្រាប់​អ្នកប្រើប្រាស់​។

កន្លងមក​ស្ថាប័ន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ (RAC) ​ដែល​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ធ្វើ​បច្ចុប្បន្នភាព​នូវ​ពាក្យ​ខ្មែរ​ថ្មីៗ និង​កម្លាយ​នៃ​ពាក្យ​ដែរ តាមរយៈ​សទ្ទានុក្រម​ទៅតាម​ជំពូកៗ​ដែល​មានតែ​នៅក្នុង PDF ហើយ​ការផ្សព្វផ្សាយ​ក៏​មិន​បាន​ទូលំទូលាយ​ដែរ​។

កាលពី ២ ​សប្តាហ៍​កន្លង​ទៅ​នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ពោធ​​អគារ​ឥន្ទ្រទេវី​របស់​រាជបណ្ឌិត្យ​សភា​ដោយ​លោក​បាន​រិះគន់​ទៅលើ​សញ្ញាបត្រ​បណ្ឌិត​ច្រើន​ទាំង​អ្នកទទួល​បាន និង​អ្នក​កំពុងតែ​រៀន​ដែល​គ្រាន់តែ​នៅ​រាជបណ្ឌិត្យ​សភា​មាន​បេក្ខជន​យក​សញ្ញាបត្រ​បណ្ឌិត​ដល់​ទៅ​ ៦០០ ​នាក់ ដោយ​លោក​បារម្ភ​ចំពោះ​សមត្ថភាព និង​គុណភាព​នៃ​ការអប់រំ​នៅ​ទីនោះ​ផងដែរ​។ ប៉ុន្តែ​លោក​ក៏​លើកទឹក​ចិត្ត​ឲ្យ​ស្ថាប័ន​បន្តការងារ​ស្រាវជ្រាវ​បន្ថែម និង​ការបកប្រែ​ឯកសារ​យកមក​ប្រើការ​តាម​តម្រូវ​ការចាំបាច់​។

ឥឡូវនេះ​រាជរដ្ឋាភិបាល​បើកភ្លើង​បៃតង​ឲ្យ​ស្ថាប័ន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ទាំង​ផ្នែក​រឹង​ទាំង​ផ្នែក​ទន់​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​អប់រំ ស្រាវជ្រាវ និង​ការបកប្រែ​ភាសា​ផងដែរ​។ ផ្នែក​រឹង​ (Hardware) ​បាន​ហើយ​មាន​អគារ​សមរម្យ​ទើប​សាងសង់​អស់​ទឹកប្រាក់​ជាង​ ១,៦ ​លាន​​ដុល្លារ​អាមេរិក តែ​នៅ​មាន​តម្រូវការ​ចាំបាច់​ផ្នែក​រឹង​បន្ថែម​ដើម្បី​បំពាក់​ឧបករណ៍​ទំនើប​ដូចជា​កុំព្យូទ័រ ម៉ាស៊ីន​ GPS ទូរទស្សន៍ធំៗ ម៉ាស៊ីន​ថត​ខ្នាត​ធំ​ជាដើម​។ ​រីឯ​ផែ្នក​ទន់​ (Software) ​វិញ​គឺ​រាជបណ្ឌិត្យសភា​ត្រូវ​ធ្វើ​សំណើ​ចំណាយ​ថវិកា​​ជាតិ​ជាក់លាក់​ទៅលើ​កិច្ចការ​របស់​ខ្លួន​ក្នុង​ ១ ​ឆ្នាំៗ​ថា តើ​​សម្រេច​បាន​លទ្ធផល​អ្វីខ្លះ​? ​គ្រាន់តែ​នៅក្នុង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​ ២០២០ ​ដែល​ទើបតែ​អនុម័ត​គឺ​សម្រាប់​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​មាន​ប្រមាណ​ជា​ ២៥ ​ភាគរយ​នៃ​ថវិកា​សរុប​ជាង​ ៨ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

អ៊ីចឹង​ហើយ​ស្ថាប័ន​នេះ​ត្រូវ​​តែ​លើកយក​ថវិកា​ចំណាយ​របស់ខ្លួន​លើ​ផ្នែក​ទន់​ឲ្យ​ចំៗ ជាពិសេស​ការសិក្សា​ស្រាវជ្រាវ​ម្តងៗ​​ចាយលុយ​ខ្លាំងណាស់ ការបោះពុម្ពផ្សាយ​វចនានុក្រម និង​ការបកប្រែ​ពី​ភាសាបរទេស​មក​​ពី​ភាសា​ខ្មែរ ជាជាង​ឆ្លើយថា​គ្មាន​ថវិកា​ស្រាវជ្រាវ និង​ផ្សព្វផ្យាយ​ឲ្យ​បាន​ទូលំទូលាយ​ដែល​សូម្បីតែ​វេបសាយ​របស់​ស្ថាប័ន​ RAC: http://www.rac-academy.edu.kh ក៏​មិនមាន​ថវិកា​ធ្វើ​បច្ចុប្បន្នភាព​ផង​ពោល​គឺ​ពេល​ចុច​រក​ឯកសារ​សុទ្ធតែ​ដាក់ថា​ «​កំពុង​រៀបចំ​» ​រកតែ​ទាញ​ឯកសារ​យកមក​ប្រើការ​មិនបាន​។

បើ​នៅ​ប្រទេស ​ថៃ គេ​មាន​ក្រុមបច្ចេកទេស​បកប្រែ​ឯកសារ​ស្រាវជ្រាវ និង​សៀវភៅ​សិក្សាធិការ​បកប្រែ​មក​ជា​ភាសា​ថៃ​ដើម្បី​ឲ្យ​និស្សិត និង​អ្នក​ស្រាវជ្រាវ​របស់គេ​កាន់តែ​ងាយ​យល់ច្បាស់​។ ហេតុអ្វី​យើង​ធ្វើ​បច្ចុប្បន្នភាព​ភាសា​ខ្មែរ​ខ្លួនឯង​មិនបាន ចាំតែ​ជំនួយ​បរទេស​បាន​ធ្វើ​? ហេតុ​ដូច្នេះហើយ​រាជបណ្ឌិត្យ​សភា​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ គួរតែ​ជា​ស្ថាប័ន​នាំមុខ​ក្នុងការ​សិក្សាអប់រំ​ដោយ​​ដាក់​អាទិភាព​នូវ​ការធ្វើ​បច្ចុប្បន្នភាព​ពាក្យ​ខ្មែរ​នៅក្នុង​វចនានុក្រម​ថ្មី​បោះពុម្ព​រៀងរាល់​ ៣ ​ឆ្នាំ​ម្តង ហើយ​ភ្ជាប់​នឹង​ការបកស្រាយ​ទៅតាម​ពាក្យ​បច្ចេកទេស​នីមួយៗ​ផង ។

បើ​ពាក្យ​បកប្រែ​គួរតែ​សម្រាយ​ឲ្យ​ងាយ​យល់​ដោយ​ធ្វើ​សិក្ខាសាលា​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​ទៅ​​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ចំពោះ​ពាក្យថ្មីៗ​ផង​។ ​ម្យ៉ាងទៀត​ដើម្បី​ឲ្យ​កូន​ខ្មែរ​ទាំងអស់​គ្នា​ប្រើ​វចនានុក្រម​នោះ​ជា​គោល​តែ​១​គឺ​គួរ​បោះពុម្ព​ជា​ក្រដាស​ដាក់​នៅតាម​អង្គភាព​នីមួយៗ​ជា​ឯកសារ​ផ្នែក​ទន់​ផង​ (Softcopy) ​ដាក់​នៅ​ Online ​ផង និង​បង្កើត​ App ​បន្ថែមទៀត​ដើម្បី​កាន់តែ​ងាយស្រួល​ក្នុង​ការប្រើប្រាស់​ពាក្យ​ឲ្យ​បាន​ត្រឹមត្រូវ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com