មកទល់​យុគសម័យ​បច្ចេកវិទ្យា​ទំនើប​គឺ​សម្បូរ​ទៅដោយ​ព័ត៌មាន​បោះពុម្ព​តាម​ក្រដាស​កាសែត​ក៏មាន តាម​ឌីជីថល​បែប​ផ្សព្វផ្សាយ​អន​ឡាញ វេបសាយ App និង​តាម​ព័ត៌មាន​សង្គម​ហ្វេសប៊ុក​ផង តាម​ធ្វីធើរផង តាម​អ៊ីនស្តាក្រាម និង​តាម​លីងអ៊ីន ក៏មាន​ដែរ...។

ម្នាក់ៗ​ទទួល​បាន​នូវ​ព័ត៌មាន​គ្រប់​រឿង​ដោយ​សេរី​ឲ្យ​តែ​មាន​គេ​ផ្សព្វផ្សាយ និង​មាន​សេវា​អ៊ីនធឺណិត​ភ្ជាប់​មើល​តាម​ទូរស័ព្ទ​ស្មាតហ្វូន​ក៏បាន​មិន​បាច់​តែ​ប្រើ​កុំព្យូទ័រ​ឬក៏​ Tablet នោះ​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​ព័ត៌មាន​ទាំង​នោះ ពិត​ឬក៏​ក្លែង​ក្លាយ? តើ​ព័ត៌មាន​ក្លែង​ក្លាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ឬក៏​គ្រោះ​ថ្នាក់​អ្វីខ្លះ​ដល់​បុគ្គល?​គ្រួសារ?​សហគមន៍?កម្រិត​ជាតិ និង​អន្តរជាតិ?


ជាក់ស្តែង មានរឿង​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​មិន​ពិត​ឬក៏​ក្លែងក្លាយ ដូច​ករណី កាល​ពី​ឆ្នាំ​មុន លោក​សាស្ត្រា​ចារ្យ ស៊ុយ សារ៉េត បង្រៀន​នៅ​សាកល​វិទ្យាល័យ​មួយ​ចំនួន​បើក​រថយន្ត​បុក​គេ​នៅ​រាជធានី​ភ្នំពេញ​រួច​បាន​បើក​រត់ តែ​ត្រូវ​យុវជន​មួយ​ក្រុម​ដេញ​តាម​ដោយ​ចោទ​លោក​ថា បាន​បុក​គេ​ស្លាប់ រួច​បើក​រត់​គេច។


ភ្លាមៗ​នោះ ​ក៏មាន​សារ​ព័ត៌មាន​អនឡាញ និង​វីដេអូ​ហ្វេសប៊ុក​ផេច ២ ដែល​មាន​គេ​និយម​មើល​ដែរ​នោះ បាន​ផ្សាយ​បន្ត​ផ្ទាល់ និង​បាន​រាយ​ការណ៍​ភ្លាមៗ​ថា មាន​ជន​រង​គ្រោះ​ស្លាប់ ២ នាក់​ហើយ​បន្ទាប់​ពី​ឃាត់​រថយន្ត​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត បាន​ភ្លាម គឺ​ក្រុម​យុវជន​បាន​ចូល​វាយ​កម្ទេច​រថយន្ត​ទំនើប​របស់​លោក និង​វាយ​លើ​រាង​កាយ​លោក​បណ្ដាល​ឲ្យ​របួស​ប៊ិះ​នឹង​ស្លាប់ ហើយ​ពួកគេ​ក៏​ឆ្លៀត​ចូល​លួច​របស់​របរ​តាំង​ពី​ទូរស័ព្ទ iPad គ្រឿង​អលង្ការ និង​លុយ​ទៀត​ផង។


ប៉ុន្តែ​បន្ទាប់​មក​ទើប​ដឹង​ថា មិន​មាន​អ្នក​ស្លាប់​ដោយសារ គ្រោះ​ថ្នាក់​ចរាចរណ៍​នោះទេ​គឺ​គ្រាន់​តែ​មាន​របួស​ស្រាល​ប៉ុណ្ណោះ រីឯ​ព័ត៌មាន​ដែល​ថា​បុក​ស្លាប់ ២ នាក់​នោះ​ក៏​មិន​បាន​ដក​ស្រង់​សម្ដី​ចេញ​ពី​សមត្ថកិច្ច​នគរបាល​ដែរ។


ចំណែក​អត្ថបទ​ដែល​បង្ហោះ​ព័ត៌មាន​មិន​ពិត​នោះ​ក៏​មិន​បាន​ដក​ចេញ​វិញ​ដែរ ថ្វី​បើ​សមត្ថកិច្ច​ស្វែងរក​ចាប់​ខ្លួន​ជន​ដៃ​ដល់​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ក៏ដោយ។


ដោយឡែកថ្មីៗនេះ ក៏មាន​ករណី​បង្ហោះ​សារ​តាម Messenger តៗគ្នា​ថា ភេសជ្ជៈ​ខារ៉ាបាវ​ធ្វើ​ឲ្យ​ពុល​មនុស្ស ៤ ទៅ ៥ នាក់​នៅ​ខេត្ត​ព្រះសីហនុ​សូម​ស៊ែរ​ជា​បន្ទាន់។

ក្នុង​ករណី​នេះ​គឺ​ជន​មួយ​ក្តាប់​តូច​ជា​អ្នក​ឃោសនា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ក្រុមហ៊ុន​គេ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ឬក៏​បុគ្គល​ខ្លួន​បាន​ប្រយោជន៍​ពី​ការ​វាយ​ប្រហារ​ផលិតផល​ស្រប​ច្បាប់​របស់​គេ។ អ៊ីចឹង​ករណីនេះ​តើ​មាន​សមត្ថកិច្ច​ណា​ដែល​អះអាង​ថា​ជា​ការ​ពុល​ដោយសារ​ផលិតផល​របស់​គេ​នោះ? ហើយ​បែរមក​មើល​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ខារ៉ាបាវ​វិញ​បាន​គេ​និយាយ​ថា​ម៉េច​មុន​នឹង​ជឿ​ថា ព័ត៌មាន​បែប​នេះ​ពិត? ​តើ​ក្រុមហ៊ុន​ដោះស្រាយ​យ៉ាង​ដូចម្តេច? ​ព្រោះ​ភេសជ្ជៈ​ខារ៉ាបាវ​ក្រុមហ៊ុន​បាន​ចុះ​បញ្ជិកា និង​បង់​ពន្ធ​ត្រឹមត្រូវ មាន​បុគ្គលិក​ធ្វើការ​ស្រប​ច្បាប់។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​ក៏មានព័ត៌មាន​ពិត​ដែរ ក្នុងនោះ​មាន​ករណី​ប៉ះពាល់​សុខភាព​កុមារ​ម្នាក់​ឬ​ក៏ ២ នាក់​នៅ​ពេល​មាន​បាក់តេរី​ក្នុង​ម្សៅ​ទឹក​ដោះគោ Dumex ប៉ុន្តែ​ភ្លាម​នោះ​ក្រុមហ៊ុន​បាន​ពិសោធ​ផលិតផល​នោះ​រួច​ក៏បាន​ប្រមូល​យក​ម្សៅ​ទាំង​នៅ​ក្នុង​កំប៉ុង​ដែល​មាន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​កុមារ​នោះ​ទាំង​អស់។

ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​អន្តរជាតិ​មួយ​នេះ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ទទួល​ស្គាល់​ភ្លាមៗ​ហើយ​បាន​សង​សំណង​ទៅ​អ្នក​ប្រើប្រាស់​វិញ ហើយ​ក្រោយ​មក​ក្រុមហ៊ុន​បាន​ដោះស្រាយ​បញ្ហា​គីមី រួច​ក៏​ឲ្យ​ដាក់​លក់​ឡើង​វិញ និង​បាន​សួរ​អតិថិជន​ដោយ​តម្លាភាព​ថា តើ​មាន​បញ្ហា​អ្វី​ទៀត​ឬក៏​អត់?

ប៉ុន្តែ​បើ​និយាយ​ពី​ផលិតផល​ស្រាថ្នាំ​ប៉ូវ​កម្លាំង គ្រឿងសម្អាង និង​ឱសថ​សម្រក​ទម្ងន់​វិញ​គឺ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​ថា​របស់​ខ្លួន​សុទ្ធ​តែ​ល្អ និង​ដាក់​លក់​តាម​អន​ឡាញ និង​ហ្វេសប៊ុក​ជា​ហូរហែ​បើ​ទោះបី​ជា​ក្រសួង​សុខាភិបាល និង​ក្រសួង​ព័ត៌មាន​ជារឿយៗ​បាន​ហាម​ឃាត់​ជា​លាយ​លក្ខណ៍​អក្សរ​ថា​ជា​ថ្នាំ​ឬក៏​គ្រឿង​សម្អាង​មិន​មាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ​ក៏ដោយ ក៏​មិន​ស្តាប់​ដែរ។

ម្យ៉ាង​ទៀត​ព័ត៌មាន​ក្លែង​ក្លាយ​ជាង​គេ​នោះ​គឺ​ព័ត៌មាន​ដែល​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​ម្ខាងៗ ខិត​ខំ​កាត់​ត​តាំង​ពី​រូបភាព ក្លែង​លិខិត និង​កាត់ត​ពាក្យ​សម្តី​ឬក៏​ដក​ស្រង់​សម្តី​ពី​បុគ្គល​ណា​ម្នាក់​ខុស​ធ្វើ​យ៉ាង​ណា​ឲ្យ​គូ​បដិបក្ខ​ស្អុយ​ឈ្មោះ​ហើយ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​របៀប​កេង​ចំណេញខាង​នយោបាយ​រៀងៗ​ខ្លួន។

រីឯ​ករណី​ខ្លះទៀត អ្នក​សារព័ត៌មាន​មួយចំនួន​បាន​សរសេរ​បែប​បន្លំ​ព័ត៌មាន​ដោយ​អ្នក​ខ្លះ​យក​គំនិត​ខ្លួន​ឯង​មក​បញ្ចេញ​បញ្ចូល​ជាមួយ​អត្ថបទ​ដោយ​មិន​បាន​ធ្វើ​តាម​វិជ្ជាជីវៈ​ដែល​តម្រូវ​ឲ្យ​ដក​ស្រង់​ពាក្យ​សម្តី​ពី​បុគ្គល​ឬ​សមត្ថកិច្ច​ពាក់​ព័ន្ធ​នោះ​ទេ ដូចជា​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​លោក​សាស្ត្រាចារ្យ ស៊ុយ​សារ៉េត ខាង​លើ​គឺ​អ្នក​កាសែត​ខ្លួន​ឯង​ហ្នឹង​បំផ្លើស​ថា មាន​អ្នក​ស្លាប់ ២ នាក់។

ផ្ទុយ​ទៅ​វិញ បើ​ចង់​សរសេរ​បែប​បញ្ចេញ​ទស្សនៈនោះ​គឺ​សរសេរ​បែប​អត្ថបទ​វិភាគ វិចារណ​កថា​ឬក៏​ជា​លិខិត​មិត្ត​អ្នក​អាន​ពិតៗ​ទៅ ព្រោះ​មាន​ម្ចាស់​ត្រឹមត្រូវ ប្រសិន​បើ​គាត់​សរសេរ​ព័ត៌មាន​មិន​ពិត​តែ ៣ ទៅ ៤ ដង គេ​លែង​អាន​របស់​គាត់​ហើយ។

ករណី​ព័ត៌មាន​មិន​ពិត​នេះ​ក៏​ជាការ​ព្រួយបារម្ភ​ដល់​កម្រិត​តំបន់ និង​អន្តរជាតិ​ផង​ដែរ ជា​ពិសេស​គឺ​ទាក់ទង​នឹង​ការ​ចូល​លួច​ទិន្នន័យ​ហើយ​បញ្ចេញ​ព័ត៌មាន​ក្លែងក្លាយ​បង្ខូច​កេរ្ដិ៍​ឈ្មោះ​របស់​ក្រុមហ៊ុន​គេ តាមរយៈ Hacker និង​Cyber។ សូម្បី​តែ​មន្ទីរពេទ្យ​ឯកជន​សិង្ហបុរី​ឈ្មោះ SingHealth ក៏ត្រូវ​បាន​គេ​ហេក​ចូល​បាន​ទិន្នន័យ​អ្នក​ជំងឺ ១ លាន​កន្លះ​ដែរ​កាល​ពី​ឆ្នាំ​មុន​តែ​បែរ​ជា​ផ្សាយ​ព័ត៌មាន​ផ្សេង​ក្នុង​នោះ​ក៏មាន​ទិន្នន័យ​ពី​លោក Lee HsienLoong នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​ផង​ដែរ។

ព័ត៌មាន​ក្លែង​ក្លាយ​លក្ខណៈ​អន្តរជាតិ​ខ្លះ​ក៏​បង្ខូច​កេរ្តិ៍​ឈ្មោះ​បុគ្គល​ដែរ ដូច​កាល​ពី​ឆ្នាំ​មុន​ល្បី​ថា តួកុន​ហូលីវូដ​ល្បី​ឈ្មោះ​រ៉ាំ​បូ​ក៏ត្រូវ​បាន​គេ​ផ្សាយ​ថា គាត់​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​មហារីក តែ​ធាតុ​ពិត​ព័ត៌មាន​អន្តរជាតិ​បាន​ផ្សាយ​បញ្ជាក់​ថា លោក​នៅ​រស់​នៅ​ឡើយ​ទេ។

បើទោះបីជា​ច្បាប់​គ្រប់គ្រង​ព័ត៌មាន​ក្លែងក្លាយ និង Cyber មិន​ទាន់​ត្រូវ​បាន​អនុម័ត​ក៏ដោយ ក៏​យើង​អាច​កត់​សម្គាល់​បាន​មួយ​ចំនួន​ធំ​ដែល​ជួយ​កំណត់​ប្រភេទ​ព័ត៌មាន​ក្លែងក្លាយ​ឬក៏​ព័ត៌មាន​ពិត ហើយ​ត្រូវ​ដោះ​ស្រាយ​ដូចម្តេច​បើ​មិន​ដឹង​ថា​ព័ត៌មាន​មិន​ពិត​នោះ?

១) ត្រូវ​ផ្ទៀងផ្ទាត់​នូវ​សារ​នៅក្នុង​អត្ថបទ​ព័ត៌មាន​ចេញផ្សាយ​ភ្លាមៗ​ថា តើ​វា​ជា​ពាក្យ​សម្តី​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ឬក៏​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ណាមួយ​ឬក៏​ជា​ពាក្យ​ចចាម​អារ៉ាម​ឮ​គេ​ថា?គឺ​យើង​អាច​ធ្វើ​តេស្ត​នៅ​លើ Google ដោយ​វាយ​ឈ្មោះ​ចំណង​ជើង​ឬ​ក៏​ឈ្មោះ​ជន​ល្មើស​ឬក៏​ជន​រង​គ្រោះ​បើ​ចេញ​មក​ពី​ស្ថាប័ន​សារ​ព័ត៌មាន​វិជ្ជាជីវៈ​ដែល​មាន​ប្រភព​ព័ត៌មាន​ច្បាស់​លាស់​និង​មាន​លក្ខណៈ​ទូលំ​ទូលាយ​ក៏​ចេញ​ដែរ គឺ​ព័ត៌មាន​ហ្នឹង​ពិត​អាច​ទទួល​យក​បាន​ហើយ។

២) ត្រូវ​ញែក​ឲ្យ​ដាច់​រវាង អត្ថបទ​មួយណា ប្រភេទ​ដក​ស្រង់​ពាក្យ​សម្តី មាន​ប្រភព​ច្បាស់​លាស់​គឺ​ពិត និង​មួយ​ណា​ជា​ប្រភេទ​អ្នក​កាសែត​ចង់​សរសេរ​ដោយ​ខ្លួន​ឯង​ហើយ​គ្រាន់​តែ​ឮ​គេ​ថា ជា​ពាក្យ​ចចាម​អារ៉ាម

ហើយ​សរសេរ​សន្មត​យក​តែ​ម្តង​គឺ​ព័ត៌មាន​មិន​ពិត​ទេ។

៣) អ្នកសរសេរ​បែប​អត្ថបទ​វិភាគ​ដោយ​ផ្អែកលើ​ការ​ស្រាវជ្រាវ​គឺមាន​សំណួរ​ការ​គិត​ដោយ​ពិចារណា​ថា តើ​មាន​ប្រវត្តិ​ជាក់​ស្តែង ទិន្នន័យ​ជាក់​ស្តែង និង​បច្ចុប្បន្ន​ភាព​ហើយ​ឬ​នៅ? ឧទាហរណ៍​ថា ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​គឺ ៣០ ភាគរយ។ ករណី​នេះ​គឺ​អ្នក​អាន​សួរ​ថា ៣០ ភាគរយ​ហ្នឹង​នៅ​ឆ្នាំ​ណា? ប្រភព​មក​ពី​ណា? យក​មក​ប្រៀបធៀប​ជាមួយ​អ្វី?

បើ​បច្ចុប្បន្នភាព​នេះ​ធនាគា​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​រក​ឃើញ​ថា ធ្លាក់​ចុះ​មក​ដល់ ១៣,៥ ភាគរយ​នៅ​ឆ្នាំ ២០១៦ មក​ហើយ​នោះ។ ហេតុអ្វី​បាន​ជា​ធ្លាក់​មក ៣០ ភាគរយ​វិញ? អ៊ីចឹង​ឲ្យ​អ្នក​សរសេរ​អត្ថបទ​កាសែត​ឬក៏​ព័ត៌មាន​ដែល​ផ្សាយ​នោះ បញ្ជាក់​ពី​ហេតុ​ផល និង​ប្រភព​ច្បាស់​លាស់។

៤) រីឯ​ព័ត៌មាន​ប្រកួតប្រជែង​លក្ខណៈ​នយោបាយ​វិញ អ្នកអាន​គួរតែ​មើល​លក្ខណៈ​ពិត​ជាក់ស្តែង តើ​វា​ជា​លក្ខណៈ​បរិហារ​កេរ្ដិ៍​ទៅ​វិញ​ទៅ​មក​ឬក៏​ការ​បរិយាយ​របស់​មេ​បក្ស​ចេះ​តែ​ថា? អ៊ីចឹង​គួរតែ​តាម​ដាន​ប្រវត្តិ​របស់​អ្នក​ដឹកនាំ​នយោបាយ​នោះ​ថា ជាទូទៅ​គាត់​និយាយ​ពិត​ប៉ុន​ណា? មិនមែន​ឲ្យ​តែ​បក្ស​ខ្លួន​ស្រឡាញ់​និយាយ​អ្វី​ក៏​សុទ្ធ​តែ​ត្រូវ និង​ពិត​នោះ​ទេ។

៥) បើ​ព័ត៌មាន​អន្តរជាតិ​វិញ​គឺ​វាយ​អក្សរ​ជា​ភាសា​អង់គ្លេស​នៅ​លើ Google នូវ​សាច់​រឿង​ដែល​មាន​ពាក្យ​គន្លឹះ និង​ឈ្មោះ​អ្នក​ប្រព្រឹត្ត​ក៏បាន​ដែរ ហើយ​យើង​នឹង​ឃើញ​ព័ត៌មាន​ស្តង់ដារ​បាន​ចេញ​មក​ព្រោង​ព្រាត​ឬក៏​អត់​ចេញ។ បើ​ចេញ​មក​ព្រាត​នោះ​គឺមាន​លក្ខណៈ​ត្រឹម​ត្រូវ​ភាគ​ច្រើន​ហើយ។

៦) បទពិសោធ​ដ៏​ល្អ​របស់​គម្រោង​ឈ្មោះ​គម្រោង​ព័ត៌មាន​ពិត និង​មិន​ពិត (Fact or Fake project) របស់​ក្រុម​យុវជន YSEALI នៅ​តាម​ហ្វេសប៊ុក​ផេច​ដែល​កំពុង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន និង​កំណត់​អ្វី​ដែល​ជា​ព័ត៌មាន​ពិត និង​អ្វី​ជា​ព័ត៌មាន​ក្លែង​ក្លាយ​ដើម្បី​ផ្សព្វផ្សាយ​បន្ត​ឲ្យ​សាធារណ​ជន​ស្វែង​យល់​កាន់​តែ​ច្បាស់​គឺ​ចៀស​វាង​យក​ព័ត៌មាន​ក្លែងក្លាយ​មក​ផ្សព្វផ្សាយ​បន្ត​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សាធា​រណជន​យល់​ច្រឡំ៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com