តើ​ពលករ​ចំណាក​ស្រុក​ អាច​ចូលរួម​ចំណែក​ដល់​អនាគត​សេដ្ឋកិច្ច​របស់​កម្ពុជា​យ៉ាង​ដូច​ម្តេច?

Content image - Phnom Penh Post
ពលករ​កម្ពុជា​ត្រៀម​ចេញទៅ​ធ្វើការ​នៅប្រទេស​កូរ៉េខាងត្បូង នាពេល​កន្លងមក​។ រូបថត EEDO

ជាមួយ​នឹង​ពលករ​ចំណាក​ស្រុក​ជាង ១ លាន​នាក់ ប្រសិន​បើ​យើង​គណនា​ដោយ​សាមញ្ញ​ថា ពលករ​ម្នាក់​អាច​ផ្ញើ​លុយ​មក​ផ្ទះ​ម្នាក់ ១០០ ដុល្លារ ក្នុង ១ ខែ នោះ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​ប្រាក់​បញ្ញើ​យ៉ាង​ហោច​ណាស់ ១,២ ពាន់​លាន​ដុល្លារ ក្នុង ១ ឆ្នាំ។ ការ​ផ្ញើ​ប្រាក់ គឺ​ជា​វិធី​វាស់ស្ទង់​មួយ​នៃ​ការ​ចូលរួម​ចំណែក​ផ្នែក​សេដ្ឋកិច្ច​របស់​ពលករ​ចំណាក​ស្រុក​ខ្មែរ។ ការងារ​ចំណាក​ស្រុក គឺ​មាន​សារៈសំខាន់​ក្នុង​ការ​បំពេញ​បន្ថែម​នូវ​ឱកាស​ការងារ​ក្នុង​ស្រុក។

ការ​ផ្ញើ​ប្រាក់​អាច​ជា​ប្រភព​ធនធាន​នៃ​ការ​ចំណាយ​លើ​ការ​ប្រើប្រាស់​របស់​អ្នក​ពឹង​អាស្រ័យ និង​នៅ​ក្រោម​បន្ទុក​របស់​ពលករ​ចំណាក​ស្រុក។ ប្រសិន​បើ​គ្រប់គ្រង​បាន​ល្អ ប្រាក់​នោះ​អាច​ក្លាយ​ជា​ការ​សន្សំ ឬ​ក៏​អាច​ក្លាយ​ជាដើម​ទុន​បន្តិចបន្តួច ដើម្បី​ចាប់​ផ្តើម​អាជីវកម្ម​នៅ​ពេល​ដែល​ពលករ​ទាំង​នោះ​ត្រឡប់​មក​ផ្ទះ​វិញ។

យ៉ាងណា​ក្តី ការងារ​ចំណាក​ស្រុក​មិន​អាច​មាន​និរន្តរភាព​ផ្នែក​សេដ្ឋកិច្ច​រយៈពេល​វែង​បាន​ឡើយ​សម្រាប់​សេដ្ឋកិច្ច​ក្នុង​ស្រុក ទោះបី​ជា​មាន​ប្រភព​ការងារ​ក្រៅ​ប្រទេស​ច្រើន​ក្តី ឬ​ក៏​មាន​កម្រិត​ចំណូល​ខ្ពស់​យ៉ាង​ណា​ក្តី​។ នេះ​ក៏​ព្រោះ​ថា​ ពលករ​ចំណាក​ស្រុក​នឹង​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ ព្រោះ​ពួក​គេ​មិន​អាច​ស្នាក់នៅ និង​ធ្វើ​ការ​ជា​អចិន្រ្តៃយ៍​នៅ​ប្រទេស​ម្ចាស់​ផ្ទះ​បាន​ទេ។

ការ​ពិត​ដែល​មិន​អាច​ប្រកែក​បាន​គឺ​ថា ​ការងារ​ចំណាក​ស្រុក​មិន​អាច​ធ្វើ​ឱ្យ​ប្រជាជន​ក្លាយ​ជា​អ្នក​មាន​បាន​ឡើយ ហើយ​ក៏​មិន​អាច​ធ្វើ​ឱ្យ​ប្រទេស​បញ្ជូន​ពលករ ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​បាន​ដែរ ព្រោះ​ថា​ការងារ​ចំណាក​ស្រុក​មិន​បាន​ជួយ​ពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​ក្នុង​ស្រុក​នោះ​ឡើយ។
ប្រទេស​កម្ពុជា មិន​អាច​ក្លាយ​ជា​ប្រទេស​នាំចេញ​ពលករ​ជា​រៀង​រហូត​បាន​ទេ។ នៅ​ពេល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា អភិវឌ្ឍ​ជឿន​លឿន​ទៅ​មុខ ប្រទេស​កម្ពុជា ក៏​ត្រូវ​ការ​កម្លាំង​ពលកម្ម​ដើម្បី​ទ្រទ្រង់​មូលដ្ឋាន​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​របស់​ខ្លួន​ដែរ។

ដូច្នេះ​សំណួរ​ដែល​យើង​ត្រូវ​សួរ គឺ​ថា​នៅ​ពេល​ដែល​ពលករ​ជាច្រើន​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ តើ​យើង​ធ្វើ​សមាហរណកម្ម​ពួក​គេ​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ដូច​ម្តេច? ឬ​និយាយ​ម៉្យាង​ទៀត​ថា តើ​ពលករ​ចំណាក​ស្រុក​អាច​ចូល​រួម​ចំណែក​យ៉ាង​ដូចម្តេច​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​នាពេល​អនាគត?

ពលករ​ចំណាក​ស្រុក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នាំ​មក​នូវ​គំនិត និង​ជំនាញ​ថ្មីៗ​ត្រឡប់​មក​ផ្ទះ​វិញ ដោយសារ​បទពិសោធ​របស់​ពួក​គេ​នៅ​ក្នុង​សង្គម​ដែល​មាន​ការ​អភិវឌ្ឍ​ជឿនលឿន មាន​វប្បធម៌​សហគ្រិន​រឹងមាំ និង​មាន​ជំនាញ​បច្ចេកទេស​ខ្ពស់​ជាពិសេស​នៅ​ក្នុង​ប្រទេស​ដូចជា​កូរ៉េខាងត្បូង និង​ជប៉ុន។ ប្រទេស​ទាំង ២ នេះ មាន​ក្រម​សីលធម៌​ការងារ​ខ្ពស់ ហើយ​ពួក​គេ​គោរព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​យ៉ាង​ខ្ជាប់ខ្ជួន។

អាច​មាន​វិធីសាស្ត្រ​ជាច្រើន​សម្រាប់​ឱ្យ​ពលករ​ចំណាក​ស្រុក​ចូលរួម​ចំណែក​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​អនាគត។ ក្នុង​ចំណោម​វិធីសាស្រ្ត​ផ្សេងៗ យើង​អាច​ពិចារណា​លើ​វិធីសាស្ត្រ​ ២ ដូច​ខាង​ក្រោម។

ទី១៖ ពួក​គេ​អាច​ចូលរួម​តាមរយៈ​ការ​បង្កើន​ទំនុក​ចិត្ត​វិនិយោគ​ក្នុង​ស្រុក​ទាក់ទង​នឹង​សមត្ថភាព​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ដែល​មាន​គុណភាព។ វិនិយោគិន​កូរ៉េខាងត្បូង និង​ជប៉ុន តែងតែ​ត្អូញត្អែរ​ថា ប្រទេស​កម្ពុជា ខ្វះ​កម្លាំង​ពលកម្ម​ជំនាញ ខ្វះ​អ្នក​បច្ចេកទេស និង​បុគ្គលិក​គ្រប់គ្រង​ថ្នាក់​កណ្តាល។

ដូច្នេះ​វា​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​វិនិយោគ​ដឹង​ថា នៅ​ពេលវេលា​ជាក់​លាក់​ណា​មួយ​នោះ ប្រទេស​កម្ពុជា ពិត​ជា​មាន​ពលករ​ជំនាញ​ជាច្រើន​ដែល​ធ្លាប់​ធ្វើ​ជា​ពលករ​ចំណាក​ស្រុក​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ។ ដើម្បី​ធ្វើ​ដូច​នេះ​បាន ការ​ប្រមែប្រមូល​ចងក្រង​ធនធាន​ពលករ​ចំណាក​ស្រុក គឺ​មាន​សារៈសំខាន់។

យើង​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ការ​បង្កើត​សមាគម​អតីត​ពលករ​ចំណាក​ស្រុក​លើ​ផ្នែក​ជំនាញ​ជាក់លាក់​ណា​មួយ ឧទាហរណ៍​សមាគម​អតីត​ពលករ​ចំណាក​ស្រុក​ពី​កូរ៉េខាងត្បូង​ក្នុង​វិស័យ​កសិកម្ម ឬ​វិស័យ​រោងចក្រ​កម្មន្តសាល ឬ​វិស័យ​សេវាកម្ម។ល។ យ៉ាង​ហោច​ណាស់​វិនិយោគិន​គួរ​តែ​ដឹង​ថា តើ​ពួក​គេ​គួរ​ទាក់ទង​អ្នក​ណា ដើម្បី​ទទួល​បាន​បណ្តុំ​នៃ​ធនធាន​មនុស្ស​ដែល​ធ្លាប់​បាន​ទទួល​ការ​បណ្តុះបណ្តាល​រួច​ហើយ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ ហើយ​មាន​ការ​យល់ដឹង​ល្អ​អំពី​វប្បធម៌​របស់​ពួក​គេ​ទៀត។

ប្រសិន​បើ​ប្រទេស​កម្ពុជា មាន​ការ​ប្រមូល​ផ្តុំ​ពលករ​ជំនាញ​កាន់​តែ​ច្រើន យើង​អាច​ជំរុញ​ឱ្យ​វិនិយោគិន​កូរ៉េ និង​ជប៉ុន បញ្ជូន​ការងារ និង​រោងចក្រ​របស់​ពួក​គេ យក​មក​ដាក់​នៅ​ប្រទេស​កម្ពុជា តែ​ម្តង ព្រោះ​ថា​ ជម្រើស​បែប​នេះ​អាច​អស់​កម្រៃ​ថោក​ជាង​ការ​គ្រប់គ្រង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ ហើយ​ជា​​ទូទៅ​ការ​បញ្ជូន និង​ទទួល​ពលករ​ក្រៅ​ប្រទេស​ត្រូវ​ឆ្លង​កាត់​នីតិវិធី​រដ្ឋបាល​ច្រើន។

ជម្រើស​បែប​នេះ ក៏​មាន​សុវត្ថិភាព​ផង​ដែរ​សម្រាប់​ពលករ​កម្ពុជា។ សម្រាប់​ក្រុមហ៊ុន​កូរ៉េ និង​ជប៉ុន​វិញ ពួក​គេ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ពី​អតីត​ពលករ​ចំណាក​ស្រុក​ទាំង​នោះ ពី​ព្រោះ​ពួក​គេ​មាន​សមត្ថភាព​បច្ចេកទេស​ជំនាញ យល់ដឹង​ពី​ការ​ទាមទារ​របស់​គណៈ​គ្រប់គ្រង ហើយ​ពួក​គេ​អាច​ចេះភាសា​ និង​យល់ដឹង​ពី​វប្បធម៌​ថែម​ទៀត។

ដូច្នេះ ដើម្បី​ត្រៀម​រៀបចំ​ការ​ប្រមូល​ផ្តុំ​បែប​នេះ​បាន លុះត្រា​តែ​ពលករ​ចំណាក​ស្រុក​មាន​ផែនការ និង​ទិសដៅ​ការងារ​ច្បាស់លាស់ ឧទាហរណ៍​គេ​អាច​រៀបចំ​កម្មវិធី​តម្រង់​ទិស​ការងារ​សម្រាប់​ពួក​គេ នៅ​មុន​ពេល​ពួក​គេ​ចេញ​ដំណើរ ដើម្បី​ឱ្យ​ពួក​គេ​អាច​ត្រៀម​ខ្លួន​ចូលរួម​ចំណែក​ដល់​ការ​បំពេញ​លើ​កង្វះ​ខាត​ពលករ​ជំនាញ​ក្នុង​ស្រុក​នាពេល​អនាគត និង​អាច​ដើរ​តួនាទី​សកម្ម​នៅ​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​បង្កើន​ទំនុក​ចិត្ត​វិនិយោគ​សម្រាប់​ប្រទេស​កម្ពុជា។

ទី២៖ ពលករ​ចំណាក​ស្រុក​អាច​ចូលរួម​ចំណែក​ក្នុង​សេដ្ឋកិច្ច​តាមរយៈ​ការ​ជំរុញ​វប្បធម៌​សហគ្រិនភាព។ កូរ៉េខាងត្បូង និង​ជប៉ុន​ជា​គំរូ​ល្អ​នៃ​វប្បធម៌​សហគ្រិនភាព​រឹងមាំ​ និង​ជំនាញ​គ្រប់គ្រង​ជា​លក្ខណៈ​ប្រព័ន្ធ។ ប្រសិន​បើ​ពលករ​ចំណាក​ស្រុក​មាន​មហិច្ឆតា​មោះមុត ពួក​គេ​អាច​រៀន​ជំនាញ​គ្រប់គ្រង និង​សហគ្រិនភាព​ទាំង​នោះ​បាន ហើយ​អាច​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​នៅ​ពេល​ពួក​គេ​ត្រឡប់​មក​វិញ។

យើង​ឃើញ​មាន​ឧទាហរណ៍​គំរូ​ជោគជ័យ​មួយ​ចំនួន​របស់​អតីត​ពលករ​ចំណាក​ស្រុក​ដែល​បាន​បង្កើត​អាជីវកម្ម​ដោយ​ជោគជ័យ បន្ទាប់​ពី​ពួក​គេ​បាន​ក្រេប​ជញ្ជក់​បទពិសោធ​ពី​កូរ៉េខាងត្បូង និង​ជប៉ុន ហើយ​ឧកញ៉ា​ដែល​ជា​អតីត​ពលករ​ចំណាក​ស្រុក​មួយ​ចំនួន ថែមទាំង​អាច​តបស្នង និង​ជួយ​សង្គម​ជាតិ​យ៉ាង​សស្រោក​សស្រាំជា​ពិសេស​ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​តែ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវីដ ១៩។

ឧទាហរណ៍​ជោគជ័យ​របស់​ពួក​គេ​គួរ​តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ថែម​ទៀត ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពលករ​ចំណាក​ស្រុក​ឱ្យ​រៀន​សូត្រ​ពី​គំរូ​ល្អៗ​ទាំង​នេះ។

ដើម្បី​ជួយ​ជំរុញ​វប្បធម៌​សហគ្រិនភាព និង​រៀបចំ​ប្រព័ន្ធ​ជំរុញ​សហគ្រិនភាព ពលករ​ចំណាក​ស្រុក​ដែល​ជោគជ័យ​មួយ​ចំនួន​អាច​ពិចារណា​បង្កើត​ដូចជា សមាគម​សហគ្រិន​នៃ​អតីត​ពលករ​ចំណាក​ស្រុក​មក​ពី​ប្រទេស​កូរ៉េខាងត្បូង ឬ​ជប៉ុន​ជាដើម។

ប្រសិន​បើ​ពួក​គេ​មាន​ធនធាន​ច្រើន ពួក​គេ​អាច​បង្កើត​ជា​មូលនិធិ​ទ្រទ្រង់​សហគ្រិនភាព​សម្រាប់​អតីត​កម្មករ​ចំណាក​ស្រុក ដើម្បី​គាំទ្រ​ដល់​ពលករ​ដែល​មាន​ក្តី​សុបិន និង​មាន​មហិច្ឆតា​ខ្ពស់​ចង់​បង្កើត​សហគ្រាស​ធុន​តូច និង​មធ្យម​ផ្ទាល់​ខ្លួន។

អតីត​ពលករ​ចំណាក​ស្រុក​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ​ហើយ​ពួក​គេ​អាច​ប្រើ​បណ្តាញ​នៃ​ការ​ទុក​ចិត្ត​របស់​ពួក​គេ ដើម្បី​សម្រេច​ក្នុង​ការ​ផ្តល់​ទុន​វិនិយោគ​ដំណាក់​កាល​ដំបូង​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា មាន​សមត្ថភាព​បង្កើត និង​គ្រប់គ្រង​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​បាន ឬ​អ្នក​ដែល​មាន​គំនិត​អាជីវកម្ម​ល្អ និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។

ប្រសិន​បើ​យើង​អាច​បង្កើត​ប្រព័ន្ធ​ទ្រទ្រង់​បែប​នេះ ពលករ​ចំណាក​ស្រុក​នឹង​អាច​ចូលរួម​គាំទ្រ​មិន​ត្រឹមតែ​ដល់​និរន្តរភាព និង​ភាព​ម្ចាស់​ការ​លើ​ជីវភាព​ផ្ទាល់​ខ្លួន​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ជួយ​ដល់​អ្នក​ដទៃ​ផ្សេង​ទៀត​ ដែល​នឹង​ទទួល​បាន​ការងារ​ពី​អាជីវកម្ម​របស់​ពួក​គេ​ផង​ដែរ។

សម្រាប់​ប្រទេស​កម្ពុជា ទាំង​មូល យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​កាន់​តែ​ច្រើន​ពី​សេដ្ឋកិច្ច ​ដែល​ជំរុញ​ដោយ​វិស័យ​ឯកជន​ដែល​បង្កើត​ការងារ​បន្ថែម​ទៀត ហើយ​ថែម​ទាំង​អាច​បង្កើន និង​ពង្រឹង​ទីផ្សារ និង​ឧស្សាហកម្ម​ថែម​ទៀត​ផង។

វិធីសាស្ត្រ​ទាំង ២ ខាង​លើ​មាន​គោលដៅ​ចម្បង​ ដើម្បី​ធានា​ថា​ជីវភាព​រស់នៅ​របស់​ពលករ​ចំណាក​ស្រុក​គួរ​តែ​មាន​ភាព​ប្រសើរ​ឡើង​នៅ​ពេល​ពួក​គេ​ត្រឡប់​មក​ផ្ទះ​វិញ និង​ដើម្បី​បង្កើត​កត្តា​អំណោយផល​សម្រាប់​ជំរុញ​ឱ្យ​ពលករ​ចំណាក​ស្រុក​អភិវឌ្ឍ​ខ្លួន​ក្លាយ​ទៅ​ជា​វណ្ណៈ​កណ្តាល (middle-class) ដែល​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា។

ពួក​គេ គឺ​ជា​ធនធាន​មនុស្ស​ដែល​ជួយ​កសាង និង​ថែរក្សា​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ឱ្យ​កាន់​តែ​រឹងមាំ និង​ជួយ​ពង្រឹង​ការ​ជឿ​ទុក​ចិត្ត​វិនិយោគ​កាន់​តែ​ខ្លាំង និង​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា កាន់​តែ​មាន​សមាហរណកម្ម​រឹងមាំ​ជាមួយ​បណ្តា​ប្រទេស​ដែល​ធ្លាប់​បណ្តុះបណ្តាល​ពួក​គេ​ដូចជា​កូរ៉េខាងត្បូង និង​ជប៉ុន​ជាដើម។

យើង​គួរ​តែ​ខិតខំ​ព្យាយាម​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ល្អ ជាមួយ​បណ្តា​ប្រទេស​ដែល​ផ្តល់​ការងារ​ប្រកប​ដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ​ដល់​ពលករ​របស់​យើង ហើយ​ពង្រឹង​ទំនាក់ទំនង​ល្អ​ដែល​ជា​មូលដ្ឋាន​គាំទ្រ​ដល់​ការ​បង្កើន​វប្បធម៌​សហគ្រិនភាព និង​គាំទ្រ​ក្តី​សុបិន​របស់​ពលករ​ចំណាក​ស្រុក ដើម្បី​ក្លាយជា​ពលរដ្ឋ​វណ្ណៈ​កណ្តាល​របស់​ប្រទេស​កម្ពុជា នាពេល​អនាគត។

ពលករ​ចំណាក​ស្រុក​ពិត​ជា​មាន​ក្តី​សុបិន​ហើយ​ក្តី​សុបិន​របស់​ពួក​គេ​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​នឹង​សេដ្ឋកិច្ច​នាពេល​អនាគត​របស់​ប្រទេស​កម្ពុជា៕

ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

ព័ត៌មានថ្មីៗ