មិនមែន​តែ​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី​ទេ ដែលមាន​គំនិត​ដោះស្រាយ​សណ្តាប់​ធ្នាប់​នៅ​លើ​ផ្លូវ​សាធា​រណៈ និង​ករណី​សង់​រោងការ ឬបុណ្យ​កណ្តាល​ផ្លូវ​នោះ។ ប៉ុន្តែ​លោក​អភិបាល​រាជធានី​ភ្នំពេញ​មុនៗ ក៏បាន​ដាក់​ផែនការ​សកម្មភាព​ដោះស្រាយ​បញ្ហា​នេះ​ដែរ តែ​អាច​ធ្វើ​បាន​តែ ១ ប្រាវ ឬ ១ ភ្លើង​ចំបើង​ប៉ុណ្ណោះ ហើយ​បន្ទាប់មក​អ្វីៗ ក៏​ត្រឡប់​មក​សភាព​ដើម​វិញ និង​លើស​ដើម​ទៀត​ផង។

យើង​សួរថា​តើ​នេះ​មកពី​ការធ្វើ​យុទ្ធនាការ​ដោះស្រាយ​ករណី​នេះ​មិន​បាន​ជ្រើស​រើស​យក​សូចនាករ​សម្រាប់​វាស់​វែង​ត្រឹម​ត្រូវ​ឬក៏​មិន​បាន​កំណត់​ទីតាំង​ជំនួស​កន្លែង​ដែល​គ្មាន​សណ្តាប់​ធ្នាប់​នោះ?​និង​មិន​បាន​កំណត់​ពេល​វេលា​ជាក់​លាក់​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា ទើប​ដោះស្រាយ​បញ្ហា​តាម​ផ្នែក​នីមួយៗ​បាន ?


ត្រង់ចំណុច​នេះ​គឺ​សឹងតែ​គ្រប់​អភិបាល​រាជធានី​ភ្នំពេញ​ទៅហើយ​ដែល​ចង់​ស្តារ​មុខ​មាត់​តាមរយៈ​ដោះស្រាយ​បញ្ហា​សណ្តាប់​ធ្នាប់​លើ​ដង​វិថី​នេះ។


បញ្ហា​ដែល​ចេះតែ​រីក​ដុះដាល​នូវ​ការ​សង់​ផ្ទះ​លយ​ចូល​ចិញ្ចើម​ផ្លូវ​និង​លក់​ហៀរ​មក​ចូល​ចិញ្ចើម​ផ្លូវ។ អ្វី​ដែល​លេច​ធ្លោ​នោះ​គឺ​នៅ​ទីតាំង​ណា​ដែល​មាន​ផ្សារ​ឬក៏​ជិត​មន្ទីរពេទ្យ​គឺ​នៅ​លើ​ផ្លូវ​ម្ដុំ​នោះ​កាន់​តែ​ស្ទះ​ចរាចរណ៍​និង​ងាយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​ដែរ។​ដូច​នៅ​ផ្សារ​ដើម​គ និង​នៅ​មុខ​ពេទ្យរុស្ស៊ី ជា​ឧទាហរណ៍​ស្រាប់គឺ​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​ឃើញ​ហើយ ស្ទះ​ក៏​ស្ទះ ក្លិន​ក៏​ក្លិន។


រីឯ​ការ​សង់​រោងការ​ឬ​រោង​បុណ្យ​នៅ​លើ​ផ្លូវ​វិញ​ក៏​នៅ​តែ​មាន​ព្រោង​ព្រាត​ដែរ ដោយសារ​ឋានៈ​អ្នក​សង់​រោង​លើ​ដង​ផ្លូវ​រហូត​ខ្លះ​ឈាន​ដល់​បិទ​ផ្លូវ​ទាំង​នោះ មាន​អំណាច​ធំ និង​មាន​វប្បធម៌​អន្តរាគមន៍​ដោយ​បិទ​ភ្នែក​ធ្វើ​មិន​ឃើញ​ចំពោះ​គ្នា​ឯង។


ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា បច្ចុប្បន្ន​នេះ​មាន​ពលរដ្ឋ​មួយ​ចំនួន​មាន​ការ​ភ្ញាក់​រឭក​ចំពោះ​សិទ្ធិ​និង​សេរីភាព​ស្មើគ្នា​ក្នុង​រស់​នៅ​ក្នុង​សហគមន៍ និង​សង្គម ពោល​គឺ​ពួក​គាត់​ដែល​មាន​លុយ​គ្រប់គ្រាន់​បាន​បង្វែរ​គោល​ដៅ​ទៅ​ជួល​កន្លែង​មជ្ឈមណ្ឌល​រៀបចំ​រោងការ​ពី​ព្រឹក​ទល់​ល្ងាច​តែ​ម្តង ព្រោះ​ជា​កន្លែង​ធំ​ទូលាយ​ហើយ​មិន​រំខាន​ផ្លូវ​សាធា​រណៈ​ទៀត។ ចំណែក​បុណ្យ​ទាន​មួយ​ចំនួន​ក៏ត្រូវ​បាន​គេ​ធ្វើ​បុណ្យ​នៅ​វត្ត​ហើយ ព្រោះ​កន្លែង​ធំ​ទូលាយ និង​ងាយ​ស្រួល​សហការ​ជាមួយព្រះសង្ឃ​ទៀត​ផង។


បើតាម​បទពិសោធ​នៅ​ទីក្រុង​បាងកក​អាជ្ញាធរ​ថៃ​គេ​ដោះស្រាយ​បាន​ល្អ ហើយ​ក៏​ផ្តល់​លទ្ធភាព​ដល់​អ្នក​លក់​តាម​ចិញ្ចើម​ផ្លូវ​ផង​ដែរ តែ​មិន​មាន​នរណា​ម្នាក់​ឈប់​ចត​រថយន្ត​ឬក៏​ម៉ូតូ​នៅ​លើ​ផ្លូវធំ ហើយ​ចូល​ហូប​អី​ឬក៏​ចត​នៅ​លើ​ផ្លូវ​ទិញ​របស់​អ្វី​នោះ​ដែរ។ បើ​ចង់​ទិញ​គឺ​ត្រូវ​រក​កន្លែង​បត់​និង​ចត​បង់​លុយ​ឲ្យ​បាន​ត្រឹមត្រូវ​សិន​ទើប​អាច​ដើរ​ទៅ​ទិញ​បាន​ហើយ​ហាង​លក់​ក៏មាន​កន្លែង​ចត​ផង​ដែរ។ នៅ​លើ​ចិញ្ចើម​ផ្លូវ​គឺមាន​ផ្លូវ​សម្រាប់​អ្នក​ពិការ​ភ្នែក​ក៏​អាច​ដើរ​បាន​ជាមួយ​នឹង​ឈើ​គោះ​ឬ​ឈើ​ច្រត់​ផង​ដែរ។ ម្យ៉ាង​ទៀត​គ្មាន​កន្លែង​សង់​រោង​ការ ឬ​រោង​បុណ្យ​នៅ​លើ​ដង​ផ្លូវ​ឬក៏​មាន​ករណី​បិទ​ផ្លូវ​នោះ​ទេ។

ទោះយ៉ាងណា​នៅពេល​សាលា​រាជធានី​ភ្នំពេញ​អនុវត្ត​នូវ​សេចក្តី​ជូន​ដំណឹង​នេះ​ធ្វើ​យុទ្ធនាការ​ដើម្បី​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ​បាន ១១ ខ្សែ​មក​នេះ​គឺមាន​ការ​គាំទ្រ​ជាខ្លាំង បើ​ទោះបី​ជា​ចំនួន​យានយន្ត​គ្រប់​ប្រភេទ​កំពុង​កើន​ឡើង​ក្ដី។ ប៉ុន្តែ​សាលា​រាជធានី​គួរ​មាន​យុទ្ធសាស្ត្រ​ជាក់​លាក់​រៀបចំ​នូវ​សូចនាករ​ឲ្យ​បាន​ត្រឹមត្រូវ​ថា តើ​រយៈពេល​ត្រីមាស​ដំបូង​នេះ ចង់​សម្រេច​បាន​អ្វីខ្លះ?

​ឆមាស​ទី ១ និង​ដំណាច់​ឆ្នាំនេះ​នឹង​សម្រេច​បាន​អ្វីខ្លះ? ជាពិសេស​គឺ​ការ​បញ្ជាក់​ទីតាំង​កន្លែង​ចត​រថយន្ត​បង់​លុយ​មិន​មែន​ឲ្យ​តែ​នៅ​ជុំវិញ​ផ្សារ​អូឡាំពិក​ហើយ​បង់​លុយ​ឲ្យ​អ្នក​យាម​ខាង​ក្រៅ​រួច​ឆ្លើយ​ថា​ដោះស្រាយ​បញ្ហា​កក​ស្ទះ​នោះ​ទេ បើ​ធ្វើ​អ៊ីចឹង​ដដែល​គឺ​នៅ​តែ​ស្ទះ​ដដែល​ហ្នឹង។

ចំណុច​កន្លែង​ចត​នេះ មានន័យថា សាលា​រាជធានី​គួរ​ដាក់ចេញ​នូវ​សូចនាករ ទី១) ដាក់​ថា បង្ហាញ​កន្លែង​ចត​រថយន្ត និង​ម៉ូតូ​ដោយ​បង់​លុយ​ដល់​ពលរដ្ឋ​ដែល​មាន​យានយន្ត។ ឧទាហរណ៍ ពលរដ្ឋ​ដែល​ចត​ឡាន​នៅ​លើ​ផ្លូវ និង​លើ​ចិញ្ចើម​ផ្លូវ​សុធារស​ទាំង​អស់​អាច​ចូល​ចត​រថយន្ត​បង់​លុយ​គិត​តាម​ម៉ោង​នៅ​ភ្នំពេញ​សិនធើរ​ ឬ​ក៏​នៅ​ផ្សារ​ទំនើប​អ៊ីអន​បាន​ហើយ​ដើរ​ទៅ​កន្លែង​ធ្វើការ ឬក៏​កន្លែង​ហាង​ដែល​ចង់​ចូល។

សូចនាករ​ទី ២) ផ្តល់​ចំណេះដឹង​ដល់​ពលរដ្ឋ​ដែល​មាន​រៀបចំ​ពិធី​ការ​កូន​រស់​នៅ​ជិត​ផ្លូវ​ត្រូវ​បញ្ចូល​ទៅ​កន្លែង​ធំ​ទូលាយ​ផ្តល់​សេវា​រៀប​អាពាហ៍​ពិពាហ៍។ ឧទាហរណ៍ ពលរដ្ឋ​រស់​នៅ​លើ​មហាវិថី​ម៉ៅ សេទុង គឺ​អាច​រៀបចំ​កម្មវិធី​នៅ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់​ទើប​បាន​ធំ​ទូលាយ។

សូចនាករ​ទី ៣) ពលរដ្ឋ​ដែល​មាន​កម្មវិធី​បុណ្យទាន គួរតែ​ទៅ​រៀបចំ​នៅ​វត្ត​ឬ​បើ​បុណ្យផ្កា​ឬ​កឋិន​ទាន​អាច​ធ្វើ​នៅ​សាលា​រៀន​បាន​ពេល​ថ្ងៃ​សម្រាក។ ឧ. នៅ​លើ​មហាវិថី​នរោត្តម មាន​វត្ត​លង្ការ និង​វត្ត​ថាន់ ដែល​អាច​ជា​កន្លែង​សមរម្យ​សម្រាប់​បុណ្យទាន។

សូចនា​ករទី ៤) កន្លែង​លក់​នៅ​លើ​ផ្លូវ អាច​ងាយ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍ អ៊ីចឹង​ទេ អ្នក​លក់​អា​ចរក​កន្លែង​ប្រមូល​ផ្តុំ​មួយ​កន្លែង ដែល​មិន​នៅ​ជិត​នឹង​ដង​ផ្លូវ។

សរុប​មកវិញ បើ​សាលា​រាជធានី​ភ្នំពេញ​ចង់​អនុវត្ត​ទៅតាម​សេចក្តី​ជូន​ដំណឹង​របស់​ខ្លួន​ដែល​បាន​ចេញ​កាល​ពី​ខែ​មុន​នេះ​ហើយ​បើ​មិន​បាន​ដាក់​សូចនាករ​កំណត់​ទីតាំង​និង​ពេល​វេលា​ជាក់​លាក់​ដើម្បី​ដោះស្រាយ​បន្តិច​ម្តងៗ​ឬ​ក៏​មិន​មាន​កន្លែង​សមរម្យ​ឲ្យ​គេ​ទេ​នោះ គឺ​ការ​អនុវត្ត​ប្រៀប​ដូចជា​វែក​ចក​អ៊ីចឹង ដូចជា​អតីត​អភិបាល​រាជធានី​មុនៗ​គឺ​អនុវត្ត​គ្មាន​ប្រសិទ្ធ​ភាព​នោះ​ទេ បាន​ត្រឹម​តែ​ចំណាយ​ពេល​អត់​ប្រយោជន៍​តែ​ការ​ធ្វើ​មិន​បាន​ផល៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com