ថ្ងៃនេះ​ខ្ញុំ​ជា​អ្នកសិក្សា​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​សុខភាព​សាធា​រណៈ​មាន​សេចក្តី​សោមនស្ស​រីករាយ​សូម​បង្ហាញ​ជូន​មិត្ត​អ្នក​អាន​នូវ​របាយ​ការណ៍​មួយ​ថ្មី​ឆ្នាំ ២០១៩ ដែល​ខ្ញុំ​បាន​សិក្សា​ស្រាវ​ជ្រាវ ពិនិត្យ​តាម​ដាន និង​វាយ​តម្លៃ​យ៉ាង​ជាប់​លាប់​នូវ​ឥរិយាបថ​របស់​យុវវ័យ​ចំពោះ​សេចក្តី​ស្រឡាញ់​និង​ទំនាក់​ទំនង​ផ្លូវ​ភេទ​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយ​នេះ។

នៅ​ឆ្នាំ ២០០៨ ខ្ញុំ​បាន​សិក្សា​ស្រាវជ្រាវ​តាមបែប​គុណភាព​វិស័យ​ឥរិយាបថ​យុវវ័យ​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ បន្ទាប់​មក​ទៀត​ខ្ញុំ​យក​លទ្ធផល​ដែល​បាន​មក​ពី​ការ​សិក្សា​ពី​គុណភាព​វិស័យ​មក​រៀបចំ​ធ្វើ​តាម​បែប​បរិមាណ​វិស័យ​វិញ​ម្តង​នៅ​ឆ្នាំ ២០០៩។ រៀង​រាល់ ៥ ឆ្នាំ ខ្ញុំ​តែង​សិក្សា​ស្រាវជ្រាវ​តាម​ដាន​ដូចជា​នៅ​ឆ្នាំ ២០១៤ និង​នៅ​ឆ្នាំ ២០១៩ នេះ បន្ទាប់​ពី​ដាក់​ចេញ​នូវ​យុទ្ធនា​ការ​អប់រំ​យុវជន​ពី​មជ្ឈដ្ឋាន​ជាច្រើន​ពីថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ១០ ឆ្នាំ​ក្រោយ​មក។


ជាង​នេះ​ទៅ​ទៀត កាល​ពី​ឆ្នាំ ២០១៦ ខ្ញុំ​បាន​ចុះ​សង្កេត​ផ្ទាល់​នៅ​ទីកន្លែង​ដែល​យុវជន​ចូលចិត្ត​ទៅ​លេង​ជុំគ្នា​ដោយ​ខ្ញុំ​ប្រើ​វិធីសាស្ត្រ (Peer Ethnographic Method) សម្រេច​ចិត្ត​ទៅ​ស្នាក់​នៅ​ផ្ទះ​សំណាក់​ដែល​យុវជន​បាន​កំណត់​យក​ជា​កន្លែង​នាំ​សង្សារ​ឬក៏​មិត្ត​ស្រី​ថ្មី​ជួប​គ្នា​នៅ​ចំ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់។ កាល​ពីឆ្នាំ​ទៅ ខ្ញុំ​បាន​ទៅ​ទស្សនកិច្ច​សិក្សា​ផ្ទាល់​ខ្លួន​នៅ​ទីក្រុង​បាងកក​នា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នេះ ដើម្បី​បាន​ស្វែង​យល់​ថា​យុវជន​ថៃ​គេ​មាន​ឥរិយាបថ​ដូចម្តេច​ដែរ​នៅ​ថ្ងៃ​នោះ។


តើ​មាន​អ្វីខ្លះ​ដែល​បាន​ផ្លាស់ប្តូរ​ឥរិយាប​ថ​របស់​យុវវ័យ​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ក្នុង​រយៈពេល ១០ ឆ្នាំ ក្រោយ​មក?


តាមរយៈ​លទ្ធផល​នៃ​របាយការណ៍​ស្រាវជ្រាវ ចំពោះ​ឥរិយាបថ​យុវវ័យ​ដែល​មាន​ទ្រព្យសម្បតិ្ត​បង្គួរ មាន​អាយុ​ចន្លោះ​ពី ១៥ ទៅ ២៤ ឆ្នាំ រស់​នៅ​រាជធានី​ភ្នំពេញ។នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​និង​ទំនាក់​ទំនង​ផ្លូវ​ភេទ​បាន​បង្ហាញ​លទ្ធផល​ពី​ការ​ស្រាវ​ជ្រាវ​លើ​យុវវ័យ​សរុប​ចំនួន ១ ១៧៦ នាក់ ក្នុង​នោះ​មាន​ប្រុស​ចំនួន ៥០២ នាក់ (៤២,៧%) និង​ស្រី​ចំនួន ៦៧៤ នាក់ (៥៧,៣% )។


លទ្ធផល​បាន​ពី​ការស្រាវជ្រាវ​ក្នុង​ឆ្នាំ ២០១៩ នេះ បានបង្ហាញ​ពី​ការ​ប្រៀប​ធៀប​ជាមួយ​នឹង​ឆ្នាំ ២០០៩ ដោយ​រក​ឃើញ​ថា​យុវវ័យ​មាន​ការ​ចាប់​អារម្មណ៍​តិច​ជាង​មុន​ជិត​ពាក់​កណ្តាល​ចំពោះ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ខាង​មុខ​នេះ​ថា ជា​ថ្ងៃ​ពិសេស​មួយ (២០០៩: ៦១,២% ទល់​នឹង ២០១៩: ៣៣,៨%) ជាពិសេស​ក្នុង​ចំណោម​យុវវ័យ​ដែល​មាន​គូ​សង្សារ (២០០៩: ៨១% ទល់​នឹង ២០១៩: ៤២,៥%)។


តាម​លទ្ធផល ភាគច្រើន​នៃ​ពួកគេ​មាន​ផែនការ​ចេញ​ក្រៅ​ដើរលេង​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ដូច​ធម្មតា ប៉ុន្តែ​មាន​ការ​ផ្លាស់ប្តូរ​គោល​ដៅ​ដែល​ត្រូវ​ទៅ​ដោយ​កាល​ពី​មុន​ធ្លាប់​ទៅ​លេង​នៅ​ទីកន្លែង​ដូចជា ទៅ​ច្រៀង​ខារ៉ាអូខេ ទៅ​តំបន់​កម្សាន្ត​បាក់​ខែង កៀន​ស្វាយ កោះ​ដាច់ និង​ចូល​ផ្ទះ សំណាក់ ឬក៏​សណ្ឋាគារ។

រីឯ​និន្នាការ​បច្ចុប្បន្ន ពួកគេ​បែរជា​នាំគ្នាទៅលេង​នៅ​ផ្សារ​ទំនើប និង​ទៅ​មើល​កុន ហើយ​នេះ​ជាការ​លើក​ឡើង​របស់​ពួកគេ​ចំនួន (៤៤%) នៃ​យុវវ័យ​ដែល​បាន​ផ្តល់​សម្ភាសន៍​សរុប។កន្លែង​ទីតាំង​ថ្មី​ទាំង ២ នេះ​គឺមាន​លក្ខណ​វិជ្ជមាន​ដោយ​បញ្ចេញ​នូវ​ក្តី​ស្រឡាញ់ និង​បែប​រ៉ូមេនទិក​ដែល​មាន​លក្ខណៈ​ស្រើប​ស្រាល​លើ​ផ្នែក​ផ្លូវភេទ​តិច​ជាង​មុន។

ដោយឡែក​ការទិញ​វត្ថុ​អនុស្សាវរីយ៍ (កាដូ) ជូន​គ្នា​ទៅវិញ​ទៅមក​ក៏មាន​ការ​ធ្លាក់​ចុះ​ជាង ២ ភាគ ៣ ផង​ដែរ (២០០៩: ៥៦,៣% ទល់​នឹង ២០១៩: ២១,៦%) ជាពិសេស​ការ​ជូន​ផ្កា​គ្នា​តែម្តង​ដែល​មាន​ការ​ធ្លាក់​ចុះ​ច្រើន​ជាង​គេ។ ប៉ុន្តែ​និន្នាការ​យុវវ័យ​ដែល​មាន​គូ​គឺមាន​ការ​កើន​ឡើង​នូវ​ការ​ទិញ​វត្ថុ​ជា​កាដូ​ក្នុង​តម្លៃ​ថ្លៃៗ ដូចជា ខោអាវ តុក្កតា និង​គ្រឿង​អលង្ការ​ឲ្យ​មិត្តស្រី និង​មិត្ត​ប្រុស​របស់​ពួកគេ​ទៅ​វិញ។ ប៉ុន្តែ​វា​មិន​មាន​ការ​ផ្លាស់ប្តូរ​ពី​ការ​សិក្សា​ស្រាវជ្រាវ​លើក​មុន​ទេ ចំពោះ​យុវវ័យ​ដែល​ធ្វើ​សកម្មភាព​រ៉ូមេនទិក ដូចជា ញ៉ាំ​បាយ​ថ្ងៃត្រង់ និង​អាហារពេល​ល្ងាច និង​ទៅ​ក្លិប​កម្សាន្ត​នានា នៅ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ទំនាក់ទំនង​ផ្លូវភេទ​ក្នុង​ចំណោម​យុវវ័យ​ដែល​អាច​នឹង​ធ្វើ​សកម្មភាព​បែប​នេះ​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ខាង​មុខ​នេះ​បាន​ធ្លាក់​ចុះ​ជាង​ពាក់​កណ្តាល បើ​ប្រៀបធៀប​នឹង​ការសិក្សា​កាល​ពី ១០ ឆ្នាំ​មុន (២០០៩: ១២,៤% ទល់​នឹង ២០១៩:៥,៤%)។

ការ​មាន​បំណង​រួមភេទ​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នេះ មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជាក់​លាក់​គឺ​ការ​ដែល​និយម​ចាត់​ទុក​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នេះ​ថា​ជា​ថ្ងៃ​ពិសេស​សម្រាប់​យុវវ័យ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​និន្នាការ​នោះ​ក៏បាន​ធ្លាក់​ចុះ​ជាង​ពាក់​កណ្តាល​ផង​ដែរ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ការ​សិក្សា​ស្រាវ​ជ្រាវ​កាល​ពី ១០ ឆ្នាំ​មុន (ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៩)។

នៅក្នុង​ក្រុម​នេះ ភាគរយ​នៃ​យុវវ័យ​មាន​គូ​ដែល​មិនមាន​ផែនការ​ប្រើប្រាស់​ស្រោម​អនាម័យ​បាន​កើន​ឡើង ២ ដង ( ២០០៩:១៥,៦% ទល់នឹង ២០១៩: ៣៧,៥%)។ ផែនការ​នៃ​ការ​រួម​ភេទ​លើក​ទី ១ ដូចគ្នា​នឹង​លើក​មុន​ដែរ (ប្រហែល​ជា ៥០%) នៃ​ចំនួន​សរុប​យុវវ័យ​ដែល​មាន​បំណង​រួម​ភេទ n=៦៤ នៃ​ឆ្នាំ ២០១៩។

សមាមាត្រ​នៃ​យុវវ័យ​ជា​បុរស​ដែលមាន​បំណង​រួមភេទ​ដោយ​មិន​មាន​ការ​យល់​ព្រម​ពី​មិត្តស្រី​ឬក៏​មិត្តស្រី​ថ្មី​របស់​ពួកគេ​មិន​យល់​ស្រប​មាន​ការ​ធ្លាក់​ចុះ (២០០៩:១៧ នាក់​នៃ​ចំនួន​សរុប ២៥ នាក់​ទល់​នឹង ២០១៩:១២ នាក់​នៃ​ចំនួន​សរុប ៤០ នាក់)។

ក៏ប៉ុន្តែ​មាន​ជាង ៥០ ភាគរយ​នៃ​យុវវ័យ​ប្រុស (n=៤០) ដែល​រំពឹងទុក​ថា​នឹង​អាច​រួមភេទ​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ បាន​លើក​ឡើង​ថា ពួកគេ​មាន​បំណង​ទិញ​របស់​មាន​តម្លៃ​ដើម្បី​ដាក់​សម្ពាធ​ទៅ​មិត្តស្រី​ឬក៏​ដៃគូ​របស់​ពួកគេ​ដើម្បី​បាន​រួមភេទ​ជាមួយ​គ្នា។

ទោះជា​យ៉ាងណាក៏ដោយ នៅមានកម្រិត​ទាប​នៅឡើយ​ចំពោះ​ចំណេះ​ដឹង​របស់​ឪពុក​ម្តាយ​ទាក់​ទង​នឹង​ការ​ទូន្មាន​កូនៗ​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​បំណង​របស់​ពួកគេ (កូន) ដោយ​លទ្ធផល​មាន​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​កន្លង​មក​នេះ។ របក​គំហើញ​នេះ​ធ្វើ​ឲ្យ​មាន​ការ​ពញ្ញាក់​ស្មារតី​យុវវ័យ​ឲ្យ​ប្រើ​ស្រោម​អនាម័យ​មាន​កម្រិត​ទាប​នៅ​ឡើយ​ហើយ​ក៏​មិន​ទាន់​មាន​ចំណេះដឹង​ទូលំ​ទូលាយ​ផង​ដែរ ទាក់ទិន​នឹង​សិទ្ធិ​ក្នុង​ការ​រួមភេទ។

ហេតុ​ដូច្នេះហើយ បទ​អន្តរាគមន៍ គួរតែ​ផ្តោតលើ​ការអប់រំ​ទូទៅ​ចំពោះ​សិទ្ធិ​ក្នុងការ​រួមភេទ​ជាមួយ​នរណា​ម្នាក់​និង​ការ​ប្រើប្រាស់​ស្រោម​អនាម័យ ជា​ពិសេស​គឺ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​មុន​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់។

-ការបង្កើន​ចំណេះដឹង​ជុំវិញ​បញ្ហា​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​និង​ការ​អប់រំ​សុខភាព​ផ្លូវភេទ​ទូទៅ រួម​មាន ការ​យល់​ដឹង​ពី​ការ​រួមភេទ និង​សុវត្ថិភាព​ផ្លូវភេទ។

-បន្ត​កម្មវិធី​សុខភាព​បន្ត​ពូជ​និង​អេដស៍​ក្នុងចំណោម​យុវវ័យ​ក្រុម​គោល​ដៅ​មុន​និង​ចំ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​តាមរយៈ​លទ្ធផល​នៃ​ការ​សិក្សា​នេះ​នៅ​ទីតាំង​រាជធានី ដោយ​ផ្ដោត​តាម​វិទ្យាល័យ និង​សាកល​វិទ្យាល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សូម​ទាញយក​របាយការណ៍​ឆ្នាំ ២០១៩ នេះ តាមរយៈ https://soprach.com៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ

soprach.tong@phnompenhpost.com