«ចិនដេញខ្មែរ ខ្មែរដេញខ្មោច!» នេះជាទិសស្លោករបស់ចាស់ៗកាលពីសម័យមុនរបបខ្មែរក្រហម ដែលជនជាតិចិនជិះទូកគេចទាហានពីស្រុកចិនមកតាមទឹក មករស់នៅទីក្រុងទិញដីផ្ទះពីពលរដ្ឋខ្មែរ។ តែមកដល់ពេលនេះឃ្លានេះ គឺហាក់ដូចជាវិលត្រឡប់មកវិញ?
ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះតម្លៃដីធ្លីបានហក់ឡើងថ្លៃជាគំហុកនៅពេលដែលក្រុមហ៊ុនចិនមកវិនិយោគយ៉ាងគគ្រឹកគគ្រេង ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តនៅតំបន់មាត់សមុទ្រដូចជាខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពតជាដើម។ អ្នកដែលបានទទួលផលពីការលក់ជួល ដីធ្លី និងផ្ទះសំបែងនៅទីនោះ ខ្លះក៏ចាប់ផ្តើមដើរទិញដីស្រែមកពុះឡូត៍លក់ចែកជាល្វែងៗអ្នកដែលមានដីស្រែក៏ចាប់ផ្តើមលក់ផងដែរ ព្រោះឃើញគេមានបានដោយស្រួលៗ ផ្គួបផ្សំនឹងឧបសគ្គចម្បងៗផង ដូចជាគ្រោះរាំងស្ងួតធ្វើស្រែ ធ្វើចម្ការមិនបាន បើមានទឹកវិញគឺជន់លិចទៅវិញនៅតាមតំបន់មួយចំនួន ប្រព័ន្ធធារាសាស្ត្រ មានដោយកន្លែងមិនស្រោចស្រពគ្រប់រដូវទៀតផង ណាមួយពលរដ្ឋខ្ចីបុលពីធនាគារ ឬក៏មីក្រូហិរញ្ញវត្ថុមកវិនិយោគ ម្យ៉ាងវិញទៀតបានផលពីកសិកម្មហើយ ឈ្មួញកណ្តាលក្រឡុកបញ្ចុះតម្លៃទៀត។ អ៊ីចឹងហើយធ្វើឲ្យអ្នកស្រែ អ្នកចម្ការបាក់ទឹកចិត្តក្នុងការតស៊ូបន្តទៅមុខទៀត ខណៈពលរដ្ឋមួយចំនួនចង់សាកល្បងទៅនឹងភាពហ៊ឺហានឹងសម្ភារទំនើប ឡាន ម៉ូតូ និងទូរស័ព្ទនឹងគេផងក៏សម្រេចចិត្តលក់ដីស្រែចម្ការពីកេរដូនតាមកបណ្តើរៗ។
ពេលខ្លះពលរដ្ឋមួយចំនួនតូច ពួកគាត់អាចដោះបំណុល និងមានគំនិតទៅទិញដីស្រែកន្លែងផ្សេងដែលថោកជាងគឺអាចបន្តការងារកសិកម្មបន្តទៅទៀត។ តែកសិករមួយចំនួនធំ មិនធ្វើដូច្នេះទេគឺបន្ទាប់ពីលក់ដីស្រែអស់ចាយមិនដឹងមុខអស់ទៀត ខ្លះចាប់ផ្តើមស៊ីឈ្នួលធ្វើស្រែចម្ការឲ្យគេវិញ រកកម្រៃបាន ១ ថ្ងៃរស់ ១ ថ្ងៃទេ ខ្លះខ្មាស់គេក៏ចាប់ផ្តើមលក់ផ្ទះសំបែងធ្វើចំណាកស្រុក ពីស្រុកកំណើតរបស់ខ្លួនចេញទៅតាមបងប្អូនមកទីក្រុងភ្នំពេញ ដើម្បីធ្វើការរោងចក្រ ឬក៏ទៅខេត្តផ្សេងៗ ដើម្បីទន្ទ្រានដីព្រៃកាប់ឆ្ការព្រៃ ឬក៏គាស់ផ្នូរខ្មោច បង្កើតភូមិថ្មីដែលក្រសួងមហាផ្ទៃឲ្យឈ្មោះភូមិឧបសម្ព័ន្ធដូចនៅភូមិឧបសម្ព័ន្ធ ១ ដល់ ៥ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ពេលខ្លះទៅទន្ទ្រានដីព្រៃ ឬក៏វាតយកដីដែលទំនេរៗនាំគ្នាទៅបង្កបង្កើតភូមិប៉ះចំដីរបស់ក្រុមហ៊ុន ឬក៏ឧកញ៉ាៗខ្នងគ្រាក់ៗដែលកំពុងតែវាតយកដែរ ក៏ចាប់ផ្តើមមានទំនាស់គ្នាកើតឡើង មានការប្តឹងផ្ដល់ឡើងតុលាការ ឬក៏កាប់ចាក់គ្នាបាញ់បោះ។
ជាមួយគ្នានេះដែរក៏មានករណីបង្ខំឲ្យអ្នកស្រែចម្ការដែលមានដីតាំងពីដូនតាមក ឲ្យលក់ក្នុងតម្លៃទាប ដោយក្រុមហ៊ុនថា យកដីមកអភិវឌ្ឍ ក៏ធ្វើឲ្យអ្នកស្រែទាំងនោះបាត់បង់ភាពជាម្ចាស់ និងមានបញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនផងដែរដោយប្រទាញប្រទង់គ្នាយកត្រូវរៀងៗខ្លួន ដោយសារទំនាស់ដីធ្លីនេះក្លាយទៅជាវិបត្តិមួយ។ នេះបើតាមរបាយការណ៍សិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០១៤ ស្តីពីសុវត្ថិភាពការរស់នៅ និងសិទ្ធិជាម្ចាស់ដីធ្លីនៅប្រទេសកម្ពុជា ដោយលោកស្រី Alice Beban និងលោក ពូ សុវច្ចនា។
ផលវិបាករបស់អ្នកលក់ដីស្រែមួយផ្នែកទៀតនោះគឺនៅពេលដែលចាយអស់អ្វីពីខ្លួននោះ មានតែធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសយ៉ាងកណ្តោចកណ្តែង ជាពិសេសទៅធ្វើការនៅប្រទេសថៃខុសច្បាប់។
រីឯកូនរបស់ពួកគេក៏បាត់បង់ឱកាសក្នុងការសិក្សាផងដែរ ហើយបើបានរៀននៅក្នុងស្រុកនៅជាមួយយាយតា ក៏រៀនមិនបានចប់ចុងចប់ដើមដែរគឺពួកគេនឹងទៅធ្វើការតាមឪពុកម្តាយរបស់ពួកគេដដែល មិនមានអ្វីផ្លាស់ប្តូរជីវភាពរបស់ពួកគេនោះទេ។
វិបត្តិបាត់បង់ភាពជាម្ចាស់ដីធ្លីបច្ចុប្បន្ននេះគឺផ្ទុយពីការបាត់បង់ដីធ្លីកាលពីឆ្នាំ ២០០០ ដែលអង្គការ CDRI រកឃើញគឺដោយសារតែជំងឺរ៉ាំរ៉ៃ។
បញ្ហាបាត់បង់ដីស្រែនេះគឺមិនត្រឹមតែប៉ះពាល់បុគ្គលនោះទេ គឺប៉ះពាល់ទៅនឹងវិស័យកសិកម្ម និងធ្វើឲ្យបន្តកើតមានទំនាស់ដីធ្លីរ៉ាំរ៉ៃជាប្រចាំ ទោះបីជាកន្លងមកថ្មីៗនេះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានចុះវាស់ដីធ្លីចុះបញ្ជីឲ្យពលរដ្ឋនៅកន្លែងដែលមានបញ្ហាទំនាស់ និងរាជរដ្ឋាភិបាលបានចុះកាត់ដីធ្លី ដែលកាត់មកពីដីសម្បទានសេដ្ឋកិច្ចមកឲ្យពលរដ្ឋក្រីក្រដែលខ្វះដីធ្លីដែលមានទីតាំងដីថ្មីនោះក៏ដោយ។
តែអ្វីដែលនៅតែជាបញ្ហានោះ គឺទំនាស់មួយចំនួនដែលក្រុមហ៊ុនវាតយកដីលើសយកចូលដីស្រែពលរដ្ឋ ដោយបង្ខំឲ្យពលរដ្ឋលក់តម្លៃថោក ឬក៏ស៊ីដាច់តែម្តង ចំណុចនេះហើយដែលរាជរដ្ឋាភិបាលគួរតែរកដំណោះស្រាយទៅតាមជាក់ស្តែង។ ចំណែកបញ្ហាដែលរាជរដ្ឋាភិបាលត្រូវប្រឹងប្រែងបន្តធ្វើនោះគឺរឿងរកទីផ្សារ និងសាងសង់ប្រព័ន្ធធារាសាស្ត្រ នៅពេលទឹកឡើងត្រូវធ្វើដូចម្តេច? ពេលគោករាំងស្ងួតត្រូវបង្ហូរទឹកចេញពីអាងមកស្រោចស្រពស្រែចម្ការដូចម្តេច? ជាជាងពេលទឹកជន់មកសល់ចោលលិចស្រែលិចក្រុងដូចនៅខេត្តព្រះសីហនុ និងខេត្តកំពតលិចលង់កាលពីសប្តាហ៍មុន រីឯខេត្តសៀមរាបវិញ បែរជាក្តៅហួតហែង អត់ទឹកធ្វើស្រែទៅវិញ ខេត្តនៅជាប់បឹងទន្លេសាបនឹងគេដែរ តែបែរជាគោករាំងស្ងួតទៅវិញ។
រីឯឈ្មួញដែលរកស៊ីជាមួយអចលនទ្រព្យដីធ្លី ឬក៏ទិញដីស្រែមកពុះឡូត៍លក់គួរតែដាក់តម្លៃឲ្យសមរម្យឲ្យអ្នកស្រែ ដោយផ្តល់ឱកាសឲ្យពួកគាត់អាចមានលទ្ធភាពទៅរកទិញកន្លែងផ្សេងសម្រាប់បង្កបង្កើតផលកសិកម្មបន្តទៀត ជាជាងវាយតម្លៃទម្លាក់តម្លៃឲ្យថោក។ ចំណុចចុងក្រោយគឺអាជ្ញាធរដែនដីរដ្ឋបាលថ្នាក់ក្រោមជាតិ គួរតែចុះអប់រំពលរដ្ឋឲ្យពិចារណាឲ្យបានហ្មត់ចត់រឿងសម្រេចចិត្តលក់ដីស្រែចម្ការដែលជាអាយុជីវិតរបស់ពួកគាត់ និងកូនចៅជំនាន់ក្រោយរបស់គាត់នោះ មិនមែនត្រូវទៅលួងលោមឲ្យពលរដ្ឋលក់ដីស្រែចម្ការនៅពេលមានឈ្មួញមកទិញនោះទេ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com