នៅ​ប្រទេស​ណា​ក៏ដូច​ប្រទេស​ណា​ដែរ រឿង​ការប្រមូល​ពន្ធ​ចូលរដ្ឋ​គឺជា​តម្រូវ​ការចាំបាច់ តែ​គ្រាន់តែ​មាន​ការបត់បែន​ទៅតាម​កាលៈទេសៈ​របត់​នយោបាយ សេដ្ឋកិច្ច កម្រិត​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ផងដែរថា តើ​ត្រូវ​ចាប់យក​ពី​ណា​ទៅមុន ហើយ​ចេញ​ពីមួយ​ទៅមួយ​ទុក​គម្លាត​ប៉ុន្មាន​ឆ្នាំ​តែប៉ុណ្ណឹង​។

ទាំង​សមាជិកសភា សមាជិក​ព្រឹទ្ធសភា ទាំង​គណៈរដ្ឋមន្ត្រី ទាំង​មន្ត្រីជាន់ខ្ពស់ ទាំង​មន្ត្រី​រាជការ​រហូត​ដល់​មន្ត្រី​បាន​ចូលនិវត្តន៍ និង​អតីតយុទ្ធជន ម្នាក់ៗ​ក៏​សុទ្ធ​តែ​ចង់បាន​ការដំឡើង​ប្រាក់ខែ​ដែរ ដើម្បី​ចាយ​ឱ្យទាន់​ទៅនឹង​អតិផរណា តម្លៃ​ទំនិញ​ទីផ្សារ​ក្នុង​ ១ ​ឆ្នាំៗ​។


អ៊ីចឹង​ដើម្បី​ដំឡើង​ប្រាក់​ជូន​ពួកគាត់ តើ រដ្ឋាភិបាល​ត្រូវធ្វើ​ដូចម្តេច​ក្នុង​ករណី​អត្រា​កំណើន​ពន្ធ​បាន​តិចតួច​នោះ​? ភាសា​សាមញ្ញ​ថា បាន​លុយ​មកពី​ណា​ដើម្បី​ដំឡើង​ប្រាក់ខែ និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ អ៊ីចឹង​មានតែ រាវរក​មធ្យោបាយ​ប្រមូល​ពន្ធ​ផ្សេងៗ យកមក​គាំទ្រ​បន្ថែម​ពីលើ​អ្វី​ដែលមាន​ស្រាប់ ព្រោះ​ចំណូល​ពី​ពន្ធដារ ពន្ធគយ និង​ចំណូល​ពី​មធ្យោបាយ​ផ្សេងៗ​គឺ​រដ្ឋ​បាន​ទៅ​ចំណាយ​ឲ្យ​ចេញ​ជា​ផ្លូវថ្នល់ ស្ពាន សួនច្បារ​សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព សម្ភារ​បរិក្ខារ និង​បេសកកម្ម​ផ្សេងៗ​។


អ៊ីចឹង​ហើយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដើរ​បាន​មកដល់​កម្រិត​មួយ ដើម្បី​បង្ហាញ​រាជរដ្ឋាភិបាល និង​សាធារណជន​ឲ្យ​ឃើញថា ស្ថាប័ន​ហ្នឹង​ពូកែ​ប្រមូល​ពន្ធ​មាន​កំណើន​រហូត​នោះ​គឺ​មានតែ​វិធីសាស្ត្រ​បង្កើន​របៀប​យកពន្ធ​ផ្សេងៗ​បន្ថែម​ដូចជា ថ្មីៗ​នេះ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បានធ្វើការ​ចុះបញ្ជី​សំណង់​តាម​ផ្ទះ ដើម្បី​វាយតម្លៃ​ដី និង​ផ្ទះ​ដែល​ត្រូវ​បង់ពន្ធ​ និង​ការគ្រោង​ប្រមូល​ពន្ធ​លើ​ប្រាក់ចំណេញ​មូលធន​ចំនួន​ ២០ ​ភាគរយ​ចាប់ពី​ខែមករា​ឆ្នាំ​ ២០២១ ​តទៅ ប៉ុន្តែ​រាជរដ្ឋាភិបាល​បានសម្រេច​ពន្យារពេល​ ១ ​ឆ្នាំ​ទៀត​រហូត​ដល់​ឆ្នាំ​ ២០២២ តែ​ការពន្យារ​ពេលនេះ​ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​សាទរ ព្រោះ​ចំពេល​បច្ចុប្បន្ននេះ​ប្រាក់​ចំណូល​របស់​វិនិយោគិន និង​ប្រជាពលរដ្ឋ​មាន​ការធ្លាក់ចុះ​សឹងតែ​ទាំងអស់​គ្នា ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩​កំពុង​តែ​វាយលុក​នៅលើ​ពិភពលោក និង​ប្រទេស​កម្ពុជា​ផងដែរ​។


ជាង​នេះ​ទៅទៀត​នៅក្នុង​ខែតុលា ឆ្នាំ​ ២០២០ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ដល់​ទៅ​ ២០ រាជធានី-ខេត្ត ហើយ​ផ្ទះល្វែង​កំពុងតែ​ដាក់លក់ និង​ដីឡូត៍​កំពុងតែ​សាងសង់​តាម​ជាយៗ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ខ្លះ​គឺ​លិច​ទាំងស្រុង​ជិះទូក ខូច​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ផ្នែកធំ​។


គ្រោះ​មហន្តរាយ​ធំៗ​ ២ ​ហ្នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ទាំង​ប្រាក់ចំណូល​ទាំង​បំណុល ទាំង​ការប្រាក់​នៅ​ធនាគារ ដែល​ពិបាក​កែប្រែ​ឡើងវិញ ជាពិសេស​អ្នក​លក់​អចលនទ្រព្យ ដូចជា ដីធ្លី និង​ផ្ទះសំបែង មិន​សូវ​មាន​អតិថិជន​មក​ទិញ ឯ​អ្នកមាន​លុយ​វិនិយោគ​ទិញ​ផ្ទះ​ក៏​ទុក​វិញ​សិន​រង់​ចាំមើល​កាលៈទេសៈ​ល្អ​ឡើង​វិញ​ដែរ​។


ប៉ុន្តែ​អ្វីដែល​ទទួលរង​ទម្ងន់​ធ្ងន់​នោះ គឺ​អ្នក​ដែល​ខ្ចីលុយ​ធនាគារ​ទិញ​ដី ទិញ​ផ្ទះសំបែង​ទិញ​ខុនដូ ឬក៏​បង់ថ្លៃ​ផ្ទះ​គឺ​យ៉ាប់​មែនទែន​រកលុយ​បង្វិល​សង​មិនទាន់​។ បញ្ហា​ខ្លះ​ទាក់ទង​ទៅនឹង​ជំងឺ​កូវីដ​ ១៩ រាជរដ្ឋាភិបាល​ជួយ​សម្រួល​ឲ្យ​មានការ​បន្ធូរបន្ថយ​មួយចំនួន ដើម្បី​ជួយ​សម្រួល​បន្ទុក​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ រីឯ​បន្ទុក​ទឹកជំនន់​វិញ រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​ខ្លះ​ក៏​បាន​រួមចំណែក​ជួយសង្គ្រោះ​ទោះបី​ជា​មិនបាន​គ្រប់គ្នា​ក៏បាន​ដល់​អ្នក​ទីទ័លក្រ​មួយចំនួន​ផងដែរ តែ​រាជរដ្ឋាភិបាល​ក៏​សម្រេច​មិន​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃទី​ ១២ ខែ​តុលា បាន​ឱ្យ​ដឹងថា ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំនេះ កម្ពុជា​ប្រមូល​ចំណូល​ពន្ធអាករ​បាន​ជាង​ ២ ​ពាន់​លាន​ដុល្លារ​អាមេរិក​កើនឡើង ៣,៧១ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ អ៊ីចឹង​រដ្ឋាភិបាល​បាន​ប្រមូល​ពន្ធ​មាន​កំណើន​ល្អ​ដែរ ហើយ​បើទោះបី​ជា​មាន​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩ ក៏ដោយ​។

រីឯ​ការដែល​ធ្វើឲ្យ​សុខភាព​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឯកជន ឬក៏​ប្រាក់ចំណូល​របស់​ពលរដ្ឋ​សាមញ្ញ ដែល​មាន​កាតព្វកិច្ច​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ចំពោះ​ពន្ធ​ចំណេញ​លើ​មូលធន​ចំនួន​ ២០ ​ភាគរយ​នេះ​ជួប​ការលំបាក​ច្រើន បើ​តាមពិតទៅ​គឺ​ត្រូវអនុវត្ត​តាំងពី​ឆ្នាំ​ ២០១០ ដោយសារ​ចេះតែ​ពន្យារពេល​ម្តង​ហើយ​ម្តងទៀត​។ នេះ​បើតាម​ប្រសាសន៍ លោក​ គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​ធ្លាប់​បាន​លើកឡើង​កន្លងមក​។

សរុប​មកវិញ គម្រោង​អនុវត្តន៍​ចំពោះ​ការយកពន្ធ​លើ​ចំណេញ​លើ​មូលធន​ចំនួន​ ២០ ​ភាគរយ​នេះ​ធ្វើឡើង​នៅ​អំឡុង​ពេលដែល​វិនិយោគិន​ចិន​បាន​ចូលមក​អភិវឌ្ឍ​វិស័យ​សំណង់ និង​អចលនទ្រព្យ​។ តែ​នៅពេល​គ្រោង​ចាប់​អនុវត្ត​ចំពេល​ប្រទេស​កម្ពុជា​ក៏ដូចជា សកលលោក​កំពុង​រងគ្រោះ​ពី​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩​ នេះ ធ្វើឱ្យ​វិនិយោគិន និង​ពលរដ្ឋ​ដែល​រកស៊ី​លើ​វិស័យ​អចលនទ្រព្យ​មាន​ផលប៉ះពាល់​ខ្លាំង​។

ហេតុដូច្នេះ រាជរដ្ឋាភិបាល​គួរតែ​ចាប់ផ្តើម​ពិភាក្សា​ឡើងវិញ​ថា​តើ​ត្រូវ​ប្រមូល​ពន្ធ​លើ​ចំណេញ​លើ​មូលធន​ចំនួន​ ២០ ​ភាគរយ​នេះ​នៅពេល​ដែលមាន​វ៉ាក់សាំង​ជំងឺ​កូវីដ ​១៩​ នេះ​សិន​ទៅ ក៏​មិនទាន់​ហួសពេល​ដែរ ដោយសារ​ការប្រមូល​ពន្ធ​ក៏​នៅតែ​មាន​កំណើន​ដែរនោះ អ៊ីចឹង​រដ្ឋ​នៅតែមាន​ឱកាស​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ផងដែរ​។

ប្រសិនបើ​ចាប់ផ្តើម​ប្រមូល​ពន្ធ​ក៏​គួរតែ​យក​ពី​អ្នកលក់​ចំណេញ​ចាប់ពី ១០ ​ម៉ឺន​ដុល្លារ​ឡើងទៅ​នៅ​ឆ្នាំ​ទី​ ១ អ្នក​ដែល​លក់បាន​ក្រោម​ ១០ ​ម៉ឺន​ដុល្លារ មិន​ជាប់​ពន្ធ​លើ​ចំណេញ​លើ​មូលធន​ចំនួន​ ២០ ​ភាគរយ​នេះ​ទេ​។

ជម្រើស​ទី​ ២ គឺ​នៅ​ឆ្នាំ​បន្ទាប់មក​ត្រឹម​ ៥ ​ម៉ឺន​ជាប់ពន្ធ និង​ជម្រើស​ទី​ ៣ សម្រាប់​ឆ្នាំ​ទី​ ៣ គឺ​ការយក​ពន្ធ​ពី​ការលក់​ចំណេញ​ ២ ​ម៉ឺនដុល្លារ​ឡើងទៅ ហើយ​នៅ​ឆ្នាំ​ទី​ ៤ ​គឺ​ប្រមូល​ទាំងអស់​តែម្តង​។

ការធ្វើ​ដូចនេះ ដើម្បី​ជួយ​ដល់​ស្ថានភាព​អ្នកក្រីក្រ​បាន​ស្វែងយល់​ពី​ការបង់ពន្ធ​ផង និង​ការផ្តល់​ឱកាស​បន្ធូរបន្ថយ​ដល់​អ្នក​ពុំ​សូវ​មានលទ្ធភាព និង​អ្នក​ដែល​ជំពាក់​ធនាគារ​ដោយសារ​តែ​រកស៊ី​អចលនទ្រព្យ​ផង​។

ករណី​នេះ​នៅ​ប្រទេស​ជឿនលឿន​គេ​បាន​រក​ដំណោះស្រាយ​ទៅ​តាម​លទ្ធភាព​របស់​រដ្ឋ​ដោយបាន​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​របស់គេ​ផងដែរ បើទោះបី​ជាមាន​ពលរដ្ឋ​ខ្លះ​បាន​រត់​ចោល​ផ្ទះសំបែង ដីធ្លី ដោយសារ​តែ​ជាប់បំណុល​ដូច​នៅ​សហរដ្ឋអាមេរិក​កាល​ជួប​វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង​ឆ្នាំ​ ២០០៨៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com