ជា​មន្ត្រីរាជការ​វ័យ ៣៩ ឆ្នាំ ​ខ្ញុំ​សូម​ចែករំលែក​នូវ​បទពិសោធ​និង​ទស្សនៈ​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ដែល​បាន​ឆ្លងកាត់​ការព្យាបាល​ជំងឺ​កូ​វីដ ១៩ រយៈពេល ៣ សប្តាហ៍ នៅ​មន្ទីរពេទ្យ​ខ្មែរ-សូ​វៀត។

១) ការឆ្លង និង​អាការ​ដំបូង


ករណី​របស់ខ្ញុំ គឺ​ឆ្លង​ពី​ការ​ពី​ចូលរួម​សិក្ខាសាលា​អន្តរជាតិ​នៅ​បារាំង ដែលមាន​អ្នកចូលរួម​ប្រហែល ៣០ នាក់ ហើយ​សិក្ខាសាលា បាន​ផ្អាកភ្លាមៗក្រោយ​បានដឹងថា ជនជាតិ​ហ្វីលីពីន​ម្នាក់​កើត​ជំងឺ​នេះ។ សិក្ខាកាម​ផ្សេងទៀត បានទាមទារ​ធ្វើតេស្ត តែ​បារាំង​មិន​ព្រមធ្វើ​ឲ្យ​ដោយ​សំអាងថា គ្មាន​អាការ។ សិក្ខាកាម​បរទេស ២ រូប​ផ្សេងទៀត​ក៏បាន​ប្រាប់​យើង​ថា ពួកគាត់​បានធ្វើ​តេស្ត​វិជ្ជមាន​ដែរ​បន្ទាប់ពី​ទៅដល់​ប្រទេស​វិញ។


មកដល់​ប្រទេស​វិញ ជា​វិធាន​ការបង្ការ ខ្ញុំ​បាន​ជួល​ខុន​ដូ​នៅ​ដាច់ដោយឡែក​ពី​គ្រួសារ​ឲ្យ​បាន​គ្រប់ ១៤ ថ្ងៃ ១ ថ្ងៃ​ក្រោយមក ពោលគឺ ៧ ថ្ងៃ​ក្រោយពី​ខ្ញុំ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកមាន​ផ្ទុក​វីរុសទើប​ខ្ញុំ​មាន​អាការ​ប្លែក ដកដង្ហើម​ញាប់ រាក ប៉ុន្តែ​មិន​ក្តៅខ្លួន។ ថ្ងៃទី ២ នៅ​រាក​ទៀត ទោះ​មិនមាន​ញ៉ាំ​អ្វី​ខុស ហើយ​ស្រៀវស្រាញ តឹង​ក និង​ឡើងក​ម្តៅ។ គេង​យប់​ក្តៅ​រងា ហើយ​បែកញើស ឆាប់​អស់កម្លាំង ចុក​រោយ​ស្រពន់។ ខ្ញុំ​ក៏​ស្នើសុំ​ការពិនិត្យ​នៅ​ពេទ្យ​សូ​វៀត ហើយ​គេ​យក​ដង​វែង​ដូច​សំឡី​ត្បារ​ត្រចៀក រុកចូល​ច្រមុះ និង​បំពង់ក​ខ្ញុំ ហើយ​យក​សំណាក​របស់ខ្ញុំ​ទៅពិនិត្យ។


ក្រោយ​ដឹង​លទ្ធផល​ថា​វិជ្ជមាន ដើម្បី​រក្សា​ការសម្ងាត់ និង​អត្តសញ្ញាណ​អ្នកជំងឺ​ផង និង​ដើម្បី​ការពារ​សុខភាព​សាធារណៈ​ផង គេ​បាន​សាកសួរ​គ្រប់​ចំណុច​ថា តើ​ខ្ញុំ​បាន​ជួប​នរណា ទៅ​ញ៉ាំ​បាយ​ហាង​ណា។ល។ បន្ទប់​ជួល​ខុន​ដូ​របស់ខ្ញុំ ត្រូវបាន​គេ​ស្ទេ​រី​ល​សម្លាប់​មេរោគ ហើយ​អ្នក​សម្អាត​បន្ទប់​ក៏ត្រូវ​ដាក់​ក្នុងការ​តាមដាន។


២) ថ្នាំ​ព្យាបាល


ថ្នាំ​សំខាន់​ជាងគេ​គឺ Kaletra ដែល​គេ​ប្រើ​សម្រាប់​ទប់ទល់​នឹង​វីរុស HIV ។ ថ្នាំ​នេះ​ខ្លាំង​អាចធ្វើ​ទុក្ខ​ក្រពះ ពិបាក​គេង។ នៅ​ថ្ងៃទី៣ ពេទ្យ​បាន​ឲ្យ​ថ្នាំ​ថ្មី​បន្ថែមទៀត​គឺ Chloroquine ដែលជា​ថ្នាំ​គ្រុនចាញ់ ដើម្បី​កុំ​ឲ្យ​វីរុស​រីក​រាលដាល​វាយ​លុក​ដល់​សួត។ ថ្នាំ​ទាំង២មុខ​នេះ មិនមែនជា​ថ្នាំ​ព្យាបាល​ទេ គឺ​គ្រាន់តែ​ជា​ថ្នាំ​ទប់ទល់​កុំ​ឲ្យ​មេរោគ​រីក​រាលដាល​ប៉ុណ្ណោះ។ ក្រៅពីនេះ គឺ​ឲ្យ​ថ្នាំ​អាស្រ័យ​លើ​អាការ បើ​ក្តៅខ្លួន​ដាក់ Doliprane បើ​រាក​ដាក់​ថ្នាំ​រាក។

អ្នកជំងឺ​ដែលមាន​អាការ​ស្រាល គឺ​ពេទ្យ​ឱ្យ​ប្រើតែ Kaletra ទេ តែ​ខ្ញុំ​និង​បុរស​ជនជាតិ​បារាំង ដែលមាន​បញ្ហា​ផ្លូវដង្ហើម ពេទ្យ​តម្រូវ​ឱ្យប្រើ​ថ្នាំ Chloroquine ថែមទៀត។ ពេទ្យ​ឱ្យ​ខ្ញុំ​ប្រើ​ថ្នាំ Chloroquine ១០ ថ្ងៃ ដើម្បីឱ្យ​ផុត​ដំណាក់កាល​គ្រោះថ្នាក់ នៃ​ការ​រលាក​សួត។ អាការ​នៃ​ការ​រលាក​សួត​គឺមាន ៣ ព្រម​គ្នា គឺ​ក្តៅខ្លួន​ជាប្រចាំ ក្អក និង​ពិបាក​ដកដង្ហើម។ តែ​ខ្ញុំ​ពុំមាន​អាការ​ក្តៅខ្លួន​ជាប្រចាំ​នោះទេ។

៣) អាការ​ប្រចាំថ្ងៃ និង​ស្ថានភាព​ជំងឺ

អ្នកជំងឺ​ពេលនោះ មាន​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​ជនជាតិ​អង់គ្លេស បុរស​ជនជាតិ​បែលហ្ស៊ិក និង​បុរស​ជនជាតិ​បារាំង ២ នាក់ និង​បងប្អូន​ខ្មែរ​អ៊ិ​ស្លាម ៤ នាក់។ អាការ និង​រោគសញ្ញា​គឺ​មិន​ដូចគ្នា​ទេ។ ក្នុងចំណោម​អ្នកជំងឺ​ទាំង ១០ នាក់ មានតែ​ខ្ញុំ និង​បុរស​ជនជាតិ​បារាំង​ប៉ុណ្ណោះ ដែលមាន​បញ្ហា​ផ្លូវដង្ហើម ឯ​អ្នក​ផ្សេងទៀត​ហាក់​ពុំមាន​អាការ​អ្វី​គួរឱ្យកត់សម្គាល់​នោះទេ។ ពួកគាត់​មានតែ​ក្តៅខ្លួន​បន្តិចបន្តួច ឬ​ពិបាក​គេង ឬ​ធ្វើទុក្ខ​ក្រពះ​ដោយសារ​ថ្នាំ​ប៉ុណ្ណោះ។

អាការ​ជំងឺ​មាន​ឡើង​មាន​ចុះ។ បន្ទាប់ពី​ចូល​សម្រាក​ព្យាបាល អាការ​របស់ខ្ញុំ​គឺ​តឹង​ក ហាក់ដូច​ជាមាន​សត្វល្អិត​នៅ​រមាស់​ក្នុង​បំពង់ក។ ខ្ញុំ​ពុំមាន​ប្រវត្តិ​ឈឺ​ផ្លូវដង្ហើម​ពីមុនមក​ទេ។ សំឡេង​ខ្ញុំ ចាប់ផ្តើម​ស្អក ហើយ​ក្អក​រាល់​ពេលដែល​ខ្ញុំ​ហាមាត់​និយាយ។ អាច​ដកដង្ហើម​ចេញ​បាន តែមាន​ការពិបាក​ក្នុង​ការដក​ដង្ហើមចូល។ បើ​ដក​ចូល​ខ្លាំង នឹង​ក្អក ឬ​ដូច​ចង់​ថប់ដង្ហើម។ គេង​រាបស្មើ​ធម្មតា​ពិបាក​ដកដង្ហើម ទាល់តែ​ដាក់​គ្រែ​រាង​បញ្ឈរ​បន្តិច ហើយ​គេង​ផ្អៀង​ក៏​ពិបាក​ដកដង្ហើម​ដែរ។ ដោយសារ​ឥទ្ធិពល​ថ្នាំ​ផង ដោយសារ​មេរោគ​វាយលុក​ផង​ជួនកាល​ធ្វើទុក្ខ​ក្រពះ​ពិបាក​ញ៉ាំ ជួនកាល​ពិបាក​គេង ជួន​ទៅ​ពេល​គេង​ក្តៅ​ត្រជាក់ បែកញើស។ ប៉ុន្តែ​ពេទ្យ​មិនមាន​ឱ្យ​តម​អ្វី​ទេ ម្ហូប​អ្វី​ក៏​ញ៉ាំ​បានដែរ ឱ្យតែ​ឃ្លាន។

ចំពោះ​កម្លាំងកំហែង ពេលខ្លះ​មាន​កម្លាំង ពេលខ្លះ​ក៏​ខ្សោយកម្លាំង។ អ្នកជំងឺ​ផ្សេងទៀត​ដូចគ្នា​ដែរ។

នៅ​ថ្ងៃទី១០ ពេលព្រឹក​ខ្ញុំ​ហាក់​មាន​អារម្មណ៍​ស្រឡះ​បំពង់ក។ ពេលនោះ​ខ្ញុំ​អរ​ខ្លាំងណាស់។ តែ​ពេល​រសៀល​ស្រាប់តែ​ឈឺ​ក​ឡើងវិញ។ ហេតុតែ​ចង់​ឆាប់​ជា ថ្ងៃនោះ ខ្ញុំ​ខំប្រឹង​ញ៉ាំ​ច្រើន ឈរ​ហាលថ្ងៃ ៣០ នាទី​ព្រឹក ៣០ នាទី​ល្ងាច។ ដល់​ប្រឹង​ជ្រុល​ពេក​ខ្ញុំ​បែរជា​បាក់កម្លាំង ហើយ​ស្ថានភាព​ធ្លាក់ចុះ​ស្រិ​ប។ ខ្ញុំ​ពិបាក​ដកដង្ហើម​ទាល់តែ​ប្រើ​អុកស៊ីហ្សែន​ជំនួយ ហើយ​អស់កម្លាំង​ល្ហិតល្ហៃ ទាល់តែ​ព្យួរសេរ៉ូម​ទើប​មាន​កម្លាំង​ឡើងវិញ។ នេះ​ គឺជា​ថ្ងៃ​ដែល​ដុនដាប​បំផុត​សម្រាប់​ខ្ញុំ។ បន្ទាប់​ពីថ្ងៃ​នោះមក ខ្ញុំ​ចាប់ផ្តើម​ថ្ម​ម​សុខភាព​ឡើងវិញ មិន​បង្ខំ​ញ៉ាំ​លើស​កម្រិត ឬ​ហាត់ប្រាណ​លើស​កម្លាំង។

ខ្ញុំ​ខិតខំ​ស្តាប់​អ្វីដែល​រាងកាយ​ទាមទារ។ ខ្ញុំ​ខំ​ញ៉ាំតិចៗតែ​ច្រើនដង ហើយ​ញ៉ាំ​នេះ​ញ៉ាំ​នោះ​ឱ្យមាន​អ្វី​នៅក្នុង​ក្រពះ​ជានិច្ច ដើម្បី​រក្សា​កម្លាំង​ជាប្រចាំ។ ព្យាយាម​ញ៉ាំ​ទឹក​ច្រើនណាស់ ហាក់បីដូចជា​ការសម្អាត​បំពង់ក។ នៅពេលដែល​យើង​មាន​សុខភាព​ខ្សោយ ហើយ​នៅពេល​មាន​សម្ពាធ​ឈាម​ទាប ពេលខ្លះ​យើង​អាច​យល់សប្តិ​អាក្រក់។ មិនមែន​តែ​ខ្ញុំ​ទេ ជនបរទេស​ទាំងនោះ​ក៏​និយាយ​ដូចគ្នា​ដែរ។

ការរក្សា​សុខភាព និង​កម្លាំង​ឱ្យមាន​លំនឹង​ល្អ គឺមាន​សារៈសំខាន់។ មិនអាច​បង្ខំ​តាមចិត្ត​ដែល​ចង់​ជា​នោះទេ។

៤) ការធ្វើ​តេស្ត​តាមដាន​មេរោគ

ដំបូងពេទ្យ​បាន​ប្រាប់ថា ធ្វើតេស្ត ៣ ថ្ងៃ​ម្តង ហើយ​បើ​អវិជ្ជមាន​យកទៅដាក់​កន្លែង​ផ្សេង​តែម្តង ដើម្បី​ត្រៀម​ទទួល​អ្នក​វិជ្ជមាន​ផ្សេងទៀត។ ក្រោយមក គេ​ដូរ​គោលការណ៍​មក​ពិនិត្យ ២ ថ្ងៃ​ម្តងវិញ។ ក្រោយ​ពេលដែល​ធ្វើតេស្ត​អវិជ្ជមាន ២ ដង​ជាប់​គ្នា ទើប​គេ​អនុញ្ញាតឱ្យ​ចេញពី​ពេទ្យ ហើយក៏​នៅ​បន្ត​តាមដាន​សុខភាព ២ សប្តាហ៍​បន្តទៀត។ ក្នុង​រយៈពេល ២ សប្តាហ៍​នេះ ក៏ត្រូវ​ធ្វើតេស្ត​ម្តង ឬ ២ ដង​ទៀត ដើម្បីឱ្យ​ប្រាកដថា លែងមាន​វីរុស។

លទ្ធផល​តេស្ត​អវិជ្ជមាន២ដង​ជាប់​គ្នា គឺ​មិន​មែនមានភ្លាមៗនោះទេ។ បើ​មើល​អ្នកជំងឺ​ជុំវិញ​ខ្ញុំ បូក​ទាំង​ខ្លួន​ខ្ញុំ​ផង គឺ​ពួកយើង​ត្រូវការ​ពេលវេលា​ប្រហែល៣សបា្តហ៍ ទម្រាំ​វីរុស​ទាំងនោះ​រលាយបាត់​ទៅវិញ ដោយ​ខ្លួនឯង អាស្រ័យ​ទៅតាម​ភាពខ្លាំង និង​ភាពស៊ាំ​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ​យើង និង​រយៈពេល​នៃ​ការឆ្លង​វីរុស។ អ្នកខ្លះ​អាចជា​លឿន ឬ​យូរ​ជាង​នេះ ពោលគឺ​មិនអាច​កំណត់​ពេលវេលា​ជាក់លាក់​នោះទេ។

៥) ការគ្រប់គ្រង​សតិអារម្មណ៍

ដូច​រៀបរាប់​ខាងលើ លទ្ធផល​តេស្ត​អវិជ្ជមាន ២ ដង​ជាប់​គ្នា ​គឺ​មិន​ងាយ​នោះទេ ព្រោះ​ពេលខ្លះ​អវិជ្ជមាន​ម្តង​ហើយ តែ​ធ្វើតេស្ត​លើក​ក្រោយ​វិជ្ជមាន​វិញ គឺជា​រឿង​ធម្មតា សម្រាប់​អ្នកជំងឺ​កូ​វីដ។ ដូច្នេះ ការ​ធាក់​ថយ​បែបនេះ ពេលខ្លះ​ធ្វើឱ្យ​អ្នក​ជំងឺស្ត្រេស​ខ្លាំង។ ជនបរទេស ដែល​បារម្ភ​ខ្លាច​អត់​យន្តហោះ​ត្រឡប់​ទៅ​ស្រុក​វិញ គឺ​ពួកគាត់​អន្ទះអន្ទែង​ខ្លាំងណាស់។ ស្ត្រី​ចំណាស់​ជនជាតិ​អង់គ្លេស​យំ​រាល់ថ្ងៃ។ បុរស​ជនជាតិ​បែ​ល​ហ្ស៊ិក​ស្រែក​អា​ឡេ​អា​ឡូ ដោយ​មិនអាច​គ្រប់គ្រង​អារម្មណ៍ខ្លួនឯងបាន។ បុរស​ជនជាតិ​បារាំង​ដែល​គ្មាន​បញ្ហា​សុខភាព​អី​សោះ ក៏​អាច​ក្លាយទៅជា​ប្រកាច់​ដកដង្ហើម​មិន​ដល់​គ្នាសារ​ការភ័យខ្លាច និង​បារម្ភ​ហួសហេតុ​ដែរ។

ខ្ញុំ​ក៏បាន​សួរ​ពួកគាត់​ថា តើ​មាន​ប្រយោជន៍​អ្វី ដែល​កម្ពុជា​ត្រូវ​ទុក​អ្នកឯង​នៅ​ពេទ្យ ប្រសិនបើ​អ្នកឯង​ជាសះស្បើយ​ពី​ជំងឺ​នោះ? ខ្ញុំ​ថា បើ​នៅ​បារាំងគ្រាន់តែ​សុំ​គេ​ធ្វើតេស្ត ក៏​គេ​មិន​ធ្វើឱ្យ​ផង។ ពួកគាត់​ក៏​ស្ងាត់​មាត់។ ខ្ញុំ​មិនបាន​និយាយ​បញ្ចប់​ឃ្លា​ទេ​ថា កម្ពុជា​មើល​ពួកគាត់​ដោយ​មិន​គិត​កម្រៃ​អ្វី​ទាំងអស់ ហើយ​កម្ពុជា​ក៏ត្រូវ​ការ​មើលថែ​ប្រជាជន​ខ្លួនឯង​ដែរ។

ឃើញ​តេស្ត​អវិជ្ជមាន​ហើយ​វិជ្ជមាន​ឡើងវិញ​របស់​ពួកគាត់ ខ្ញុំ​ក៏​ប្រាប់​ខ្លួនឯង​ថា ខ្ញុំ​មិន​ខ្វល់​ពី​លទ្ធផល​បណ្តោះអាសន្ន​នោះទេ គឺ​ខ្ញុំ​ចង់​ស្តាប់​តែ​លទ្ធផល​អវិជ្ជមាន ២​ ដង​ប៉ុណ្ណោះ។ ពេលដែល​ដឹងថា សុខភាព​ខ្លួនឯង​មិន​ស្រួល ខ្ញុំ​សឹងតែ​មិន​ចង់​ធ្វើតេស្ត​ផង។ សំខាន់បំផុត​នោះ គឺ​មិនមែន​អន្ទះសា​ចង់​ប្រញាប់​ចេញពី​ពេទ្យ​នោះទេ។ ត្រូវ​គិតថា យូរ​ប៉ុនណា​ក៏ត្រូវ​ទ្រាំ​ដែរ ត្រូវ​នៅ​ឱ្យ​ទាល់តែ​ជាសះស្បើយ ដើម្បី​ខ្លួន​យើង ដើម្បី​គ្រួសារ និង​សង្គម។

បងប្អូន​ខ្មែរ​អ៊ិ​ស្លាម មានការ​គ្រប់គ្រង​អារម្មណ៍​បានល្អ តាមរយៈ​ទម្លាប់​បន់ស្រន់​ជាប្រចាំ​របស់​ពួកគាត់។

ពួក​បរទេស​មានការ​រអ៊ូរទាំ​ច្រើន ហើយ​ត្អូញ​ថា មិនមាន​គេ​មក​សម្អាត​អនាម័យ។ អ្នកជំងឺ​ខ្មែរ​យើង​មិន​រអ៊ូ​ច្រើន​ទេ ហើយ​មានការ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​បានល្អ។ ពេលទំនេរ​ខ្មែរ​យើង​យក​អំបោស និង​ក្រណាត់​មក​ជូត​សម្អាត ធ្វើ​អនាម័យ​បន្ទប់​សម្រាក​ព្យាបាល និង​បន្ទប់ទឹក ដើម្បី​បរិស្ថាន​ស្អាត​ទាំងអស់គ្នា។ ដល់​ឃើញ​ខ្មែរ​ធ្វើបែបនេះ ពួក​បរទេស​នោះ ក៏​ចាប់ផ្តើម​ធ្វើតាម​ដែរ។ ពួកគេ​ក៏​គួរតែ​យល់​ដែរ​ថា នេះ​មិនមែនជា​សណ្ឋាគារ​នោះទេ ហើយ​បុគ្គលិក​ក៏​មិនមែន​ចេះតែ​ចេញ​ចូលមក​បម្រើ​យើង​គ្រប់​តែ​ពេល​នោះដែរ។ បុគ្គលិក​ក៏មាន​ការភ័យខ្លាច​ការ​ឆ្លង​ជំងឺ​នេះដែរ។

៦) អគារ​ព្យាបាល

នៅក្នុង​មន្ទីរពេទ្យ អ្នកជំងឺ​កូ​វីដ​ត្រូវ​បានដាក់​ក្នុង​អគារ​ដាច់ដោយឡែក ដែលជា​បរិវេណ​បិទ​ជិត ហើយ​គ្មាន​នរណា​អាច​ចូល​បានទេ។ បរិវេណ​អគារ​ចែកចេញជា​ ៤ ផ្នែក៖ បន្ទប់​អ្នកជំងឺ បន្ទប់​គ្រូពេទ្យ បន្ទប់​សម្លាប់​មេរោគ និង​រានហាល​សម្រាប់​អ្នកជំងឺ​ស្រូបខ្យល់​អាកាស និង​ហាត់ប្រាណ។ បន្ទប់​សម្លាប់​មេរោគ​គឺ​នៅ​ចន្លោះ​កណ្តាល​បន្ទប់​គ្រូពេទ្យ និង​អ្នកជំងឺ។ ពេល​គ្រូពេទ្យ​ចេញចូល ពួកគាត់​ត្រូវ​ពាក់​ខោអាវ​ការពារ​ពី​ក្បាល​ដល់​ចុងជើង ហើយ​ចូលទៅក្នុង​បន្ទប់​នោះ​បាញ់​ទឹក​អាល់កុល​ទាំង​ពេល​ចូល ហើយ​ចេញ​មកវិញ។

បន្ទប់​អ្នកជំងឺ​មានតែ ១ នៅ​រួមគ្នា មាន​គ្រែ ១។ គ្រូពេទ្យ​ពន្យល់ថា បន្ទប់​នេះ មានការ​រចនា​តាម​បច្ចេកទេស​សម្រាប់​ប្រភេទ​ជំងឺឆ្លង មាន​កង្ហារ​ខ្យល់​ចេញចូល មាន​ភ្លើង​កាំរស្មី UV សម្លាប់​មេរោគ មាន​ពេទ្យ​ប្រចាំការ មើល​តាម​កាមេរ៉ា និង​អាច​ឆ្លើយ​ឆ្លងតាម​ទូរស័ព្ទ​ពេល​មាន​តម្រូវការ​អ្វីមួយ។ ក្នុង ១ ថ្ងៃ បុគ្គលិក​គេ​ចូលមក ៣ លើក ដើម្បី​តាមដាន​សុខភាព ផ្តល់​ថ្នាំ ផ្តល់​ម្ហូបអាហារ និង​សម្អាត​អនាម័យ។

៧) វិធានការ​បង្ការ​ទប់​ស្កាត់ និង​ការប្រុងប្រៀប​សម្រាប់​អាសន្ន​ធំ

បើ​ពិនិត្យ​លើ​ចំណាត់ការ​របស់​ក្រសួងសុខាភិបាល​ក្នុងការ​តាមដាន​ស្វែងរក​អ្នកជំងឺ​កម្ពុជា​បាន​ចាត់វិធានការ​ត្រឹមត្រូវ។ យើង​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​អង្គការ​សុខភាព​ពិភពលោក (WHO)។ ខ្មែរ​យើង​ឆែក​ករណី​សង្ស័យ​បាន​ច្រើន ហើយ​អត់​គិតលុយ​ទៀត។ បើ​នៅ​បារាំង គេ​មិន​ធ្វើតេស្ត​ឲ្យ​ផង ហើយក៏​មិនមាន​នរណា​មក​សួរនាំ​អ្នក​ដែល​ធ្លាប់បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​ដែរ។ ចំណែក​កម្ពុជា​វិញ ​គឺ​ខាង​ក្រសួង​សួរ​ខ្ទេច​សួរ​ខ្ទី ទៅ​ជួប​នរណា​ខ្លះ តាម​សួរ​អ្នក​ជួប​ហ្នឹង​ទៀត មាន​អាការ​អី​អត់។ សូម្បីតែ​អ្នក​សម្អាត​បន្ទប់​ខុន​ដូ​ខ្ញុំ ក៏​គេ​ដាក់​ក្នុង​ការតាមដាន១៤ថ្ងៃ​ដែរ។ មើល​របៀប​ក្រសួង​ខិតខំ​ប្រមែប្រមូល​ខ្មែរ​អ៊ិ​ស្លាម តាមរក​អ្នកមាន​វីរុស គឺមាន​ការដេញដោល​សាកសួរ​ច្រើនណាស់ ឆ្លងខេត្ត ឆ្លង​ក្រុង។ នេះ​គឺជា​ចំណាត់ការ​ដ៏​ល្អ ក្នុងការ​ទប់ស្កាត់ និង​បង្ការ​ការ​រាតត្បាត​ជំងឺ។ ក្រសួង​ធ្វើការ​តាមដាន​ល្អិតល្អន់ និង​អត់ធ្មត់​ណាស់។

ករណីខ្លះ ស្តាប់ទៅ​ដូច​តាម​ចាប់​អ៊ីចឹង ព្រោះ​អ្នកជំងឺ​គាត់​គេច​មិន​ចង់​ចូល​ពេទ្យ។

ការលះបង់​របស់​បុគ្គ​លិ​ក​ពេទ្យ នៅ​សមរភូមិ​ជួរមុខ​គឺ​ខ្ពស់​ណាស់។ ក្នុងអំឡុងពេល​មើលថែ​អ្នកជំងឺ ពួកគាត់​មិនអាច​ជួប​គ្រួសារ​បានទេ ហើយ​ពេល​ចប់​រយៈពេល​មួយ​ដែល​ត្រូវ​ដូរ​វេន ពួកគាត់​ត្រូវគេ​ដាក់​ដាច់ដោយឡែក ១៤ ថ្ងៃ ដើម្បី​តាមដាន​សុខភាព មុនពេល​អាច​ទៅ​រួមរស់​ដោយ​ប្រក្រតី​ជាមួយ​ក្រុមគ្រួសារ​គាត់​វិញ។

បញ្ហា​របស់​យើង​សព្វថ្ងៃ គឺ​នៅត្រង់ថា យើង​ខ្វះ​បុគ្គលិក​ពេទ្យ​ និង​ទីតាំង​ព្យាបាល​មាន​ស្តង់ដា​បច្ចេកទេស​ និង​មាន​អនាម័យ។ ទោះបីជា​មន្ទីរពេទ្យ​សូ​វៀត​មាន​ស្តង់ដា​ខ្ពស់​ក្តី តែ​ការរៀបចំ​គឺ​មិនបាន​ត្រៀម​សម្រាប់​ករណី​ធ្ងន់ធ្ងរ​នោះទេ។ ឧទាហរណ៍ ខ្ញុំ​មាន​បញ្ហា​សួត ប៉ុន្តែ​នៅក្នុង​បន្ទប់​ព្យាបាល​មិនមាន​ឧបករណ៍​ថត​សួត ហើយ​គេ​ក៏​មិនអាច​យក​ខ្ញុំ​ទៅ​ថត​សួត​នៅ​អគារ​ផ្សេង​បានដែរ។ បន្ទប់​ព្យាបាល​ក៏​គួរ​មាន​អគារ​ផ្សេង​ដែល​អាចដាក់​អ្នកជំងឺ​ដែលមាន​អាការ​ធ្ងន់ធ្ងរ​ឱ្យនៅ​ដាច់ដោយឡែក​ដែរ។

បុគ្គលិក​ពេទ្យ​ហាក់​ពុំទាន់​មាន​ទឹកដៃ​ស្មើគ្នា​នៅឡើយ។ពេទ្យ​ខ្លះ​យក​សំណាក​ឡើង​ឈាម​ច្រមុះ​អ្នកជំងឺ ពេទ្យ​ខ្លះ​ពុំទាន់​ស្ទាត់​ក្នុង​ការយក​សំណាក​តាម​បំពង់ក ពេទ្យ​ខ្លះ​ដោត​ម្ជុ​រ​ខុស​សរសៃ។ល។ តែ​នេះ​គ្រាន់តែ​ជា​ករណី​តិចតួច​ប៉ុណ្ណោះ។ យ៉ាងណាក្តី គួរ​មាន​ការហាត់​សម​ទាំង​នៅក្នុង​ក្រុង និង​តាម​ទីជនបទ ដើម្បី​ត្រៀម​បម្រុង​ពេល​មាន​គ្រោះអាសន្ន​ធំ ដែល​ត្រូវការ​បុគ្គលិក​ពេទ្យ​ច្រើន បូក​រួមទាំង​បុគ្គលិក​បម្រុង​ដើម្បី​ការពារ​ពលរដ្ឋ​ផង និង​បុគ្គលិក​ពេទ្យ​ផង។ នៅពេលដែល​មានការ​ហ្វឹកហ្វឺន​ច្បាស់ ពួកគាត់​នឹងមាន​ទំនុកចិត្ត​កាន់តែខ្លាំង ក្នុង​ការធ្វើការងារ​ដោយ​ស្មើ​ដៃ​គ្នា ហើយ​ពលរដ្ឋ​ក៏មាន​ទំនុកចិត្ត​ដែរ។

ក្តីបារម្ភ​ធំ​បំផុត​នោះ គឺ​ស្តង់ដា​បច្ចេកទេស និង​កម្រិត​អនាម័យ​កន្លែង​ព្យាបាល​នៅ​ទីជនបទ។ នេះ​ពិតជា​មិនមែនជា​រឿង​សាមញ្ញ​នោះទេ ហើយ​ទាមទារ​ឱ្យមាន​ការត្រៀមខ្លួន តាម​សេណារីយោ តាម​ដំណាក់កាលផ្សេងៗ និង​ការរៀបចំ​បំពាក់​បរិក្ខារ​បច្ចេកទេស ដោយមាន​ផែនការ​ល្អិតល្អន់​ជាមុន។

“មិន​អី​ទេ​និយម” គឺជា​គ្រោះថ្នាក់ ហើយ “ស្លន់ស្លោ​និយម” ហាក់បីដូចជា​ពិភពលោក​នេះ រលាយ​រលត់ ក៏​គ្រោះថ្នាក់​ដូចគ្នា។ ដូច្នេះ យើង​ត្រូវ​ប្រឈម​នឹង​ការពិត​ថា ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ គឺមាន​ហានិភ័យ​ខ្ពស់ ហើយ​ទន្ទឹមនឹងនេះ យើង​ក៏​ត្រូវមាន​ផែនការ​ត្រៀម​ល្អិតល្អន់​ដើម្បី​ចៀសវាង​ភាព​ស្លន់ស្លោ ពេល​អាសន្ន​ធំ​មកដល់។

ការត្រៀម​ទាំងឡាយ គឺ​ត្រូវមាន​ការសហការ​ទាំង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ។ ពលរដ្ឋ​គ្រប់រូប​ត្រូវ​ដឹងថា ជំងឺ​នេះ គឺអាច​ព្យាបាល​ជាសះស្បើយ ហើយ​ករណី​មធ្យម និង​ធ្ងន់​មាន​តិចតួច​ណាស់។ ពលរដ្ឋ​ត្រូវមាន​ទំនុកចិត្ត​លើ​សមត្ថភាព​ព្យាបាល​របស់​ពេទ្យ​ខ្មែរ។ ពលរដ្ឋ​ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ក្នុងការ​គ្រប់គ្រង និង​តាមដាន​សុខភាព​ផ្ទាល់ខ្លួន មិនត្រូវ​ឆោឡោ ស្តាប់​តាម​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​នោះទេ។

មន្ត្រីរាជការ​ខ្មែរ​នៅ​រាជធានី​ភ្នំពេញ