បើទោះបី​ជា​ហេតុការណ៍​ការប៉ុនប៉ង​សម្លាប់​ខ្លួន​របស់​បេក្ខជន​មិនទាន់​កើតមានឡើង​ដោយសារ​តែ​លទ្ធផល​ប្រឡង​បាក់ឌុប​ធ្លាក់​ក៏ដោយ ក៏​កងកម្លាំង​សមត្ថកិច្ច​ហាក់បី​ដូចជា​រៀបចំ​ត្រៀមខ្លួន​បាន​ល្អ​ក្នុង​ការល្បាត​នៅលើ​ស្ពាន​ជ្រោយចង្វារ​ទាំង​ ២ ​កាលពី​សប្តាហ៍​មុន​។

ដោយសារ​តែ​អ្វីៗ​ក៏​អាច​កើតមាន​ឡើង​ដែរ បន្ទាប់​ដឹង​ដំណឹង​ថា ប្រឡង​ធ្លាក់​នេះ ទោះ​ជា​តិចក្តី​ច្រើនក្តី​ការបង្ការ​ការ​ប្រយ័ត្ន​ប្រយែង​នៅតែ​ជា​ការព្រួយបារម្ភ​ត្រៀម​ជាមុន ជាពិសេស​មាតាបិតា​ដែល​មានកូន​ប្រឡង​គឺ​ព្យាយាម​តាម​ឲ្យ​កៀក​ទៅ​នឹង​ពួកគេ ហើយ​ត្រូវ​លើក​ទឹកចិត្ត​ពួកគេ​ជា​ចម្បង​។ ព្រោះ​បញ្ហា​ប៉ះពាល់​ផ្លូវចិត្ត​នេះ​ហើយ​ត្រូវគេ​ចំអក​ ឬ​ស្តីបន្ទោស​បន្ថែម​ទៀត ធ្វើឲ្យ​ពួកគេ​ទទួល​នូវ​សម្ពាធ​ផ្លូវចិត្ត (Depression) ហើយ​ផ្គួប​ផ្សំ​ទៅ​នឹង​អ្វី​ដែល​ពួកគេ​មើលឃើញ​នូវ​រូបភាព​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ឬ​ក៏​ចម្រៀង​ខារ៉ាអូខេ ដែល​មាន​សកម្មភាព​ងាយ​នឹង​ធ្វើ​អត្តឃាត​តាម​រូបភាព​ផ្សេងៗ​គឺ​ធ្វើ​ឲ្យ​ពួកគេ​ងាយ​នឹង​ប៉ុនប៉ង​សម្លាប់ខ្លួន​។


តាមរយៈ​ទិន្នន័យ​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញថា នៅ​ឆ្នាំ ២០១៦ កម្ពុជា​មាន​អត្រា​អ្នកស្លាប់​ដោយសារ​ការធ្វើ​អត្តឃាត​មាន​ចំនួន ៦ ​នាក់​ក្នុង​ចំណោម​ប្រជាជន ១០ ​ម៉ឺន​នាក់ បើ​ប្រៀបធៀប​ជាមួយ​នឹង​ប្រទេស​ជប៉ុន ១៨,៥ ​នាក់​ក្នុង​ចំណោម​ប្រជាជន​ ១០ ​ម៉ឺន​នាក់ និង​ប្រទេស​កូរ៉េ​ ២៤,៣ ​ក្នុង​ចំណោម​​ប្រជាជន​ ១០ ​ម៉ឺន​នាក់​ដែល​មាន​អត្រា​ធ្វើ​អត្តឃាត​ខ្ពស់​ជាងគេ​។


បើ​នៅ​ប្រទេស​ជប៉ុន​វិញ ការធ្វើ​អត្តឃាត​យ៉ាង​ងាយ ដោយសារ​តែ​ប្រឡង​ធ្លាក់ ឬ​ក៏​ធ្វើការ​មាន​កំហុស​ធ្ងន់ធ្ងរ​។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ប្រទេស​ជប៉ុន ពេល​មាន​កូន​ប្រឡង​ម្តងៗ ឪពុកម្តាយ តែងតែ​តាមដាន​កូន​យ៉ាង​កៀក​តែម្តង ដើម្បី​ព្យាយាម​លួងលោម​ឲ្យ​កូនៗ​របស់​ពួកគេ កុំ​ឲ្យ​ធ្វើ​អត្តឃាត​។ ឥឡូវនេះ​បញ្ហា​នេះ ធ្លាក់​មក​ដល់​កូនសិស្ស​នៅ​កូរ៉េ​ខាង​ត្បូង​វិញ​ម្តង ដែល​មាន​ការធ្វើ​អត្តឃាត​ច្រើន​ជាង​គេ​នៅ​អាស៊ី​ក្នុង​នោះ​មាន​យុវវ័យ​មាន​ច្រើន​ករណី​ជាងគេ​។


ជាពិសេស​គ្រូបង្រៀន និង​ឪពុកម្តាយ​បង្ខំ​ពួកគេ​ឲ្យ​ប្រឹងរៀន​ខ្លាំងពេក ប្រើ​រយៈពេល​វែង តែ​ពួកគេ​នៅ​តែ​បាន​លទ្ធផល​ប្រឡង​មិន​បាន​ល្អ​ជា​ទីគាប់ចិត្ត ពីព្រោះ​ពួកគេ​ចង់​បាន​និទ្ទេស​ល្អ​ដើម្បី​ប្រឡង​ចូល​សាកលវិទ្យាល័យ​ដែល​ពួកគេ​ចង់​រៀន​ (Asia Times,2019)​។


បើ​យោង​តាម​របាយការណ៍​ក្រសួង​អប់រំ​នៃ​ប្រទេស​កូរ៉េ​បាន​បង្ហាញថា ក្នុង​ចំណោម​សាលា​ចំនួន ៣៧ មាន​កូនសិស្ស​បាន​ប៉ុនប៉ង​ធ្វើអត្តឃាត​កើនឡើង​ដល់ ៤៥១ ​នាក់​ក្នុង​ឆ្នាំ​ ២០១៧ ក្នុងនោះ​មាន​វិទ្យាល័យ​ដល់ ២១៣ ​នាក់​។


ទន្ទឹម​នឹង​ការកើនឡើង​នៃ​ការប៉ុនប៉ង​ធ្វើអត្តឃាត សិស្ស​ដែល​សម្លាប់​ខ្លួនឯង​បាន​កើនឡើង​ផងដែរ​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ពី ៩៣ ​នាក់​ក្នុង​ឆ្នាំ​ ២០១៥ ដល់ ១០៨ ​នាក់​ក្នុង​ឆ្នាំ​ ២០១៦ និង ១១៤ ​នាក់​នៅក្នុង​ឆ្នាំ​ ២០១៧ (The Korea Times, 2017)​។

តែ​ទោះបីជា​យ៉ាងនេះ​ក្តី​ក៏​រដ្ឋាភិបាល​ជប៉ុន និង​ទាំង​កូរ៉េ ព្យាយាម​រក​យុទ្ធសាស្ត្រ​ទម្លាក់​អត្រា​ធ្វើអត្តឃាត​នេះ​រៀងៗ​ខ្លួន ជាពិសេស​បង្កើត​ប្រព័ន្ធ​ជួយ​សង្គ្រោះ​បន្ទាន់​ ២៤ ​ម៉ោង ដើម្បី​ជួយ​យុវវ័យ​កុំ​ឲ្យ​ងាយ​នឹង​ធ្វើការ​សម្លាប់​ខ្លួន ហើយ​ពង្រឹង​ការកែប្រែ​ឥរិយាបថ​ឪពុកម្តាយ ចំពោះ​កូន​ក្នុង​ពេល​ប្រឡង ដើម្បី​ជួយ​លើក​ទឹកចិត្ត​ទៅវិញ​។

សម្រាប់​ស្រុក​ខ្មែរ​វិញ​មិនទាន់​មាន​របាយការណ៍​ជាក់លាក់​ណាមួយ​ស្តីពី​ការប៉ុនប៉ង​ធ្វើ​អត្តឃាត ឬ​ក៏​ធ្វើអត្តឃាត​ដោយសារ​តែ​ប្រឡង​ធ្លាក់​បាក់ឌុប​នេះ​នៅឡើយ​ទេ ការត្រៀម​លក្ខណៈ​ទប់ទល់​បង្ការ​ក៏​ទើបតែ​ចាប់ផ្តើម​ពី​កងកម្លាំង​សមត្ថកិច្ច​នៅ​ឡើយ​ដែរ​។ ត្រូវ​មាន​ការចូលរួម​ពី​ឪពុកម្តាយ មិត្តភក្តិ សហគមន៍ និង​គ្រូបង្រៀន​ក្នុង​ការរក​វិធីសាស្ត្រ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បន្ត​អនាគត​ដ៏វែងឆ្ងាយ​ទៅ​មុខ​ទៀត​ផងដែរ​ដូចជា ការព្យួរ​ស្វៃរិន​ចាំ​ប្រឡង​ឡើងវិញ ការដាក់​ពាក្យ​ចូលរៀន​បរិញ្ញាបត្ររង​យក​ជំនាញ​មធ្យម ឬ​ក៏​បឋម រួច​សឹម​បន្ត​ទៅ​យក​ថ្នាក់​ឧត្តម​ទៀត​បាន​តើ​ឲ្យ​តែ​ខំប្រឹង​គឺ​ដល់​គោលដៅ​ដូច​តែ​គ្នា​ទេ ឬក៏​ដាក់​រៀន​បច្ចេកទេស​បណ្តុះបណ្តាល​វិជ្ជាជីវៈ​យក​ជំនាញ​ក្រឡឹង បរិក្ខារ​ត្រជាក់ អគ្គិសនី​ក៏​បាន​ដែរ​។

បើ​មិន​ដូច្នេះ​ទេ មាន​ដើមទុន​ពី​ឪពុកម្តាយ បើកហាង​រកស៊ី​ក៏​អាច​ក្លាយ​ទៅ​ជា​សេដ្ឋី​បាន​ដែរ បើ​មិន​ពូកែរៀន ពូកែ​រកស៊ី​ក៏​ម្យ៉ាង​ដែរ ចាំបាច់​ទៅ​សម្លាប់​ខ្លួនឯង​ធ្វើ​អី ខ្មាស​ធម្មជាតិ​។

ចាប់តាំងពី​ថ្ងៃ​ប្រកាស​លទ្ធផល​មកដល់​ថ្ងៃនេះ បេក្ខជន​នៅ​តែ​មាន​សិទ្ធិ​ដាក់​លិខិត​តវ៉ា​នៅ​ក្រសួង​អប់រំ​បាន នៅពេល​ដែល​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ដែល​ខ្លួន​បាន​ប្រឡង ហើយ​ក្រសួង​អប់រំ​ក៏​បាន​ចាប់ផ្តើម​ដោះស្រាយ​បណ្តឹង​របស់​បេក្ខជន​ចំនួន​ជាង ១០០ ​ករណី​ផងដែរ​។ អ៊ីចឹង​បេក្ខជន​ធ្លាក់​នៅ​តែ​មាន​ឱកាស​ជាមួយ​លទ្ធផល​ថ្មី ប្រសិន​បើ​រកឃើញ​ថា​មាន​ភាពមិន​ប្រក្រតី​ដូច​កាលពី​ឆ្នាំ​ទៅ​រឿង​បញ្ហា​កុំព្យូទ័រ Error ថ្នាក់​វិទ្យាសាស្ត្រ​ធ្វើឲ្យ​កូនសិស្ស​ជិត​ ១០០០ ​នាក់​បាន​ជាប់​វិញ​។

ម្យ៉ាងវិញ​ទៀត​បញ្ហា​លំបាក​ជាច្រើន​ទៀត​នៅក្នុង​ជីវិត មិនមែន​មានតែ​លទ្ធផល​ប្រឡង​បាក់ឌុប​ហ្នឹង​តែមួយ​មុខ​អាច​ធ្វើឲ្យ​ជីវិត​ប្រសើរឡើង​នោះទេ នៅមាន​ការប្រឡង​បន្តទៀត ចេញ​ធ្វើ​ការងារ​ធ្វើការ​ប្រកួតប្រជែង​គ្នា នៅមាន​បន្ទុក​ពេល​កសាង​គ្រួសារ មាន​កូន មាន​ចៅ នៅពេល​អនាគត​វែងឆ្ងាយ​ទៅមុខទៀត​។ ហេតុដូច្នេះ​ឪពុកម្តាយ​ត្រូវ​រៀបចំ​សម្រួច​បុកគ្រឹះ​ការសិក្សា​របស់​កូនៗ ចាប់តាំងពី​សាលា​មតេ្តយ្យ និង​បឋមសិក្សា​មក​ម្ល៉េះ កុំ​ចាំ​ជិត​ដល់​ថ្ងៃ​ប្រឡង​បាក់ឌុប​ទើប​មក​ធ្វើ​លំបាកលំបិន​ជាមួយ​នឹង​កូន​នោះ ឬ​ក៏​ចៀសវាង​ការ​ចាំតែ​​ស្តីបន្ទោស តែ​មិន​ឲ្យ​ដំណោះស្រាយ​ទេ​នោះ ហើយ​អ្វីដែល​ងាយស្រួល​សម្រាប់​ការប្រឡង​បាក់ឌុប​នោះ វា​មិនមែន​ជា​ប្រភេទ​នៃ​ការប្រកួតប្រជែង ដែល​ត្រូវ​ចម្រាញ់​យក​តែ​អ្នក​ពូកែៗ​នោះទេ តែ​ឲ្យ​ប្រឡង​ជាប់​មធ្យមភាគ​ដែល​ក្រសួង​កំណត់​ទៅ​ជាប់​ហើយ​។

អ៊ីចឹង​បេក្ខជន​មិន​គួរ​ទៅ​ចាញ់បោក​ជីវិត​តែ​មួយ​ប៉ប្រិចភ្នែក​ទៅ​សម្លាប់ខ្លួន​ធ្វើ​អ្វី​នោះ​ទេ បើ​គ្រាន់តែ​ប្រឡង​ធ្លាក់​បាក់ឌុប​សោះ ដែល​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​នៅ​មាន​ជម្រើស​ច្រើន​ទៀត​សម្រាប់​អនាគត​នៃ​ជីវិត​របស់ខ្លួន​ដ៏វែងឆ្ងាយ​នោះ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com