ម៉េចនៅតែ​មាន​ពេទ្យ​គ្មាន​ជំនាញ​ ដើរ​ចាក់​ថ្នាំ​តាម​ភូមិ​អ៊ីចឹង?

Content image - Phnom Penh Post
លោកយ៉ែម ជ្រិន (ឆ្វេង) ដែលចាក់ថ្នាំឆ្លងអេដស៍និងពេទ្យភូមិនៅស្វាយរៀងដែលចាក់ថ្នាំស្លាប់មនុស្ស។ ភ្នំពេញប៉ុស្ដិ៍/FB

ខណៈ​ក្រសួង​សុខា​ភិបាល​និង​អង្គការ​ដៃគូ​អភិ​វឌ្ឍន៍​ខំ​ប្រឹង​កែ​ទម្រង់​ប្រព័ន្ធ​សុខា​ភិ​បាលមាន​តាំង​ពី​ធន​ធាន​មនុស្ស​ ធនធាន​ថវិ​កា ​អគារ​មូល​ដ្ឋាន​សុខា​ភិបាល សេវា​គ្រប​ដណ្តប់​សុខ​ភាព​ជាស​កល និង​ការ​កែ​ទម្រង់​វិមជ្ឈ​ការនិង​វិសហ​មជ្ឈការ​វិស័យ​សុខា​ភិបាលបានធ្វើ​ឲ្យ​សុខ​ភាពរបស់​ប្រជា​ពលរដ្ឋ​បាន​ប្រសើរ​ឡើង​បន្តិច​ម្តងៗ ប៉ុន្តែក៏​នៅ​មាន​ករណី​ខ្លះ​បាន​ធ្វើ​ឲ្យអ្ន​ក​ជំ​ងឺ​ជួប​ប​ញ្ហា​ផង​ដែ​រ​ដោយ​​សា​រគ្រូពេទ្យ​ខ្វះ​ជំនាញ​ត្រឹមត្រូវ។

​ជា​ការ​ពិត​ណាស់​ មាន​ស្រុក​ប្រតិ​ប​តិ្ត​សុខាភិ​បាល​ខ្លះ ​បាន​បញ្ជាក់​ថា​ ស្ថា​ប័ន​របស់​ខ្លួន​បាន​រឹត​បន្តឹង​និង​លុប​បំបាត់​អស់នូវឆ្មប​បុរាណ​ ការ​លក់​ថ្នាំ​ពេ​ទ្យ​ខុស​ច្បាប់ និង​គ្រូ​ពេទ្យដែល​គ្មាន​ជំនាញ​ត្រឹមត្រូវហៅ​ «​ពេទ្យ​ភូមិ​» ជា​ដើម​ ដើម្បី​ធ្វើយ៉ាងណាឲ្យ​អ្នក​ជំងឺ និង​អតិថិជន​ងាក​មក​រកសេវា​មូល​ដ្ឋាន​សុខាភិ​បាល​របស់​រដ្ឋ​វិញ​។

តែ​នៅ​មាន​ស្រុក​ប្រតិ​បត្តិ​មួយ​ចំនួន​មិន​ទាន់បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​នៅ​ឡើយ​ទេ​ អ៊ីចឹង​ហើយ​បាន​ជា​នៅ​មាន​បញ្ហា​មួយ​ចំនួន​ទាក់ទងនឹងការ​ផ្តល់​សេវា​សុខាភិបាលមិន​ប្រកប​ទៅ​តាម​ច្បាប់​និង​វិជ្ជា​ជីវៈ​ពេទ្យ​ដែលធ្វើ​ឲ្យប៉ះ​ពាល់​សុខ​ភាព​និង​អាយុ​ជីវិត​របស់ប្រជាពលរដ្ឋ​បើទោះណាជាករណីបែបនេះមាន​តាំង​ពី​ទសវត្សរ៍ឆ្នាំ​ ៨០ ​ដោយសារតែ​គ្រូ​ពេទ្យ​គ្មាន​វិជ្ជា​ជីវៈ​ទាំង​នោះ​ខ្លះ​សល់​ពី​ជំនាន់​ ប៉ុល ពត និង​ខ្លះ​មកពី​ជំរំ​រៀន​តៗ​គ្នា​ក៏ដោយ។

គ្រូ​ពេទ្យ​ភូមិ​ខ្លះបានចាក់​ឲ្យអ្នកជំងឺរួចក៏មានអាប់​សែ​ស៍នៅ​ត្រ​គាក ខ្លះ​ពិនិត្យ​ចង្វាក់​បេះ​ដូង​មិន​ត្រូវ ខ្លះ​ផ្ដល់​ថ្នាំ​មិន​ត្រូវ ​ខ្លះ​ទៀត​ចាក់​ថ្នាំឬ​ព្យួរ​សេរ៉ូម​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្លាប់​​ ក៏មាន​ដែរ។

​ដូច​ជាថ្មីៗ​នេះ ​នៅ​តែ​មាន​ករណី​ពេទ្យ​ភូមិ​ចាក់​ថ្នាំ​មិន​ទាន់​ទាំងអស់ពី​ស៊ីរ៉ាំង​ផង​ ក៏ស្រាប់អ្នក​ជំងឺ​ប្រកាច់​ស្លាប់​ភ្លាមៗតែម្ដង​ដោយ​គ្រាន់​តែ​អ្នក​ជំងឺ​ឈឺ​ត្រឹមរ​លាក​បំពង់​ក​សោះនោះ។ បន្ទាប់​មក​សមត្ថ​កិច្ច​ក៏បានចាប់​ខ្លួន​គ្រូ​ពេទ្យ​ភូមិ​នោះ​ភ្លាមៗ​ដែរ​ដែល​ករណី​នេះ​កើត​ឡើង​នៅ​ភូមិ​សំឡី​ខាង​ជើង​ ឃុំ​សំឡី​ ស្រុក​កំពង់រោទ៍​ ខេត្ត​ស្វាយរៀង។

រីឯ​នៅ​ស្រុក​កំពង់​ត្រ​ឡាច ខេត្ត​កំពង់​ឆ្នាំង​កាល​ពី​សប្តាហ៍​មុន​ក៏មាន​ករណី​ឃាត់​ខ្លួន​គ្រូ​ពេទ្យ​ភូមិ​ដែល​ជំនាញ​ពិតរ​បស់​គាត់គឺជា​គ្រូ​បង្រៀន​នៅ​វិទ្យា​ល័យ​ទេ តែ​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ ​រហូត​ដល់​ត្រូវ​តុលា​ការ​ចេញ​ដីកា​ចាប់​ខ្លួន​តាម​បណ្តឹង​មន្ទីរ​ពេទ្យ​ខេត្ត​ បើ​ទោះ​បី​ជា​គ្រូ​ពេទ្យ​គ្មាន​ជំនាញ​នេះ​ ដើរ​ចាក់​តាម​ភូមិ​គ្រោះ​ថ្នាក់​ដល់​អ្នក​ភូមិ​ក៏​ដោយ តែ​សកម្ម​ភាព​របស់​គាត់​គឺ​ខុស​នឹង​ច្បាប់​ការ​គ្រប់​គ្រង​ ការ​ប្រកប​វិជ្ជាជីវៈ​ឯកជន​ក្នុង​វិស័យ​វេជ្ជសាស្ត្រ។

ការ​ឃាត់​ខ្លួន​នេះ​គឺជា​ការ​បង្ហាញ​ការ​អនុវត្ត​ច្បាប់​បាន​ល្អ​កុំ​ចាំ​ដល់​ពេល​មាន​រឿង​កើត​ឡើង​ហើយ​ទើបបាន​នាំ​គ្នា​ផ្អើល​មួយ​ប្រាវ​ទៅ​ចប់​បាត់​ឬក៏​ការ​បង្កើត​នូវ​សោក​នាដ​កម្ម​ថ្មី​ដូច​ករណី​គ្រូ​ពេទ្យ​ភូមិ​ឈ្មោះ​ យ៉ែម ជ្រិ​ន នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ​ ខេត្តបា​ត់​ដំបង​ដែល​ធ្វេស​ប្រហែស​ក្នុង​ការ​ប្រ​ព្រឹត្ត​គ្មាន​យល់​ពីវេ​ជ្ជ​សាស្រ្ត​សុខាភិបាល​សម័យ​ថ្មីធ្វើ​ឲ្យ​ឆ្លង​មេរោគ​អេដស៍​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​នេះប្រ​មាណ ​៣០០​ នាក់​ និង​ ៦ ​នាក់​ បាន​ស្លាប់​តាំង​ពីឆ្នាំ ២០១៥ ​មក។

គ្រូ​ពេទ្យ​នេះ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​នា​គារ​ ២៥​ ឆ្នាំ និង​ពិន័យ​ជាប្រាក់​ ៥ ​លាន​រៀល​។ បើ​ផ្អែក​ទៅលើ​​ច្បាប់​ការ​គ្រ​ប់គ្រង​ការ​ប្រ​កប​វិជ្ជា​ជី​វៈ​ឯក​ជន​ក្នុង​វិស័យ​វេជ្ជ​សាស្ត្រចំពោះ​មន្ត្រី​ពេទ្យ​វិជ្ជា​ជីវៈ​នៅ​មណ្ឌល​សុខ​ភាព ឬក៏​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ ​ហើយ​ទៅ​ដើរ​ចាក់​ថ្នាំ​តាម​ផ្ទះ​ជា​លក្ខណៈ​ឯក​ជន​ឬក៏​ទៅ​តាម​គ្លី​និក​ក៏​មាន​ទោស​ដែរ ​ប្រសិន​បើ​ចាក់​ថ្នាំ​ខុស​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្លាប់។

តែ​កន្លងម​ក​ច្រើន​តែ​មាន​លក្ខណៈ​ស៊ុម​គ្រ​លុំគ្នា​ជា​មួយ​នឹង​សមត្ថ​កិច្ច និង​មន្ត្រី​បច្ចេក​ទេស​សុខាភិ​បាល​ធំៗ​ដែល​ធ្វើការ​គ្រប់​គ្រង​លើ​សេវា​សុខាភិ​បាល​ឯក​ជន​ហ្នឹង​ពោល គឺនៅ​ពេល​ដែល​គ្រូ​ពេទ្យ​នៅ​គ្លីនិក​ធ្វើ​ខុស​មិន​ដែល​ចាប់​ទោស​អូស​ដំណើរ​នោះ​ទេ។

ប្រជា​ពលរដ្ឋ​ខ្លះ ស្លាប់​ពេល​ឆ្លង​ទន្លេ​ក្តីឬក៏​ស្លាប់​ដោយ​សារ​ចាក់​ថ្នាំឬក៏​ស្លាប់​ ដោយ​សារ​វះ​កាត់​ណា​មួយ​គឺ​គ្រូ​ពេទ្យ​និង​គ្លីនិក​ច្រើន​តែ​រួចខ្លួនដោយ នៅ​ក្នុង​កំណត់​ហេតុ​ពី​គ្លីនិក​ច្រើន​តែ​ដាក់​ថា​ អ្នក​ជំងឺ​បានស្លាប់​តាម​ផ្លូវ​​ពេល​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​ទៅ​មន្ទីរ​ពេទ្យ​ជាតិ​ជាដើម។

ដូច​កាលពី​ដើម​ខែ​នេះ​ ក៏​មាន​គ្រូពេ​ទ្យ​នៅ​គ្លីនិក​មួយ​ក្នុង​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ ១ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​បាន​ដាក់​សេ​រ៉ូ​មឲ្យ​អ្នក​ជំងឺ​ជា​​កម្ម​ការិនី​រោង​ចក្រ​ដែល​មាន​ប័ណ្ណ​ ប​.​ស​.​ស ​ដោយមកព្យួរ​សេរ៉ូមដល់​ផ្ទះ​ជួល​ហើយក៏​បា​ន​​ធ្វើឲ្យ​អ្នក​ជំ​ងឺ​ស្លាប់​មុន​ពេល​អស់សេ​រ៉ូម​​ទៀតផង។

ករណី​​នេះ មាន​សមត្ថ​កិច្ច​ចុះមក​​មើល​និងធ្វើ​កំណត់​ហេតុ​ដែរ តែ​​ក្រោយម​ក​ក៏ស្ងាត់​ឈឹង​ទៅវិញ រីឯគ្រូ​ពេទ្យ​ដែល​ជា​ម្ចាស់​គ្លី​និក​ក៏​គ្មាន​ឃើញ​តុលាកា​រ​ណា​មក​ចេញ​ដីកា​ឃាត់​ខ្លួន​ដើម្បី​សាក​សួរ​ឬស៊ើប​អង្កេត​ថា​តើមកពី​មូល​ហេ​តុ​អ្វី​ទើប​បាន​ជាអ្នក​ជំងឺ​ស្លាប់​ស្រួលៗ​ម្ល៉េះ?

ហើយ​គ្រូពេ​ទ្យ​វិជ្ជា​ជីវៈនៅ​សេវា​ឯក​ជន​នោះក៏​គ្មាន​ទោស​ពៃ​រ៍អ្វី​ទាំង​អស់​។ ហេតុ​ដូច្នេះ​ហើយ​ រាជ​រដ្ឋាភិបាល​គួរ​តែ​អនុវត្ត​ច្បាប់​ឲ្យ​មាន​តុល្យ​ភាព​នឹង​គ្នា​ចំពោះ​សេវា​ឯក​ជន​ ទាំង​គ្រូ​ពេទ្យ​គ្មាន​វិជ្ជាជីវៈ​និង​មាន​វិជ្ជា​ជីវៈ ឲ្យ​តែ​ប្រព្រឹ​ត្ត​ធ្វេស​ប្រហែស​និង​ខុស​ច្បាប់។

ជា​ពិសេស​ចំពោះស្រុក​ប្រតិ​បត្តិ​សុខា​ភិ​បាល​ណា​ដែល​មិន​ទាន់​អនុវត្ត​ពេញ​លេញ​បញ្ហា​សេវា​ឯក​ជន​ខុស​ច្បាប់​ដូច​ជា​គ្រូពេ​ទ្យ​ភូមិ ឆ្មប​បុរាណ និង​ការ​លក់​ឱសថ​ក្លែង​ក្លាយ​ គួរ​តែ​រក​មើល​គំរូ​ស្រុក​ប្រតិ​បត្តិ​ណា​ដែល​គេ​គ្រប់​គ្រង​បាន​ល្អ​គ្មាន​បាតុភាព​អ្វី​កើត​ឡើង​ កុំ​ចាំ​ដល់​ពេល​មាន​អ្នក​ជំងឺ​ស្លាប់​ទើប​បាន​ផ្អើល​មួយ​ប្រាវ​រួច​ក៏ស្ងាត់​ទៅ​វិញ​ដដែល​នោះ៕

ចូលរួម​ផ្តល់យោ​បល់​​តាមរ​យៈ s​oprach​.tong​@​phn​o​mp​enh​pos​t.com