បន្ទាប់ពី​អគ្គលេខាធិការ អង្គការ​សុខភាព​ពិភពលោក​បាន​ដាក់​ជំងឺ​កូវីដ ១៩ ជា​ប្រភេទ​ជំងឺឆ្លង​រាតត្បាត​ (Pandemic) កាលពី​ចុង​សប្ដាហ៍​មុន ដែល​មាន​ប្រទេស​ចំនួន​ ១១៤ ​បាន​ឆ្លង​ជំងឺ​នេះ ហើយ​មនុស្ស​ជិត ១២ ​ម៉ឺន​នាក់​ បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ក្នុងនោះ​មាន​អ្នកស្លាប់​កើនឡើង​ជាង ៤ ​ពាន់​នាក់​ហើយ (The Guardian, 11 March)​។

ប្រទេស​ចិន​ដែល​ជា​ប្រទេស​មាន​អត្រា​ឆ្លង​ខ្ពស់​ជាងគេ​តាំងពី​ដំបូង ហើយ​ទីក្រុង​វូហាន​ក៏ត្រូវ​អាជ្ញាធរ​បានដាក់​ឲ្យ​ស្ថិតនៅក្នុង​ស្ថានការណ៍​ឆ្លើយតប និង​សង្គ្រោះបន្ទាន់​ក៏មាន​អត្រា​ឆ្លង​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​។ តែ​ជំងឺ​កូវីដ​ ១៩ ​នេះ​ត្រូវបាន​សហរដ្ឋអាមេរិក និង​ប្រទេស​នៅ​អឺរ៉ុប​ខ្លះ​ដូចជា​ប្រទេស​អ៊ីតាលី ប្រទេស​បារាំង ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​អេស្ប៉ាញ​កំពុងតែ​ដាក់​ឲ្យ​ស្ថិតនៅក្នុង​ស្ថានភាព​អាសន្ន ដោយសារ​តែមាន​អត្រា​ឆ្លង​ឡើង​លឿន​ពេក​។


ប្រទេស​អ៊ីតាលី​គឺជា​ប្រទេស​ដែល​នាំមុខគេ​ក្នុង​គ្រានេះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ គឺ​រដ្ឋ​ឲ្យ​បិទ​ទាំងអស់​តាំងពី​សាលារៀន កីឡដ្ឋាន ការប្រគំ​តន្ត្រី ផ្សារ និង​កន្លែង​ដែល​អាច​នៅ​ជុំៗ​គ្នា​បាន​ (Mass Gathering)​។


ចំណែកឯ​នៅ​កម្ពុជា​វិញ​ក៏​បាន​ធ្វើ​បច្ចុប្បន្នភាព​ផងដែរ​ចំពោះ​ការវិវឌ្ឍ​ជំងឺ​កូវីដ​១៩ បន្ទាប់ពី​មាន​អ្នកជំងឺ​ឆ្លង​មានការ​កើនឡើង​ដល់ ១២ ​នាក់​ហើយ​ក្នុង​នោះ​មាន​ខ្មែរ​ម្នាក់ និង​ខ្មែរ​អ៊ិស្លាម​ ២ ​នាក់​ក្រៅពី​នោះ​សុទ្ធតែ​ជនបរទេស មាន​ចិន អង់គ្លេស កាណាដា និង​ប៊ែលហ្ស៊ិក​។


កម្ពុជា​ចូលដល់​សេណារីយ៉ូ​ទី​ ៣ ​ហើយ​គឺ​សម្រេច​ផ្អាក​ទិដ្ឋាការ​ជនបរទេស​មកពី​ប្រទេស​ចំនួន​ ៥ ក្នុង​នោះ​រួមមាន​អ៊ីតាលី បារាំង អាល្លឺម៉ង់ អេស្ប៉ាញ​សហរដ្ឋ-អាមេរិក និង​ប្រទេស​អ៊ីរ៉ង់​រយៈពេល​ ៣០ ​ថ្ងៃ​ជា​បណ្តោះអាសន្ន​សិន​។


រីឯ​សាលារៀន​ត្រូវ​បិទ​ធ្វើ​វិស្សមកាល​មុន​កាលកំណត់ រីឯ​ការរៀបចំ​បុណ្យ​សង្ក្រាន្ត​ចូលឆ្នាំ​នៅ​ខេត្ត​សៀមរាប​ក៏​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ឲ្យ​ផ្អាក​សិន​ដែរ​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​នេះ​។


តែ​អ្វីដែល​សង្កេតឃើញ​ថា បើ​ទោះបី​ជាមាន​ការឆ្លង​ភាគច្រើន​ជា​ជនជាតិ​បរទេស​ក្តី គឺ​ប្រជាពលរដ្ឋ​ហាក់បី​ដូចជា​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការកុំ​ឲ្យ​ឆ្លង​ដូចជា​មាន​ការចាប់ផ្តើម​ពាក់​ម៉ាស់​បណ្តើរៗ​ហើយ​ដែរ​។

តែ​ផ្ទុយទៅវិញ​ជនបរទេស​ដែល​ចូលមក​ស្រុក​ខ្មែរ កម្រ​ពាក់​ម៉ាស់​ទៅវិញ​ហាក់បី​ដូចជា​មិនបាន​ត្រៀម​មុន​សោះ​ហើយ​ខ្លះទៀត​ដូចជា​មិនសូវ​ខ្វាយខ្វល់​ពី​ការចម្លង​រោគ​នេះ​ទៅវិញ​។ អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​គឺ​បញ្ហា​ជនបរទេស​ខ្លះ​មាន​ការសង្ស័យថា ខ្លួន​អាច​មាន​ផ្ទុកមេរោគ​កូវីដ​ ១៩ ក៏​នៅតែ​មិន​ព្រមទៅ​ធ្វើតេស្ត ឬ​ក៏​ព្យាយាម​គេច​ចេញ​ពី​សមត្ថកិច្ច​ទៅវិញ​។

ឧទាហរណ៍​ប្រសិនបើ​មាន​ករណី​សង្ស័យ​ជនបរទេស​ម្នាក់​មាន​ផ្ទុក​មេរោគ​កូវីដ​១៩​ជា​អ្នកទេសចរ​ដែល​ត្រូវបាន​រាយការណ៍​ពី​ប្រទេស​នៅ​អាស៊ាន​ថា គាត់​សង្ស័យ​ផ្ទុកមេរោគ​កូវីដ ១៩ ​ហើយ​គាត់​បាន​ចូលមក​ស្រុក​ខ្មែរ​។

ករណី​ជនបរទេស​នោះ​មិន​ព្រម​សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូវីដ ១៩ ​នេះ​វា​គឺជា​បញ្ហាលំបាក​សម្រាប់​សមត្ថកិច្ច​ហើយ​បើសិនជា​ជន​នោះ​ព្យាយាម​ធ្វើ​ឲ្យ​កម្តៅ​ថយចុះ​គឺ​គាត់​អាច​លេបថ្នាំ​ប៉ារ៉ាសេតាម៉ុល​តែ​ ២ ​គ្រាប់ សីតុណ្ហភាព​ក្នុង​ខ្លួន​គាត់​ត្រជាក់​ក្រោម ៣៨ ​អង្សារ​នោះ​គឺ​ម៉ាស៊ីន​ស្គែន​កម្តៅ​នៅតាម​ច្រក ឬ​ក៏​នៅតាម​ព្រលានយន្តហោះ​អន្តរជាតិ មិន​លោត​សញ្ញា​នោះទេ​។

ម្យ៉ាងទៀត​ប្រសិនបើ​មាន​មន្ត្រី​ចត្តាឡីស័ក​ឲ្យ​គាត់​បំពេញ​កម្រង​សំណួរ​ពី​ប្រវត្តិ​ធ្វើដំណើរ​ក៏​គាត់​គូស​ «​ទេ​» ​រហូត​ព្យាយាម​លាក់​ប្រវតិ្ត​ធ្វើដំណើរ​របស់​គាត់ ហើយ​គាត់​ចូលក្នុង​ស្រុក​ខ្មែរ​ធ្វើ​មិនដឹង​។

ក្នុងករណី​នេះ​រាជរដ្ឋាភិបាល​គួរតែ​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​ពី​សហគមន៍​ជាពិសេស​ការសហការ​រវាង​អាជ្ញាធរ​ដែនដី​ជាមួយ​ម្ចាស់​សណ្ឋាគារ ម្ចាស់ ផ្ទះសំណាក់ ម្ចាស់​ផ្ទះជួល ឬក៏​ខុនដូ​ជួល​ឲ្យ​ជនបរទេស​ដែល​សង្ស័យថា​មាន​ផ្ទុកមេរោគ​កូវីដ​១៩​ឲ្យ​ផ្តល់​អត្តសញ្ញាណ​របស់គាត់​មក​មន្ត្រី​សមត្ថកិច្ច ដើម្បី​លើកទឹកចិត្ត​គាត់​ឲ្យ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​ ១៩ ​ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លងទៅ​អ្នកដទៃ ប្រសិន​គាត់​មាន​ផ្ទុកមេរោគ​នេះ​។

មានន័យថា​រាល់​អ្នក​ចូល​ស្នាក់នៅ​កន្លែង​របស់​ខ្លួន​ត្រូវ​ស្គែន​ប៉ាស្ព័រ​អ្នក​ចូលមក​ស្នាក់នៅ​ទុក​ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ជាបន្ទាន់ ប្រសិន​បើ​មាន​ឈ្មោះ​ជនសង្ស័យ​ផ្ទុកមេរោគ​កូវីដ​ ១៩​នេះ​។

ចំណុច​នេះ​ម្ចាស់ផ្ទះ​សំណាក់ ឬ​ក៏​ម្ចាស់​សណ្ឋាគារ​នៅ​ស្រុក​ខ្មែរ​ភាគច្រើន​មិនបាន​យកចិត្ត​ទុកដាក់​ក្នុងករណី​ស្គែន​ប៉ាស្ព័រ​ឈ្មោះ ឬ​ក៏​ស្រង់​ឈ្មោះ​អ្នក​មក​ស្នាក់នៅ​កន្លែង​របស់ខ្លួន​នោះទេ គឺ​ឲ្យ​តែ​អ្នកដំណើរ​បរទេស​ឲ្យ​លុយ​គឺ​ចូលដេក​បាន​ហើយ​ពោល​គឺ​ឲ្យ​តែ​បាន​លុយ​។

ខុសពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ដែល​ខ្ញុំ​មាន​បទពិសោធ​ដើរលេង​ស្ពាយ​សាក់​កាដូ​គឺ​មាន​ការតឹងរ៉ឹង​ណាស់ រាល់​អ្នកដំណើរ​ចូល​ស្នាក់នៅ​ផ្ទះសំណាក់​គឺ​ស្គែនប៉ាស្ព័រ​ទុក​មាន​ឈ្មោះ​អ្នក​សម្រាក​ទាំងអស់ បើ​នៅ​ប្រទេស​វៀតណាម​គឺ​អាជ្ញាធរ​ដក​ប៉ាស្ព័រ​ទុក​បាត់​ព្រលឹម​ឡើង​ម៉ោង​ ៥ ​ភ្លឺ​បាន​យក​មក​ឲ្យ​ភ្ញៀវ​វិញ​។

ម្យ៉ាងវិញទៀត​ការ​ឆែក​ឈ្មោះ​តាម​ធនាគារ​ប្រសិន​បើ​ជនសង្ស័យ​មក​ធនាគារ ឬ​ក៏​តាម​ប្រព័ន្ធ​ឌីជីថល​ផ្សេងៗ​ទៀត​ដែល​គាត់​អាច​ប្រើប្រាស់​នោះ​ដូចជា ការទិញ​ស៊ីម​កាត​ប្រើ​ទូរស័ព្ទ និង​ការទិញ​ទំនិញ​ឆូត​កាត ATM អាច​លោត​លេខ និង​ឈ្មោះ​បាន​ពេល​ចុះហត្ថលេខា​។

រីឯ​ការដក​លុយ​តាម ATM ក៏​ធនាគារ​អាច​រក​អត្តសញ្ញាណ​ដឹងបាន​ដល់​សមត្ថកិច្ច​ដែរ​។ ហេតុដូច្នេះ​ហើយ​គួរ​មាន​កិច្ច​សហការគ្នា ប្រសិន​បើ​ករណី​ចាំបាច់​ដែល​សមត្ថកិច្ច​តាម​ស្វែងរក​ជនសង្ស័យ​ថា​មាន​ផ្ទុកមេរោគ​កូវីដ​១៩​នេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ឆ្លង​កូវីដ​ ១៩ ដ៏កាច​សាហាវ​នេះ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com