ព្រឹត្តិការណ៍សហគមន៍ ២៨ ខែវិច្ឆិកា គឺជាការចាប់ផ្តើមចម្លងជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ដែលចាប់ផ្តើមពីសមាជិកក្រុមគ្រួសារមកដៃគូប្តីប្រពន្ធ បងប្អូនឆ្លងទៅអ្នកធ្វើការជាមួយគ្នាចេញពីបុគ្គលិកមកចម្លងភ្ញៀវដែលចូលហាង។ ចម្លងចេញពីភ្ញៀវទៅមិត្តភក្តិ ដូចករណីយុវជនអាយុ ៣៥ ឆ្នាំ បានចម្លងទៅមិត្តភក្តិស្រីរបស់ខ្លួនអាយុ ២៦ ឆ្នាំ ដែលចេញដើរកម្សាន្តជាក្រុមទៅស្នាក់នៅស្រុកស្នួលខេត្តក្រចេះ ហើយទៅលេងនៅខេត្តមណ្ឌលគិរីដែលនេះគឺជាលទ្ធផលនៃសកម្មភាពដែលបាន និងកំពុងរុករកអ្នកដែលប៉ះពាល់ផ្ទាល់ និងមិនផ្ទាល់ទៅនឹងអ្នកជំងឺកូវីដ ១៩ នោះ (Contact tracing) ដោយមន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច។
ករណីចម្លងចុងក្រោយ រកឃើញដែលចាប់ផ្តើមចម្លងក្នុងចំណោមយុវជនបែបនេះធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះឥរិយាបថរបស់យុវវ័យ ដែលសប្បាយភ្លេចខ្លួន មិនពាក់ម៉ាស់ជាប្រចាំដោយគិតថាអត់អីៗ ជាពិសេសយុវវ័យដែលមានគូសង្សារ ឬក៏កំពុងតែចាប់ផ្តើមមានស្នេហា។
បើទោះបីជាពួកគេមិនទាន់ឈានដល់ការរួមភេទទុំមុនស្រគាលក៏ដោយ តែពួកគេអាចចាប់ផ្តើមពីភាពស្និទ្ធស្នាលនៅផ្អែមល្អែមនៅកៀកកើយគ្នា ខ្លះឈានដល់ការឱបថើបគ្នា ដោយមិនពាក់ម៉ាស់ ឬ ក៏ពាក់ម៉ាស់ដែរតែទាញចុះក្រោម (Mask undone)។ នៅពេលដែលមានករណីឆ្លងជំងឺកូវីដ ១៩ ក្នុងចំណោមយុវវ័យភ្លាម ឪពុកម្តាយទាំងសងខាងរបស់យុវជន និងយុវតីចាប់ផ្តើមសួររកប្រភពឆ្លងពីណាមក ឬក៏ចោទប្រកាន់គ្នាទៅវិញទៅមក តែនៅពេលកូនៗដែលជាយុវវ័យដើរលេងកម្សាន្តជាមួយគ្នា ឪពុកម្តាយមិនសូវសួររកទេ ទោះបីជាក្នុងបរិបទជំងឺកូវីដ ១៩ នេះក៏ដោយ។
ដូចករណីនៅប្រទេសអឺរ៉ុប និងនៅសហរដ្ឋអាមេរិកមួយចំនួន យុវវ័យមិនជឿបែរជានាំគ្នាមិនខ្លាចជំងឺកូវីដ១៩នោះទេ តែនាំគ្នាដើរហើរផឹកស៊ីពេញបារ៍ និងកន្លែងកម្សាន្ត ខ្លះមានរហូតដល់ទៅរៀបចំពិធីជប់លៀងជំងឺកូវីដ១៩នេះទៀត (COVID-19 party)។ យុវជនម្នាក់អាយុ ៣០ ឆ្នាំ នៅរដ្ឋតិចសាស់នៃសហរដ្ឋអាមេរិកដែលបានចូលរួមពិធីកូវីដ ១៩ នោះ បានឆ្លងជំងឺកូវីដ ១៩ ហើយបានស្លាប់ដោយសារតែជំងឺកូវីដ ១៩ នេះ ហើយបានផ្ញើសារស្តាយខ្លួនខុសជាក្រោយមុនមរណៈ (KNOE, 12 July 2020)។
បើតាមទិន្នន័យនៃការឆ្លងដំបូងៗនៅប្រទេសអ៊ីតាលីគឺ ១ ភាគ ៤ នៃអ្នកជំងឺកូវីដ ១៩ មានអាយុ (១៩ ទៅ ៥០ ឆ្នាំ) នៃអ្នកជំងឺសរុបទាំងអស់ ២៨ ០០០ នាក់ (FORTUNE, 19 March 2020)។ យុវវ័យ ១ គូដែលឆ្លងមេរោគកូរីដ ១៩ នៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកបានជាសះស្បើយ ហើយផ្ញើសារទៅកាន់សាធារណជន និងរំឭកដល់យុវវ័យ មនុស្សពេញវ័យមានកម្លាំងមាំមួនក៏នៅតែមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ ១៩ ដែរ។ នេះបើតាមសារព័ត៌មាន ABC News ដែលបានចុះផ្សាយកាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០។
ម្យ៉ាងវិញទៀតនៅរដ្ឋមួយចំនួននៃសហរដ្ឋអាមេរិកមានការកើនឡើងខ្លាំងនូវការឆ្លងជំងឺកូវីដ ១៩ ក្នុងខែមិថុនា និងខែកក្កដា ឆ្នាំនេះក្នុងចំណោមមនុស្សអាយុពី ២០ ទៅ ៤០ ឆ្នាំ ដល់ទៅ ៦០ ភាគរយជាមធ្យមនៃអ្នកឆ្លងសរុបតាមរដ្ឋនីមួយៗ ហើយពួកគេអាចចម្លងទៅមនុស្សចាស់ជាក្រុមងាយរងគ្រោះធ្លាក់ខ្លួនឈឺស្លាប់បាន (Vox, 18 July 2020)។
មកទល់ពេលនេះកម្ពុជាពុំមាននរណាម្នាក់ស្លាប់ដោយសារតែជំងឺកូវីដ ១៩ នៅឡើយទេ តែមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុប ៣៦២ នាក់ មានអ្នកជាសះស្បើយដល់ ៣១២ នាក់។ ជារួមស្ថានភាពជំងឺកូវីដ ១៩ បច្ចុប្បន្នភាពនេះគឺកម្ពុជានៅតែបន្តស្វែងរកអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដើម្បីមកធ្វើតេស្ត និងទប់ទល់ទៅនឹងការរីករាលដាលឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
ប្រសិនបើបានទទួលថ្នាំវ៉ាក់សាំងបង្ការការពារជំងឺកូវីដ ១៩ ក៏ដោយ មិនមែនបានន័យថា មានសីល ជំងឺកូវីដ ១៩ ចូលមិនចុះនោះទេ ព្រោះការចម្លងនៅតែមានឱកាសអ៊ីចឹង ចំពោះថ្នាំបង្ការកូវីដ ១៩ មិនទាន់មានក្រុមហ៊ុនណាមួយបញ្ជាក់ថា ទប់ទល់បាន ១០០ ភាគរយនៅឡើយទេ យ៉ាងច្រើនបានតែ ៩៥ ភាគរយទេ គឺក្រុមហ៊ុន Moderna របស់សហរដ្ឋអាមេរិកអ៊ីចឹងនៅសល់ ៥ ភាគរយទៀត នៅតែមានឱកាសឆ្លងប្រសិនបើប្រព័ន្ធស៊ាំក្នុងសារពាង្គកាយយើងចុះខ្សោយនោះ។ តែទោះយ៉ាងណា រាជរដ្ឋាភិបាល និងសប្បុរសជន កំពុងតែដុតដៃដុតជើងជួយជាថវិកាយ៉ាងសស្រោកសស្រាំដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នេះ ដែលមកទល់ពេលនេះទទួលបានប្រមាណជិត ៥០ លានដុល្លារហើយ។
សម្រាប់ការចូលរួមរបស់យុវវ័យក្នុងបញ្ហាទប់ស្កាត់ជំងឺកូវីដ ១៩ នេះ គឺត្រូវធ្វើកិច្ចការងាយៗសាមញ្ញៗ ដូចជា ការដាក់វិន័យខ្លួនឯងក្នុងការពាក់ម៉ាស់ និងលាងដៃជាមួយនឹងអាល់កុល ឬក៏ជែលជាប្រចាំ រក្សាគម្លាតសង្គមមិនចូលរួមក្នុងការប្រគំតន្ត្រីធំៗ ឬក៏កន្លែងដែលមានមនុស្សច្រើនណែនណាន់តាន់តាប់ រក្សាគម្លាតសុវត្ថិភាពបើទោះបីជាសង្សារនឹងគ្នាក៏ដោយ។
បើមានស្នេហាគួរចៀសវាងការឱបថើបគ្នា ការគេងជាមួយគ្នាក្នុងបន្ទប់បិទជិត និងការហូបគ្រឿងស្រវឹងប្រើកែវចូលគ្នានោះជាដើម។ រីឯឪពុកម្តាយនៅពេលនេះ ក៏គួរយកចិត្តទុកដាក់មើលកូនចៅដែលជាយុវវ័យ ពីព្រោះអាចងាយរងគ្រោះជំងឺកូវីដ១៩នេះ ដោយសារតែមានការចម្លងពីមិត្តភក្តិ ឬសង្សាររបស់ពួកគេ ហើយបើមិនចាំបាច់ទេ មិនគួរអនុញ្ញាតឱ្យកូនចេញក្រៅដើររកេតរកូតនោះទេ នៅក្នុងបរិបទជំងឺកូវី ១៩ នោះ។
ជាងនេះទៅទៀត គឺការផ្តល់ប្រឹក្សាពីគ្រូពេទ្យឱ្យបានច្បាស់លាស់ដល់អ្នកជំងឺកូវីដ ១៩ បន្ទាប់ពីចាកចេញពីមន្ទីរពេទ្យរួចហើយថា តើពួកគេគួរតែនៅផ្ទះធ្វើចត្តាឡីស័ក ១៤ ថ្ងៃទៀត? ឬក៏នៅពេលដែលអនុញ្ញាតឱ្យដើរចេញត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានហ្មត់ចត់? ដើម្បីចៀសវាងការលាប់ជំងឺឡើងវិញ ដូចករណីយុវជន និងស្ត្រីវ័យក្មេង ២ នាក់ ដែលត្រូវបានក្រសួងសុខាភិបាលរកឃើញថា ជាប្រភពចម្លងនៃព្រឹត្តិការណ៍សហគមន៍ថ្ងៃទី ២៨ ខែវិច្ឆិកា ដោយគាត់ដើរពេញទឹកពេញដី ដោយមិនពាក់ម៉ាស់ពេលចូលហាងបិទជិត ដែលចម្លងចូលសហគមន៍ដល់យុវជនផ្សេងៗទៀត ដោយមិនដឹងខ្លួននោះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com