នៅ​ថ្ងៃទី​ ១២ ខែ​ធ្នូ សប្តាហ៍​ក្រោយ​នេះ​គឺជា​ទិវា​ជាតិ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​លើក​ទី ១២ ​នៅ​ឆ្នាំ​នេះ​។

តាមរយៈ​ការសិក្សា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ (IOM) ​ឆ្នាំ ២០១៧ ក្នុង​ចំណោម​ពលករ​ចំណាកស្រុក​ពី​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​ចំនួន​ ១៨០០ ​នាក់​ដែល​ទើប​ត្រឡប់​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​បាន​បង្ហាញ​ថា ៩៣ ​ភាគរយ​នៃ​ពួកគេ​បាន​សម្រេច​ចិត្ត​ទៅ​ធ្វើការ​នៅ​ក្រៅ​ស្រុក គឺ​ចង់​ផ្ញើ​លុយ​មក​ផ្ទះ​វិញ ដោយសារ​តម្រូវការ​ជីវភាព​ប្រចាំ​គ្រួសារ​ខ្លាំង​ជំពាក់​បំណុល​គេ កូន​រៀន សន្សំ​លុយ និង​ទុក​ជួយ​សមាជិក​គ្រួសារ​។


អ៊ីចឹង​ហើយ​បាន​ជា​ទៅ​មើល​តាម​ភូមិ​នៅ​ស្រុក​ខ្មែរ ឡើង​ស្ងាត់​ភូមិ​សល់​តែ​យាយ​តា​នៅ​មើល​ចៅ​គឺ​មនុស្ស​ពេញ​វ័យ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​បរទេស​ទាំង​មាន​ឯកសារ​ផ្លូវច្បាប់ និង​មិនមាន​ឯកសារ​អ្វី​សោះ​ក៏​ទៅ​ដែរ​។ គ្រាន់តែ​ទិន្នន័យ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ប្រមាណ​ជាង​ ១ ​លាន ៧ ម៉ឺន​នាក់​កំពុង​ធ្វើការ​ស្រប​ច្បាប់​នៅ​ទី​នោះ​ដែល​អន្តរក្រសួង​រវាង​ប្រទេស​កម្ពុជា និង​ថៃ​បាន​ចុះ​ទៅ​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​ទាំងនោះ​ថ្មីៗ​ផង​ដែរ​។


តែ​ទោះបី​ជា​យ៉ាងណា​ក៏​នៅ​មាន​ពលរដ្ឋ​ខុស​ច្បាប់​ដែល​ចាញ់​បោក​មេខ្យល់​ធ្វើការ​អត់​មាន​ឯកសារ​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មកវិញ​ជា​រៀងរាល់​ខែ​ប្រមាណ​ ៥ ពាន់​នាក់​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​។


តាមរយៈ​ចំណាកស្រុក​នេះ​ក៏​មាន​ពលករ​ខ្មែរ​មួយ​ចំនួន​ត្រូវ​បាន​គេ​ជួញដូរ​លក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​។


បើ​តាម​ការសិក្សា​ស្រាវជ្រាវ​បែប​លឿន (Rapid Survey, 2010) នៃ​គម្រោងការ​អន្តរភ្នាក់ងារ​របស់ អ.ស.ប ស្តីពី​បញ្ហា​ជួញដូរ​មនុស្ស​ (UNIAP) ធ្វើការ​សម្ភាស​ពលករ​ខ្មែរ​ធ្វើការ​មិន​មាន​ក្រដាស​ស្នាម​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​នៅ​ច្រក​ប៉ោយប៉ែត​ព្រំដែន​ខ្មែរ-ថៃ​បាន​បង្ហាញ​ថា​ ១ ​ភាគ​ ៤ ​នៃ​ចំនួន​សរុប ​៤០០ ​នាក់​គឺជា​ជនរងគ្រោះ​ដោយសារ​ការជួញដូរ និង ១ ភាគ ៣ ​នៃ​ពួកគេ​ដែល​ផ្តល់​សម្ភាស​ឲ្យ​ដឹងថា ពួកគេ​ធ្លាក់​ខ្លួន​ក្លាយ​ជា​ជនរងគ្រោះ ដោយ​បាន​ត្អូញត្អែរ​ពី​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ក្រៅ​ប្រទេស​។


តែ​បើ​មើល​ទៅ​លើ​របាយការណ៍​ប្រឆាំង​នឹង​ការទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​នៅ​ស្រុក​ខ្មែរ​មាន​ភាព​ផ្សេងៗ​គ្នា​ទៅ​តាម​ស្ថាប័ន បើ​លទ្ធផល​បូកសរុប​របស់​រដ្ឋាភិបាល​គឺ​ក្រសួង​មហាផ្ទៃ​និយាយ​អំពី​ការចាប់​ជនល្មើស រំដោះ​ជនរងគ្រោះ និង​ការអនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​។ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវភេទ​បាន​ចំនួន​ ១៥៩ ​ករណី​នៅក្នុង​ឆ្នាំ​ ២០១៧ ​កន្លង​ទៅ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ​គឺ​មាន​ការកើនឡើង​ ៦៧ ​ករណី​។ រីឯករណី​រំដោះ​ជនរងគ្រោះ​ដែល​សង្គ្រោះ​បាន​ក្នុង​ករណី​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​សរុប​ចំនួន ៣៤៥ ​នាក់​។

បើ​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​ ២០១៧ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​ ២០១៨ របស់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​គឺ​បាន​បងា្ហញ​លម្អិត​អំពី​សកម្មភាព​របស់​ការងារ​អន្តរក្រសួង​ពាក់ព័ន្ធ​ទាំង​បទដ្ឋាន​ជាតិ និង​កិច្ចសហប្រតិបតិ្តការ​អន្តរជាតិ អង្គការ​ដៃគូ និង​បណ្តា​ក្រុមហ៊ុន​ឯកជន​ស្រប​ច្បាប់​ក្នុង​ការ​ចូលរួម​ទប់ស្កាត់ និង​ប្រឆាំង​ការជួញដូរ​មនុស្ស​។

តែ​ទោះ​យ៉ាង​ណា​ក៏​របាយការណ៍​នេះ​បាន​បង្ហាញ​ពី​ការ​ប្រឈម និង​ខ្វះខាត​ផង​ដែរ ជាពិសេស​រឿង​ថវិកា​តាម​ស្ថាប័ន​សម្រាប់​ការ​គាំពារ​ជនរងគ្រោះ​ដោយសារ​ជួញដូរ​ផង​ដែរ​។

តែ​បើ​មើល​តាម​របាយការណ៍​របស់​បណ្តា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​តាមដាន​ករណី​ជួញដូរ​មនុស្ស​វិញ គឺ​បាន​បង្ហាញ​ជា​ករណីៗ​ដែល​លម្អិត​ទៅ​ជនរងគ្រោះ​ដោយសារ​ចាញ់បោក​គេ​យក​ទៅ​លក់​តាមរយៈ​រៀបការ​ទៅ​ស្រុក​ចិន​រងគ្រោះ​វេទនា​រង​ការរំលោភបំពាន និង​បាត់បង់​នីតិសម្បទា និង​ករណី​ជនរងគ្រោះ​ដែល​ត្រូវ​គេ​លក់​បន្ត​មកពី​ម៉ាឡេស៊ី​ទៅ​ដល់​ហុងកុង​ចិន​កោះ​តៃវ៉ាន់​ ឬ​ក៏​ពី​ធ្វើការ​ពី​សមុទ្រ​ថៃ​ត្រូវ​បាន​គេ​លក់​ទៅ​ធ្លាក់​ដល់​ប្រទេស​ឥណ្ឌា​ក៏​មាន​ដែរ​។

បើ​តាម​គម្រោង​ចំណាយ​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​ ២០១៨ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចំពោះ​ថវិកា​ក្រសួង​សង្គមកិច្ច​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​សម្រាប់​ជនរងគ្រោះ​ដោយសារ​ការជួញដូរ​ដែល​មាន​ចែង​ក្នុង​ខ្ទង់​ចំណាយ​នៅ​ក្នុង​អនុកម្មវិធី​ទី ​១៖ ដែល​លើក​ឡើង​សម្រាប់​ចំណាយ​ការអភិវឌ្ឍ​សុខុមាលភាព​សម្រាប់​ជនរងគ្រោះ និង​សម្រាប់​ជន​ងាយ​រងគ្រោះ និង​កិច្ចការ​គ្រួសារ និង​អនុកម្មវិធី​​ទី​ ២៖ អភិវឌ្ឍន៍​សុខុមាលភាព​កុមារ និង​យុវនី​តិសម្បទា​សរុប​បាន​តែ ១៥៧៨៣ លាន​រៀល (​ប្រមាណ​ជា​ ៤ ​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​) ​ក្នុង​ ១ ​ឆ្នាំ​។

ដូច្នេះ​ថវិកា​នេះ​មាន​តិចតួច​ណាស់​សម្រាប់​បម្រើការ​នៅ​មន្ទីរ​សង្គមកិច្ច​តាម​ខេត្ត និង​រាជធានី​នៅ​កន្លែង​ផ្តល់​សេវា​ដែល​ជា​ (​មណ្ឌល​ស្តារនីតិសម្បទា​) ​និង​ការធ្វើ​សមាហរណកម្ម​ទៅក្នុង​គ្រួសារ និង​សហគមន៍​ដូច​ដែល​មាន​ចែង​នៅក្នុង​ប្រព័ន្ធ​បញ្ជូន​នៃ​គោលការណ៍​ណែនាំ​ស្តីពី​បែបបទ និង​នីតិវិធី​នៃ​ការកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ដើម្បី​ផ្តល់​សេវា​សមស្រប​ឆ្នាំ​ ២០១៥ និង​គោលនយោបាយ និង​បទដ្ឋាន​អប្បបរមា​ស្តីពី​កិច្ចការពារ​ជនរងគ្រោះ​ដោយសារ​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​ ២០០៩​។

ដោយសារ​មាន​ការ​ខ្វះខាត​ថវិកាជាតិ​នេះ​ហើយ​បាន​ជា​នៅក្នុង​គោលការណ៍​ណែនាំ​នេះ​ត្រូវការ​ជំនួយ​ពី​អង្គការ​ដៃគូ​ដើម្បី​ឲ្យ​ដំណើរការ​បាន​ដូចជា​មណ្ឌល​ស្តារនី​តិសម្បទា​ដែល​រួមមាន​សេវា​ផ្តល់​ប្រឹក្សា សេវា​សុខាភិបាល សេវា​គាំទ្រ​ផ្លូវច្បាប់ សេវា​ស្តារនីតិសម្បទា សេវា​អប់រំ សេវា​ជំនាញ​វិជ្ជាជីវៈ​ជាដើម​។ ​តែ​បើ​អស់​ជំនួយ​សេវា​ទាំង​នេះ​ក៏​បាត់​ទៅ​វិញ​ដែរ​ពោល​គឺ​មិន​មាន​និរន្តរភាព​នោះ​ទេ​។

ជាងនេះទៅទៀត គឺ​នៅ​បណ្តា​ប្រទេស​ដែល​ជួប​បញ្ហា​ការ​ជួញដូរ​មនុស្ស​ដូច​នៅ​ប្រទេស​កម្ពុជា គឺ​ត្រូវ​បាន​គេ​លើក​ឡើង​មក​ពិភាក្សា​គ្នា​នៅ​ក្នុង​សន្និសីទ​ដែល​រៀបចំ​ដោយ​ទីភ្នាក់​ងារសារព័ត៌មាន Thomson Reuters Foundation ស្តីពី​ការ​ជូញដូរ​មនុស្ស និង​ការ​ធ្វើ​ការ​ងារ​ហួស​កម្លាំង​នៅសម័យ​ទំនើប ដែល​ខ្ញុំ​បាន​ចូលរួម កាល​ពី​ខែ​វិច្ឆិកា កន្លង​ទៅ​នេះ នៅទីក្រុងឡុងដ៍ ចក្រភព​អង់គ្លេស នោះ គឺ​ត្រូវ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋ​ក្នុង​ការ​បង្កើត​បន្ថែម និង បំពេញ​សំ​ណុំ​អប្បរមា​នៃ​ការ​ស្តារ​នីតិសម្បទា​នេះ ពោល​គឺ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​ស្តង់ដារ​សម្រាប់​ជន​រងគ្រោះការ​ជួញដូរ​មនុស្ស។

ហេតុ​ដូច្នេះ​ហើយ​ទាំង​គោលនយោបាយ​ចាស់ និង​គោលការណ៍​ថ្មី​នេះ​គួរ​តែ​កែសម្រួល​ឲ្យ​បាន​ប្រសើរ​ឡើង​ដោយ​មាន​ភាព​ជា​ម្ចាស់ការ​ក្នុង​ការ​ដោះស្រាយ​ចំពោះ​ការស្តារ​នីតិសម្បទា​ចំពោះ​ជនរងគ្រោះ​ដោយសារ​អំពើ​ជួញដូរ​នេះ​គឺ​មាន​ន័យ​ថា​រដ្ឋ​គួរតែ​ដំឡើង​ថវិកាជាតិ និង​កាត់​បន្ថយ​ថវិកា​ជំនួយ​ពី​អង្គការ​ដៃគូ ដើម្បី​ឲ្យ​មាន​និរន្តរភាព និង​ភាព​ជា​ម្ចាស់​ប្រទេស​របស់​ខ្លួន​ព្រោះ​ពឹង​លើ​ថវិកា​អង្គការ​គឺ​មិន​ស្ថិតស្ថេរ​នោះ​ទេ​។

លើស​ពី​នេះ​រាជរដ្ឋាភិបាល​គួរតែ​បង្កើន​ខ្ទង់ចំណាយ និង​បង្កើត​បន្ថែម​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​ពេញលេញ​ទាំង​នៅ​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​សម្រាប់​ជនរងគ្រោះ​ដោយសារ​អំពើ​ជួញដូរ​មនុស្ស និង​ផ្លូវភេទ​ឲ្យ​ដូច​ការយក​ចិត្ត​ទុកដាក់​ការគិតគូរ​ពី​គុក​តូច​ចង្អៀត​សម្រាប់​អ្នក​ទោស​ដែល​ប្រព្រឹត្ត​បទល្មើស​។

មិន​តែ​ប៉ុណ្ណោះ​រដ្ឋ​ក៏​កំពុង​តែ​សាងសង់​ពន្ធនាគារ​បំពាក់​ឧបករណ៍​ទំនើបៗ​សម្រាប់​អ្នក​ទោស​អ្នកមានៗ ដែល​យក​គំរូ​ពី​ប្រទេស​ជឿនលឿន​ដូច​នៅ​សហរដ្ឋអាមេរិក អូស្ត្រាលី និង​នូវែលសេឡង់​ទៀត​ផង​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com