សំណួរ៖ ​មាន​ការ​រាយការណ៍​ថា កិច្ចប្រជុំ​លើក​ទី​ ១ ​នៃ​ក្រុមប្រឹក្សា ប្រឹក្សា​យោបល់​នៃ​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅក្នុង​ទីក្រុង​ប៉េកាំង​។ តើ​លោកស្រី​អាច​ផ្តល់​ព័ត៌មាន​លម្អិត​ជាង​នេះ​ដល់​យើង​បាន​ទេ​?

ចម្លើយ​៖ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ក្រសួង​ការបរទេស​បាន​ចេញ​ព័ត៌មាន​ពាក់ព័ន្ធ រួម​ទាំង​បញ្ជី​សមាជិក​នៃ​ក្រុមប្រឹក្សា​ប្រឹក្សា​យោបល់​។ ខ្ញុំ​សូម​និយាយ​ ២-៣ ​ពាក្យ​បន្ថែម​ទៀត​អំពី​បញ្ហា​នេះ​។ ទី​ ១ ក្រុមប្រឹក្សា ប្រឹក្សា​យោបល់​គឺជា​ស្ថាប័ន​ប្រឹក្សា​យោបល់​គោលនយោបាយ​អន្តរជាតិ និង​ជា​ស្ថាប័ន​មិន​ស្វែងរក​ប្រាក់​ចំណេញ​ដែល​មាន​សមាសភាព​ជន​ល្បីៗ​អន្តរជាតិ​មកពី​ទូទាំង​ពិភពលោក រួម​ទាំង​អតីត​ឥស្សរជន អតីត​ប្រធាន​អង្គការ​អន្តរជាតិ សាស្ត្រាចារ្យ​ល្បីៗ និង​មនុស្ស​មកពី​សហគមន៍​ពាណិជ្ជកម្ម​។ ពួកគេ​ចូលរួម​ជាមួយ​ក្រុមប្រឹក្សា​ប្រឹក្សា​យោបល់​ក្នុង​ឋានៈ​បុគ្គល​ជា​ជាង​តំណាង​ឲ្យ​ប្រទេស ឬ​ស្ថាប័ន​ណា​មួយ​។


ទី​ ២ ការបង្កើត​ក្រុមប្រឹក្សា​ប្រឹក្សា​យោបល់​មាន​គោលបំណង​ប្រមូល​មតិយោបល់ និង​សំណើ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដោយ​មាន​គោលការណ៍​ស្វែងរក​អត្ថប្រយោជន៍​រួម​គ្នា​តាមរយៈ​ការពិគ្រោះ​យោបល់​ទូលំទូលាយ​ និង​ការរួមចំណែក​រួម​គ្នា ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ ដំណើរការ​បង្កើត​នេះ​មាន​លក្ខណៈ​បើក​ចំហ មាន​លក្ខណៈ​រួមបញ្ចូល និង​តម្លាភាព​។


យើង​បាន​យក​យោបល់​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ហើយ​ជម្រាប​ស្ថានទូត​បរទេស​នានា​ក្នុង​ប្រទេស​ចិន​អំពី​ព័ត៌មាន​ពាក់ព័ន្ធ​។ បន្ទាប់ពី​ទទួល​បាន​ការឯកភាព​ពី​សមាជិក​ទាំងអស់​នៃ​ក្រុមប្រឹក្សា​ប្រឹក្សា​យោបល់ យើង​ប្រកាស​បញ្ជី​ឈ្មោះ​។ គំរូ​ប្រតិបត្តិការ និង​វិធាន​នៃ​នីតិវិធី​របស់​ក្រុមប្រឹក្សា ប្រឹក្សា​យោបល់​ត្រូវ​បាន​សម្រេច​ដោយ​សមាជិក​ទាំងអស់​របស់​ខ្លួន តាមរយៈ​ការពិភាក្សា​។ ទី​ ៣ កិច្ចប្រជុំ​លើក​ទី​ ១ ​នៃ​ក្រុមប្រឹក្សា​ប្រឹក្សា​យោបល់​គឺ​ជោគជ័យ​ណាស់​។


សមាជិក​បាន​ពិនិត្យ​វឌ្ឍនភាព​នៅក្នុង​ការឈាន​ទៅ​រក​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​រួម​គ្នា និង​និយាយ​អំពី​តួនាទី​វិជ្ជមាន​នៃ​គំនិត​ផ្តួចផ្តើម​នេះ​នៅក្នុង​ការបង្កើន​ការផ្សារភ្ជាប់​គ្នា​នៃ​បណ្តា​ប្រទេស​ និង​តំបន់​ផ្សេងៗ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​កសាង​សេដ្ឋកិច្ច​ពិភពលោក​ដែល​មាន​លក្ខណៈ​បើក​ទូលាយ និង​អនុវត្ត​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ចីរភាព​។


សមាជិក​ទាំងអស់​គាំទ្រ​ការធ្វើឲ្យ​ស៊ីជម្រៅ និង​បង្ហាញ​ភ័ស្តុតាង​អំពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​ហើយ​សង្ឃឹម​ថា​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​ ២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នឹង​ផ្ញើសារ​វិជ្ជមាន​នៃ​ការគាំទ្រ​ភាព​ពហុភាគី​ភាព​បើកទូលាយ ការអភិវឌ្ឍ លទ្ធផល​ឈ្នះ‑ឈ្នះ​។ ពួកគេ​ក៏​បាន​ដាក់​សំណើ​ដែល​មាន​លក្ខណៈ​ស្ថាបនា​ និង​សំណើ​ស្តីពី​ការសម្របសម្រួល​គោលនយោបាយ​ម៉ាក្រូ ការអភិវឌ្ឍ​គម្រោង​ជាក់ស្តែង និង​យន្តការ​ធានា​កិច្ចសហប្រតិបត្តិការ​។


សំណួរ​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Twitter និយាយ​ថា​ខ្លួន​ចាប់​បាន​សកម្មភាព​គួរ​ឲ្យ​សង្ស័យ​ដែល​ចេញ​មកពី​អាសយដ្ឋាន IP របស់​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត និង​ចិន​។ តើ​លោកស្រី​មាន​មតិ​យោបល់​បែប​ណា​? តើ​អ្វី​អាច​ជា​សកម្មភាព​សង្ស័យ​?

ចម្លើយ​៖ ខ្ញុំ​គិត​ថា​អ្វី​ដែល​អ្នក​បាន​លើកឡើង​គឺជា​ការ​រាយការណ៍​កាលពី​ពេល​មុន​ដោយ​កាសែត Reuters​។ ប៉ុន្តែ​ព្រឹក​នេះ​កាសែត Reuters បាន​កែតម្រូវ​ការរាយការណ៍​ខុស​របស់​ខ្លួន​កាលពី​ពេល​មុន​។ ការរាយការណ៍​ថ្មី​និយាយ​ថា អាសយដ្ឋាន IP ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ចូល​ទៅ Twitter ហាក់បី​ដូចជា​មកពី​ប្រទេស​ចិន និង​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ប៉ុន្តែ​ពួកគេ​ប្រហែល​មិនមែន​ជា​ពួក​ហេកឃើរ (hacker) ដែល​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ពាក់ព័ន្ធ​ទេ​។

ដូច​អ្នកដឹង​ហើយ​ជំហរ​របស់​រដ្ឋាភិបាល​ចិន​ស្តីពី​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​គឺ​នៅ​តែ​ដដែល​។ យើង​សង្ឃឹម​ថា​នៅពេល​និយាយ​អំពី​បញ្ហា​នេះ ភាគី​ទាំងអស់​អាច​គោរព​តាម​ស្មារតី​នៃ​ការគោរព​គ្នា​ទៅវិញ​ទៅមក ស្មារតី​នៃ​សមភាព និង​អត្ថប្រយោជន៍​ទៅវិញ​ទៅមក ដើម្បី​ដោះស្រាយ​បញ្ហា​សកល​នេះ តាមរយៈ​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​។

សំណួរ​៖ យើង​បាន​កត់សម្គាល់​ឃើញ​ថា​រដ្ឋាភិបាល​ចិន​បាន​ចេញ​ឯកសារ​គោលនយោបាយ​ស្តីពី​សហភាព​អឺរ៉ុប​ (EU) នា​ព្រឹក​នេះ​។ តើ​វា​មាន​លក្ខណៈ​សំខាន់​ពិសេស​ណា​មួយ​ទេ ចំពោះ​ទំនាក់ទំនង​រវាង​ចិន‑សហភាព​អឺរ៉ុប​ក្រោម​កាលៈទេសៈ​ថ្មី​នេះ​?

ចម្លើយ​៖ រដ្ឋាភិបាល​ចិន​បាន​ចេញ​ឯកសារ​គោលនយោបាយ​ទី​ ៣ ​របស់​ខ្លួន​ស្តីពី​សហភាព​អឺរ៉ុប​នា​ថ្ងៃនេះ​បន្ទាប់ពី​ឯកសារ​មុនៗ​ដែល​ចេញ​ក្នុង​ឆ្នាំ ២០០៣ និង ២០១៤​។ ឯកសារ​គោលនយោបាយ​នេះ​គឺជា​ការប្រកាស​សំខាន់​មួយ​នៃ​គោលនយោបាយ​របស់​ចិន​ស្តីពី​អឺរ៉ុប​ដែល​រៀបរាប់​អំពី​គោលដៅ​នៃ​គោលនយោបាយ​របស់​ចិន​ស្តីពី​សហភាព​អឺរ៉ុប​នៅ​ក្នុង​យុគសម័យ​ថ្មី និង​វិធានការ​សំខាន់​ក្នុង​ការ​ពង្រឹង​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ផ្សេងៗ​រវាង​ប្រទេស​ចិន និង​សហភាព​អឺរ៉ុប​នាពេល​ខាង​មុខ​។

សហភាព​អឺរ៉ុប​ធ្វើឲ្យ​មាន​កម្លាំង​យុទ្ធសាស្ត្រ​ដ៏សំខាន់​​មួយ​នៅក្នុង​ឆាក​អន្តរជាតិ​។ ប្រទេស​ចិន​ផ្តល់​តម្លៃ​ចំពោះ​តួនាទី​ និង​ឥទ្ធិពល​របស់​សហភាព​អឺរ៉ុប​នៅក្នុង​កិច្ចការ​តំបន់​ និង​កិច្ចការ​អន្តរជាតិ ហើយ​ការអភិវឌ្ឍ​ទំនាក់​ទំនង​ជាមួយ​សហភាព​អឺរ៉ុប​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​អាទិភាព​នានា​នៃ​ការទូត​របស់​ចិន​។

ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ការកសាង​ភាព​ជា​ដៃគូ​រវាង​ចិន‑អឺរ៉ុប​ដើម្បី​សន្តិភាព កំណើន កំណែទម្រង់ និង​អរិយធម៌​បាន​បន្ត​ធ្វើឲ្យ​មាន​​វឌ្ឍនភាព​ថ្មី​។ ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ទូលំទូលាយ រវាង​ចិន‑សហភាព​អឺរ៉ុប​បាន​បន្ត​រីកចម្រើន​ទាំង​ទទឹង​ និង​បណ្តោយ​ដោយ​បង្កើត​ឲ្យ​មាន​គំរូ​ល្អ​នៃ​ការដោះដូរ​ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​ច្រើន​ស្រទាប់ និង​ទូលំទូលាយ​។ ឆ្នាំ​នេះ​គឺជា​ខួប​ទី ១៥ នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ទូលំទូលាយ​រវាង​ចិន‑អឺរ៉ុប និង​ជា​ខួប​ទី​ ២០ ​នៃ​កិច្ចប្រជុំ​កំពូល​ចិន‑អឺរ៉ុប​នៅ​ពេល​ដែល​ទំនាក់ទំនង​រវាង​ចិន‑អឺរ៉ុប ប្រឈម​មុខ​នឹង​ទស្សនវិស័យ​ថ្មី និង​ឱកាស​សំខាន់​សម្រាប់​ការអភិវឌ្ឍ​បន្ថែម​។

រដ្ឋាភិបាល​ចិន​សង្ឃឹម​ថា​នឹង​ធ្វើឲ្យ​ស៊ីជម្រៅ និង​ទូលំទូលាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទូលំទូលាយ​ជាមួយ​សហភាព​អឺរ៉ុប​ឆ្ពោះ​ទៅ​រក​ទំនាក់ទំនង​ចិន‑សហភាព​អឺរ៉ុប និង​រួម​គ្នា​កសាង​សន្តិភាព​ពិភពលោក រួម​ចំណែក​ចំពោះ​ការអភិវឌ្ឍ​សកល និង​រក្សា​សណ្តាប់ធ្នាប់​អន្តរជាតិ​។

សំណួរ​៖ កាលពី​ថ្ងៃទី ១៨ ខែ​ធ្នូ រដ្ឋាភិបាល​ជប៉ុន​បាន​អនុម័ត​គោលការណ៍​ណែនាំ​អំពី​កម្មវិធី​ការពារជាតិ​ និង​ផែនការ​ត្រៀម​ខ្លួន​ការពារជាតិ​រយៈពេល​មធ្យម​នៅក្នុង​កិច្ចប្រជុំ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​បាន​ចែង​ថា​ថវិកា​ជាតិ​នឹង​បង្កើន​ចំនួន​ប្រមាណ ១០% ក្នុង​រយៈពេល ៥ ឆ្នាំ​ទៀត​។ ឯកសារ​ពាក់ព័ន្ធ​រួមមាន​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ចិន និង​បង្ហាញ​ក្តីបារម្ភ​ខ្លាំង​ចំពោះ​ទង្វើ​របស់​ចិន នៅក្នុង​វិស័យ​សន្តិសុខ​យោធា​។ តើ​លោកស្រី​មាន​មតិ​យោបល់​ដូចម្តេច​ដែរ​?

ចម្លើយ​៖ ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ចិន​នៅ​ក្នុង​ឯកសារ​ទាំងនេះ​ដែល​ត្រូវ​បាន​ចេញ​ដោយ​ខាង​ជប៉ុន​គឺ​គ្មាន​អ្វី​ទេ ប៉ុន្តែ​ជា​រឿង​ដែល​ត្រូវ​បាន​និយាយ​ជា​ច្រើនដង​រួច​ហើយ​កាលពី​ពេល​មុន​។ ពួកគេ​កំពុង​តែ​និយាយ​ដោយ​គ្មាន​ការទទួល​ខុសត្រូវ ហើយ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​ការកសាង និង​សកម្មភាព​យោធា​ការពារជាតិ​ដែល​មាន​លក្ខណៈ​ធម្មតារ​បស់​ចិន និង​ញុះញង់​ឲ្យ​មាន​ពាក្យ​ថា «​ការគំរាម​កំហែង​ពី​ចិន​» ជាមួយ​នឹង​ចិត្តសាស្ត្រ​សង្គ្រាម​ត្រជាក់​។ ទង្វើ​បែប​នេះ​ពី​ខាង​ជប៉ុន​មិន​មាន​លក្ខណៈ​ល្អប្រសើរ ចំពោះ​ការកែលម្អ និង​អភិវឌ្ឍ​ចំណង​ទាក់ទង​រវាង​ចិន‑ជប៉ុន ឬ​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​។ ប្រទេស​ចិន​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង និង​ប្រឆាំង​ចំពោះ​ទង្វើ​នោះ​។

ដោយសារ​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​ប្រវត្តិសាស្ត្រ​ទង្វើ​របស់​ជប៉ុន​ទៅ​លើ​សន្តិសុខ​យោធា​ត្រូវ​បាន​តាមដាន​យ៉ាងជិត​ស្និទ្ធិ​ដោយ​បណ្តា​ប្រទេស​ជិត​ខាង នៅក្នុង​អាស៊ី និង​សហគមន៍​អន្តរជាតិ​។ យើង​ជំរុញ​ជប៉ុន​ឲ្យ​រក្សា​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​យុទ្ធសាស្ត្រ​ «​ការពារ​ជាតិ​លក្ខណៈ​ការពារ​ខ្លួន​សុទ្ធសាធ​» រក្សា​ការប្តេជ្ញាចិត្ត​ចំពោះ​វិថី​នៃ​ការអភិវឌ្ឍ​ដោយ​សន្តិភាព​ និង​ប្រព្រឹត្ត​ដោយ​ប្រុងប្រយ័ត្ន​ក្នុង​វិស័យ​សន្តិសុខ​យោធា​។

សំណួរ​៖ សំណួរ​ខ្ញុំ​គឺ​ស្រដៀង​គ្នា​នឹង​សំណួរ​មុន​ដែរ​។ រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃ​នេះ​បាន​សម្រេច​ផ្លាស់ប្តូរ​ពី​នាវា​យោធា​តូច​នៃ​កងកម្លាំង​ការពារ​ខ្លួន​ទៅ​ជា​នាវា​ធំ​ដែល​ផ្ទុក​យន្តហោះ​។ តើ​លោកស្រី​មាន​យោបល់​ដូចម្តេច​ដែរ​?

ចម្លើយ​៖ ដោយសារ​អ្វី​ដែល​បាន​កើតឡើង​ក្នុង​ប្រវត្តិសាស្ត្រ​ទង្វើ​របស់​ជប៉ុន នៅក្នុង​វិស័យ​សន្តិសុខ​យោធា​ត្រូវ​បាន​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ដោយ​បណ្តា​ប្រទេស​ជិត​ខាង​នៅ​ក្នុង​អាស៊ី​​ និង​សហគមន៍​អន្តរជាតិ​ទាំងមូល​។ យើង​ជំរុញ​ឲ្យ​ជប៉ុន​រក្សា​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​យុទ្ធសាស្ត្រ​ «​ការពារ​ជាតិ​លក្ខណៈ​ការពារ​ខ្លួន​សុទ្ធសាធ​» ប្រកាន់​ខ្ជាប់​តាម​វិថី​នៃ​ការអភិវឌ្ឍ​ដោយ​សន្តិភាព និង​ប្រព្រឹត្ត​ដោយ​ប្រុងប្រយ័ត្ន​នៅក្នុង​វិស័យ​សន្តិសុខ​យោធា​។

សំណួរ​៖ យោង​តាម​របាយការណ៍​នាយក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ជាតិ​របស់​សេតវិមាន​លោក Peter Navarro និយាយ​ថា​សហរដ្ឋអាមេរិក​ចង់​ឲ្យ​ប្រទេស​ចិន​ទិញ​ច្រើន​ជាង​មុន​ពី​អាមេរិក​តាមរយៈ​ការពិភាក្សា​ពាណិជ្ជកម្ម ប៉ុន្តែ​សំខាន់​ខ្លាំង​ជាង​នេះ​គឺ​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​។ តើ​អ្វី​ទៅ​ជា​ប្រតិកម្ម​របស់​លោកស្រី​?

ចម្លើយ​៖ ពាក់ព័ន្ធ​នឹង​បញ្ហា​ពិភាក្សា​ពាណិជ្ជកម្ម​ចិន‑អាមេរិក​ខ្ញុំ​សូម​ឲ្យ​អ្នក​សួរ​ទៅ​ក្រសួង​ពាណិជ្ជកម្ម​សម្រាប់​ភាព​ជាក់លាក់​។ អ្វី​ដែល​ខ្ញុំ​អាច​ប្រាប់​អ្នក​គឺថា ក្រុម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ ២ កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជិតស្និទ្ធ​នឹង​គ្នា​អំពី​ការពិភាក្សា​យោបល់​ស្រប​ទៅ​តាម​ស្មារតី​នៃ​ការឯកភាព​គ្នា​រវាង​ប្រមុខរដ្ឋ​ទាំង​ ២ នៅក្នុង​កិច្ចប្រជុំ​កំពូល​។

យើង​សង្ឃឹម​ថា​ក្រុម​នៃ​ប្រទេស​ទាំង​ ២ នឹង​អនុវត្ត​កិច្ចព្រមព្រៀង​គ្នា​ដែល​បាន​ព្រមព្រៀង​គ្នា​នៅក្នុង​កិច្ចប្រជុំ​នៃ​ប្រមុខរដ្ឋ​ទាំង​ ២ ដោយស្មោះ​ត្រង់ ហើយ​បង្កើន​ការពិគ្រោះ​យោបល់​គ្នា​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង លុបបំបាត់​ពន្ធគយ​បន្ថែម​ដើម្បី​ឲ្យ​មាន​លទ្ធផល​ឈ្នះ‑ឈ្នះ និង​អត្ថប្រយោជន៍​ទៅវិញ​ទៅមក​ក្រោម​លក្ខខណ្ឌ​នៃ​ការគោរព​គ្នា​សមភាព​ការរក្សា​សន្យា និង​ការប្រព្រឹត្ត​ឲ្យ​ត្រូវ​ទៅ​តាម​ពាក្យ​ដែល​បាន​និយាយ​។

លោក Navarro បាន​និយាយ​ថា​លោក​ចង់​ឲ្យ​ចិន​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ ប៉ុន្តែ​ខ្ញុំ​ចង់​ផ្តល់​យោបល់​ទៅ​គាត់ និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃៗ​ដែល​មាន​គំនិត​ដូច​គាត់​អាន​ដោយ​យក​ចិត្ត​ទុកដាក់​ចំពោះ​សុន្ទរកថា​សំខាន់​ដែល​ថ្លែង​ដោយ​អគ្គលេខាធិការ Xi Jinping នៅក្នុង​ពិធី​ប្រារព្ធ​ខួប​ទី ៤០ នៃ​កំណែទម្រង់​របស់​ចិន និង​បើក​នា​ព្រឹក​នេះ​។ អរិយធម៌​ចិន​គឺ​ល្អ​ណាស់​គឺជា​អរិយធម៌​មួយ​ដែល​បាន​បន្ត​អស់​រយៈពេល​ជាង ៥០០០ ឆ្នាំ​ដោយ​មិន​មាន​ការ​កាត់ផ្តាច់​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​។ មិន​មាន​សៀវភៅ​អត្ថបទ​ ឬ​វិធាន​មាស​ដើម្បី​ធ្វើ​តាម​សម្រាប់​កំណែទម្រង់ និង​ការអភិវឌ្ឍ​ក្នុង​ប្រទេស​ចិន​ដែល​ជា​ប្រទេស​មួយ​ដែល​មាន​អរិយធម៌​ជាង ៥ ០០០ ឆ្នាំ និង​មាន​ប្រជាជន​ជាង ១,៣ ពាន់​លាន​នាក់​ទេ​។

គ្មាន​នរណា​ម្នាក់​ស្ថិត​នៅ​ក្នុង​ឋានៈ​ប្រាប់​ប្រជាជន​ចិន​ថា គួរ​ធ្វើ​នេះ​ ឬ​ធ្វើ​នោះទេ​។ អ្វី​ដែល​ត្រូវ​ធ្វើ​កំណែទម្រង់ និង​របៀប​អំពី​កំណែទម្រង់​ត្រូវ​តែ​ស៊ីគ្នា​ទៅ​នឹង​គោលដៅ​សំខាន់ៗ​នៃ​ការកែលម្អ និង​អភិវឌ្ឍ​ប្រព័ន្ធ​សង្គមនិយម ដែល​មាន​លក្ខណៈ​ចិន និង​ការធ្វើ​ទំនើបកម្ម​ចំពោះ​ប្រព័ន្ធ​របស់​ចិន និង​សមត្ថភាព​សម្រាប់​អភិបាលកិច្ច​។

យើង​ត្រូវ​តែ​ធ្វើកំណែ​ទម្រង់​អ្វី​ដែល​គេ​អាច​ធ្វើការ​ផ្លាស់ប្តូរ ហើយ​មិនមែន​ជា​កំណែទម្រង់​អ្វី​ដែល​មិន​គួរ និង​មិន​អាច​ផ្លាស់ប្តូរ​៕ PS