សាធារណភាព​នៃ​ការជំនុំជម្រះ​ក្តី​គឺជា​គោលការណ៍​ជា​សារវន្ត​មួយ ដើម្បី​ធានា​បាន​នូវ​តម្លាភាព និង​ការជឿជាក់​លើ​ប្រព័ន្ធយុត្តិធម៌​។ ​គោលការណ៍​នេះ​រួមបញ្ចូល​នូវ​ការពិភាក្សា​ដេញដោល​ក្នុង​សវនាការ ការប្រកាស​សេចក្តី​សម្រេច និង​ការបោះផ្សាយ​សេចក្តី​សម្រេច​របស់​តុលាការ​ជា​សាធារណៈ​។

គោលការណ៍​សាធារណភាព​នៃ​ការជំនុំជម្រះ​ក្តី​ត្រូវ​បាន​ទទួលស្គាល់​ទាំង​ក្នុង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​។ ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាត្រា​ ៣១ ចែង​ទទួលស្គាល់​ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា​ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅ​នឹង​សិទ្ធិមនុស្ស សិទ្ធិនារី និង​សិទ្ធិ​កុមារ​។


មាត្រា​ ១០ ​នៃ​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​ចែង​ថា មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ស្មើគ្នា​ពេញលេញ​សុំឱ្យ​តុលាការ​ឯករាជ្យ និង​មិន​លម្អៀង​ពិនិត្យ​រឿងក្តី​របស់​ខ្លួន​ជា​សាធារណៈ​ និង​ដោយ​សមធម៌ ដើម្បី​សម្រេច​​លើ​សិទ្ធិ កាតព្វកិច្ច និង​ភាពសម​ហេតុផល​ចំពោះ​ការចោទប្រកាន់​ប្រឆាំង​ទាំងឡាយ​ខាង​​បទព្រហ្មទណ្ឌ​។


មាត្រា​ ១១ ​ចែងថា ជន​ណា​ដែល​ជាប់ចោទ​​ពី​បទល្មើស​ព្រហ្មទណ្ឌ​ត្រូវ​សន្មត​​ជា​ជន​គ្មាន​ទោស រហូត​ដល់​​ពិរុទ្ធភាព​ត្រូវ​បាន​រកឃើញ​នៅក្នុង​សវនាការ​ជា​សាធារណៈ​ដែល​មាន​ការចាំបាច់ ដើម្បី​ការពារ​សិទ្ធិ​ជនជាប់ចោទ​ពី​បទល្មើស​ព្រហ្មទណ្ឌ​។


ក្នុង​ន័យ​នៃ​មាត្រា​ ១០ និង​មាត្រា​ ១១ ​នៃ​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​​តុលាការ​កម្ពុជា​មាន​កាតព្វកិច្ច​ត្រូវ​គោរព​នូវ​គោលការណ៍​នៃ​ការជម្រះ​ក្តី​ជា​សាធារណៈ និង​ដោយ​យុត្តិធម៌​។ ​ទន្ទឹម​នឹង​នេះ​រដ្ឋធម្មនុញ្ញ​មាត្រា​ ១២៨ ​ថ្មី និង ​១២៩ ​ថ្មី​ចែង​អំពី​អំណាច​ឯករាជ្យ និង​អនាគតិ ការផ្តល់​យុត្តិធម៌ និង​ការការពារ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ដោយ​​អំណាច​តុលាការ​។


ចំពោះ​រឿងក្តី​រដ្ឋប្បវេណី​មាត្រា​ ១៨៨ នៃ​ក្រមនីតិវិធី​រដ្ឋប្បវេណី​ចែង​កំណត់​ឱ្យ​ការប្រកាស​សាលក្រម​ត្រូវ​ធ្វើ​ឡើង​តាម​កាលបរិច្ឆេទ​នៅក្នុង​សាលសវនាការ​ដែល​បើក​ជា​សាធារណៈ​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ជា​អ្នកអាន​សេចក្តី​សម្រេច​បញ្ចប់​ដោយ​ផ្អែកលើ​ច្បាប់ដើម​នៃ​មូល​សាលក្រម​។


ចំពោះ​រឿងក្តី​ព្រហ្មទណ្ឌ​តាម​មាត្រា​ ៣១៦ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ការពិភាក្សា​ដេញដោល​ប្រព្រឹត្ត​ទៅ​នៅក្នុង​ពេល​សវនាការ​សាធារណៈ លើក​លែង​តែ​សាធារណភាព​នេះ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ឬ​ដល់​ទំនៀមទម្លាប់​។ ​មាត្រា​ ៣១៧ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ចែង​តម្រូវ​ឱ្យ​គ្រប់​ករណី​ទាំងអស់ សាលក្រម​ត្រូវតែ​ប្រកាស​នៅពេល​សវនាការ​ជា​សាធារណៈ​។

កន្លងមក​តុលាការ​កម្ពុជា​បាន​អនុវត្ត​ត្រឹមត្រូវ​មួយ​កម្រិត​រួចហើយ ចំពោះ​ដំណើរការ​ជំនុំជម្រះ​ក្តី និង​ការប្រកាស​សាលក្រម​​ជា​សាធារណៈ​។ ក៏ប៉ុន្តែ​តុលាការ​កម្ពុជា​នៅ​មិនទាន់​បាន​អនុវត្ត​ការបោះ​ផ្សាយ​សាលក្រម ឬ​សេចក្តី​សម្រេច​របស់​តុលាការ​នៅ​ឡើយ​ទេ លើកលែង​តែ​អង្គជំនុំជម្រះ​វិសាមញ្ញ​នៅក្នុង​តុលាការ​កម្ពុជា​ដែល​​បាន​ធ្វើការ​ផ្សព្វផ្សាយ​នូវ​សេចក្តី​សម្រេច​នានា​របស់​ខ្លួន​យ៉ាងទូលំទូលាយ ហើយ​សាធារណជន​អាច​ទទួល​បាន​ព័ត៌មាន​អំពី​​ការចោទប្រកាន់ កម្មវិធី​សវនាការ ការពិភាក្សា​ដេញដោល ការប្រកាស​សាលក្រម និង​អត្ថបទ​សាលក្រម ឬ​សេចក្តី​សម្រេច​ដែល​តុលាការ​នេះ​បាន​ចេញ​នៅលើ​គេហទំព័រ​របស់ខ្លួន​។

មានមតិ​ខ្លះ​លើកឡើង​ថា ការមិន​បាន​ផ្សព្វផ្សាយ​សេចក្តី​សម្រេច​របស់​តុលាការ​គឺ​ដោយសារ​តែ​តុលាការ​ទូទៅ ក្រៅពី​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ពុំ​មាន​ធនធាន​មនុស្ស សម្ភារ និង​ថវិកា​គ្រប់គ្រាន់​​ដើម្បី​ធ្វើការ​បោះផ្សាយ​សេចក្តី​សម្រេច​ជា​អត្ថបទ​បោះពុម្ព ឬ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

ប៉ុន្តែ​ក៏​មាន​មតិ​ខ្លះ​លើកឡើង​ថា មូលហេតុ​ចម្បង​ដែល​តុលាការ​មិន​បាន​ផ្សព្វផ្សាយ​សេចក្តី​សម្រេច​ដោយ​ហេតុ​ថា និយាយ​ជារួម​ថ្នាក់ដឹកនាំ​កំពូលៗ​ក្នុង​វិស័យ​យុត្តិធម៌ មិនមាន​ឆន្ទៈ​​ និង​នៅ​មាន​ការព្រួយបារម្ភ​អំពី​គុណភាព និង​ភាពត្រឹមត្រូវ​នៃ​សេចក្តីសម្រេច​របស់​តុលាការ បើ​និយាយ​ដោយឡែក សេចក្តី​សម្រេច​ខ្លះ​អាច​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នយោបាយ ឬ​មាន​រង​ឥទ្ធិពល​ដោយ​អំពើ​ពុករលួយ​ដែល​ការកាត់​សេចក្តី​អាច​ដំណើរការ​មិនបាន​ត្រឹមត្រូវ និង​ដោយ​ពុំមាន​តម្លាភាព​។

សេចក្តី​សម្រេច​តុលាការ​នៅ​ពុំមាន​សំអាង​ហេតុ​ត្រឹមត្រូវ ខ្វះ​ការវិភាគ​លើ​អង្គហេតុ និង​អង្គច្បាប់​ត្រឹមត្រូវ​ខ្លាច​មាន​ការទិតៀន​ពី​មតិ​សាធារណជន​។

ហេតុដូច្នេះ​ហើយ​ទើប​តុលាការ​មិន​អនុញ្ញាត​ឱ្យ​សាធារណជន​ក្រៅពី​គូភាគី​ទទួល​បាន​សាលក្រម ឬ​សាលដីកា​របស់​​ខ្លួន​ទេ សូម្បីតែ​សម្រង់​សាលក្រម​ក៏​មិន​បាន​បោះផ្សាយ​ដែរ​។

ការយល់ឃើញ​បែប​នេះ​គឺជា​កំហុស​ធំ​មួយ​ដែល​បាន​ធ្វើឱ្យ​តុលាការ​កម្ពុជា​មិន​ទទួល​បាន​ទំនុកចិត្ត​គ្រប់គ្រាន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ ឬ​ឱ្យ​គេ​អាច​មើលឃើញ​ថា តុលាការ​កម្ពុជា​មិន​បាន​ដើរ​ទាន់​ចរន្ត​នៃ​ការវិវឌ្ឍ​នៅលើ​សកលលោក​ទេ​។

ខ្ញុំ​យល់ថា ការបោះ​ផ្សាយ​សេចក្តី​សម្រេច​របស់​តុលាការ​មាន​សារៈសំខាន់​ជាច្រើន​។ វា​អាច​ធានា​មាន​ការជំនុំ​ជម្រះក្តី​ដោយ​យុត្តិធម៌ កែប្រែ​ទស្សន​អវិជ្ជមាន​មកលើ​សមត្ថភាព​ចៅក្រម និង​ប្រព័ន្ធ​តុលាការ​កម្ពុជា​ពី​សាធារណជន បង្កើន​តម្លាភាព​នៃ​ដំណើរការ​សេវាសាធារណៈ​របស់​រដ្ឋ បង្កើត​មូលដ្ឋានគ្រឹះ​នៃ​យុត្តិសាស្ត្រ​ប្រភព​គតិយុត្ត​ច្បាស់លាស់ សម្រាប់​ចៅក្រម មេធាវី និង​អ្នកសិក្សា​ស្រាវជ្រាវ​ច្បាប់​កសាង​គោលការណ៍ និង​វប្បធម៌​គតិយុត្ត​មួយ​ដែល​មាន​សង្គតិភាព​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ប្រជាពលរដ្ឋ ហើយ​វា​​ក៏​អាច​ជំរុញ​ឱ្យ​មាន​ការពង្រឹង​សមត្ថភាព​មន្ត្រី​តុលាការ និង​ចៅក្រម​ផងដែរ​។

មាន​មតិ​ខ្លះ​ព្រួយបារម្ភ​ថា ការបោះ​ផ្សាយ​សេចក្តី​សម្រេច​តុលាការ​អាច​នាំឱ្យ​ប៉ះពាល់​​ដល់​សិទ្ធិ​បុគ្គល ឬ​ជីវិត​ឯកជន​របស់​គូភាគី ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ជាតិ និង​ច្បាប់​​អន្តរជាតិ​។ ខ្ញុំ​យល់ថា មតិ​នេះ​​មិនសូវ​ត្រឹមត្រូវ​ទេ ពីព្រោះ​ថា​គោលការណ៍​នៃ​ការជំនុំជម្រះ​ក្តី​ជា​សាធារណៈ និង​ដោយ​យុត្តិធម៌ គឺជា​គោលការណ៍​ចម្បង​ដែល​បម្រើ​ផលប្រយោជន៍​សាធារណៈ​ធំ​ជាង​ការការពារ​សិទ្ធិ​​បុគ្គល​។ ភាគី​វិវាទ​ដែល​នាំ​យក​វិវាទ​របស់ខ្លួន​មក​ដោះស្រាយ​ដោយ​តុលាការ​ត្រូវ​ដឹងថា រឿងក្តី​របស់​ខ្លួន​នឹងត្រូវ​ជំនុំជម្រះ​ជា​សាធារណៈ​។

ម្យ៉ាង​​ទៀត​បើ​តុលាការ​អនុវត្ត​នូវ​ការជំនុំជម្រះ​ក្តី​ដោយ​ពិភាក្សា​ដេញដោល និង​ប្រកាស​សេចក្តី​សម្រេច​ជា​សាធារណៈ​ទៅហើយ គេ​ពុំមាន​ហេតុផល​អ្វីដែល​ត្រូវ​រក្សា​ការសម្ងាត់​អំពី​សេចក្តី​សម្រេច​នោះទេ​។ ​សាធារណជន​រួមទាំង​អ្នកសារព័ត៌មាន គួរតែ​​អាច​ទទួល​បាន​នូវ​សេចក្តី​សម្រេច​​នោះ ដើម្បី​សិក្សា វិភាគ រិះគន់ ឬ​កោតសរសើរ ចំពោះ​សេចក្តី​សម្រេច​តុលាការ ដែល​ជា​ហេតុ​​នាំឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​ទទួលស្គាល់​អំពី​តម្លាភាព និង​មាន​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធយុត្តិធម៌​​នៅ​កម្ពុជា​។

ខ្ញុំ​យល់ថា ជំហាន​ដំបូង​នៃ​ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​គួរផ្តោត​លើ​ការបង្កើន​នូវ​តម្លាភាព​នៅក្នុង​ការផ្តល់​សេវា​សាធារណៈ​ដោយ​តុលាការ​ដោយ​ផ្តើម​ចេញ​ពី​ការបោះពុម្ព​ផ្សាយ​សេចក្តី​សម្រេច​របស់​តុលាការ​គ្រប់​ជាន់ថ្នាក់​ដោយ​​យក​គំរូ​តាម​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ ​

ថ្នាក់ដឹកនាំ​វិស័យ​យុត្តិធម៌ មិនគួរ​​អល់អែក​យក​ហេតុផល​នយោបាយ​មក​ធ្វើ​ជា​លេស​ក្នុងការ​មិន​បោះផ្សាយ​សេចក្តី​សម្រេច​តុលាការ​ទេ ពីព្រោះ​ការជឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ សហគមន៍ជាតិ និង​អន្តរជាតិ​ក៏​ជា​ផលប្រយោជន៍​នយោបាយ​ធំ​មួយ​ដែរ ដោយ​នេះ​ជា​ការជួយ​ជំរុញ​ឱ្យ​រឹតតែ​មាន​យុត្តិធម៌​សង្គម និង​ការគោរព​ច្បាប់​​ពី​សំណាក់​មន្ត្រី​អនុវត្ត​ច្បាប់ និង​​ប្រជាពលរដ្ឋ កាត់បន្ថយ​ការធ្វើ​បាតុកម្ម ឬ​ការប្រើ​ហិង្សា​ក្រៅ​ព័ន្ធ​តុលាការ​។ ម្យ៉ាងទៀត​ចៅក្រម​កម្ពុជា​ក៏​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ដែរ​។

ប្រសិន​បើ​តុលាការ​ទូទាំង​ប្រទេស​ពុំទាន់​មាន​លទ្ធភាព​អាច​បោះពុម្ព​ផ្សព្វផ្សាយ​សេចក្តី​សម្រេច​របស់​ខ្លួន​បាន​គេ​ក៏​អាច​ចាប់ផ្តើម​ពី​ការបោះពុម្ព​ផ្សាយ​សេចក្តី​សម្រេច​ចុងក្រោយ​របស់​តុលាការ​កំពូល និង​សាលា​ឧទ្ធរណ៍​តាម​ព្រឹត្តិបត្រ​សេចក្តី​សម្រេច​តុលាការ ឬ​ការផ្សាយ​តាម​គេហទំព័រ​នៃ​តុលាការ​ទាំងនេះ ឬ​គេហទំព័រ​បស់​ក្រសួង​យុត្តិធម៌​ជារួម​តែម្តង​។ ​

គួរ​រំឭក​​ដែរ​ថា តុលាការ​កំពូល​ធ្លាប់​បោះផ្សាយ​ព្រឹត្តិបត្រ​សាលដីកា​របស់​​ខ្លួន​នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ៩០ ក្រោយមក​ក៏​ឈប់​បោះផ្សាយ​​ដោយ​មិន​ដឹង​មូលហេតុ​។

ក្រសួង​យុត្តិធម៌ និង​ឬ​តុលាការ​កំពូល​ក៏​អាច​ធ្វើ​សេចក្តី​ណែនាំ​ជាទូទៅ​មួយ​ទៅ​តុលាការ​គ្រប់​ជាន់ថ្នាក់​អំពី​ទម្រង់​បែបបទ ខ្លឹមសារ និង​របៀបរបប​នៃ​ការបោះ​ផ្សាយ​សេចក្តី​សម្រេច​របស់​តុលាការ​ដោយ​គ្រាន់តែ​ដកចេញ​នូវ​សេចក្តី​សម្រេច​ទាំងឡាយ​ណា​ដែល​តុលាការ​នីមួយៗ​យល់​ថា ការបោះ​ផ្សាយ​​អាច​នាំឱ្យ​មាន​ផលប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ ឬ​ទំនៀមទម្លាប់​ល្អ​របស់​កម្ពុជា​ដូចជា​ពាក់ព័ន្ធ​ដល់​អំពើ​អសីលធម៌ សេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី និង​កុមារ​។​ល​។

ខ្ញុំ​បាន​សង្កេតឃើញ​ជា​ញឹកញយ​ថា ខាង​តំណាង​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​មន្ត្រី​​ជាន់ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌​តែង​លើកឡើង​អះអាង​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ រដ្ឋាភិបាល​មិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​តុលាការ តុលាការ​កាត់ក្តី​ដោយ​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប ទោះបី​ជា​ការកាត់ក្តី​នោះ សម្រាប់​អ្នក​នយោបាយ​ក្តី ឬ​ប្រជាជន​សាមញ្ញ​ក្តី​។

ខណៈ​ពេល​ដែល​សាធារណជន អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​មួយចំនួន​ក៏ដូចជា​ខាង​តំណាង​អង្គការ​សហប្រជាជាតិ​ជា​រឿយៗ​ហាក់​មាន​ការវាយតម្លៃ​ផ្សេង​អំពី​តុលាការ​កម្ពុជា​។ ​ពួកគេ​ដូចជា មិនទាន់​ទទួល​យក​បាន​នូវ​ការអះអាង​របស់​តំណាង​រដ្ឋាភិបាល និង​តែង​ធ្វើ​សេចក្តី​ថ្លែងការណ៍​ទាមទារ​ឱ្យ​តុលាការ​ដំណើរការ​នីតិវិធី​កាត់ក្តី​ប្រកប​ដោយ​យុត្តិធម៌ ដោយ​មាន​តម្លាភាព គោរព​តាម​ច្បាប់​ជាដើម​។ ​

ក្នុង​នាម​ជា​​មេធាវី អ្នកសិក្សា​ស្រាវជ្រាវ និង​ជា​អ្នកច្បាប់​ ១ ​រូប ខ្ញុំ​ក៏​យល់ថា ការអះអាង​ការពារ​របស់​តំណាង​រដ្ឋាភិបាល​ពិបាក​នឹង​ជឿជាក់​បាន​ណាស់ ពីព្រោះ​ការអះអាង​ខាងលើ​ផ្អែក​ទ្រឹស្តី​ហាក់​​មិនបាន​ផ្សារភ្ជាប់​ទៅ​នឹង​ការអនុវត្ត​ជាក់ស្តែង​។ ​ខ្ញុំ​ស្នើឱ្យ​មាន​ការបោះផ្សាយ​នូវ​សេចក្តី​សម្រេច​តុលាការ ដើម្បី​ធ្វើជា​មូលដ្ឋាន​នៃ​ការសិក្សា ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​ជូន​អតិថិជន​។

បញ្ហា​មួយ​ដែល​នាំ​ឱ្យ​មិន​ទុកចិត្ត​លើ​ដំណើរការ​យុត្តិធម៌​ដោយ​តុលាការ​កម្ពុជា ក្រៅពី​មូលហេតុ​នយោបាយ​ដែល​អាច​ត្រូវបាន​គេ​មើលឃើញ​​ថា ខាង​រាជរដ្ឋាភិបាល​ប្រើ​សិទ្ធិ​អំណាច​លើសលប់​យ៉ាង​សកម្ម​​លើ​កិច្ចការ​តុលាការ ក៏​អាច​ដោយសារ​ស្ថាប័ន​តុលាការ​ដែល​​ជា​ស្ថាប័ន​សាធារណៈ​មួយ​របស់​រដ្ឋ​មិន​បាន​ដំណើរការ​ជំនុំ​ជម្រះក្តី​ដោយ​តម្លាភាព និង​គោរព​តាម​គោលការណ៍​សាធារណភាព​នៃ​ការជំនុំជម្រះ​ក្តី​ឱ្យបាន​គ្រប់គ្រាន់​នៅឡើយ​។ ​

ថ្នាក់ដឹកនាំ​វិស័យ​​យុត្តិធម៌​ក៏​ពុំ​សូវ​មាន​សេចក្តី​ក្លាហាន​ក្នុង​ការបោះផ្សាយ​សេចក្តី​សម្រេច​របស់​តុលាការ​ដើម្បី​បង្ហាញ​សាធារណជន​អំពី​ការរីកចម្រើន និង​សមត្ថភាព​ដែល​​ចៅក្រម​កម្ពុជា​អាច​តាក់តែង​សេចក្តី​សម្រេច​របស់​ខ្លួន​បាន​​ល្អជា​ច្រើន​៕

មេធាវី លី តៃសេង នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មេធាវី​អេចប៊ីអេស (HBS Law)