ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩ ញាំញី ឆ្លង​ចូល​ពី​ខាងក្រៅ​ផង និង​ឆ្លង​ចូល​សហគមន៍​ឥត​ស្រាកស្រាន្ត​ផង ដែល​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ កំពុង​តែ​រុករក​អ្នកពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី​ ២៨ វិច្ឆិកា ​បន្ថែមទៀត ដើម្បី​កុំ​ឱ្យ​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​សហគមន៍​។

បើទោះបី​ជា​មិនទាន់​មាន​អ្នកស្លាប់​ដោយសារ​តែ​ជំងឺ​កូវីដ ១៩​ នៅឡើយ ដែល​មកទល់​ពេល​នេះ​មាន​អ្នកជំងឺ​សរុប​ចំនួន​ ៣៦៣ ​នាក់​ ហើយ​ក្នុងនោះ​មាន​ ៣៥១ ​នាក់​ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ក៏​រាជរដ្ឋាភិបាល​មិន​មើល​រំលង​សភាពការណ៍​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​នេះឡើយ​ ហើយ​ជាមួយ​គ្នា​នេះដែរ រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​សិស្សានុសិស្ស​ដែល​គ្រោង​ប្រឡង​បាក់ឌុប​នៅ​ថ្ងៃទី​ ១១ ខែ​ មករា ឆ្នាំ​ ២០២១ ​ទាំងអស់ ទាំង​សិស្ស​រដ្ឋ និង​សិស្ស​ឯកជន ជាប់​ជា​ស្ថាពរ​ចំនួន​ ១២១ ១០៨ ​នាក់​ សម្រាប់​ឆ្នាំ​សិក្សា​ ២០១៩-២០២០ ​កាលពី​ថ្ងៃ​ទី​ ១៥ ខែ ធ្នូ​ ២០២០ ​កន្លងទៅនេះ ដោយ​មិនចាំបាច់​បន់ស្រន់​ឱ្យ​ប្រឡង​ជាប់ ឬក៏​ស្រោច​ទឹក​ដើម្បី​ជម្រះ​កាយា​មាន​អារម្មណ៍​ល្អ​ក្នុង​ការប្រឡង​ឱ្យ​ជាប់​ដូច​លើក​មុនៗ​នោះទេ​។


បន្ទាប់ពី​បាន​ប្រឡង​ជាប់​ដោយ​ស្វ័យប្រវត្តិ​នេះហើយ តើ​ប្អូនៗ​នឹង​ត្រៀមខ្លួន​ធ្វើ​អ្វី​ទៀត ដើម្បី​ឈោង​ចាប់​ការសិក្សា​បន្ត​នៅ​ថ្នាក់​ឧត្តមសិក្សា ឬក៏​សាលាមធ្យម​បចេ្ចកទេស​?


បច្ចុប្បន្ន​ប្រសិន​និយាយ​ពី​ទូរស័ព្ទ​ស្មាតហ្វូន​សម្រាប់​សិស្ស​ថ្នាក់​ទី​ ១២ មាន​សឹងតែ​គ្រប់​ដៃ​សម្រាប់​ការសិក្សា​តាម​អនឡាញ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើ​បទបង្ហាញ និង​មាន​សំណួរ​ចម្លើយ​សម្រាប់​ត្រៀមប្រឡង​បាក់ឌុប​កន្លងមក​។ តែ​ជាក់ស្តែង​អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ ចំពោះ​ការចូលរួម​សិក្សា​របស់​ប្អូនៗ​យុវ​សិស្ស​ក្នុង​ការសិក្សា​តាម​អនឡាញ​សម្រាប់​ថ្នាក់បាក់ឌុប​នៅ​មាន​កម្រិត​ទាប​នៅឡើយ​គ្រាន់តែ​លើក​ឧទាហរណ៍​ក្នុងអំឡុង​កូវីដ​ ១៩​កន្លងមក លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ធ្វើ​បទបង្ហាញ​មេរៀន​គណិតវិទ្យា និង​ការយក​ទ្រឹស្តី​ទៅ​ប្រើប្រាស់​ជាក់ស្តែង គឺមាន​អ្នក​ចូល​មើល​ការផ្សាយ​បន្ត​ផ្ទាល់​បានតែ​ជាង​ ១ ៣០០ ​នាក់​ទេ​ ក្នុង​ចំណោម​បេក្ខជន​ជាង​ ១២ ​ម៉ឺន​នាក់ បើ​ប្រៀបធៀប​ជាមួយ​នឹង​អ្នកលក់​ឡេ​ឈ្លោះ​គ្នា​ប្តី​ប្រពន្ធ ឬក៏​អ្នកលក់​អនឡាញ​ឈ្លោះ​គ្នា​វិញ​មាន​ដល់​ទៅជិត​ ១០ ​ម៉ឺន​នាក់ ចូល​មើល​បន្ត​ផ្ទាល់​។ នេះហើយ​គឺ​ការប្រើប្រាស់​អនឡាញ​មិន​ត្រឹមត្រូវ បើ​សួរ​ប្អូន​ថា ចេះ​រៀន​តាម​អនឡាញ​ទេ ចម្លើយ​គឺថា ពិបាក​សាំញ៉ាំ​ហើយ តែ​សុខចិត្ត​យក​ពេល​មើល​ហ្វេសប៊ុក ឬ​ក៏​ឆាត​គ្នា​លេង​អត់​ប្រយោជន៍​ហ្នឹង​ចេះ​ជាង​។


បើ​ប្រៀបធៀប​ជាមួយ​អ្នកសិក្សា​កាលពី​ជំនាន់​ទសវត្សរ៍​ឆ្នាំ​ ៨០ និង ​៩០ ​វិញ ឃើញថា ខុសគ្នា​ស្រឡះ​កាលពី​សម័យ​នោះ កូនសិស្ស​ភាគច្រើន​រៀន​នៅផ្ទះ​តែ​ជាមួយ​ភ្លើងចង្កៀង ឬក៏​អំពូល​ដងគោម​តាមផ្លូវ​ទេ មិនមាន​អគ្គិសនី​គ្រប់គ្រាន់​ទេ ហើយក៏​មាន​ម៉ោង​កំណត់​ដែរ​។ សួរថា ម៉េច​បានជា​ពួកគាត់​ជំនាន់​នោះ​គាត់​រៀន​ចេះ ពូកែ​ខ្លះ​ឡើង​ធ្វើជា​មន្ត្រីជាន់ខ្ពស់ ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ប្រធាន​អង្គការ​មិនមែន​រដ្ឋាភិបាល ប្រធាន​ក្រុមហ៊ុន យ៉ាង​ហោចណាស់​ប្រធាន​អង្គភាព ឬ​ក៏​ទីប្រឹក្សា​ផងដែរ​?


ចុះ​ប្អូនៗ​សព្វថ្ងៃ​វិញ បើ​និយាយ​អំពី​អគ្គិសនី​ផ្ទះ​ណា​ក៏មាន​ដែរ ទូរស័ព្ទ​ស្មាតហ្វូន​យ៉ាងហោច​ណាស់​ផ្ទះ​ ១ ក៏មាន​ ១ ​ដែរ តម្លៃ​ថោក​ល្មម អាច​រក​ទិញ​បាន​យក​មក​សិក្សា​តាម​អនឡាញ​បាន​ការភ្ជាប់​សេវា WiFi តាម​កន្លែង​ហាង​កាហ្វេ ឬក៏​ប្រើ​ទូរស័ព្ទ​ខ្លួនឯង​ផ្ទាល់ ដើម្បី​ឱ្យ​ដំណើរការ​ប្រព័ន្ធ​អ៊ីនធឺណិត​សម្រាប់​ការសិក្សា​ប្រព័ន្ធ​អនឡាញ​ដូចជា​កម្មវិធី Zoom, Google classroom, Telegram និង​ Facebook ជាដើម​។ ចុះ​ហេតុអ្វី​បាន​ជា​នៅមាន​ប្អូនៗ​មួយចំនួន​នៅតែ​​ទោរទន់ ស្ពឹក​ស្រពន់​ក្នុង​ការព្យាយាម​សិក្សា​ទៀត​?


ចំពោះ​ការសិក្សា​តាម​អនឡាញ​សម្រាប់​ថ្នាក់បាក់ឌុប​ឆ្នាំនេះ​សុទ្ធ​តែ​មាន​ឯកសារ​សេចក្តី​ណែនាំ​សម្រាប់​ការភ្ជាប់​ទៅ​នឹង​កម្មវិធី​នីមួយៗ ហើយ​កម្មវិធី​នីមួយៗ​ដែល​ត្រូវ​ភ្ជាប់​នោះ មាន​ការលំបាក​តែ​ដំបូង​ទេ នៅពេល​ដែល​ផ្សាំ​នឹង​ការប្រើ​រាល់​ថ្ងៃ​ទៅ គឺ​លែង​លំបាក​ហើយ​។ ដូច្នេះ​ប្អូនៗ​សិស្សានុសិស្ស បើ​មិនអាច​ធ្វើ​បាន សួរ​គ្នីគ្នា​មិត្តភក្តិ​ដែល​ចេះ​ពួកគេ​នឹង​ជួយ​ហើយ​ឱ្យ​តែ​ប្អូនៗ​មាន​ចិត្ត​ចង់​រៀន ឬក៏​សួរ​ទៅនឹង​លោកគ្រូ-អ្នកគ្រូ​ដែល​ជា​អ្នកបង្កើត​កម្មវិធី​សម្រាប់​សិក្សា​អនឡាញ​នោះ​។

សង្ឃឹម​ថា ហ្វេសប៊ុក​របស់​ក្រសួង​អប់រំ​នឹង​ជួយ​បំប៉ន​បណ្តុះបណ្តាល​ប្អូនៗ​សិស្សានុសិស្ស​បន្ថែម​ដើម្បី​ត្រៀមខ្លួន​ប្រឡង​ចូល​សាកលវិទ្យាល័យ និង​សាលា​បច្ចេកទេស​ជំនាញ​តាមរយៈ​សំណួរ-ចម្លើយ​ទៅតាម​មេរៀន និង​លំហាត់​ដែល​ត្រៀមប្រឡង​ដូច​កាលពី​ត្រៀមប្រឡង​បាក់ឌុប​ដែរ ហើយ​ប្អូនៗ អាច​សួរ​សំណួរ​នៅពេល​កំពុង​បង្រៀន​បន្ត​ផ្ទាល់​បាន​។

ជាងនេះ​ទៅ​ទៀត​ការប្រឡង​ចូល​សាកលវិទ្យាល័យ មាន​លក្ខណៈ​ប្រកួតប្រជែង​ជាង​ប្រឡង​បាក់ឌុប វា​ចង្អៀត​ណាស់​ព្រោះ​នៅតាម​មហាវិទ្យាល័យ​នីមួយៗ​ចម្រាញ់​យកតែ​ចំនួន​តិច ដូច​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​សាខា​ខេត្ត​ត្បូងឃ្មុំ ទើបតែ​ចាប់ផ្តើម​ប្រកាស​ថ្មីៗ​នេះ​នៅលើ​ហ្វេសប៊ុក ក្រសួង​អប់រំ​យក​តែ​ចំនួន​ ១២០ ​នាក់​ទេ​។

ជាមួយ​គ្នា​នោះ​ដែរ ក៏មាន​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នៅ​ភ្នំពេញ និង​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ក៏​ប្រកាស​ឱ្យ​ប្អូនៗ​សិស្សានុសិស្ស​ដាក់​ប្រឡង​តាម​អនឡាញ​ផង​នៅ​ខែ​មករា​ខាងមុខ​នេះ​។ ម្យ៉ាងវិញ​ទៀត កម្មវិធី​ត្រីវិស័យ​របស់​ក្រសួង​អប់រំ​អាច​ជួយ​ប្អូនៗ​សិស្សានុសិស្ស​បាន​៖ ១-​ ការផ្ដល់​ការប្រឹក្សា​យោបល់​, ២- ​ការតម្រង់ទិស​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី​ ៩ ដល់​ថ្នាក់​ទី​ ១២, ៣-​ការស្វែងយល់​អំពី​ខ្លួនឯង និង ៤- ​ការជ្រើសរើស​អាជីព​ត្រឹមត្រូវ​នាពេល​អនាគត​ដោយ​ទាញយក​កម្មវិធី​ត្រីវិស័យ​៖ AppStore: apple.co/2mtZeRj និង​ PlayStore: bit.ly/2ntRXkC​។

អំណឹះតទៅ ប្អូនៗ​សិស្សានុសិស្ស​មិន​អាច​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​ដូច​កាលពី​មុន​ចាំ​ជួបតែ​លោកគ្រូ និង​អ្នកគ្រូ​ពន្យល់​ផ្ទាល់មាត់​បាន​ទៀត​ទេ គឺ​អ្វីៗ​បត់បែន​មក​ការសិក្សា​តាម​អនឡាញ​បណ្តើរៗ​ហើយ​។ រីឯ​ការសិក្សា​តាម​អនឡាញ​នេះ​ទៀតសោធ គឺ​សាកលវិទ្យាល័យ​នៅលើ​ពិភពលោក គេ​មាន​យូរហើយ គេ​ដាក់លក់​ការសិក្សា​តាម​អនឡាញ និង​ការរៀន​តាម​យក​សញ្ញាបត្រ​តាម​អនឡាញ​ដែរ​។

អ៊ីចឹង​ហើយ​ប្អូនៗ​មិន​អាច​ទោរទន់ ឬក៏​ទម្លាក់កំហុស​មិនចេះ​បចេ្ចកវិទ្យា​ថ្មីៗ​ការសិក្សា​តាម​អនឡាញ​នេះ​ទេ​។ សួរ​ខ្លួនឯង​ថា បាន​បើក​សៀវភៅ​អាន​នៅផ្ទះ ឬក៏​ដកស្រង់​ឯកសារ​ចេញពី​អ៊ីនធឺណិត​មក​រៀន​ហើយ​ ឬ​នៅ​? មាន​ដែល​ឆ្ងល់​សួរ​លោកគ្រូ អ្នកគ្រូ ឬ​ក៏​មិត្តភក្តិ​ដែល​រៀន​ពូកែ​ជាង​​ហើយ​ឬ​នៅ​? បើ​មិនទាន់​បាន​ធ្វើ​ផង បើកភ្នែក​ឡើង​គិត​តែ​ពី​ត្អូញត្អែរ ឬក៏​រិះគន់​ការសិក្សា​តាម​ប្រព័ន្ធ​អនឡាញ​នេះ​។

សរុប​មក​វិញ​គឺ​ប្អូនៗ​សិស្សានុសិស្ស​ប្រឹងប្រែង​រៀន​ស្វ័យសិក្សា​ខ្លួន​ដោយ​ខ្លួនឯង​សិន ថា​តើ​ខ្លួនឯង​មាន​ចំណុច​ខ្វះខាត​អ្វីខ្លះ និង​ខំ​បំពេញ​បន្ថែម​ទៀតទៅ រួចហើយ​ត្រូវតែ​មាន​សង្ឃឹមថា ចប់​កូវីដ​ ១៩ អ្វីៗ​នឹង​ត្រឡប់​មក​ដូចដើម​វិញ​ហើយ​ជាមួយ​នឹង​ការសិក្សា​អនឡាញ​ផងដែរ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com