គេ​អាច​វិនិច្ឆ័យ​ឥរិយាបថ​របស់​ជាតិ​សាសន៍​មួយ​ថា មាន​សណ្ដាប់ធ្នាប់ មាន​វិន័យ មានការទទួលខុសត្រូវ​ដែលជា​រួម​គជា​ឥរិយាបថ​នៃ​ពលរដ្ឋ​ថ្លៃថ្នូរ​ដោយ​មើល​លើ​រឿង​សាមញ្ញ​ប្រចាំ​ថ្ងៃ ២ របស់​ជនជាតិ​នោះ។

ទី១ មើល​លើ​ឥរិយាបថ​នៃ​ការចោល​សំរាម និង​ទី ២ មើល​លើ​ឥរិយាបថ​នៃ​ការបើកបរ​លើ​ដងផ្លូវ​របស់​ជនជាតិ​នោះ។ អាចមាន​ការលើកឡើង​ថា បើ​សំអាង​តែ​លើស​ន្ទ​ស្សន៍​តូចតាច​បែបនេះ​មក​កំណត់​ភាពថ្លៃថ្នូរ​របស់​ពូជសាសន៍​មួយ​មិនអាច​យកជាការ​បានទេ។ ជាការ​ពិត មិនទាន់មាន​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ដ្រ​ដែល​គួរ​ឲ្យ​ជឿជាក់​បាន​ណាមួយ​សិក្សា​ពី​ទំនាក់ទំនង​នៃ​ឥរិយាបថ​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​នៃ​ប្រទេសមួយ​ជាមួយនឹង​ឥរិយាប​ថ​នៃ​ការ​ចោល​សំរាម និង​ការបើកបរ​លើ​ដងផ្លូវ​ឥត​របៀប​របស់​ជនជាតិ​នោះ​នៅឡើយ។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ បើ​សូម្បីតែ​រឿង​ដែល​គេ​រាប់​ថា តូចតាច​ដែល​វា​កើតឡើង​ប្រចាំថ្ងៃ​ក៏​រវីមរវាម​រញ៉េរញ៉ៃ​ឥត​សណ្ដាប់​ធ្នាប់ គ្មាន​វិន័យ​ទៅហើយ សួរថា​តើ​គេ​អាច​ទៅធ្វើ​រឿង​ថ្លៃថ្នូរធំៗឯណា​ទៅ​កើត?អត្ថបទ​នេះ​នឹង​លើក ឡើង​តែ​ពី​ឥរិយាបថ​ក្នុង​ការ​បើកបរ​របស់​ពលរដ្ឋ​យើង​សព្វថ្ងៃ​មក​បង្ហាញ​តែប៉ុណ្ណោះ។


បើទោះបីជា​មានការ​ផ្សព្វផ្សាយ និង​មាន​ចំណាត់ការ​ជា​ហូរហែ​ពី​អាជ្ញាធរ​ក្នុងការ​គ្រប់គ្រង​ចរាចរណ៍​ផ្លូវគោក​ក៏ដោយ​ក៏​ចរាចរណ៍​នៅលើ​ដងផ្លូវ ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​នៅតែមាន​លក្ខណៈ​រវីមរ​វា​ម​អត់​សណ្ដាប់ធ្នាប់​គួរ​ឲ្យ​កត់​សម្គាល់។នៅ​កន្លែង​ខ្លះ​មនុស្សម្នា​ធ្វើដំណើរ​តាម​ដងផ្លូវ​មិនជា​ច្រើន​ដែល​សម​ឲ្យ​ស្ទះ​ចរាចរណ៍​សោះ តែ​ដោយសារ​ឥរិយាបថ​នៃ​ការ​បើកបរ​របស់​អ្នក​ប្រើប្រាស់​ដងផ្លូវ​ភាគ​ច្រើន បើកបរ ចង់តែ​ជែង ចង់តែ​វ៉ា ចង់តែ​លឿន បើកបរ​មិន​ប្រកាន់​ស្ដាំ​មិន​គោរព​សិទ្ធិ​អាទិភាព មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ទើប​បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរណ៍​សឹងតែ​ជាប្រចាំ។ថ្វី​ដ្បិតថា​មាន​មូលហេតុ​ជាច្រើន​ដែល​បណ្ដាល​ឲ្យ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​បញ្ហា​ផ្លូវថ្នល់ បញ្ហា​បច្ចេកទេស​នានា​រួមទាំង​ស្លាក​សញ្ញា​ចរាចរណ៍​តាម​ដងផ្លូវ កំណើន​នៃ​ចំនួន​យានយន្ដ ភាព​ធូររលុង​នៃ​ការ​អនុវត្ដ​ច្បាប់​ចំពោះ​អ្នក​ល្មើស​ចរាចរណ៍ ការបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជាដើម​ក៏ដោយ ក៏ប៉ុន្ដែ​មូលហេតុ​ខាងលើ​នៅតែ​ស្ថិត​នៅលើ​សីលធម៌​របស់​អ្នក​បើកបរ។


បើ​គេ​ជា​មនុស្ស​ថ្លៃថ្នូរ ជា​មនុស្ស​មានការ​យល់​ដឹង ជា​មនុស្ស​មាន​វិន័យ ជា​មនុស្ស​មានការ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន ជា​មនុស្ស​ចេះ​អត់អធ្យាស្រ័យ​មិន​ចង់តែ​ឈ្នះ​គេ ជា​មនុស្ស​គ្មាន​អំនួត​ក្អេងក្អាង​វ៉ាងទី​លើ​ដងផ្លូវ​ថា គ្មាន​អ្នក​ដល់​ខ្លួន​នោះគេ​មុខជា​ប្រើប្រាស់ដងផ្លូវ​សាធារណៈ​យ៉ាង​សុភាព​រាបសា ដោយ​គោរព​ខ្លួនឯង​ក៏ដូចជា គោរព​អ្នកដទៃ ហើយ​បញ្ហា​កកស្ទះ និង​គ្រោះ​ថ្នាក់​​ចរាចរណ៍​នានា​តាម​ដងផ្លូវ មុខ​ជា​ថយចុះ​ជាក់​ជាមិន​ខាន។


ចរិត​ចង់តែ​ឈ្នះ​គេ​ដោយ​បើក​វ៉ា​ជែង​ធ្វើ​ម៉េច​ឲ្យ​តែ​បាន​លឿន​ជាងគេ ជា​ចរិត​របស់​ជនអាត្មានិយម​ដែល​គិតតែ​ពី​ខ្លួនឯង ជា​ចរិត​ដ៏​សែន​ក្រអឺតក្រទម​ដែល​គួរ​ឲ្យ​ស្អប់។ អ្នកមាន​ប្រាក់​និង​អំណាច​ខ្លះ​ដែល​ពុល​នឹង​ប្រាក់ និង​អំណាច​ដែល​គេ​មាន ងាយ​នឹង​ធ្លាក់ចូល​ឥរិយាបថ​ច្រងេងច្រងាង​ក្នុងការ​បើកបរ​ណាស់ ព្រោះ​និយាយ​ចំពោះ​គេ​ជីវិត​អ្នកដទៃ​មានតម្លៃ​មិន​ស្មើនឹង​កង់ឡាន​របស់គេ​ឡើយ។ ទាក់ទង​នឹង​ចំណុច​នេះ​ផងដែរ អ្នកបើក​ម៉ូតូ និង​កង់ ៣ មួយចំនួន​ក៏​ទម្លាប់​តែបើ​ក​វ៉ា​ជែង​រុល​យកតែ​ឈ្នះ​ទៅមុខ​ឥត​របៀប និងជារឿយៗទោះបីជា​គេ​ឈប់​ពេល​ភ្លើង​ក្រហម​ក៏​គេ​បរ​ទៅ​ឈប់​រំលោភ​ផ្លូវ​ថ្មើរជើង​ដែរ។ បើ​គង់តែ​ឈប់​ចាំ​ហើយ ម្ដេចក៏​មិន​ឈប់​ឲ្យ​ត្រូវ​គន្លង?​


ពេលខ្លះបើ​មាន​ឡាន​មួយ​ស៊ីញ៉ូ​ថយ​បន្ដិចដើម្បី​បត់​ក្បាល​ឡាន ម៉ូតូ​ខាងមុខ​ឡាន​ក៏​រុល​មក​ភ្លាម។ បើ​ឡា​នបរ​ទៅមុខ​វិញ​តែ​កន្លះ​ម៉ែត្រ​យក​ប្លង់​បត់​ឡាន ម៉ូតូ​ខាងក្រោយ​ក៏​ត្បុល​មក​ភ្លាម​ដែល​ធ្វើ​ឲ្យ​កកស្ទះ​ទៅណា​មិន​រួច​ទាំងអស់គ្នា។និយាយ​ពី​ថា​ប្រញាប់​នោះ​ដូច​ថា ពេលវេលានាទីៗចំពោះ​គេ​វា​មហា​សែន​សំខាន់​ខ្លាំងណាស់​ដែល​ត្រូវតែ​ឲ្យ​គេ​រុលចូល​ដោយ​មិន​យោគ​យល់​ចាំ​បន្ដិច​មិនបាន។ ផ្ទុយ​ទៅវិញ ការគិត​ធ្វើ​ម្ដេច​ឲ្យ​តែ​ខ្លួន​បាន​ទៅ វារឹតតែ​ធ្វើ​ឲ្យ​កកស្ទះ​ខាត​ពេល​ទាំងអស់​គ្នា​ប៉ុណ្ណោះ។


ឆ្ងល់​ថា បើ​គេ​ប្រញាប់​ខ្លាំង​ចង់​ទៅដល់​គោលដៅ​ឲ្យ​ទាន់ពេល​ម្ដេចក៏​គេ​មិន​រៀបចំ​ចេញដំណើរ​មក​ឲ្យ​បាន​មុនពេល​បន្ដិច​ទៅ បើនរណាៗក៏​ដឹង​ដែរ​ថា​ការស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ជា​រឿង​ដែល​កើតជា​ប្រចាំ?

បើយូរៗម្ដង​គេ​ប្រញាប់​ព្រោះ​មានការ​បន្ទាន់​ខុស​ទម្លាប់ ទើប​បើកបរ​លឿន​នោះ អាច​លើកលែង​បាន តែបើ​គេ​ត្រូវ​ទៅ​សាលា ទៅធ្វើ​ការ ទៅរក​ស៊ី​ដោយ​បើក​តាមផ្លូវដដែលៗរាល់ថ្ងៃ តែ​បែរជា​ថ្ងៃ​ណា​ក៏ប្រញាប់ (រហន់) នោះ​ច្រើនតែ​មកពី​គេ​ជាម​នុស្ស​ដែលមាន​ទម្លាប់​អាក្រក់​ក្នុងការ​បើកបរ។

ការកកស្ទះ​ចរាចរណ៍​ជាប្រចាំ ក៏​ធ្វើ​ឲ្យ​ឡាន​សង្គ្រោះបន្ទាន់​ជួប​បញ្ហា​ក្នុង​ការដឹក​អ្នករបួស និង​ឬ​អ្នកជំងឺ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់​ពេលវេលា​ផងដែរដោយសារតែ​អ្នកបើកបរ​មួយចំនួន​គ្មាន​សមានចិ​ត្ដ​ចំពោះ​មនុស្ស​ដូចគ្នា គេ​មិនចេះ​យោគយល់​គ្នា និង​តែងតែ​មានគំនិត​ថា «សក់​អ្នកណា​ក្បាល​អ្នក​ហ្នឹង» «ចង់​នរណា​ស្លាប់​ឯណា​ក៏​ស្លាប់ទៅ» ទើប​គេ​គ្មាន​ចិ​ត្ដ​ឈឺឆ្អាល​ងាក​អែប​យានយន្ដ​របស់គេ​បន្ដិច​ឲ្យ​រថយន្ដ​សង្គ្រោះ បន្ទាន់​បាន​ឆាប់​ទៅមុន។

មនុស្ស​ដែល​បើកបរ​ដោយ​ធ្វើ​ពើ​មិនដឹងមិនឮ លើសពីនេះ​មានតែ​ប្រឹង​រុលទៅមុខ​មិន​ចៀស​ឡានពេទ្យ ជា​មនុស្ស​គ្មាន​ថ្លើម​ប្រមាត់​ដែល​មិន​ញោច​នឹង​ការឈឺចាប់​របស់​អ្នកដទៃ​ថែមទាំង​មើលងាយ​អាយុជីវិត​របស់​អ្នកដទៃ​ថា​មិន​ស្មើនឹង​ពេលវេលា ២-៣ នាទី​របស់ខ្លួន។ ការគោរព​ច្បាប់​ចរាចរណ៍​ជា​ការ​គោរព​ខ្លួនឯង។

អារម្មណ៍​ថា​ឡូយ​ដោយ​ជិះឡាន​ល្អ លឿនៗកំហឹង​ឆេវឆាវ​មិនចេះ​រង់ចាំ​ទៅតាម​លំដាប់​លំដោយ ចេះតែ​ចង់​លឿន​លើសគេ ការ​មិន​អត់​អធ្យាស្រ័យ​ដោយ​ពេល​ជិះ​ប៉ះ​គ្នា​បន្ដិច គេ​ក៏​តាំង​បត់​ដុំដៃ​បង្ហាញ​គ្នា​ខ្លាំងរៀងៗខ្លួន ជា​អត្ដ​ចរិត​ដែល​ខ្មែរ​ស្ទើរ​ទូទៅ​សម័យ​ឥឡូវ​ចូល​ចិត្ដ​ប្រកាន់​យក ជា​ចរិត​ដែល​បង្ហាញថា «អញ​វា​គ្រាន់​បើ»។

អ្នក​បើកឡាន​ថ្លៃ​ខ្លះ​ចង់ទៅ​ត្រង់ តែ​មក​ឈប់​ក្នុង​គន្លង​ដែល​គេ​ចាំ​បត់​ឆ្វេង លុះ​ពេល​សញ្ញា​ព្រួញទៅមុខ​លោត​ពណ៌​បៃតង តែ​ព្រួញ​បត់​ឆ្វេង​នៅ​ក្រហម គេ​ក៏តាំង​ស៊ី​េ​ហ្វ្ល​សឹង​បែក​ត្រចៀក​ដេញ​អ្នក​រង់ចាំ​បត់​ឆ្វេង​ឲ្យ​គេច ចេញ​ពីមុខ​គេ​ទាំង​កម្រោល។

ចំណែកឯ​ម៉ូតូ ឃើញ​គេ​ឡាន​ថ្លៃ​ស៊ី​ហ្វ្លេក៏​គេច​ផ្លូវ​ឲ្យ​គេ ដោយ​បត់​ទៅ​ទាំង​ភ្លើង​សញ្ញា​ឲ្យ​បត់​មិនទាន់​លោត​ខៀវ​ដើម្បី​ឲ្យ​ទាន់ចិត្ដ​អ្នកខ្លាំង​នៅលើ​ឡាន​ថ្លៃ។នោះ​ជា​ចរិត​ដ៏​សែន​ធូរ​ថ្លៃ​របស់​ម្ចាស់​រថយន្ដ​ថ្លៃ!។

ការបើក​ឲ្យ​ប្រើប្រាស់​ស្ពានមិ​ត្ដ​ភាព​កម្ពុជា-ជប៉ុន​កន្លងមកថ្មីៗនេះ បង្ហាញ​យ៉ាងច្បាស់​ពី​ឥរិយាបថ​ឥត​សណ្ដាប់​ធ្នាប់​នៃ​ការប្រើប្រាស់​ដងផ្លូវ​រប​ស់​អ្នកបើក​ម៉ូតូ​ដែល​បាន​បរ​ឆ្លងកាត់​ស្ពាន​ដែល​ទើបតែ​សម្ពោធ​ឲ្យ​ប្រើ​ឡើងវិញ​នោះ។

ម៉ូតូ​ជិះ​ខុស​គន្លង​សម្រាប់​ម៉ូតូ និង​ការដូរ​គន្លង​លើ​ស្ពាន​ដោយ​ជិះ​កាត់​គំនូស​ពណ៌​ស​ ២ ជាប់​គ្នា​មិន​ដាច់ (គំនូស​ហាម​ឆ្លងកាត់) បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ជាច្រើន​ករណី​លើ​ស្ពាន​រៀងរាល់​ថ្ងៃ។

លើសពីនេះ បង្គោល​ពុះ​ចែក​គន្លង​ដែល​ទើបតែ​ដំឡើង​មិនទាន់​ទាំង​បាន​ប៉ុន្មាន​ផង​នោះ​បែរជា​ត្រូវបាន​អ្នក​បើកបរ​ជិះ​បុក​កៀរ​បាក់​បែក​បណ្ដើរៗ​ទៅ​ហើយ។ រឿង​មួយ​នេះ បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា​របៀប​បើកបរ​របស់​ជនជាតិ​យើង​សែន​រវីមរវាម​រញ៉េរញ៉ៃ អត់​សណ្ដាប់​ធ្នាប់ មិនចេះ​យោគ​យល់​គ្នា មិន​យល់​អធ្យា ស្រ័យ​គ្នា​ដោយ​ម្នាក់ៗ​ចង់​តែ​ទៅមុន ចង់​តែ​ឈ្នះ​គេ។

ការមិន​ស្គាល់​គំនូស​សញ្ញា​ចរាចរណ៍ ការមិន​គោរព​ស្លាក​សញ្ញា និង​ភ្លើង​សញ្ញា​ចរាចរណ៍ បង្ហាញ​ពី​ការ យល់ ដឹង​ដ៏​ទាប​របស់​អ្នកបើកបរ​យានជំនិះ​ទូទៅ ដែល​បង្ហាញ​ពី​ចរិត​មិនសូវ​ថ្លៃថ្នូរ​ដែល​មិនអាច​ប្រកែក​បាន​របស់​ជនជាតិ​យើង​ផងដែរ។

ការមិន​ឈរ​មាំ​លើ​សេចក្ដីល្អ​ចេញពី​ក្នុង​ចិ​ត្ដ ដោយ​ចាំតែ​គោរព​ច្បាប់​ត្រង់ណា​ដែល​ឃើញមាន​ប៉ូលិស​ចរាចរណ៍ ជាការ​គោរព​ច្បាប់​ដោយ​ការ​ចាប់​បង្ខំ​មិន​មែន​ដោយ​មនសិការ​ទទួល​ខុសត្រូវ​របស់​ពលរដ្ឋ​ថ្លៃថ្នូរ​ឡើយ តែ​នោះ​ជា​ចរិត​ដែល​ត្រង់ណា​លួចបាន​គឺ​លួច​ភ្លាម ជា​ចរិត​នៃ​ពលរដ្ឋ​មិន​ថ្លៃថ្នូរ ដែល​មិន​ធ្លាប់មាន​អារម្មណ៍​ថា ប្រទេស​នេះ ដូច​ផ្ទះ​ខ្លួន​ឯង​ដែល​ខ្លួន​ត្រូវ​ស្រឡាញ់​ថែទាំ ហើយក៏​ជា​ចរិត​របស់​ជន​អាត្មា​និយម​ដែល​មើល​ងាយ​អាយុ​ជីវិត​អ្នក​ប្រើប្រាស់​ដងផ្លូវ​ជាមួយគ្នា​ថា​មិន​ស្មើ​ខ្លួន។

ជីវិត​អ្នកក្រ​ដូច​ដាក់​ហាល​តាមផ្លូវ​ដែល​មិនដឹងថា​គេ​បុក​ស្លាប់​ថ្ងៃ​ណា​អ៊ីចឹង។បើទោះជា​ពេល​ខ្លះ​អ្នកបើកបរ​ខ្លះ បាន​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​ហើយ​ក៏​ដោយ ក៏​គេ​នៅ​តែ​អាច​ជួប​គ្រោះថ្នាក់​ដោយសារ​តែ​អ្នកបើកបរ​ដទៃ​ដែល​ប្រើប្រាស់​ដងផ្លូវ​សា​ធារណៈ​មិន​គោរព​ខ្លួនឯង មិនគោរព​អ្នកដទៃ។

អ្នកបើកបរ​ខ្លះបែរជា​យល់ថា​តើ​ឲ្យ​គាត់​គោរព​ច្បាប់​ចរាចរណ៍​យ៉ាងម៉េច បើ​មនុស្ស​ដទៃ​ជុំវិញខ្លួន​ល្មើស​ស្ទើរ​តែ​ទាំងអស់​ទៅ​ហើយ?​នេះ​ជាការមិន​ឈរ​ជាប់​មាំ​លើ​ភាព​ត្រឹមត្រូវ ទើប​ពេល​ឃើញ​គេ​ខុស បែរជា​ទប់ខ្លួន​មិន​ប្រព្រឹត្ដ​ខុស​តាម​គេ​មិនបាន ហើយ​ពេល​ខ្លះ​គេ​មិន​ថ្លៃ​ខ្លួនឯង តែ​គេ​បែរជាយក​វា​ធ្វើជា​លេស​ថា តាម​គេ​តាម​ឯង។

បើ​ឃើញ​គេ​ល្មើស​សូម​ឲ្យ​គេ​ល្មើស​តែ​គេ​ទៅ រឿង​អី​យើង​ឃើញ​គេ​ល្មើស យើងក៏​ទៅ​ល្មើស​តាម​គេ​ទាំង​ដឹងថា​នោះ​ជា​រឿង​ល្មើស?ការធ្វើ​ទង្វើ​មួយ​ទាំង​ដឹងថា នោះ​ជា​ទង្វើ​បំពាន វា​អន់​ជាង​ធ្វើ​ដោយ​ល្ងង់​ល្ងិត​មិន​ដឹង​ទៅ​ទៀត។

គួរតែមាន​បញ្ចូល​ការគោរព​សិទ្ធិ​អ្នកដទៃ​ដែល​ប្រើប្រាស់​ដងផ្លូវ​រួមគ្នា​ទៅក្នុង​កម្មវិធីសិក្សា។ តាម​កន្លែងធ្វើការ​នានា ទាំង​រដ្ឋ និង​ឯកជន គួរតែ​បញ្ចូល​វគ្គ​អប់រំ​ខ្លី ដើម្បី​ឲ្យ​មនុស្ស​ទូទៅ មិន​ត្រឹមតែ​បាន​យល់​កាន់តែច្បាស់​ពី​ការគោរព​ច្បាប់​ចរាចរណ៍​នោះទេ តែ​ដើម្បី​បណ្ដុះ​នូវ​មនសិការ​នៃ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បើកបរ​ទាំងអស់​គ្នា។

កុមារតូចៗនៅ​បរិសុទ្ធ​គ្មាន​ចិ​ត្ដ​ចង់​ប្រណាំងប្រជែង​ឡើយ បើ​ពួកគេ​ស្គាល់​ភ្លើង​សញ្ញា​ចរាចរណ៍ ពេលធ្វើ​ដំណើរ​ជាមួយ​ឪពុកម្ដាយ​ដែល​ចេះ​តែ​មាន​ចិត្ដ​ចង់​ល្មើស​ភ្លើង​សញ្ញា​ឬ​វ៉ា​ជែង​ឥត​របៀប នោះ​គេ​អាច​រំឭក​ប្រាប់​ឪពុក​ម្ដាយ​គេ​បាន។ ជាទូទៅ​គេ​ថា ពលរដ្ឋ​ដែល​ចេះ​គោរព​ច្បាប់​ជា​ពលរដ្ឋ​ថ្លៃថ្នូរ ប៉ុន្ដែ​នោះ​ត្រឹមតែ​គោរព​ច្បាប់​ព្រោះ​ខ្លាច​ការ​ដាក់​ពិន័យ ដែល​ប្រៀប​បាន​នឹង​ការ​ចាប់​ក្ដាម​ដាក់​ចង្អេរ​ប៉ុណ្ណោះ។ ជាក់ស្ដែង​លើ​ដងផ្លូវ មិនមែន​មាន​តែ​ឡាន​ថ្លៃ​ទេ​ដែល​បើក​អាង​យ៉ាង​លឿនៗ​ក៏ប៉ុន្ដែ​ម៉ូតូ និង​កង់ ៣ ភាគ​ច្រើន​ក៏​បើកបរ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ផងដែរ។ ភ្លើង​លឿង​ហើយ​មិន​ព្រម​ឈប់ ភ្លើង​បៃតង​មិន​ទាន់ ក៏​រោទ៍​ហ្គារ​ទៅ​មុខ ដូច្នេះ​រឿង​អី​ដែល​ពួកគេ​មិន​ទៅ​ជួប​គ្នា​នៅ​កណ្ដាល​ផ្លូវ​នោះ?

មនសិការ ជា​សំឡេង​ពី​ខាងក្នុង​ខ្លួន​តម្រង់ទិស​យើង​ឲ្យ​ឈរ​តែ​លើ​គោល​នៃ​ភាព​ត្រឹមត្រូវ​មិន​ឈរលើ​ការ​ខ្លាច​ការ​ដាក់​ពិន័យ​ឡើយ។ ការ​ផាក​ពិន័យ និង​ដាក់​ទណ្ឌកម្ម​មិន​អាច​ពត់​តម្រង់​អត្ដចរិត​មិន​ល្អ​របស់​មនុស្ស​បាន​ទេ។ការ​សំណូមពរ​ឲ្យ​អ្នក​ធំគោរព​ច្បាប់ ឲ្យ​រឹតបន្ដឹង​ការ​អនុវត្ដច្បាប់​ចំពោះ​ជន​ល្មើស​ជា​រឿង​ដែល​គ្មាន​ប្រសិទ្ធ​ភាព​ឡើយ​ ព្រោះ​គោរព​ឬ​មិន​គោ​រព​ ត្រូវ​ពឹង​លើ​ឆន្ទៈ​របស់គេ​។ បើ​ទោះ​បីជា​មាន​ការរឹត​បន្តឹង​ការ​អនុវត្ដ​ច្បាប់​ក៏ដោ​យក៏​វា​គ្មាន​ប្រសិទ្ធ​ភាព​រយៈពេល​យូរ​អង្វែង​ដែរ។

លុះ​ត្រាតែ​មាន​ការ​ភ្ញាក់​រឭក​ផ្នែក​មនសិការ​ដឹងថា ​នោះ​ជា​សីល​ធម៌​ផ្ទាល់​ខ្លួន​ជា​ការ​គោ​រព​ខ្លួន​ឯង​ ជា​ការ​ចេះ​ទទួល​ខុស​ត្រូវ​ដែល​រាប់​ទាំង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្លួន​ឯង​ ចំពោះ​គ្រួសារ​ ចំពោះ​សង្គម​ និង​ចំពោះ​ពិភព​លោក​ទាំង​មូល​នោះ ​ទើប​សង្គម​យើង​អាច​ប្រែ​ប្រួល​មុខ​មាត់ប្រែ​ក្លាយ​ជា​សង្គម​ថ្លៃថ្នូរ​បាន​។ អ្នក​អាច​គិត​ថា ​ឥរិយា​បថ​នៃ​ការបើក​បរជា​រឿង​តូច តែ​តើ​ប្រទេស​យើង​ខាត​ប្រាក់​ប៉ុន្មាន​ក្នុង​១​ថ្ងៃៗ​ដោយ​សារ​ការកក​ស្ទះ​ចរាចរណ៍?

តើ​ស្លាប់​អស់​ប៉ុន្មាន​ពាន់​នាក់​ក្នុង​ ១ ឆ្នាំ បើ​ត្រឹម ​៣​ ខែ​ដើម​ឆ្នាំនេះ​ ស្លាប់​អស់​ជាង​ ៥០០​ នាក់​ទៅ​ហើយ​? តើ​បន្សល់​នូវ​ជន​ពិការ​ប៉ុន្មាន​នាក់​? តើ​បន្សល់​នូវ​ស្ដ្រី​មេម៉ា​យ កូន​កំព្រា ការព្រាត់​ប្រាស​ប្ដី​ប្រពន្ធ ក្រុមគ្រួសារ ​មិ​ត្ដ​ភក្ដិ​ប៉ុន្មាន​នាក់​ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាច​រណ៍​?​តើ​មាន​ថ្ងៃ​មួយ​ណា​ដែល​អ្នក​ធ្លាប់ឮថា​គ្មាន​មនុស្ស​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍?

វា​ពិត​ជា​សម្លាប់​មនុស្ស​ច្រើន​លើស​ពី​សម័យ​សង្គ្រាម​ដូច​លោក​នាយក​រដ្ឋ​មន្ដ្រី​បាន​លើក​ឡើង​មែន​​។​​ដើម្បី​កាត់​បន្ថយ​នូវ​កា​រកកស្ទះ និង​គ្រោះ​ថ្នាក់​ចរាចរណ៍លើ​ដង​ផ្លូវ​ សូមកុំ​ចាំ​នរណា​ម្នាក់​មក​មាន​សីល​ធម៌​ក្នុង​ការ​បើកបរ​មុន​យើង​អី។

រឿង​នេះ​ត្រូវតែ​ផ្ដើម​ចេញពី​ខ្លួន​យើង​ម្នាក់ៗ​ទៅ​មុន​ ហើយ​យើង​បន្ដ​ពង្រីក​ធ្វើជា​គំរូទៅ​អ្នក​នៅ​ជិត​ខ្លួន​ឲ្យ​គេ​រៀន​តាម​យើង​វិញ​។បើ​យើង​ចាំ​គេ​គោរព​មុន​ ទើបយើង​គោរព​តាម​ក្រោយ ​នោះ​អ្នក​ដទៃ​ក៏​ចេះ​តែ​មាន​គំនិត​អាក្រក់​នេះ​ដូច​យើង​ដែរ គឺ​គេ​គិត​ថា​ ចាំ​មើល​បើ​យើង​គោរព​មុន​ ទើប​គេ​គោរព​តាម​ក្រោយ។

បើ​រឿង​តូច​តាច​ដែល​អ្នក​ធ្វើ​ជា​ប្រចាំ​ថ្ងៃ​ដោយ​គ្មាន​សីល​ធម៌​ទៅ​ហើយ​តើ​អ្នក​គិត​ថា ​អ្នក​អាច​ទៅ​ធ្វើ​រឿង​មាន​សីល​ធម៌​ធំដុំ​បាន​ដែរ​ឬទេ​? សីល​ធម៌​ដែល​អ្នក​អាច​ធ្វើ​ជាប្រចាំ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថៃ្ង ឆ្លុះ​បញ្ចាំង​ពី​សីល​ធម៌​ក្នុង​ខ្លួន​អ្នក​ ហើយ​សីល​ធម៌​ជា​រួម​របស់​ពួក​យើង​គ្រប់ៗ​គ្នា ទើប​អាច​ឆ្លុះបញ្ចាំង​ពី​ភាព​ថ្លៃ​ថ្នូរ​នៃ​ពូជ​សាសន៍​យើង​បាន៕

ប៉ាង​ វ៉ាន់​ថោន

អុីមែលៈ v​ant​h​o​wn​pa​n​g@​y​ah​o​o​.co​m​