អាជ្ញា​ធរ​ដែន​ដី ​គួរ​បង្កើត​បណ្តាញ​សុវត្ថិភាព​កុមារ​

Content image - Phnom Penh Post
នគរ​បាល​ជួយ​សង្គ្រោះ​ក្មេង​ ពីក្នុង​រថយន្ត​​ ដែល​ត្រូវ​បាន​ចោរ​លួច​ នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​ ១៤ ​ខែ​មិថុនា​ ឆ្នាំ ​២០១៩។ នគរបាល​

ឪពុក ម្តាយ​ណា ក៏ដូ​ច​ជា​ឪពុក​ម្តាយ​ណា​ដែរ​ មាន​ភាព​តត់​ស្លុត​បំផុត និង​បោះ​បង់​ចោល​ការ​ងារ​សិន​ហើយ​ នៅ​ពេល​​ដែល​ឮ​ដំណឹង​ថា ​បាត់​កូន ឬក៏​ត្រូវ​បាន​គេ​ចាប់​កូន​ ដែល​នៅ​ជាកុមារ​ភាព​នៅ​ឡើយ​នោះ​ គឺ​រត់​មក​រក​ទាក់​ទង​បង​ប្អូន​គ្នី​គ្នា​សាក​សួរ​ជួយ​ស្ទុះ​ស្ទា ខ្លះ​ទៀត​ ទៅ​ទាក់​ទង​អាជ្ញាធរ​ភ្លាមៗ​ដើ​ម្បី​ជួយ​តាម​រក​ចាប់​ខ្លួន ​អ្នក​ដែល​យក​កូនឬ​ក៏កូន​ដែល​បាន​បាត់​។

កន្លង​ម​ក ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ជន​ល្មើស​បាន​ ដែល​ល្បួង​កូន​គេយក​ទៅ​លក់ ខ្លះ​យក​កូន​គេ​ទៅ​ចិញ្ចឹម​ ដែល​ឪពុ​ក​ម្តាយ​ជួល​ឲ្យ​មើល​កូន​សោះ​ហ្នឹង​ លួច​កូន​គេ​ទៅ​បាត់ ខ្លះ​យក​ទៅ​កេង​ប្រវ័ញ្ចកម្លាំង​ពលកម្ម ខ្លះ​ទៀត​យក​​ទៅ​លក់​ឆ្លង​ដែន ខ្លះ​ចាប់​យក​ទៅ​រំលោភ​សេព​សន្ថ​វៈ ​ហើយ​សម្លាប់ ខ្លះ​ទៀត​បន្លំ​ធ្វើ​សង្សារ​ជាមួយ​កុមារ​យក​ទៅ និង​ពូ ឬក៏​មីង​បង្កើត​យក​ក្មួយ​ជំរិត​ទារ​ប្រាក់​ជា​ដើម​។​ ជ​នល្មើ​ស​​ដែល​ចាប់​ខ្លួន​បាន​ជាប់​នៅ​ក្នុង​គុក​គឺ ភាគច្រើន​ជា​ស្រី្តភេទ​ឡើង​ណែ​ន​គុក​។

រីឯ​អង្គការ​ដែល​ធ្វើ​ការ​ជា​មួយ​កុមារ ​ក៏បាន​ខិត​ខំទប់​ស្កាត់​តាម​រយៈ​ការ​បង្កើត​បណ្តាញ​កុមារ​ ដើម្បី​ទប់​ស្កាត់​ការរំលោភ​បំពាន​កុមារ មាន​តាំង​ពី​ម៉ូតូ​កង់​៣ ម៉ូតូ​ឌុប និង​អ្នក​លក់​ដូរ​ជា​ដើម ដើម្បីផ្ត​ល់​ព័ត៌មានពី​​ជន​ល្មើស​មក​សមត្ថ​កិច្ច តាម​ចាប់​បាន​តាំង​ពីជន​បរទេស​ដែល​ចូល​ចិត្ត​រួម​ភេទ​ជា​មួយ​កុមារ​ យក​មក​កាត់​ទោស​ដាក់​គុក​ផង​ដែរ​។

ថ្មីៗ​​នេះ ក្រសួង​ការងារ​ បាន​ចេញ​ផ្សាយ​​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បានថា​ កុមារ​កម្ពុជា​ប្រមា​​ណ ៣ ម៉ឺន​នាក់​ត្រូវ​បាន​ដក​ហូតពី​ទម្រ​ង់​ធ្ងន់​ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​ ដែល​រួម​ទាំង​កុមារ​ ដែល​ត្រូវ​គេជួញ​ដូរ ឬក៏​ត្រូវ​បាន​គេ​ចាប់​បង្ខំ​ឲ្យ​ធ្វើការ​ហួស​កម្លាំង​ នៅ​ក្នុង​ប្រទេស​ក្នុង​រយៈពេល ​៥​ ឆ្នាំ​ចុង​ក្រោយ​នេះ ខណ​:​កុមារ​ប្រមាណ ​១៨ ម៉ឺន​នាក់​ទៀ​ត ត្រូវ​បាន​ទប់ស្កាត់​ពីការ​ប្រើ​ប្រា​ស់​ពលកម្ម​កុមារ​ ដើម្បី​ផ្តល់​ឱកា​ស​ ឱ្យពួក​គេ​ ទទួល​បាន​ការ​អប់រំ​ បំណិន​ជីវិត​ និង​បណ្តុះ​បណ្តា​ល​​ជំនាញ។​

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ ក៏​សកម្ម​ភាព​ចាប់​ក្មេង ឬ​ក្មេង​ដែលលួច​​រត់​ចេញ​ពី​ផ្ទះ​ ដោយសារ​តែ​មាន​មិត្ត​ភក្តិ​ល្បួង​ទៅ​​សេព​គ្រឿង​ញៀន ឬ​ក៏​តាម​រយៈ​ធ្វើ​ជា​សង្សារ​នឹង​គ្នា​ជា​ដើម​ ក៏​បញ្ហា​នេះ​ គឺ​​ជា​បញ្ហាគួរ​ឲ្យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​សម្មភាព​ថ្មីៗ ​មាន​លេច​ឮ​ព័ត៌មា​ន​​តាម​បណ្តាញ​ហ្វេស​ប៊ុក​ថា​ បាត់​ក្មេង ឬក៏​ទារក​នោះ​។

កាល​ពី​សប្តាហ៍​មុន មាន​ចោរ​លួច​ឡាន​ ដែល​ក្នុង​ឡាន​មាន​កុមារ ​២​ នាក់​ ដែល​ត្រូវ​ម្តាយ​ដាក់​ឲ្យ​ដេក​ក្នុង​ឡាន​ហើយ​បើក​​ម៉ាស៊ីន​ត្រជាក់​ឡាន​ចោល​ នៅ​ក្បែរ​រោង​កុន​គិរីរម្យ​រាជ​ធានី​ភ្នំពេញ ត្រូវ​ចោរ​បើក​ចេញ​ ហើយ​ក៏​មាន​ការ​ស្រែក​​ឆោឡោ​​ហើយ​ត្រូវ​សមត្ថ​កិច្ច​តាម​ចាប់​បាន​ចោរ​នោះ​នៅ​ចាក់​អង្រែ។ សមត្ថកិច្ច​បាន​​ប្រគល់រ​ថយន្ត និង​កុមារ​ទាំង​ ២​ ឲ្យម្តាយ​វិញ។

មាន​ករណី​បាត់​ក្មេង​ស្រី ​កាល​ពី​ថ្ងៃពុ​ធសប្តាហ៍​នេះ ដោយ​​ស្ត្រី​ម្នាក់​បាន​ផ្អើល​ឆោឡោ​នៅ​មុខ​ផ្សារ​ទំនើ​ប សូរិយា​ រាជ​ធានី​ភ្នំពេញ​ថា បាត់​កូន តាម​អត់​ទាន់​ មាន​បង​ប្រុស​របស់​កូន​ស្រី​ដែល​បាត់​​នោះ​ប្រាប់​ម្តាយ​ថា មាន​ស្ត្រី​ម្នាក់​ល្បួង​ទិញ​នំ​ឲ្យ​ញ៉ាំហើយ​នាំ​ទៅ​មើល​កុន​ នៅ​រោង​កុន​សូរិយា​ រួច​ហើយ​ក៏​ចុះ​ជិះម៉ូតូ​កង់​ ៣ តែស្ត្រី​ជាម្តាយ​រត់​តាម​អត់​ទាន់​។ ភ្លាម​ៗ​​នោះ​​គាត់​ក៏ទៅ​តាម​រក​តម្រុយ​នៅ​ផ្សារ​ទំនើប​អីុអន​ ១​ ទៀត​ហើយ​គាត់​បន្ត​ទៅប្តឹងសមត្ថ​​កិច្ច តែ​មក​ដល់​ពេល​នេះ​នៅ​មិនទាន់​ ឮ​ដំណឹង​តម្រុយ​នៅ​ឡើយ​ទេ​។

នៅ​ពេល​ដែល​ជួប​ហេតុ​ការ​ណ៍​​ដូច​នេះ ឪពុក​ម្តាយ​ តែង​តែ​គិត​ថា​ មិន​ដឹង​ថា តើ​វាសនា​កូន​របស់​ពួក​គេ​នឹង​ទៅ​ជា​យ៉ាងណា​​នោះ​ទេ? ក្នុ​ងស្ថាន​ភាព​បច្ចុប្ប​ន្ននេះ មាន​តាំង​ពី​ការ​ប្រើ​ប្រាស់​ឌីជីថល​បច្ចេ​ក​វិទ្យា​ទំនើប​ៗ មាន​មនុស្ស​ជាតិ​សាសន៍​គ្រប់​ប្រភេទ​ជាពិ​សេស​ចិន ​ក៏ចូល​មក​ច្រើន​ពេញ​បន្ទុក​ផង មិន​​ដឹង​ជាទៅ​ខាង​ណា​ មក​ខាង​ណា​នោះ​​ទេ​ក្នុង​ការ​ស្វែង​រកកូន​។

ជា​ពិសេស​គ្រឿង​ញៀន​ ដែល​ចាប់​មិន​ចេះ​អស់​ នៅ​ពាស​ពេញ​រាជ​ធានី​ភ្នំ​ពេញ​ និង​បណ្តា​ខេត្ត​ផង កូន​ពួក​គេ អាច​ត្រូវ​គេ​ពង្វក់​ដោយ​គ្រឿង​ញៀន ឬ​ក៏​ត្រូវ​គេ​ជួញ​ដូរ ​ឬ​ក៏អាច​ត្រូវ​គេវះ​យក​គ្រលៀន ​ឬ​ក៏ត្រូវ​គេយ​ក​ទៅ​ចាប់​រំលោភ​សេព​សន្ថវៈ ឬ​ក៏គេ​យក​កូន​ទៅ​ធ្វើការ​ប្រើ​កម្លាំង​ធ្ងន់​ធ្ងរ​ជា​ដើម។ បញ្ហានេះ​គឺប្រឈម​នឹង​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង ​ចំពោះ​សុវត្ថិ​ភាព​ពួក​គេ ខណៈ​ដែល​អង្គការ​ខ្លះ ​ដែល​ជា​សមាជិក​បណ្តាញ​កុមារ ដើម្បី​ផ្តល់​មូលនិធិ​ទប់​ស្កាត់​នូវ​ការ​រំលោភ​បំពា​ន​កុមា​រក៏បិទ​ទ្វារ​ឬ​ក៏ពុំ​មាន​សកម្ម​​ភាព​ដំណើរ​ការ​ដោយ​សារ​តែ​មូល​និធិតិច​តួច។

ហេតុ​ដូច្នេះ​ហើយ បណ្តាញ​សុវត្ថិ​ភាព​កុមារ​ គួរ​ត្រូវ​បាន​បង្កើត​ឡើង ​ដោយ​អាជ្ញាធរ​ដែន​ដី​វិញ ដើម្បី​បន្ត​កិច្ច​ប្រឹង​ប្រែង​បន្ថែម​សហ​ការ​ជាមួយ​ប្រជា​ពលរដ្ឋ ជា​ពិសេស​អ្នក​ផ្តល់​សេវា​ធ្វើ​ដំណើរ អ្នក​យាម អ្នក​លក់​ដូ​​រ​នៅ​តាម​ហាង​ធំៗ អ្នក​លក់​សំបុត្រ​កុន អ្នក​បោស​សម្អាត​តាម​ទីសា​ធារ​ណៈ ក៏ជា​ភ្នាក់​ងារ​តាម​ដាន​​ប្រសិន​បើ​មា​ន​​ជន​សង្ស័យ ​ដែល​បង្ហា​ញ​សកម្ម​​ភាព​មិន​មែន​ជាឪពុក​ម្តាយ ឬក៏​បង​ប្អូន​សាច់​ញាតិ​ទេ ក៏គួរ​ធ្វើ​ការ​​កំណត់​ចំណាំ​ឲ្យ​បាន​ច្បាស់​ អំពីភិន​ភាគ ឬ​ក៏រាយ​ការណ៍​បន្ត​ទៅ​អ្នក​ដែល​អាច​មាន​លទ្ធ​ភាព​ជួយ​បានឬ​ក៏​រាយការណ៍​ទៅ​ប៉ូលិ​ស​គឺតា​មទូ​រស័ព្ទ លេខ​ 031 201 2345 ឬ 031 601 2345 តាម​ដាន​តម្រុយ​សកម្ម​ភាព​រប​ស់​ជន​ល្មើស​។ រីឯ​តាម​ទីសា​ធា​រណៈ ដូច​ជា​សាលា​រៀន ឬ​កន្លែង​ក្មេង​លេង គឺត្រូវ​បំពាក់​កាមេ​រ៉ាសុវត្ថិ​ភាព​ទាំង​អស់​ ដើម្បី​តាម​ដាននិ​ង​ផ្តល់​ព័ត៌មាន​សម្រាប់​សមត្ថ​កិច្ច​ស៊ើប​អង្កេត​តាម​ចាប់​ខ្លួន​ជន​ល្មើ​ស​ដែល​ល្បួង និង​ចាប់​កុមារ​៕

ចូល​​រួ​ម​ផ្តល់​​យោ​បល់​តាម​រយៈ​ soprach.ton​g@phnompenhpost.com