១ ឆ្នាំមុននៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៧ ក្រោយ ១ ថ្ងៃនៃការប្រារព្ធទិវាសិទ្ធិមនុស្សភាពរីករាយវិស្សមកាលបានមកដល់មុនពេលកំណត់សម្រាប់អ្នកតស៊ូមតិសិទ្ធិកុមារនៅពេលរាជរដ្ឋាភិបាលកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ «ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០១៧-២០២១»។
ក្រោយពីការពិគ្រោះយោបល់ប្រមូលធាតុចូលជាច្រើនខែជាមួយដៃគូទាំងអស់ឯកសារដ៏មានសារៈសំខាន់មួយនេះដែលធានាការសម្របសម្រួល ការដាក់ធនធានបន្ថែម និងធានាលទ្ធផលសម្រេចបានច្រើនជាងមុនឆ្ពោះទៅការបញ្ចប់អំពើហិង្សាលើកុមារនៅកម្ពុជាត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
រហូតមកដល់ពេលនេះគឺរយៈពេល ១ ឆ្នាំហើយតើការសន្យាទាំងនោះត្រូវបានធ្វើឡើងលើចំណុចណាខ្លះហើយ? តើប្រទេសកម្ពុជាអាចសាងអនាគតលើការសន្យាទាំងនោះ និងសរសេររឿងជោគជ័យមួយអំពីកិច្ចការពារកុមារនៅកម្ពុជាបានដែរឬទេ?
ការសិក្សាស្រាវជ្រាវស្តីពីអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជាឆ្នាំ ២០១៣ ដែលជាការសិក្សាមុនដំបូងគេនៅក្នុងតំបន់បានផ្តល់នូវការវាស់វែងច្បាស់ជាងមុនអំពីទំហំនៃបញ្ហានេះនៅក្នុងប្រទេស។
របកគំហើញពីការសិក្សានេះនៅតែគួរឱ្យព្រួយបារម្ភ ៖ អំពើហិង្សាលើកុមារនៅកម្ពុជាកំពុងតែប៉ះពាល់ដល់ទៅ ៣ ភាគ ៤ នៃកុមារកម្ពុជាមុនពេលពួកគេឈានចូលអាយុ ១៨ ឆ្នាំ។ ឆ្នាំក្រោយៗមករាជរដ្ឋាភិបាលឆ្លើយតបបានល្អជាមួយការអនុម័តច្បាប់ និងគោលនយោបាយថ្មីៗមួយចំនួន។
ការដាក់ឱ្យប្រើប្រាស់នូវផែនការសកម្មភាពនេះបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃចលនាជាសកលក្នុងការបញ្ចប់អំពើហិង្សាលើកុមារហើយប្រទេសកម្ពុជាបាននាំមុខគេនៅតំបន់ទន្លេមេគង្គលើផ្នែកច្បាប់គោលនយោបាយ និងផែនការបញ្ចប់អំពើហិង្សាលើកុមារនេះ។
ដូច្នេះ ១ ឆ្នាំក្រោយពីការសម្ពោធដាក់ឱ្យប្រើប្រាស់វាដល់ពេលដែលគួរសួរខ្លួនយើងថា៖ «តើរាជរដ្ឋាភិបាលកម្ពុជាដៃគូអភិវឌ្ឍន៍ ហើយសូម្បីតែយើងក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាលដែលមានភាពឯករាជ្យ និងនាំមុខគេលើការងារកុមារនៅកម្ពុជាបានចូលរួមសម្រេចនូវការសន្យានៃផែនការសកម្មភាពនេះហើយឬនៅ?»។
តាមការមើលឃើញរបស់យើងចម្លើយគឺយើងត្រូវគិតបន្តិច ប៉ុន្តែយើងអាចឆ្លើយបានយ៉ាងច្បាស់ថា ជារួមយើងពិតជាសម្រេចបាន។
ក្នុងរយៈពេល ១២ ខែកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងដៃគូសម្រេចបានវឌ្ឍនភាពដែលមិនអាចប្រកែកបានលើសកម្មភាពសំខាន់ៗមួយចំនួនដូចជាការអនុម័តគោលនយោបាយ និងផែនការសកម្មភាពស្តីពីកិច្ចការពារកុមារនៅសាលារៀនវគ្គបំប៉នស្តីពីវិន័យបែបវិជ្ជមាន និងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាពសំដៅការការពារកុមារតាមសាលារៀនសម្រាប់គ្រូ និងថ្នាក់ដឹកនាំសាលារៀនការបង្កើតភាពជាដៃគូហៅកាត់ថា PROTECT ដើម្បីផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយាលើអំពើហិង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដែលមិនចាំបាច់កិច្ចការផ្សេងៗលើការងារសង្គមកិច្ច និងប្រព័ន្ធកិច្ចការពារកុមារនៅថា្នក់មូលដ្ឋានតាមរយៈការពង្រឹងគណៈកម្មាធិការឃុំ/សង្កាត់ទទួលបន្ទុកលើកិច្ចការនារី និងកុមារជាដើម។ បញ្ជីនៃវឌ្ឍនភាពនៅមានច្រើនទៀត។
វឌ្ឍនភាពថ្មីៗជាច្រើនទៀតបាននិងកំពុងកើតឡើងដូចជាការបង្កើតគោលនយោបាយជាតិស្តីពីការការពារកុមារការបង្កើតគណៈកម្មការដឹកនាំអន្តរក្រសួងសម្រាប់ផែនការសកម្មភាព និងលទ្ធភាពដែលកម្ពុជានឹងចូលរួមជាផ្លូវការក្នុងពេលឆាប់ៗនេះជាប្រទេសនាំមុខមួយទៀតក្នុងភាពជាដៃគូជាសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។
សម្រាប់ពួកយើងវាជាការសំខាន់ណាស់ដែលត្រូវទទួលស្គាល់វឌ្ឍនភាពទាំងនេះហើយសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសាមីទាំងអស់។ អំពើហិង្សាលើកុមារជារឿយៗស្ថិតក្នុងចំណោមបញ្ហាដែលទាក់ទាញចំណាប់អារម្មណ៍តិចតួចពីអ្នកធ្វើសេចក្តីសម្រេចចិត្ត។ ប៉ុន្តែកម្ពុជាបានបញ្ជាក់ឱ្យឃើញថា ថ្នាក់ដឹកនាំ និងអ្នកធ្វើសេចក្តីសម្រេចចិត្តសំខាន់បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាអំពើហិង្សាលើកុមារ។
ការបញ្ចប់អំពើហិង្សាលើកុមារគឺជាគោលដៅយូរអង្វែងមួយហើយសូម្បីតែបន្ទាប់ពីមានវឌ្ឍនភាពជាច្រើនឆ្នាំក៏ដោយក៏នៅតែមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ ដូច្នេះសំណួរបន្ទាប់ដែលយើងត្រូវសួរខ្លួនឯងគឺ «សម្រាប់រយៈពេល ៤ ឆ្នាំទៅមុខទៀតក្នុងការអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០១៧-២០២១ នេះតើភាគីពាក់ព័ន្ធទាំងអស់ត្រូវចាត់អាទិភាពកិច្ចខិតខំប្រឹងប្រែងរបស់យើងយ៉ាងដូចម្តេច? ហើយតើកត្តាប្រឈមអ្វីខ្លះដែលនឹងអាចកើតមានឡើង?»។
ចំណុចទី ១៖ តាមរយៈការបង្កើតគណៈកម្មការដឹកនាំអន្តរក្រសួងរាជរដ្ឋាភិបាលកម្ពុជាប្រហែលជានឹងឈានទៅកាន់ការដោះស្រាយបញ្ហាប្រឈមធំបំផុតមួយក្នុងចំណោមបញ្ហាទាំងអស់គឺការសម្របសម្រួលនូវការឆ្លើយតបបែបអន្តរវិស័យ។
ការដោះស្រាយបញ្ហាអំពើហិង្សាលើកុមារទាមទារឱ្យមានការឆ្លើយតបនៅច្រើនកម្រិតតាមរយៈវិស័យផ្សេងៗចាប់ពីការស្វែងរកមូលនិធិដល់ការពិនិត្យឡើងវិញនូវច្បាប់ និងគោលនយោបាយដែលពាក់ព័ន្ធផ្សេងៗ។
នេះតម្រូវឱ្យមានការចូលរួមពីក្រសួង អង្គការសង្គមស៊ីវិល និងបណ្តាញដែលដឹកនាំដោយកុមារ និងយុវជនជាច្រើន។ បើគ្មានយន្តការដ៏រឹងមាំក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងទាំងអស់នោះទេវឌ្ឍនភាពនឹងពិបាកសម្រេចបាន។ គណៈកម្មការអន្ដរក្រសួងនឹងដើរតួនាទីយ៉ាងសំខាន់ ប៉ុន្តែគណៈកម្មការនេះត្រូវមានការកំណត់តួនាទី និងទំនួលខុសត្រូវឲ្យបានច្បាស់លាស់ហើយសំខាន់ជាងនេះទៅទៀតគឺមានធនធានគ្រប់គ្រាន់។
ដូច្នេះដើម្បីទទួលបានជោគជ័យការកើនឡើងនៃការប្តេជ្ញាចិត្ត និងយន្តការសម្របសម្រួលនេះគឺត្រូវការជាចាំបាច់នូវការបង្កើនធនធានសម្រាប់ការអនុវត្តផែនការសកម្មភាព និងអនុសញ្ញាអន្តរជាតិដែលបានព្រមព្រៀងជាច្រើនទៀតផងដែរ។ នៅថ្នាក់មូលដ្ឋានសេវាសង្គម និងតួអង្គឆ្លើយតបនឹងកិច្ចការពារកុមារជាច្រើនត្រូវការធនធានបន្ថែមដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ។
នៅថ្នាក់ជាតិ សកម្មភាពសំខាន់ៗជាច្រើនដែលមាននៅក្នុងផែនការសកម្មភាពនេះនឹងតម្រូវឱ្យមានការវិនិយោគធនធានបន្ថែមទៀតហើយគម្រោង និងគំនិតផ្តួចផ្តើមល្អៗដែលបានដាក់សាកល្បងមួយចំនួនទៀតនឹងត្រូវការមូលនិធិបន្ថែម ដើម្បីពង្រីកវិសាលភាព និងធានានិរន្តរភាពក្នុងការការពារកុមារ និងឆ្លើយតបបញ្ហាអំពើហិង្សាលើកុមារ។ ការចូលរួមក្នុងដំណើរការក្លាយជាប្រទេសនាំមុខក្នុងភាពជាដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារគួរផ្តល់ឱ្យរាជរដ្ឋាភិបាលកម្ពុជានូវឱកាសទទួលបានមូលនិធិបន្ថែមមួយចំនួនទៀត។
លើសពីនេះទៀតដៃគូអភិវឌ្ឍន៍គួរតែសាទរដែលរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាអំពើហិង្សាលើកុមារព្រមទាំងមើលឃើញថា ការវិនិយោគលើបញ្ហានេះពិតជាផ្តល់ផលត្រឡប់ពីការវិនិយោគដ៏ធំធេង។
ប៉ុន្តែនៅទីបំផុតទៅដំណោះស្រាយដែលមាននិរន្តរភាពនឹងកើតឡើងនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពធ្វើសមាហរណកម្ម «ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ» នេះទៅក្នុងផែនការថវិការបស់ក្រសួងដែលពាក់ព័ន្ធ។ មានតែតាមរយៈការធ្វើសមាហរណកម្មនេះទេដែលយើងនឹងនាំការប្រយុទ្ធប្រឆាំងលើអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជាទៅកាន់កម្រិតជោគជ័យមួយទៀត។
វឌ្ឍនភាពល្អៗជាច្រើនឆ្នាំមកនេះបានសបញ្ជាក់ថា មានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការការពារកុមារនៅកម្ពុជាពីសំណាក់រាជរដ្ឋាភិបាលម្ចាស់ជំនួយ និងអង្គការសង្គមស៊ីវិលជាច្រើន។ តាមរយៈការសម្របសម្រួលល្អជាងនេះបន្តិច និងការវិនិយោគប្រកបដោយនិរន្តរភាពបន្តិចទៀតប្រទេសកម្ពុជាអាចសរសេររឿងរ៉ាវដ៏គួរស្ញប់ស្ញែងមួយអំពីភាពជោគជ័យក្នុងការដោះស្រាយបញ្ហាអំពើហិង្សាលើកុមារនៅតំបន់អាស៊ីបាន។
កម្ពុជានឹងក្លាយជាប្រភេទនៃរឿងនិទានវិស្សមកាលរបស់កុមារដែលកុមារកម្ពុជាត្រូវការជាងរឿងណាៗទាំងអស់៕
អត្ថបទទស្សនៈរួមនេះត្រូវបានសម្របសម្រួលដោយក្រុមអង្គការ “សិទ្ធិកុមារឥឡូវនេះ - ChildRightsNow”