ប្រវត្តិនៃ​​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ដែល​កំពុង​ដំណើរ​ការ​បម្រើការ​មើល​តេស្ត​ឈាម និង​ចាក់​វ៉ាក់​សាំង​គ្រប់​មុខ​សព្វ​ថ្ងៃ​នេះ គឺ​មាន​ដើម​កំណើត​មក​ពី​ឈ្មោះ Louis Pasteur អ្នកប្រាជ្ញជន​ជាតិ​បារាំង​ ជំនាញ​គីមី​វិទ្យា​ដែល​រក​ឃើញ​វ៉ាក់​សាំង​ដំ​បូង​គេ​ដើម្បី​ការពារ​ជំងឺ​ឆ្កែឆ្កួត​ខាំ ដែ​លបណ្តាល​ឲ្យ​មនុស្ស​ឆ្កួត និង​ស្លាប់​បាន​នោះ។

លោ​ក​​​ ប៉ា​ស្ទ័រ បាន​ទទួល​​ពាន​រង្វាន់​ណូបែល​នៅ​ឆ្នាំ​ ១៨៨៥ ត្រូវ​បាន​ពិភព​លោក​ទទួល​ស្គាល់​ថា​ គាត់​ជា​អ្នក​ប្រាជ្ញ​ដំបូង​គេ ដែល​​រក​ឃើញ​វ៉ាក់សាំង​ការ​ពារ​ជំងឺឆ្កែ​ឆ្កួត​ខាំ​នេះ។


ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ទាំង​នៅ​ភ្នំ​ពេ​ញ និង​នៅ​ខេត្ត​បាត់​ដំបង មាន​ពល​​រដ្ឋ​ពពាក់​ពពូន​គ្នា​មក​ទទួល​​សេវា​ចាក់​ថ្នាំ​ព្យាបាល​បន្ទាប់​ពី​ឆ្កែ​ខាំ​ផង និង​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត បើទោះ​បី​ជា​វេជ្ជ​បណ្ឌិត ​ធ្វើ​ការ​នៅ​ទីនោះ​បាន​ប្រាប់​ថា​ចាក់​ថ្នាំ​ផ្តល់​អាទិភាព​ជូនឲ្យ​​អ្នក​​ដែល​ឆ្កែ​បាន​ខាំ និង​មក​ចា​ក់​បន្ត​បន្ទាប់​ឲ្យ​គ្រប់​ដូស​ក៏ដោ​យ ក៏មាន​ការរិះ​គន់ និង​ខឹង​សម្បា​ពី​អ្នក​មិន​មាន​ឆ្កែខាំ​សោះ តែ​មាន​លុយ​មក​ចាក់​ថ្នាំ​បង្ការ។


សកម្មភាព​ពលរដ្ឋ​នាំគ្នា​មកកកកុញ​នៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​នេះ ក៏ដោយ​សារ​មាន​ព័ត៌មាន​ដ៏តក់​​ស្លុត​ថ្មីៗ មិន​នឹ​ក​ស្មាន​សោះ​ថា ​គ្រាន់​តែ​កុមារី​ម្នាក់​ នៅ​ខេត្ត​ស្វា​យរៀង​ ត្រូវ​បាន​ឆ្មាខ្វាច​សោះ​​ក៏អា​ច ស្លាប់​បាន​ដែរ​នោះ។ កុមារី​ដែល​ស្លាប់​នោះ​ ត្រូវ​បាន​ក្រសួ​ង​​សុខា​ភិបាល​បាន​អះអាង​ថា ​បាន​ស្លាប់​ដោយ​ឆ្មាខ្វាច​មែន ហើយ​ជា​ប្រភេទ​ជំងឺ​ដ៏កម្រ ១ ។


កា​រ​ព្រួយ​បារម្ភ​នេះប្រមុខ​រាជ​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​ បាន​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ដោយ​ផ្តល់​អាទិភាព​ជូន​អ្នក​ដែល​ត្រូវ​ឆ្កែ​ខាំ​សិន អ្នកដែល​ឆ្កែ​មិន​ទាន់​ខាំ​ទេ​ គ្រាន់​តែ​មក​ចាក់​វ៉ាក់​សាំង​ចាំ​បន្តិច​សិន។


នេះ​គឺជា​ឥរិយាបថរបស់​ពល​រដ្ឋ​​ដែល​ផ្លាស់​ប្តូរ​ភ្លាមៗ​ បន្ទាប់​ពី​មាន​រឿង​ហេតុ​កើត​ឡើង​បាន​ជឿ​តែបើ​ជា​ទូទៅ​វិញ​ មន្ត្រី​នៅ​មណ្ឌល​សុខ​ភាព និង​ក្រុម​ទ្រទ្រង់​សុខ​ភាព​ភូមិ​ខិត​ខំ​ប្រកូក​ប្រកាស​ឲ្យ​មក​ចាក់​ថ្នាំ​បង្ការ​គ្រប់​មុខ​ដល់​កុមារ​ ឬ​ក៏មក​ទទួល​​ថ្នាំ​បង្ការ​ផ្សេងៗ​ នៅ​មណ្ឌល​សុខភាព​សោះ ក៏​ពលរដ្ឋ​មួយ​ចំនួន​តូច​នៅតែ​មិ​ន​ចង់​មក​ទេ​ ព្រោះ​ខ្លាច​កូន​ក្តៅ​ខ្លួនឬ​ចាក់​ថ្នាំ​ទៅ​កូន​ឈឺ​សាច់។


កន្លង​មកក្រសួង​សុខា​ភិបា​ល និង​អង្គការ​ដៃ​គូអភិវឌ្ឍន៍​ បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវ​សុខ​ភាព​សហ​គមន៍ ដូច​ជា​ការគ្រប់​គ្រង​កុំ​ឲ្យ​មាន​ផ្ទុះ​ជំងឹ​ឆ្លង ​(Outbrea​​k) ​ផ្សេងៗ រួ​ម​មាន​ជំងឺ​គ្រុនឈាម ជំងឺ​គ្រុន​ចាញ់ ជំងឺ​អេដ​ស៍ ជំងឺ​របេង ជំងឺ​ផ្តា​សាយ​បក្សី​ ជាដើម។ ​រីឯ​អត្រា​ស្លាប់​នៃជំងឺ​ឆ្លង​ទាំង​នេះ​ក៏មាន​ការធ្លាក់ចុះគួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ និង​​ជំងឺ​ខ្លះ​គឺលែង​កើតមាន​តែម្តង ដូច​ជា​ជំងឺ​កុមារ​ស្វិត​ដៃ​ស្វិត​ជើង និង​ជំងឺ​អុត។

រីឯ​សកម្ម​ភាព​លើក​កម្ពស់​សុខ​ភាព និ​ង​ការ​អប់រំ​បញ្ហា​ឆ្កែ​ខាំនេះ​គឺមិន​សូវ​មាន​ទេ អ៊ីចឹង​ហើ​យ​ បាន​មាន​ការធ្វេស​ប្រហែស​​​ច្រើន ព្រោះ​ពលរដ្ឋ​គិ​ត​ថា​ វាជា​រឿង​ធម្មតា សត្វ​ឆ្កែ និង​មនុស្ស​នៅផ្ទះ​ជាមួយ​គ្នា ឃើញ​រាល់​ថ្ងៃ​ តែពួក​គាត់​មិន​ដឹង​ថា ​ឆ្កែរ​បស់​ខ្លួន​ឆ្កួត ឬក៏​មិន​ឆ្កួត​នោះ​ទេ។

ម្យ៉ាង​វិញ​ទៀត មិន​ទាន់​មាន​គោល​ការណ៍​ណែនាំ​ណាមួយ ​ស្តីពី​ការ​ការ​ពារ​កុំ​ឲ្យ​ឆ្កែ​ខាំ និង​កុំ​ឲ្យ​ឆ្លង​មេរោគ​ឆ្កែ​ខាំ​នេះ ផ្សព្វផ្សាយ​​ជា​សាធា​រណៈនៅ​ឡើយ​ទេ។ ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​វិទ្យ​ស្ថាន​ប៉ាស្ទ័រ​លើក​ទឹក​ចិត្ត​ថា បើឆ្កែ​ណាមួយ​ខាំ​ហើយ​ គឺត្រូវ​កាត់​ក្បាល​ឆ្កែ​នោះ​មក​ឲ្យ​វិទ្យាស្ថា​ន​ពិនិត្យ​មើលដើម្បី​បញ្ជាក់​ថា​ ឆ្កែនោះ​មាន​មេរោគ​ឆ្កួត ឬក៏​អត់​ នៅ​ក្នុង​ខួរ​ក្បាល​ឆ្កែ​នោះ ហើយ​ដែល​វា​បញ្ចេញ​នៅក្នុង​ក្រពេញ​ទឹក​មាត់។​

ទាក់​ទង​ទៅនឹង​ជំនឿ និង​ទម្លា​ប់ សូម្បី​តែខ្ញុំ​ក៏ធ្លាប់​ឆ្កែខាំ​តាំងពី​តូច​ដែរ​ឆ្នាំ​ ១៩៨០ កាលនោះ​ ចាស់ៗ​យក​ទៅ​ឲ្យព្រះសង្ឃ​សូត្រ​ផ្លុំ និង​ម្លូស្លា​ទេ តែ​សំណាង​ឆ្កែ​អនា​ថា​នោះ​មិន​ឆ្កួត ហើយ​ក៏​មិន​ដឹង​ទៅ​រក​ថ្នាំ​វ៉ាក់​សាំង​មក​ចាក់​ឯណា​ដែរ​។ ជាង​នេះ​​ទៅ​ទៀត ខ្ញុំ និង​ពួក​ម៉ាក នាំគ្នា​ឲ្យឆ្កែ​លិទ្ធ​ដំបៅ​ផង​ដែរ ដើម្បី​ឲ្យឆាប់​ជា​ ហើយ​មាន​អ្នក​ខ្លះ​ទៀត​នៅមាន​ទម្លាប់ ឆ្កែខាំ​ហើយ​យក​បាយ​កក​មក​ទំពាបិទ​នៅ​លើ​កន្លែង​ឆ្កែ​ខាំ​ដើម្បី​ឆាប់​ជា។ ការ​ដែល​​មាន​ទម្លាប់​បែប​នេះ​ហើយ គឺធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ប្រឈម​មុខ​ខ្ពស់ ​ចំពោះ​ការ​ឆ្លង​ជំងឺ​ឆ្កែ​ឆ្កួត និង​អាច​ស្លាប់​បាន។

សំណួរ​សួ​រ​ថា តើ​ប្រសិន​បើ​ឆ្កែឆ្កួត​ខាំ ឬ​ក៏ឆ្មាឆ្កួត​ខាំ ឬក៏​កណ្ដុរ​ឆ្កួត​ខាំ​នរណា​ម្នាក់ រយៈ​ពេល​មេរោគ​អាច​ឆ្លង​អាច​ឲ្យ​មនុស្ស​​ឆ្កួត និង​ស្លាប់​បាន​?

បើ​តាម​ប្រសាសន៍​លោក លី សុវត្ថិ វេជ្ជ​បណ្ឌិត នៅ​​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​បានប​ក​ស្រាយ​ថា ​វាអាស្រ័យ​ទៅ​នឹង​កន្លែង​របួស​ខាំ និង​រយៈ​ពេល​នៃ​សត្វ​ឆ្កែ​ដែល​ខាំ​ហ្នឹង​ឆ្កួត​ដែរ​។ បើនៅ​ក្បាល​មេរោគ ​អាចបំផ្លាស់​ទី​ទៅ​ក្នុង​ខួរ​ក្បាល​បាន​លឿន​ជាង​នៅ​កែង​ជើង​ ហើយ​ឆ្កែខ្លះ​ឆ្កួត​លឿន ខ្លះ​ឆ្កួត​យឺត ​អាច​ឡើង​ដល់​ឆ្នាំ​ក៏មាន​ដែរ។

តែ​ទោះបី​ជាយ៉ាង​ណា ​លោក​វេជ្ជ​បណ្ឌិត​ លី សុវត្ថិ លើក​ទឹក​ចិត្ត​ថា​ បើមាន​ឆ្កែ​ខាំ គួរតែ​មក​វិទ្យាស្ថាន​ប៉ាស្ទ័រ​ក្នុង​អំឡុង ​១ ​សប្តាហ៍ទៅ​ ២ ​សប្តា​ហ៍​​ដើម្បី​ចាក់​ថ្នាំ​បង្ការ និង​ការពា​រ។ តែ​បើកាន់​តែច្បាស់​ទៅទៀត​នោះ​គឺកាត់​ក្បាល​ឆ្កែខាំ​នោះ​មក​​​វិភា​គ​តែម្តង​ដើម្បី​ឲ្យដឹង​ថា​ វា​មាន​ផ្ទុក​មេរោគ​ឆ្កែ​ឆ្កួត​ឬក៏​អត់។

មក​ដល់​ពេល​នេះ ក៏​នៅ​មាន​អ្នក​និយម​អួត​គ្នា​រឿង​ហូប​សា​ច់​​ឆ្កែ និង​ឆ្មា​បា ថា ​ឆ្ងាញ់​ណាស់​ មាន​ជាតិ​ហើយ​ក្តៅ​សាច់​បាន​​ល្អ។​ ដោយ​សារ​តែ​តម្រូវ​ការ​ទីផ្សារ​សព្វ​ថ្ងៃនេះ​ហើយ​ មាន​អ្នក​ដើរ​ទាក់​ឆ្កែដែល​ម្ចាស់​គេ​ស្រឡាញ់​ចិញ្ចឹម​ផង​ អ្នក​ដើរដូរ​ នឹង​ឆ្នាំងខ្ទះជាមួយ​នឹង​សត្វ​ឆ្កែ​តា​មភូមិ​ឡើង​ចង់​ពាយ​អស់​ហើយ។ សម្រាប់​អ្នក​ហូប​សាច់​ឆ្កែ​ទាំង​នោះ​វិញ មាន​គ្រប់​ថ្នា​ក់​នៅ​ក្នុង​សង្គម​ មាន​ទាំង​អ្នក​ធំ ​និង​អ្នក​តូចតែ​ពួក​គាត់​មិន​បាន​ដឹង​ថា​ សាច់​ឆ្កែដែ​ល​គាត់​ហូប​នោះ​ឆ្កួត ឬ​ក៏អត់​ឆ្កួត​នោះ​ទេ។

ក្នុង​ករណី​ហូប​សាច់់​ឆ្កែ​នេះ លោក​វេជ្ជ​បណ្ឌិត លី សុវត្ថិ បាន​បញ្ជាក់​ថា បើគេ​ហូប​សាច់​ឆ្កែ​ប៉ះ​ចំឆ្កែ​ឆ្កួត​ហើយ​​ចម្អិន​ឆ្អិន​ងាប់​មេរោគ​នោះ​វាមិន​ឆ្លង​ទេ​ តែ​អ្វី​ដែល​ប្រឈម​មុខ​នោះ​ គឺ​អ្នក​សម្លាប់​ឆ្កែ​ មាន​មេរោគ​ឆ្កួត កាប់​ស្លគឺ​អាច​ឆ្លង​មេរោគ​បាន​ពេល​ប៉ះដាច់​ ឬ​ក៏ឈាម​ឆ្កែ​ត្រូវ​កន្លែង​រលាត់​ស្បែក ឬក៏​ដំបៅ និង​បើ​ចម្អិន​មិន​ឆ្អិន​​ហើយ​នៅ​ឈាម​ស្រស់ៗ​ ក៏​អាច​ឆ្លង​មេរោគ​នោះ​បាន​ដែ​រ។

ទាំង​នេះ​គឺ​ជា​គុណ​វិបត្តិ​រប​ស់​សត្វ​ឆ្កែ​ចំពោះ​មនុស្ស តែ​ក្រៅ​ពី​នោះ ​ឆ្កែ​ក៏ជា​សត្វ​ដែល​មាន​គុណ​សម្បត្តិ​ជា​ច្រើន ដែល​គេ​និយម​ហៅ​ខុសៗ​គ្នា ដូច​ជា​ការ​ដាក់​ឈ្មោះ​ដូច​ឈ្មោះ​មនុស្ស ឬ​ក៏​គេ​ហៅអាភ​ក្តី ឬ​សន្តិ​សុខ​ភូមិ​ជា​ដើម។ ព្រោះ​ឆ្កែ​ជួយ​ម្ចាស់​បាន​ច្រើន ហើយ​ឆ្លាត​​ធ្វើ​ឲ្យ​ម្ចាស់​វា​ស្រឡាញ់​ផង​ដែរ​។ ហេតុ​ដូច្នេះ​ហើយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ឆ្កែ​ខាំ​នេះ​គឺ

ទី១- ម្ចាស់ឆ្កែ​ត្រូវ​តែ​យក​ឆ្កែទៅ​ចាក់​វ៉ាក់​សាំង​ឲ្យ​បាន​ទៀង​ទាត់​ជា​មួយ​នឹង​ពេទ្យ​សត្វ។

ទី២- ចូល​រួម​ផ្សព្វ​ផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ និង​ការពារ​កុំ​ឲ្យ​ឆ្កែ​ខាំ ជា​ពិសេស​ម្ចាស់​ឆ្កែ ដែល​មាន​ឆ្កែ​ខ្លួន​ឯង​កាចៗ​គឺ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ រាល់​​ការ​ចេញ​សង​ចាក់​ថ្នាំ​ទាំង​អស់ និង​សង​ជំងឺ​ចិត្ត​ទៅ​ជន​រង​គ្រោះ​ដោយសារ​ឆ្កែ​ខាំ។

ទី៣- ប្រសិន​បើមាន​ឆ្កែ​ងាប់ មិន​គួរ​នាំ​គ្នា​ទទួល​ទាន​ទេ ព្រោះ​វាអាច​ឆ្លង​ជំងឺ​ផ្សេងៗ​គឺត្រូវ​យក​វាទៅ​កប់​​ចោល​ឲ្យ​បាន​ត្រឹម​ត្រូវ។​

ទី៤- ការ​ហូប​សាច់​ឆ្កែ ​ក៏​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ​​មក​មនុស្ស​បាន​ដូច​ដែល​​លោក​វេជ្ជ​បណ្ឌិត​ លី សុវត្ថិ​បញ្ជាក់ អ៊ីចឹង​បើ​អាច​ឈប់​បាន​ឈប់​ទៅ​ រឿង​អួត​ដាក់​គ្នា​ហូប​សាច់​ឆ្កែ និង​សាច់​ឆ្មា​បា​ថា​ឆ្ងាញ់​នោះ។

នៅ​ទីក្រុង​ហា​ណូ​យ​នៃ​ប្រទេស ​វៀត​ណាម​ ដែល​ពលរ​ដ្ឋ​គេ​ចូល​ចិត្ត​សាច់​ឆ្កែ​ ​គឺ​ជា​ទីក្រុង​ដំបូង​គេ​ ត្រូវ​បាន​អាជ្ញាធរ​របស់​គេ​​បាន​ចេញ​ច្បាប់​ហាម​ហូប​សាច់​ឆ្កែ​ហើយ​កាល​ពី​ខែកញ្ញា​ឆ្នាំ​ ២០១៨ ​កន្លង​ទៅ​នេះដោ​យ​​ហេតុ​ផល​ប៉ះពាល់​ទៅ​នឹង​ភ្ញៀវ​​ទេសចរអន្តរ​ជាតិ​ ដែល​ភាគ​ច្រើន​ចូល​ចិត្ត​ស​ត្វឆ្កែ​នោះ និង​ការ​ប្រឈមនឹ​ង​ការ​ឆ្លង​ជំងឺ​ឆ្កែឆ្កួ​ត។

នៅ​ចុង​ដំណាច់​ឆ្នាំ ២០២១ ប្រទេស​ វៀត​ណាម ​នឹង​លែង​ឲ្យ​លក់​សាច់​ឆ្កែទូទាំង​ប្រទេស​ហើយ។ នេះ​បើតាម​សារព័ត៌​មាន The Independence របស់​ប្រទេស​ អង់​គ្លេស​ បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៨។

ទី៥- បើ​ចង់​ដឹង​បន្ថែម​ទៅ​លើ​ជំងឺ​ឆ្កែឆ្កួត​ខាំ ឬ​ក៏ជំងឺ​ឆ្លង​ផ្សេងៗ​ទៀត​សូម​ទាក់​ទង​ទៅលេខ 115 ដោយ​មិន​យក​កម្រៃ៕

ចូល​រួ​ម​ផ្តល់​យោ​បល់​តាម​រយៈ​ soprach.ton​g@phnompenhpost.com