បើទោះបីជាថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកទឹកចិត្តឲ្យមានការលក់អនឡាញ ដើម្បីឲ្យទាន់សម័យឲ្យមានភាពប្រកួតប្រជែងនៅថ្នាក់តំបន់ និងអន្តរជាតិលើកលែងតែអ្នកលក់ឡេជាស្ត្រីបង្ហាញភាពអាសអាភាសដែលប៉ះពាល់ដល់វប្បធម៌ និងការបង្កើនឲ្យមានការចាប់រំលោភសេពសន្ថវៈ ត្រូវបានហាមប្រាមក្តី ការលក់ទំនិញតាមអនឡាញនេះក៏កំពុងត្រូវបានរិះគន់ពីអាជីវករលក់តាមផ្សារ តាមផ្ទះ ឬក៏ហាងថា ការលក់ទំនិញអនឡាញភាគច្រើននោះគឺមិនបានចុះបញ្ជិកាត្រឹមត្រូវ និងបង់ពន្ធជូនរដ្ឋនោះទេ។
ប៉ុន្មានឆ្នាំចុងក្រោយ អាជីវករលក់នៅតាមផ្សារដែលមានតូបផ្ទាល់ខ្លួន ឬក៏ជួលតូបមានការត្អូញត្អែរថា ការរកស៊ីលក់ដូររបស់ខ្លួនដូចជា ស្បែកជើង ខោអាវ រ៉ូប ខ្ចប់កាដូគ្រឿងសម្អាង ឡេលាបខ្លួន គ្រឿងអេឡិចត្រូនិក គ្រឿងអគ្គិសនី និងគ្រឿងសង្ហារិមជាដើម គឺមានការលក់ធ្លាក់ជាលំដាប់ ហើយការចំណេញក៏មានការធ្លាក់ចុះ ខ្លះសឹងតែបិទតូប។ ខ្ញុំបានសាកសួរបងប្អូនអាជីវករដែលមានតូបលក់នៅក្នុងផ្សារមួយចំនួនគឺមានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលទំនិញអនឡាញ គ្រាន់តែបន្តផ្ទាល់ដាក់លក់សោះ គេអាចលក់ចំណេញលើគោកងាយស្រួលជាងពួកគាត់ចំណាយពេលលក់នៅផ្សារឆ្ងាយណាស់។
ដោយសារអ្នកលក់នៅផ្សារ និងហាងតាមផ្ទះខ្លះបានចំណាយជាច្រើនទៅលើការទៅទិញទំនិញពីប្រទេសថៃ ឬក៏ប្រទេសចិន ដោយខ្លួនឯងចំណាយបង់សោហ៊ុយធ្វើដំណើរការស្នាក់នៅ ហើយទំនិញខ្លះក៏ជាប់ពន្ធនៅច្រកចូលព្រំដែនទៀតផង។
បើទោះបីជាកាលពីឆ្នាំ ២០១៦ រដ្ឋាភិបាលបានលើកលែងការបង់ពន្ធប៉ាតង់សម្រាប់អ្នកលក់មានតូបនៅផ្សារស្រាប់ យ៉ាងហោចណាស់ក៏ត្រូវចំណាយការបង់ភាស៊ី អនាម័យ សន្តិសុខយាមកាមអីវ៉ាន់ក្នុងតូបពេលយប់ ឬក៏ថ្ងៃឈប់សម្រាក ថ្លៃធ្វើដំណើរ និងម្ហូបអាហារពេលថ្ងៃ ការផ្ញើម៉ូតូ ឬឡានចតនៅផ្សារហើយឲ្យតែដល់ពេលមានកម្មវិធីបុណ្យទានឈប់សម្រាកជាតិម្តងៗគឺត្រូវចូលបង់លុយឲ្យគណៈកម្មការផ្សារ និងអាជ្ញាធរដែនដីសម្រាប់កម្មវិធីទាំងនោះទៀតផង។ អ្នកលក់ខ្លះត្រូវការជួលបុគ្គលិកមកជួយលក់គឺយ៉ាងតិចក៏ចំណាយម្នាក់ ១៥០ ដុល្លារដែរក្នុង ១ ខែ។
រីឯអ្នកដែលមិនមានតូបផ្ទាល់ខ្លួនគឺត្រូវជួលតូបគេតូប ១ ជួលយ៉ាងតិចក៏ ៣៥០ ដុល្លារដែរ។ ណាមួយទំនិញភាគច្រើនគឺដេញស៊េរី អ៊ីចឹងតម្រូវលក់របស់ថ្មីៗរត់ឲ្យទាន់គេហើយបើលក់មិនអស់សល់ទុកចោលគឺខាតច្រើនហើយអ្វីដែលតម្លៃលក់កាន់តែធ្លាក់ចុះទៀតនោះ គឺអ្នកលក់អនឡាញមួយចំនួនមកយកទំនិញពីអ្នកផ្សារយកទៅលក់ឲ្យអ្នកទិញដឹកដល់ផ្ទះដោយមិនចាំបាច់បង់ពន្ធជូនរដ្ឋនោះទេ។
មានន័យថា អ្នកលក់នៅផ្សារចំណេញបានតិចតួចទេ។ អ្វីដែលជាបញ្ហាជួបប្រទះសម្រាប់អ្នកលក់តាមតូបនៅផ្សារមួយចំនួនធំ គឺមានវ័យចំណាស់មិនចេះរបៀបលក់តាមអនឡាញ ឬក៏បច្ចេកវិទ្យាថ្មីៗហើយមានបន្ទុកចិញ្ចឹមកូន និងការចំណាយឲ្យកូនរៀនសូត្រទៀតធ្វើឲ្យពួកគាត់ធ្លាក់ទឹកចិត្តក្នុងការរកស៊ីដោយសាររកស៊ីខាតចុងខាតដើម។
ខ្លះក៏ដាច់ចិត្តលក់តូបបណ្តើរៗ ខ្លះឈប់រកស៊ីតែម្តងមានន័យថា ពួកគាត់ក្លាយជាជនរងគ្រោះ ដោយសារតែទំនិញលក់តាមអនឡាញមិនបង់ពន្ធនេះដែលអ្នកលក់គ្រាន់តែបង្ហាញសម្រស់តាមហ្វេសប៊ុក និងបង់លុយជំរុញការផ្សាយពាណិជ្ជកម្ម (Boost) តាមហ្វេសប៊ុកតែប៉ុណ្ណោះ។
មានតិចតួចណាស់សម្រាប់អ្នកលក់តាមតូបនៅផ្សារដែលជោគជ័យបាន លុះត្រាតែអ្នកលក់របៀបបោះដុំ ហើយផ្សាយពាណិជ្ជកម្មអនឡាញទៀតបានទៅរួច។ តើរដ្ឋអាចជួយអ្វីបានដល់ពួកគាត់ដើម្បីឲ្យការលក់ទំនិញតាមតូបឲ្យមានដំណើរការកើនឡើងដូចដើមវិញ? ខណៈអ្នកប្រើបណ្តាញសង្គមតាមរយៈទូរស័ព្ទចល័ត ស្មាតហ្វូន និង Tablets នៅប្រទេសកម្ពុជាមានការកើនឡើងដល់ ៨,១ លាននាក់ហើយបើធៀបជាមួយប្រជាជនជំរឿនឆ្នាំ ២០១៩ សរុបមាន ១៥,២ លាននាក់។ នេះបើតាមទិន្នន័យជាសកលនៃប្រព័ន្ធឌីជីថលឆ្នាំ ២០១៩។
បើតាមច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដែលសភាជាតិទើបតែអនុម័តកាលពីខែតុលា ឆ្នាំ ២០១៩ កន្លងទៅដែលតម្រូវឲ្យអ្នករកស៊ី ឬក៏ការធ្វើពាណិជ្ជកម្មផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវស្នើសុំការអនុញ្ញត ឬក៏អាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដូចមានចែងនៅក្នុងមាត្រា ២៦ ការផ្តល់លិខិតការអនុញ្ញាត ឬអាជ្ញាប័ណ្ណ។
មានន័យថា កាលណាចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មរួចហើយគឺតម្រូវឲ្យអ្នករកស៊ី ឬក៏ក្រុមហ៊ុនរកស៊ីតាមអនឡាញហ្នឹងត្រូវបង់ពន្ធឲ្យរដ្ឋហើយ។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលបានចុះកិច្ចព្រមពៀងជាមួយនឹងបណ្តាប្រទេសអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលរដ្ឋសភាអនុម័តកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ គឺកាន់តែបើកឱកាសឲ្យមានការរកស៊ីឆ្លងគ្នាទៅវិញទៅមកក្នុងតំបន់។
តែអ្វីដែលជាបញ្ហាប្រឈមរបស់រដ្ឋគឺការប្រមូលពន្ធលើទំនិញលក់តាមអនឡាញត្រូវការពេលវេលាសិក្សា និងការអនុវត្តដូចមានចែងនៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ដែលរាជរដ្ឋាភិបាលអនុម័តកាលពីខែឧសភា ឆ្នាំ ២០១៩។ នៅក្នុងចំណុចពន្ធលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃយុទ្ធសាស្ត្រនេះដែលចែកចេញជា ២ វិធានការចម្បងៗ គឺទី១- វិធានការរយៈពេលខ្លីឆ្នាំ ២០១៩-២០២០ គឺសិក្សាលទ្ធភាពក្នុងការលើកទឹកចិត្តពន្ធ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ទី២- វិធានការរយៈពេលមធ្យមឆ្នាំ ២០១០-២០២៣ គឺសិក្សាលទ្ធភាពក្នុងការរៀបចំក្របខ័ណ្ឌគតិយុត្ត ពាក់ព័ន្ធ ដើម្បីត្រៀមគ្រប់គ្រងពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិក។
បើផ្អែកទៅលើវិធានការទាំង ២ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃយុទ្ធសាស្ត្រកៀរគរចំណូលនេះគឺហាក់បីដូចជាយឺតយ៉ាវក្នុងការប្រមូលពន្ធពីអ្នករកស៊ីតាមអនឡាញដែលមិនបានចុះបញ្ជី និងមិនបានចូលរួមចំណែកក្នុងការដោះស្រាយនូវបញ្ហាអ្នករកស៊ីលក់ដូរតាមតូបនៅផ្សារទេ។ បើប្រៀបជាមួយប្រទេសជឿនលឿនវិញគឺគេប្រមូលពន្ធបានទាំងអ្នកលក់នៅផ្សារ និងអ្នកលក់តាមអនឡាញផងដែរ ដូចជាក្រុមហ៊ុនលក់ស្បែកជើងតាមអនឡាញដ៏ល្បីមួយឈ្មោះ Zappos នៅសហរដ្ឋអាមេរិកគឺបង់ពន្ធលើប្រាក់ចំណេញឲ្យរដ្ឋពេញលេញ។
ឥឡូវនេះក្រុមហ៊ុន Zappos នេះបានលក់ហ៊ុនទៅឲ្យក្រុមហ៊ុនយក្សឈ្មោះ Amazone ដែលល្បីលក់តាមអនឡាញជាងគេលើពិភពលោកគឺសុទ្ធតែតម្រូវឲ្យបង់ពន្ធទាំងអស់។ ជាងនេះទៅទៀតកាលពីឆ្នាំទៅ ខ្ញុំបានទិញសំបុត្រមើលបាល់ទាត់នៅប្រទេសអង់គេ្លសតាមផ្សារអនឡាញក៏តម្រូវឲ្យបង់ពន្ធឲ្យរដ្ឋរបស់គេដែរ។
ហេតុដូច្នេះហើយរាជរដ្ឋាភិបាលគួរតែពន្លឿនការអនុវត្តការប្រមូលពន្ធលើទំនិញអនឡាញ ដើម្បីឲ្យមានតុល្យភាពជាមួយនឹងអ្នកលក់ទំនិញនៅតូបតាមផ្សារ ឬក៏តាមហាងនៅផ្ទះដែលជួបហានិភ័យក្នុងការចំណាយច្រើន៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com